លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានផ្ដល់សំភាសន៍ដល់កាសែត AFP កាលពីថ្ងៃទី២៥ ខែកុម្ភៈ ដោយលាតត្រដាងពីបញ្ហាឧក្រិដ្ឋកម្មឆបោកតាមអនឡាញថាបានបំផ្លាញសេដ្ឋកិច្ចកម្ពុជា។ នេះជាលើកទី៣ ហើយដែលលោកបានផ្ដល់បទសម្ភាសន៏ជាមួយកាសែតអន្តរជាតិក្នុងដំណើរទស្សនកិច្ចរបស់លោកនៅសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។
នៅក្នុងកិច្ចសម្ភាសន៏ផ្ដាច់មុខរបស់ AFP លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បានលើកឡើងថាបញ្ហាឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញបានអូសទាញសេដ្ឋកិច្ចកម្ពុជាឲ្យធ្លាក់ចុះ ក្នុងនោះរួមមានវិស័យបច្ចេកវិទ្យា វិស័យទេសចរណ៍ និងការវិនិយោគទុនពីបរទេស ដែលវិស័យទាំងអស់នេះមានសារសំខាន់ណាស់ក្នុងការជម្រុញសេដ្ឋកិច្ចកម្ពុជា។
លោកថា៖ «បណ្តាញឧក្រិដ្ឋកម្មឆបោកតាមអនឡាញ ដែលយើងហៅម្យ៉ាងថាសេដ្ឋកិច្ចខ្មៅ កំពុងបំផ្លាញសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់យើង។ វាបានបំផ្លាញកេរ្តិ៍ឈ្មោះប្រទេសកម្ពុជា ដោយបង្អាក់ដំណើរវិស័យទេសចរណ៏ និងការវិនិយោគ។ ហេតុនេះហើយទើបយើងត្រូវតែបោសសម្អាតវាឲ្យអស់»។
លោកបន្ថែមថា៖ «ធ្វើដូច្នេះ ទើបសកម្មភាពសេដ្ឋកិច្ចអាចត្រូវបានផ្សព្វផ្សាយឡើងវិញ ដូចជាការនាំចេញ សង្វាក់ផលិតកម្ម ឧស្សហកម្មយានយន្ត និងវិស័យបច្ចេកវិទ្យាផ្សេងៗ ដែលអាចជម្រុញដល់សេដ្ឋកិច្ចកម្ពុជាបាន»។
នាយកគ្រប់គ្រងអង្គការលីកាដូ លោក អំ សំអាត លើកឡើងថាការលាតត្រដាងពីផលវិបាកនៃឧក្រិដ្ឋកម្មអនឡាញរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត ជាការបង្ហាញឆន្ទៈរបស់រដ្ឋាភិបាលក្នុងការបោសសម្អាតឧក្រិដ្ឋកម្មអនឡាញក្នុងប្រទេសកម្ពុជា ។ លោកបន្ថែមថាលោកសាទរចំពោះសកម្មភាពរបស់រដ្ឋាភិបាលកន្លងមកក្នងការបង្ក្រាបជនឆបោកទ្រង់ទ្រាយធំ តែយ៉ាងណាលោកថា កម្ពុជាគួររឹតបន្តឹងច្បាប់ រឹតបន្តឹងការចេញចូល ឬស្នាក់នៅរបស់ជនបរទេស ជាពិសេសលុបបំបាត់អំពើពុករលួយរបស់អាជ្ញាធរក្នុ្ងងយុទ្ធនាការការបង្រ្កាប។
លោកថា៖ «ខ្ញុំមើលឃើញថាជារឿងល្អមួយហើយ ដែលបង្ហាញពីការប្ដេជ្ញាចិត្ត ឆន្ទៈក្នុងការបង្រ្កាបបញ្ហាឆបោកតាមប្រព័ន្ធអនឡាញ ព្រោះនេះជាការប្រកាសជាសាធារណៈមួយអំពីកង្វល់ អំពីផលប៉ះពាល់ ៃនការឆបោកតាមប្រព័ន្ធអនឡាញដែលធ្វើឲ្យកម្ពុជារងផលប៉ះពាល់កន្លងមក។ សំខាន់កម្ពុជាបានបង្ហាញឆន្ទៈក្នុងការបង្ក្រាប ដើម្បីស្ដារសេដ្ឋកិច្ច ក៏ដូចជាមុខមាត់ប្រទេសកម្ពុជា ដែលបានរងការរិះគន់ច្រើនពីការបង្រ្កាបបញ្ហាឆបោកតាមប្រព័ន្ធអនឡាញ»។
