ជប៉ុនផ្តល់ជំនួយ ១លានដុល្លារដល់អង្គការអន្តរជាតិខាងការងារ ILOលើគម្រោងជួយពលករខ្មែរដែលត្រឡប់ពីថៃដើម្បីឱ្យពលករមានការងារធ្វើសមរម្យ ។ នេះបើតាមការផ្សាយរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួននាថ្ងៃទី១៨ខែកុម្ភៈ២០២៦។
ស្ថានទូតជប៉ុនហៅពិធីផ្ដល់ជំនួយនេះថាជា «ការចុះហត្ថលេខាលើលិខិតប្តូរសារ (E/N) ផ្តល់ជំនួយឥតសំណងដើម្បីលើកកម្ពស់ការងារពលករចំណាកស្រុក»។
ប្រភពដដែលលើកឡើងថា៖ «គម្រោងលើកកម្ពស់ការងារសម្រាប់ពលករចំណាកស្រុកត្រឡប់មកវិញដែលរងផលប៉ះពាល់ពីជម្លោះព្រំដែន (សហការជាមួយ ILO)” ដែលមានទឹកប្រាក់សរុប ១៥៦ លានយ៉េន (ប្រហែល ១ លានដុល្លារអាមេរិក)»។
ស្ថានទូតជប៉ុនបញ្ជាក់បន្ថែម៖ «គម្រោងនេះផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងឱកាសភ្ជាប់ការងារ ជូនពលករចំណាកស្រុកដែលត្រឡប់មកពីប្រទេសថៃ។ យើងរំពឹងថា គម្រោងនេះនឹងជួយស្តារឡើងវិញនូវជីវភាពរស់នៅប្រកបដោយស្ថិរភាពសម្រាប់ពលករចំណាកស្រុក ក៏ដូចជាគ្រួសាររបស់ពួកគេឲ្យមានភាពប្រសើរឡើងវិញ»។
បើតាមការផ្សព្វផ្សាយរបស់ក្រសួងការងារ គម្រោងថ្មីនេះមានរយៈពេល២៤ខែ ។ ក្នុងនោះអង្គការ ILOជាអ្នកអនុវត្តគម្រោងដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាសាក្សី។ សកម្មភាពសំខាន់ៗក្នុងគម្រោងរួមមាន៖ ការបង្កើតមជ្ឈមណ្ឌលធនធានពលករចំណាកស្រុកថ្មីចំនួន ៣ ក្នុងខេត្តដែលមានពលករវិលត្រឡប់មកវិញច្រើន ដូចជា៖ ខេត្តឧត្តរមានជ័យ ពោធិ៍សាត់ និងព្រះវិហារ ដើម្បីផ្តល់សេវាពិគ្រោះយោបល់ ការចុះផ្សព្វផ្សាយ ការប្រមូលទិន្នន័យ និងជំនួយផ្នែកច្បាប់។
អគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាលោក អ៊ូអិណុ អាត់ស៊ូស៊ី មានប្រសាសន៍ថា ប្រទេសជប៉ុនមានមោទនភាពក្នុងការគាំទ្រកម្ពុជា និង ILO ក្នុងការឆ្លើយតបទៅនឹងតម្រូវការបន្ទាន់របស់ពលករដែលត្រឡប់មកវិញ ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលជប៉ុនចំពោះសន្តិសុខមនុស្សជាតិ និងស្ថិរភាពតំបន់។
លោកបន្ថែម៖ គម្រោងនេះបញ្ជាក់ឡើងវិញពីភាពជាដៃគូយូរអង្វែងរវាងជប៉ុន និងកម្ពុជា ក៏ដូចជាការគាំទ្ររបស់ជប៉ុនចំពោះទីផ្សារការងារនៅកម្ពុជា »។
