លោក ហ៊ុន តូ ៖ គាត់មិនពាក់ព័ន្ធនឹងប្រតិបត្តិការ«Huione Pay»ឡើយ តែធ្លាប់មានហ៊ុន​នៅទីនោះ

សង្គម

លោក ហ៊ុន តូ ថាលោកមិនបានជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការផ្ទៃក្នុងរបស់ក្រុមហ៊ុនផ្តល់សេវាទូទាត់ប្រាក់ ហួយវ័ន ផេ (Huione Pay)នោះឡើយ បើទោះបីជាលោកធ្លាប់កាន់កាប់ភាគហ៊ុន ៣០ ភាគរយនៅក្នុងក្រុមហ៊ុនមួយនេះក៏ដោយ។ នេះបើតាមសេចក្តីបំភ្លឺកាលថ្ងៃទី ០៦ ខែមេសាឆ្នាំ ២០២៦ដែលចុះហត្ថលេខាដោយមេធាវីរបស់លោកគឺ លោក យូ វ៉ាន់ និងមានស្នាមផ្តិតមេដៃមួយដែលគេសរសេរថាជារបស់អ្នកឧកញ៉ា ហ៊ុន តូ ។

សេចក្ដីបំភ្លឺនោះបានបញ្ជាក់ថា លោកហ៊ុន តូ ពិតជាធ្លាប់មានភាគហ៊ុន៣០ភាគរយនៅក្នុងក្រុមហ៊ុន ហួយវ័ន ផេ កាលពីឆ្នាំ២០២០ ប៉ុន្តែបានបាត់បង់សិទ្ធិគ្រប់គ្រងតាំងពីដំណាក់កាលដំបូង ដោយសារលោកមិនបានបង់ប្រាក់ចូលរួមវិនិយោគតាមលក្ខន្តិកៈរបស់ក្រុមហ៊ុន។សេចក្ដីបំភ្លឺដដែលនោះបានបានច្រានចោលការចោទប្រកាន់ផ្សេងៗដែលថា លោកហ៊ុន តូ ជាប់ពាក់ព័ន្ធការធ្វើឱ្យបាត់ប្រាក់របស់អតិថិជន។

នៅក្នុងសេចក្តីបំភ្លឺនេះថា៖ «កន្លងមកខ្ញុំបាទពិតជាមានភាគហ៊ុននៅក្នុងក្រុមហ៊ុន ហួយវ័ន ផេ ម.ក (HUIONE PAY PLC.) ចំនួន ៣០% ពិតប្រាកដមែន នៅក្នុងលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុន ដែលទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្មក្នុងឆ្នាំ ២០២០។ ប៉ុន្តែ ផ្អែកលើជំពូក២ ចែងអំពីដើមទុន-ភាគហ៊ុន និងប្រការ៩ ស្តីពីការបង់ប្រាក់ភាគហ៊ុន ខ្ញុំបាទបានបាត់បង់សិទ្ធិចាត់ចែងការងារទូទៅក្នុងនាមជាម្ចាស់ភាគហ៊ុន ៣០% នេះ តាំងពីចាប់ផ្តើមដំណើរការក្រុមហ៊ុនដំបូងពីឆ្នាំ២០២០ មកម៉្លេះ»។