លោកបន្ថែមថា៖ «ទី១រដ្ឋាភិបាលត្រូវពង្រឹងការអនុវត្តច្បាប់ នីតិវិធីច្បាប់អីផ្សេងៗ។ ហើយយើងឃើញថាថ្មីៗនេះក្រសួងយុត្តិធម៌បានធ្វើសេចក្ដីព្រៀងច្បាប់ស្ដីពីការបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ ដែលកន្លងមកយើងខ្វះនៅមូលដ្ឋានច្បាប់។ ទិ២ គឺត្រូវលុបបំបាត់នូវអំពើពុករលួយក្នុងការបង្រ្្កាបឬមានការពាក់ព័ន្ធរបស់មន្ត្រីក្នុងការអនុវត្ត ការទប់ស្កាត់បង្ក្រាបនឹង។ ទី៣ ត្រូវមានកិច្ចសហប្រតិបត្តិការល្អទាំងអាជ្ញាធរក្នុងប្រទេស ក៏ដូចជាប្រទេសជិតខាង និងអន្តរជាតិដើម្បីទប់ស្កាត់»។
ស្រដៀងគ្នានេះដែរ ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន សាទរចំពោះការបង្ហាញពីផលប៉ះពាល់នៃការឆបោកតាមប្រព័ន្ធអនឡាញនៅលើឆាកអន្តរជាតិ តែយ៉ាងណាលោកអំពាវឲ្យរដ្ឋាភិបាលពង្រឹងច្បាប់ វែកមុខឧក្រិដ្ឋជនធំដែលជាអ្នកវិនិយោគលើវិស័យនេះ ជាពិសេសលុបបំបាត់អំពើពុករលួយពីថ្នាក់លើដល់ថ្នាក់ក្រោម។
លោកថា៖ «គណបក្សកម្លាំងជាតិសាទរទៅនឹងអ្វីដែលរដ្ឋាភិបាលសម្ដែងការបារម្ភទាក់ទងនឹងបញ្ហាឧក្រិដ្ឋជនអនឡាញ។ វាជាជឿងដែលគេមើលឃើញថាជាបញ្ហាដ៏រសើប»។
លោកលើកឡើងបន្ថែមថា៖ «ទាក់ទងទៅនឹងការបោសសម្អាត យើងឃើញថារដ្ឋាភិបាលបានធ្វើយុទ្ធនាការបោសសម្អាតប៉ុន្តែយើងឃើញមិនអាចជោគជ័យ មិនអាចលុបបំបាត់បានទាំងស្រុង។ យើងត្រូវធ្វើពីលើមកក្រោម។ យើងត្រូវវែកមុខរកអ្នកពាក់ព័ន្ធធំៗ ឬអ្នកវិនិយោគអនឡាញនឹង ហៅថាមេក្លោងមកផ្ដន្ទាទោស។ បើសិនជាយើងគ្រាន់តែធ្វើតែបោសតែខាងក្រោម អាហ្នឹងវាបោសហើយកើតវិញៗ។ ទាល់តែយើងបោសសម្អាតពីលើចុះក្រោមទើបយើងអាចបោសសម្អាតទៅបាន»។
ក្នុងការបង្ក្រាបក្រុមឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ អាជ្ញាធរកម្ពុជាបានធ្វើការចាប់ខ្លួនមនុស្សរាប់ពាន់នាក់ និងបញ្ជូនទៅប្រទេសកំណើតវិញ។ យោងតាម រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ថ្លែងក្នុងទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅថ្ងៃទី២៥ ខែកុម្ភៈ កម្ពុជាបានបណ្ដេញជនជាតិបរទេសប្រមាណជាង៣ម៉ឺននាក់ និងជាង២១ម៉ឺននាក់ទៀត បានចាកចេញដោយស្ម័គ្រចិត្តពីព្រះរាជាណាចក្រកម្ពុជា តាមរយៈការសម្របសម្រួលពីមន្ត្រីស្ថានទូតបរទេសនានា ប្រចាំកម្ពុជា៕







