លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បញ្ជាឱ្យស្ថាប័នពាក់ព័ន្ធស្រាវជ្រាវករណីនាំចូលប្រេងពីថៃខុសច្បាប់។ ការបញ្ជានេះ ក្រោយពីលោក ហ៊ុន ម៉ាណែត បានឃើញសារព័ត៌មានថៃផ្សព្វផ្សាយថា មានការលួចនាំប្រេងពីថៃចូលកម្ពុជាដោយខុសច្បាប់។
លោក ហ៊ុន ម៉ាណែត សរសេរសារនៅលើទំព័រហ្វេសប៊ុករបស់លោកនៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ថាលោកបានបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ អគ្គស្នងការនគរបាលជាតិលោក ស ថេត ព្រមទាំងអគ្គនាយក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាលោក គុណ ញឹម ស្រាវជ្រាវឱ្យច្បាស់លាស់នូវករណីដែលសារព័ត៌មានថៃផ្សាយថាមានការលួចនាំប្រេងពីថៃចូលកម្ពុជាដោយខុសច្បាប់។
លោកថា៖ «ប្រសិនជាមានករណីនេះពិតប្រាកដមែន ត្រូវស្រាវជ្រាវឱ្យឃើញមុខសញ្ញាពាក់ព័ន្ធទាំងអស់ ហើយត្រូវចាត់វិធានការច្បាប់ឱ្យបានតឹងរឹងបំផុត។ ប្រសិនជាមានពាក់ព័ន្ធជាមួយក្រុមហ៊ុនប្រេងណាមួយ ត្រូវដកអាជ្ញាប័ណ្ណ។ ប្រសិនជាមានពាក់ព័ន្ធជាមួយមន្ត្រីរាជការ ឬកងកម្លាំងប្រដាប់អាវុធកម្ពុជា ត្រូវបញ្ចប់តួនាទី និងបណ្ដេញចេញពីក្របខណ្ឌជាកំហិត មិនថាបុគ្គលនោះមានតួនាទី ឬឋានន្តរស័ក្តិប៉ុណ្ណាទេ»។
ជុំវិញករណីនេះ អ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី គាំទ្រចំណាត់ការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលបញ្ជាឱ្យស្រាវជ្រាវរឿងលួចនាំប្រេងពីថៃចូលកម្ពុជាដោយខុសច្បាប់។
លោកថា៖ «ខ្ញុំគិតថាវាជារឿងល្អហើយដែលយើងធ្វើឱ្យវាច្បាស់។ បើថាបើកឱ្យវាបើក បើយើងបិទអាហ្នឹងយើងបិទហើយដើម្បីកុំឱ្យអ្នកដែលរកស៊ីខិលខូចហ្នឹងនៅតែមានលទ្ធភាពរកស៊ីក្នុងពេលដែលប្រទេសកំពុងតែជួបការលំបាក»។
អ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គមរូបនេះ ចង់ឱ្យរដ្ឋាភិបាលចាត់វិធានការឱ្យ ម៉ឺងម៉ាត់ចំពោះមន្ត្រីដែលមិនស្មោះត្រង់ ដោយមិនត្រូវស្ដាយស្រណោះពួកគេទេ។
លោកបន្ថែមថា៖ «កុំគ្រាន់តែថាហើយស្ងាត់ទៅវិញ ខ្ញុំចង់ឃើញវិធានការមួយឱ្យហ្មត់ចត់ ហើយយើងកុំស្ដាយពីរឿងការបាត់បង់នូវមន្ត្រីខិលខូចរបស់យើងនេះ[…]បើត្រូវកាត់ ត្រូវដកៗទៅ វាអត់រីកចម្រើនអីទៅមុខទេ វាទាញជាតិឱ្យធ្លាក់ទៅក្រោយកាន់តែពិបាកទៀតនៅក្នុងពេលដែលយើងកំពុងតែពិបាកស្រាប់»។
ចំណែកឯស្ថានិកគណបក្សកែទម្រង់កម្ពុជាលោក អ៊ូ ច័ន្ទរ័ត្ន មានប្រសាសន៍ថា ក្នុងកាលៈទេសៈដែលតម្លៃប្រេងឥន្ធនៈឡើងថ្លៃខ្ពស់នៅប្រទេសកម្ពុជា ខណៈដែលតម្លៃវាទាបនៅប្រទេសជិតខាង នោះវាអាចជាឱកាសសម្រាប់ជនខិលខូចនាំប្រេងចូលដោយខុសច្បាប់។
ជាមួយគ្នានេះ លោក អ៊ូ ច័ន្ទរ័ត្ន យល់ថាបញ្ហានេះ ប្រសិនបើកើតមានមែន វាទំនងកើតឡើងដោយមានអំពើពុករលួយក្នុងចំណោមមន្ត្រី និងក្រុមហ៊ុនធំៗ ដូច្នេះលោកគាំទ្រចំណាត់ការរបស់រដ្ឋាភិបាល និងស្នើសុំរដ្ឋាភិបាលយកចិត្តទុកដាក់ចំពោះបញ្ហានេះ។
លោកថា៖ «វិធានការផ្សេងៗខ្ញុំឃើញថា វាជារឿងត្រឹមត្រូវហើយ ព្រោះជាកាតព្វកិច្ច ភារកិច្ចរបស់រាជរដ្ឋាភិបាលត្រូវតែបញ្ជា ត្រូវតែវែកមុខ ត្រូវតែបំបាត់ ឬក៏ទប់ស្កាត់នូវទង្វើខុសច្បាប់ទាំងអស់ហ្នឹង […]ខ្ញុំមិនជឿថាអ្នកតូចតាច អ្នកកំប៉ិកកំប៉ុកអីទៅធ្វើកើតទេ រឿងទាំងអស់នេះទាល់តែអ្នកដែលមានអំណាច មន្ត្រីមានអំណាច ឬក៏ក្រុមហ៊ុនធំៗហ្នឹងបានអាចធ្វើកើត ដូច្នេះទាល់តែរាជរដ្ឋាភិបាលទាល់តែយកចិត្តទុកដាក់ឱ្យខ្លាំងមែនទែនចំពោះមន្ត្រីខ្លួនឯង ហើយនិងក្រុមហ៊ុនដែលមានខ្នងបង្អែក»។
សារព័ត៌មាន Thai PBS ចុះផ្សាយនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ថា លោកនាយករដ្ឋមន្ត្រីថៃ អានុធិន ឆានវីរៈកូល (Anutin Charnvirakul) បានប្រាប់កាសែតថៃថា មានករណីសង្ស័យលួចនាំប្រេងឥន្ធនៈចេញពីប្រទេសថៃចូលប្រទេសកម្ពុជា ហើយលោកចាត់ទុកករណីនេះធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិថៃ។
ទោះជាយ៉ាងណា នាយករដ្ឋមន្រ្តីកម្ពុជាលោក ហ៊ុន ម៉ាណែត បានបញ្ជាក់ជាថ្មីថា ប្រទេសកម្ពុជាបានផ្អាកការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃ តាំងខែមិថុនា ឆ្នាំ២០២៥ ហើយកម្ពុជាក៏មិនមានការចាំបាច់ក្នុងការនាំប្រេងចូលពីប្រទេសថៃទៀតដែរ ដោយកម្ពុជាមានប្រភពប្រេងពីប្រទេសផ្សេងៗគ្រប់គ្រាន់ហើយ៕