ការបំភ្លឺនេះ ធ្វើឡើងក្រោយពេលអតិថិជនក្រុមហ៊ុន ហួយវ័ន ផេ បាននាំគ្នាតវ៉ាជាបន្តបន្ទាប់នៅមុខធនាគារជាតិនៃកម្ពុជា ដើម្បីទាមទារប្រាក់របស់ពួកគេវិញ បន្ទាប់ពីក្រុមហ៊ុនត្រូវបានដកអាជ្ញាបណ្ណ និងជម្រះបញ្ជី ប៉ុន្តែត្រូវបានគេចោទថានៅបន្តប្រតិបត្តិការក្រោយពេលនោះ។ លើសពីនេះ នៅក្នុងការវិវត្តចុងក្រោយ អតិថិជនបានអះអាងថា លុយរបស់ពួកគេនៅក្នុងគណនីដែលក្រុមហ៊ុនបានបង្កក ពេលនេះត្រូវបានក្រុមហ៊ុនកាត់ចេញពីគណនីអស់ថែមទៀតដែលធ្វើឱ្យពួកគេអស់សង្ឃឹមកាន់តែខ្លាំងនិងចាត់ទុកការកាត់នេះជាការលួចប្លន់ទ្រព្យសម្បត្តិរបស់ពួកគេ។ ទន្ទឹមនឹងនេះ ក្នុងពេលតវ៉ានៅមុខធនាគារជាតិកាលពីពេលថ្មីៗនេះ អ្នកតវ៉ាពីរនាក់ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងក្រោយមកត្រូវបានតុលាការចោទប្រកាន់ និងឃុំខ្លួនបណ្តោះអាសន្ន។ 

អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី មានប្រសាសន៍ថា ករណីពាក់ព័ន្ធនឹងក្រុមហ៊ុន ហ៊ួយវ័ន ផេ នេះ ទាមទារឱ្យមានការស៊ើបអង្កេតឱ្យបានច្បាស់លាស់ពីស្ថាប័នយុត្តិធម៌ ដើម្បីស្វែងរកការពិត និងផ្តល់យុត្តិធម៌ដល់ភាគីពាក់ព័ន្ធទាំងអស់។

លោកបានថ្លែងថា៖ « ទាក់ទងទៅនឹងករណី ហួយ វ័ន ផេ នេះ គឺជាការអះអាងរបស់លោក ហ៊ុន តូនិយាយវាជារឿងសិទ្ធិរបស់គាត់ និងការការពារខ្លួន។ ទោះបីយ៉ាងណាក៏ដោយ នៅតាមទិដ្ឋភាពផ្លូវច្បាប់នៅពេលដែលស្ថាប័នមួយមានវិបត្តិបែបនេះ វាត្រូវការទាមទារឲ្យប្រព័ន្ធយុត្តិធម៌ហ្នឹង គឺត្រូវតែចេញមុខមកធ្វើការស៊ើបអង្កេត លម្អិតដើម្បីផ្ដល់យុត្តិធម៌ទៅដល់អ្នកទាមទារទាំងអស់ហ្នឹង»។

លោកក៏បានសម្ដែងក្តីបារម្ភថា ករណីនេះអាចប៉ះពាល់ដល់ទំនុកចិត្តសាធារណៈលើវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ប្រសិនបើមិនមានដំណោះស្រាយច្បាស់លាស់។

លោកមានប្រសាសន៍ថា៖ «ការព្រួយបារម្ភថា វាជះឥទ្ធិពលដោយចៀសមិនផុតទេទៅលើឧទាហរណ៍មួយនេះ។ អ៊ីចឹងទាំងរដ្ឋាភិបាល ទាំងធនាគារជាតិ មើលថាតើថ្ងៃក្រោយបើមានរឿងបែបដោះស្រាយយ៉ាងម៉េចទៀត»។

លោកបណ្ឌិត មាស នី បានអំពាវនាវឱ្យប្រព័ន្ធយុត្តិធម៌ តុលាការ និងធនាគារជាតិ សហការស៊ើបអង្កេតករណីនេះឱ្យបានច្បាស់លាស់ ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងរក្សាទំនុកចិត្តសាធារណៈលើប្រព័ន្ធធនាគារ។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូលោក អំ សំអាត មើលឃើញថា វាមានការខ្វះចន្លោះក្នុងការផ្សព្វផ្សាយព័ត៌មានពីការដកអាជ្ញាបណ្ណរបស់ក្រុមហ៊ុន ហួយវ័ន ផេ ដែលធ្វើឱ្យអតិថិជនមួយចំនួននៅតែបន្តប្រើប្រាស់សេវារបស់ក្រុមហ៊ុនមួយនេះដោយមិនបានដឹងព័ត៌មាន។