រដ្ឋមន្ត្រីក្រសួងការងារ ហេង សួរ បានគូសបញ្ជាក់ថា ការវិលត្រឡប់របស់ពលករកម្ពុជា តម្រូវឲ្យមានការឆ្លើយតបកម្រិតថ្នាក់ជាតិមួយប្រកបដោយការសម្របសម្រួល។
លោក ហេង សួរ៖«គម្រោងនេះស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍធនធានមនុស្សដ៏ទូលំទូលាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងរួមចំណែកដល់ការអភិវឌ្ឍទីផ្សារការងាររយៈពេលវែង ដែលនឹងពង្រឹងសមត្ថភាពកម្ពុជាក្នុងការតភ្ជាប់អតីតពលករ ទៅកាន់ការអភិវឌ្ឍជំនាញ សេវាកម្មមុខរបរនិងការងារ និងជីវភាពរស់នៅប្រកបដោយផលិតភាព ដើម្បីជួយឲ្យពួកគាត់កសាងជីវិតឡើងវិញដោយមានកិត្តិយស»។
លោក ហេង សួរបន្ថែម៖ «អតីតពលករមិនត្រឹមតែទទួលបានការសមាហរណកម្មប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានពង្រឹងសមត្ថភាពឲ្យអាចកសាងអនាគតដែលមានស្ថិរភាព មានផលិតភាព និងមានកិត្តិយស នៅក្នុងមាតុភូមិរបស់ខ្លួន»។
បើតាមក្រសួងការងារឱ្យដឹងថា គម្រោងនេះនឹងគាំទ្រដល់ការឆ្លើយតបផ្នែកការងារ តាម រយៈការពិគ្រោះយោបល់ជាមួយនិយោជក និងអង្គការវិជ្ជាជីវៈកម្មករនិយោជិត ពិព័រណ៍ការងារនៅកម្រិតឃុំ/សង្កាត់ និងយុទ្ធនាការលើកកម្ពស់ការយល់ដឹងតាមគោលដៅ ជាពិសេសនៅក្នុងវិស័យប្រើប្រាស់កម្លាំងពលកម្មច្រើន ដូចជា វិស័យកាត់ដេរ សំណង់ និងផលិតកម្ម។ គម្រោងក៏មានគោលដៅពង្រឹងជំនាញ បង្រៀនជំនាញថ្មីតាមតម្រូវការទីផ្សារជូនដល់ពលករ តាមរយៈវគ្គបណ្តុះបណ្តាលខ្លីៗ ការទទួលស្គាល់ជំនាញមានពីមុន (RPL) ការបណ្តុះបណ្តាលសមត្ថភាពរកការងារ និងសហគ្រិនភាព ព្រមទាំង ដើម្បីធានាការធ្វើសមាហរណកម្មឡើងវិញដោយចីរភាពទៅក្នុងប្រព័ន្ធការងារសមរម្យ។
បើតាមមន្ត្រីក្រសួងការងារធ្លាប់បញ្ជាក់ប្រាប់ប្រជាកាសែតថា ពលករដែលត្រឡប់មកពីថៃវិញមានប្រមាណជិតមួយលាននាក់។ក្នុងនោះពលករប្រមាណ៣៥ម៉ឺននាក់បានទទួលការងារធ្វើរួចហើយខណៈពលកររាប់សែននាក់ផ្សេងទៀតមិនទាន់ទទួលបានការងារធ្វើសមរម្យនៅឡើយ៕
(ឯកអគ្គរាជទូត អ៊ូអិណុ អាត់ស៊ូស៊ី រួមជាមួយលោកស្រី គាន សោយ៉ាង (Qian Xiaoyan) នាយិកាការិយាល័យ អង្គការពលកម្មអន្តរជាតិ (ILO) ប្រចាំប្រទេសថៃ កម្ពុជា និងឡាវ និងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ(រូបកណ្ដាល)។ រូបថតថតដោយ មន្ត្រីក្រសួងការងារផ្សាយថ្ងៃទី១៨ខែកុម្ភៈ២០២៦៕
(អត្ថបទដោយ៖ វណ្ណ វិចារ)







