ក្រសួងមហាផ្ទៃច្រានចោលព័ត៌មានដែលថាកម្ពុជាសម្រេចឱ្យជនជាតិអាហ្វ្រិកចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ និងបានចាត់ទុកការផ្សព្វផ្សាយទាំងនេះ ជាចេតនាមួលបង្កាច់ធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះកម្ពុជា។
សេចក្ដីប្រកាសរបស់ក្រសួងមហាផ្ទៃចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ឱ្យដឹងថា កាលពីពេលថ្មីៗនេះ សារព័ត៌មានរបស់សាធារណរដ្ឋហ្គាណាឈ្មោះ Campaigner Online និង News Ghana បានចុះផ្សាយ ជាភាសាអង់គ្លេសថា «Cambodia Orders Africans with Expired Immigration Waivers to Leave by May 31, 2026» និងភ្ជាប់ជាមួយនឹងសេចក្តីជូនដំណឹងក្លែងក្លាយរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា។
ជាមួយគ្នានេះដែរ សារព័ត៌មាន Dawan Africa បានសរសេរចេញពីសេចក្ដីជូនដំណឹងក្លែងក្លាយនោះថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា បានព្រមានលើជនជាតិអាហ្វ្រិកដែលរស់នៅក្នុងប្រទេសកម្ពុជាលើសពីពេលវេលាកំណត់នឹងត្រូវប្រឈមមុខនឹងវិធានការផ្លូវច្បាប់យ៉ាងតឹងរ៉ឹង នៅពេលដែលអាជ្ញាធរចុះបង្រ្កាបជនអន្តោប្រវេសន៍។
សារព័ត៌មានដដែលនេះផ្សាយបន្តថា៖« រដ្ឋាភិបាលកម្ពុជានិយាយថា អ្នកដែលត្រូវបានចាប់ខ្លួនអាចជាប់ពន្ធនាគារពីរឆ្នាំ និងពិន័យជាទឹកប្រាក់ចំនួន ៨ពាន់ដុល្លារអាមេរិក មុននឹងត្រូវបានអនុញ្ញាតឱ្យចាកចេញពីប្រទេសកម្ពុជា»។
ក្រសួងមហាផ្ទៃបញ្ជាក់ថា កម្ពុជាគ្មានគោលការណ៍សម្រេចឱ្យជនជាតិអាហ្វ្រិកចាកចេញដូចការចោទប្រកាន់ និងការផ្សព្វផ្សាយក្លែងក្លាយទាំងនោះឡើយ ពោលគឺកម្ពុជាតែងតែទទួល និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះគ្រប់សមាសភាពនៃជនបរទេសដែលបំពេញលក្ខខណ្ឌត្រឹមត្រូវទាំងអស់រួមមាន ធុរជន វិនិយោគិន ភ្ញៀវទេសចរ និងពលករបរទេសគ្រប់រូប ដែលចូលមក និងស្នាក់នៅកម្ពុជា ដោយមិនមានការរើសអើងអ្វីទាំងអស់៕