លោកបានថ្លែងប្រាប់ថា៖ «ប្រសិនការបកស្រាយនេះធ្វើឡើងមុនពេលដែលធនាគារជាតិដកអាជ្ញាប័ណ្ណប្រហែលអតិថជនដែលប្រើប្រាស់សេវារបស់ក្រុមហ៊ុននេះនឹងពិចារណាបានដិតដល់មុនការសម្រេចចិត្តក្នុងការប្រើប្រាស់សេវាក្រុមហ៊ុននេះ ព្រោះទាក់ទងនឹងទំនុកចិត្ត»។

លោក អំ សំអាត បានថ្លែងថា ជនរងគ្រោះមានសិទ្ធិក្នុងការស្វែងរកដំណោះស្រាយតាមផ្លូវច្បាប់ ហើយអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធគួរតែស៊ើបអង្កេត និងស្វែងរកយុត្តិធម៌សម្រាប់គ្រប់ភាគី។

លោកបានថ្លែងប្រាប់ថា៖ « ចំពោះធនាគារជាតិ និងស្ថាប័នហិរញ្ញាវត្ថុពាក់ព័ន្ធគួរពិនិត្យលើលទ្ធភាព និងផ្លូវច្បាប់ដែលអាចជួយដល់ជនរងគ្រោះដែលអាចធ្វើទៅបាន និងជួយអន្តរាគមន៌ដើម្បីស្វែងរកដំណោះស្រាយ និងយុត្តធម៌ ដើម្បីពង្រឹងជំនឿទុកចិត្តសម្រាប់អតិថជនដែលរងគ្រោះ និងអ្នកវិនិយោគ »។

ជុំវិញបញ្ហានេះ មេធាវីលោក ហ៊ុន តូ គឺលោក សែ យូរ៉ាន់ មិនបានផ្តល់ការអត្ថាធិប្បាយបន្ថែមទេ ដោយបញ្ជាក់ថា លោក ហ៊ុន តូ បានចេញសេចក្តីថ្លែងការណ៍បំភ្លឺរួចហើយ។ នៅក្នុងសេចក្តីបំភ្លឺដដែល លោក ហ៊ុន តូ ក៏បានបញ្ជាក់ផងដែរថា លោកមិនមានភាគហ៊ុន និងមិនពាក់ព័ន្ធជាមួយក្រុមហ៊ុន H-Pay Service Plc. ឡើយ។

ក្រសួងរតនាគារអាមេរិក ធ្លាប់ដាក់ទណ្ឌកម្មក្រុមហ៊ុន ហួយវ័ន គ្រុប ដោយអាមេរិកបានកាត់ប្រតិបត្តិការរបស់ក្រុមហ៊ុននេះ ចេញពីប្រព័ន្ធហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក។ ក្រសួងរតនាគារ​អាមេរិករកឃើញ​ថា ចាប់តាំងពីខែសីហា ឆ្នាំ២០២១ មកក្រុមហ៊ុន ហួយវ័ន ផេ និងបណ្ដាញក្រុមហ៊ុនជាបុត្រសម្ព័ន្ធបានជួយលាងលុយកខ្វក់ចំនួនយ៉ាងតិច ៤ពាន់លានដុល្លារឱ្យក្រុមកូរ៉េខាងជើង (North Korea) និងក្រុមឆបោកតាមអនឡាញនៅតំបន់អាស៊ីអាគ្នេយ៍។ ចំណែករបាយការណ៍របស់អង្គការសហប្រជាជាតិ (UNODC) ក៏បានចាត់ទុកបណ្ដាញ Telegram Marketplace របស់ហួយវ័ន គ្រុបថាជាមជ្ឈមណ្ឌលសំខានសម្រាប់​​ប្រតិបត្តិការហិរញ្ញវត្ថុខុសច្បាប់ និងការឆបោកតាមអនឡាញក្នុងតំបន់អាស៊ីអាគ្នេយ៍ដែរ៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2492}" data-page="1" data-max-pages="1" data-start="1" data-end="1">