លោក ហ៊ុន សែន ណែនាំមន្ត្រីរាជការមិនត្រូវគៀបសង្កត់ និងត្រូវបម្រើពលរដ្ឋដោយស្មោះត្រង់

សង្គម

(ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែនថ្លែងពីទីរួមខេត្តក្រចេះ នៅថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦ ។រូបពីហ្វេសប៊ុករបស់លោក)

ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ណែនាំឱ្យមន្ត្រីរាជការគ្រប់រូប បម្រើការងារជូនប្រជាពលរដ្ឋដោយស្មោះត្រង់ និងជៀសវាងភាពអសកម្ម រួមទាំងការគៀបសង្កត់ណាមួយផងដែរ។

ថ្លែងពីទីរួមខេត្តក្រចេះ នៅថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦ ក្នុងជំនួបជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តនេះ ប្រមាណ ១ ពាន់នាក់ ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន រំលឹកដល់មន្ត្រីរាជការទាំងអស់ឱ្យចាំថា ពួកគេជាអ្នកបម្រើប្រជាពលរដ្ឋ និងត្រូវធ្វើការឱ្យបានសកម្ម ហើយជៀសវាងការធ្វើជាមន្ត្រីជើងដប់។

ក្នុងទំព័រហ្វេសប៊ុករបស់លោក សរសេរថា៖ «សម្ដេចតេជោ បានក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ និងត្រូវចាំថា មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន និងត្រូវធ្វើជាមន្ត្រីជើងពីរ មិនត្រូវធ្វើជាមន្ត្រីជើងដប់នោះទេ»។

ជុំវិញការលើកឡើងនេះ មេឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប លោក សុខ ប្លង់ មានប្រសាសន៍ថា បន្ទាប់ពីទទួលបានការចង្អុលបង្ហាញពីថ្នាក់ដឹកនាំ លោកនឹងពង្រឹងការងារឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ក្នុងការជួយប្រជាពលរដ្ឋឱ្យទទួលបានសេវានានាឱ្យទាន់ពេលវេលា។ ទន្ទឹមនឹងនេះ លោកអះអាងថា ចំពោះលោកផ្ទាល់ ពុំដែលធ្វើការគៀបសង្កត់ពលរដ្ឋម្ដងណានោះទេ ផ្ទុយទៅវិញ គឺមានតែព្យាយាមបម្រើការងារជូនពួកគេឱ្យបានល្អប្រសើរ។

លោកនិយាយថា៖ «នៅសាលាឃុំខ្ញុំ មិនដែលធ្វើឱ្យពលរដ្ឋរាំងស្ទះអីផង ហើយគាត់មិនដែលថាអីជាលក្ខណៈធ្ងន់ធ្ងរឡើយ។ មានកិច្ចការអី យើងតែង [ធ្វើជូន] គាត់ឱ្យបានទាន់ពេលវេលា វាអាចមានយឺតតិចតួចទៅតាមជាក់ស្ដែង យោងទៅតាមឯកសារដែលគាត់តម្រូវការ»។

ចំណែកអ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក ជា ធារ៉ា យល់ថា បើទោះបីជាមានការតម្រង់ផ្លូវពីថ្នាក់លើក្ដី មន្ត្រីរាជការមួយចំនួននឹងនៅតែបន្តភាពអសកម្ម និងខ្វះខាតក្នុងការបម្រើពលរដ្ឋឱ្យបានគ្រប់ជ្រុងជ្រោយ។

លោកនិយាយថា៖ «ក៏ប៉ុន្តែ ទស្សនៈខ្ញុំ ក៏ដូចជាការអង្កេតមើលឃើញផ្ទាល់ យើងឃើញថា មន្ត្រីនៅក្រោមឱវាទ ក្រោយពីទទួលបាននូវសារទាំងអស់ហ្នឹង ឬក៏បានដឹងបានឮហើយ ក៏ប៉ុន្តែភាពអវិជ្ជមាន ភាពអសកម្ម ដែលមិនបម្រើប្រជាពលរដ្ឋឱ្យពេញដៃពេញជើងហ្នឹង គឺនៅតែបន្តនៅតែមាន បើមិនមាននៅកន្លែងនេះ ក៏មាននៅកន្លែងនោះដែរ។ បើមិនមាននៅក្នុងឋានានុក្រមនេះ ក៏មាននៅក្នុងឋានានុក្រមនោះដែរ ចំពោះភាពអសកម្ម ក៏ដូចជាភាពដែលខ្វះខាតជាមួយនឹងការបម្រើសេវាជូនប្រជាពលរដ្ឋហ្នឹង»។

នាយកអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា មន្ត្រីរាជការមានតួនាទីបម្រើដល់ប្រជាពលរដ្ឋឱ្យបានល្អ តែលោកសង្កេតឃើញថា មានមន្ត្រីមួយចំនួនបានអនុវត្តលើសភារកិច្ចរបស់ខ្លួន ដែលនាំឱ្យមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋផងដែរ។

លោកនិយាយថា៖ «បើអនុវត្តលើស ពលរដ្ឋស្វែងរកយុត្តិធម៌ហើយ ដោយសុំអន្តរាគមន៍ពីថ្នាក់លើ។ ភាគច្រើនសុំទៅថ្នាក់ដឹកនាំ ព្រោះពលរដ្ឋយល់ថា ថ្នាក់ដឹកនាំមានសិទ្ធិអំណាច»។

កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ប្រធានគណបក្សកាន់អំណាច លោក ហ៊ុន សែន ក្នុងជំនួបជាមួយមន្ត្រីរាជការប្រមាណ ១ ពាន់នាក់ នៅក្រុងបាត់ដំបង ក៏បានណែនាំឱ្យអាជ្ញាធរដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស មានប្រសិទ្ធភាព និងមិនលំអៀងខាងភាគីណាមួយនោះឡើយ ជាពិសេសការដោះស្រាយក្រៅប្រព័ន្ធតុលាការ៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":3143}" data-page="1" data-max-pages="1" data-start="1" data-end="1">