លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បញ្ជាក់ពីគោលជំហរបស់រាជរដ្ឋាភិបាលក្នុងការបន្តដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដោយអះអាងថារាជរដ្ឋាភិបាលកម្ពុជានឹងប្រើប្រាស់«គ្រប់មធ្យោបាយ» ដែលរួមមានទាំងផ្លូវច្បាប់ និងការទូត ដើម្បីការពារទឹកដីខ្មែរ។
ក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សបាក់ឌុបដែលនិទ្ទេស A នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្ពុជាប្ដេជ្ញាចិត្តការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី ដោះស្រាយតាមយន្តការអន្តរជាតិ ជាពិសេសធម្មនុញរបស់អង្គការសហប្រជាជាតិ ព្រមទាំងកិច្ចព្រមព្រៀងទាំងឡាយដែលកម្ពុជា និងថៃបានចុះហត្ថលេខា។
លោកថា៖ «ដរាបណានៅមានជម្រើស ដែលអាចដោះស្រាយបានដើម្បីបញ្ជាក់អធិបតេយ្យភាពរបស់ប្រទេសនីមួយៗដោយមិនចាំបាច់បង្ករភាពឈឺចាប់់ ស្លាប់របួសខ្ទេចខ្ទាំទៅដល់ប្រជាពលរដ្ឋ យើងត្រូវប្រើវិធីសាស្ត្រនោះ។ ហេតុនេះហើយទើបរាជរដ្ឋាភិបាលបានធ្វើ។ យើងមានកិច្ចព្រមព្រៀងបទឈប់បាញ់ដែលយើងបានធ្វើកាលពីថ្ងៃទី២៧ ខែ១២ ហើយក្នុងនោះក៏មានការចែងច្បាស់ពីការប្រើយន្តការព្រំដែន JBC ដើម្បីយើងធ្វើការវាស់វែងទៅមុខ។ ពិតណាស់មិនទាន់កើតនៅលើយដោយសារនៅប្រទេសថៃមានការបោះឆ្នោត ប៉ុន្តែទៅមុខទៀតយើងសង្ឃឹមថាយន្តការនេះគឺជាអ្វីដែលត្រូវប្រើដើម្បីធានាបានសន្តិភាពរវាងប្រទេសទាំងពីរ»។
លោកបន្តថា៖ «នេះគឺជាគោលដៅរបស់យើងក្នុងការការពារទឹកដី និងការពារប្រជាជនពេលជាមួយគ្នា អាចប្រើរយៈពេលវែង អាចស្មុគស្មាញ អាចលំបាកប៉ុន្តែរាជរដ្ឋាភិបាលមិនថារយៈពេលណា មិនថាស្មុគស្មាញយ៉ាងណា រាជរដ្ឋាភិបាលនៅតែប្ដេជ្ញាចិត្តនៅក្នុងការការពារទឹកដី និងប្រជាជនគ្រប់ពេលវេលាទាំងអស់»។
ជម្លោះព្រំដែនកម្ពុជា និងថៃ បានបង្ករជាការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ផ្លូវថ្នល់ សាលារៀន ផ្ទះសម្បែងប្រជាពលរដ្ឋ ។យោធាថៃបានបាញ់ផ្លោងចូលទឹកដីកម្ពុជា បង្ករខាតយ៉ាងធ្ងន់ធ្ងរដល់ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោករបស់អង្គការយូរណេស្កូ។
ក្រសួងការបរទេសបានឱ្យដឹងកាលពីដើមខែមករាថា ចាប់តាំងពីមានបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ដែលធ្វើឡើងក្រោយមានការប៉ះទង្គិចគ្នានៅតាមព្រំដែនកាលពីខែមុន កងទ័ពថៃបានសាងសង់របាំងដោយដាក់ទូរកុងតឺន័រ និងបន្លាលួសបន្ថែមទៀតនៅតំបន់មានជម្លោះ ដែលជាហេតុរារាំងប្រជាជនខ្មែររាប់សិបពាន់នាក់ដែលភៀសសឹក មិនអាចវិលត្រឡប់ទៅលំនៅឋានវិញបាន។
ក្រសួងការបរទេស បានចាត់ទុកទង្វើរនេះថាជា សកម្មភាពខុសច្បាប់នៅក្នុងទឺកដីកម្ពុជា និងបង្ហាញពីភាពផ្ទុយស្រលះទៅនឹងសកម្មភាពបន្ថយភាពតានតឹងដែលបានព្រមព្រៀងគ្នាក្នុងកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មការព្រំដែនទូទៅ (GBC)។
