ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តម្រូវឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ រៀបចំផ្សព្វផ្សាយបញ្ជីឈ្មោះលម្អិតអំពីប្រភេទសេវាសាធារណៈ ដោយបញ្ជាក់អំពីតម្លៃជាក់លាក់ រយៈពេលផ្តល់សេវា និងសុពលភាពឱ្យបានច្បាស់លាស់ទៅតាមប្រភេទសេវារដ្ឋបាលនីមួយៗ ដោយចាប់អនុវត្តចាប់ពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ នេះតទៅ។ នេះបើតាមប្រកាសអន្តរក្រសួងខាងលើ ស្តីពីការកំណត់ថ្លៃសេវារដ្ឋបាលក្រុង ស្រុក ខណ្ឌ ចេញផ្សាយនៅទី ២៦ ខែឧសភា ឆ្នាំ២០២៦។
ប្រកាសអន្តរក្រសួងដដែល បានដាក់ចេញនូវប្រការចំនួន ៧ បន្ថែមទៀត ដោយផ្តល់ការសម្រេចចិត្តដល់រដ្ឋបាលថ្នាក់ក្រោមជាតិទៅតាមភាពជាក់ស្តែងនៃតំបន់របស់ខ្លួន។ ក្នុងនោះ ក្រុមប្រឹក្សានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ អាចដាក់ចេញនូវដីកា ដើម្បីកំណត់តម្លៃសេវារដ្ឋបាលជាក់ស្តែងសម្រាប់អនុវត្តក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយផ្អែកលើស្ថានភាពសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
ចំពោះទម្រង់ បែបបទ នីតិវិធី និងលក្ខខណ្ឌនៃការផ្តល់សេវារដ្ឋបាលនីមួយៗ គឺត្រូវអនុវត្តទៅតាមការកំណត់របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ក្នុងករណីដែលរដ្ឋបាលក្រុង ស្រុក ខណ្ឌ ចង់កែប្រែតម្លៃសេវាឱ្យលើសពីតម្លៃអតិបរមាដែលបានកំណត់ ឬចង់ស្នើសុំបង្កើតប្រភេទសេវាថ្មី សាមីខ្លួនត្រូវដាក់សំណើមកក្រសួងមហាផ្ទៃ ដើម្បីពិគ្រោះយោបល់ និងពិនិត្យសម្រេចជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធ។
ទន្ទឹមនឹងនេះ ក្រសួងក៏បានណែនាំឱ្យរដ្ឋបាលរាជធានី ខេត្ត ត្រូវរៀបចំប្រមូល និងចងក្រងដីកាស្តីពីការកំណត់តម្លៃសេវាជាក់ស្តែងរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដាក់ជូនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមន្ទីរសាមីរាជធានី-ខេត្ត ចំនួន ១ច្បាប់ ក្រសួងមហាផ្ទៃ ចំនួន ១ច្បាប់ និងអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចំនួន ១ច្បាប់ ដើម្បីតាមដានការអនុវត្ត។
ជាមួយគ្នានេះដែរ ប្រកាសថ្មីនេះបានសម្រេចលុបចោលរាល់បទប្បញ្ញត្តិចាស់ៗនៃប្រកាសអន្តរក្រសួងឆ្នាំ២០១៦ ក៏ដូចជាលិខិតបទដ្ឋានទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងប្រកាសថ្មីនេះ។ ទោះជាយ៉ាងណា ការលុបចោលនេះត្រូវបានលើកលែងចំពោះ «សេវាអត្រានុកូលដ្ឋាន ដែលមានដូចជា សំបុត្រកំណើត អាពាហ៍ពិពាហ៍ និងសំបុត្រមរណភាពជាដើម។ ពោល គឺត្រូវបន្តអនុវត្តតាមនីតិវិធីចាស់ដដែល។
តាមរយៈប្រកាសអន្តរក្រសួងខាងលើនេះ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច ព្រមទាំងក្រុមប្រឹក្សា និងអភិបាលក្រុង ស្រុក ខណ្ឌទាំងអស់ ត្រូវទទួលបន្ទុកអនុវត្តតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃទី២៦ ខែឧសភា ឆ្នា២០២៦ នេះតទៅ៕