យោធាថៃបានបង្ករជម្លោះប្រដាប់អាវុធម្ដងទៀតនៅខែធ្នូឆ្នាំ២០២៥ បន្ទាប់ពីកម្ពុជានិងថៃចុះហត្ថលេខាលើបទឈប់បាញ់លើកទី១ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលបទឈប់បាញ់លើកទី១ ជាកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានអាស៊ានម៉ាឡេស៊ី សហរដ្ឋអាមេរិក និងប្រទេសចិន ដើម្បីនាំភាគីទាំងពីរមកតុចរចានិងអនុវត្តបទឈប់បាញ់។ កម្ពុជា និងថៃបានយល់ព្រមលើបទឈប់បាញ់លើកទី២ ដែលត្រូវបានធ្វើឡើងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
ក្នុងកិច្ចព្រមព្រៀងអនុវត្តបទឈប់បាញ់នេះ ដែរសហរដ្ឋអាមេរិកបានប្តេជ្ញាផ្តល់ជំនួយចំនួន ៤៥ លានដុល្លារ ដើម្បីជួយជំរុញការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីខែតុលា ដោយថវិការនេះត្រូវបែងចែកដល់សកម្មភាពនានាដូចជាការជួយដល់សហគមន៍តាមព្រំដែន គាំទ្រការបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ សកម្មភាពប្រយុទ្ធប្រឆាំងនឹងប្រតិបត្តិការបោកប្រាស់ និងគំនិតផ្ដួចផ្ដើមឆ្លងដែនផ្សេងៗទៀត។
នាយកវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា លោក គិន ភា យល់ថាយន្តការទ្វេភាគីគឺល្អក្នុងការដោះស្រាយជម្លោះព្រំដែនកម្ពុជា និងថៃ។ លោកសង្កត់ធ្ងន់ថា យន្តការនេះអាចដំណើរការទៅបាន លុះត្រាតែភាគីទាំងពីរមានភាពស្មោះត្រង់ និងប្តេជ្ញាចិត្តយ៉ាងពិតប្រាកដក្នុងការដោះស្រាយជម្លោះនេះជាមួយគ្នា។
លោកថា៖ «យន្តការធ្វេភាគីគឺល្អជាងគេហើយប្រសិនបើភាគីទាំងពីរាមានសុឆន្ទៈ ការប្ដេជ្ញាចិត្ត និងភាណស្មោះត្រង់ក្នុងការដោះស្រាយជាមួយគ្នាក្នុងការធ្វើការងារក្នុងកម្រិតបច្ចេកទេសជាមួយគ្នាពាក់ព័ន្ធជាមួយការអង្កេតរុករកបង្គោលព្រំដែន និងការបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ»។
លោក គិន ភា សង្កត់ធ្ងន់ថាសន្ធិសញ្ញាឆ្នាំ១៩០៤ និង១៩០៧ ដែលហៅថា សន្ធិសញ្ញាបារាំង-សៀម និងផែនទីឧបសម្ព័ន្ធនៃសន្ធិសញ្ញានេះជាយន្តការអន្តរជាតិដ៏សំខាន់ក្នុងការប្រើប្រាស់ដោះស្រាយបញ្ហាដោយសន្តិវិធីហើយធ្វើការដោះស្រាយតាមបច្ចេកទេស ដោយផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ។
លោកបន្ថែមថា៖ «ក្នុងនោះ MoU ឆ្នាំ២០០០ គឺជាយន្តការសំខាន់បំផុតដែលនាំឲ្យមានការកំណត់ JBC (គណៈកម្មាធិការព្រំដែនរួម) ហើយJBC គឺជាយន្តការបច្ចេកទេសសម្រាប់ធ្វើការងាររុករក និងកំណត់ខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរ»។
ទាក់ទិននឹងជនភៀសសឹក ដែលរងផលប៉ះពាល់ដោយសារភាពតានតឹងនៅតាមព្រំដែន លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត អះអាថា រដ្ឋាភិបាលកម្ពុជាកំពុងរៀបចំផែនការសកម្មភាពរយៈពេលខ្លី មធ្យម និងវែង រួមទាំងការផ្តល់ទីជម្រក និងស្បៀងបណ្តោះអាសន្នជូនពលរដ្ឋភៀសសឹកទាំងអស់៕







