ជប៉ុនផ្ដល់ជំនួយ៤៦លានដុល្លារ អនុវត្តគម្រោងការពារទឹកជំនន់ និងអភិវឌ្ឍបណ្តាញបង្ហូរទឹកកខ្វក់នៅកម្ពុជា

អភិបាលកិច្ច

ជប៉ុនផ្ដល់ឥណទានសម្បទាន ៤៦លានដុល្លាអាមេរិកដល់កម្ពុជា សម្រាប់គម្រោងការពារទឹកជំនន់ និងអភិវឌ្ឍបណ្តាញបង្ហូរទឹកកខ្វក់ ដើម្បីបង្ការការជន់លិចនៅរាជធានីភ្នំពេញ និងបង្ការផលប៉ះពាល់អវិជ្ជមានលើជីវភាពប្រចាំថ្ងៃ និងសកម្មភាពសេដ្ឋកិច្ច។

ការសម្រេចនេះធ្វើឡើងនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ គឺនៅពេលរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិលោក ប្រាក់ សុខុន និងឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំកម្ពុជាលោក UENO Atsushi បានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េនរបស់រដ្ឋាភិបាលជប៉ុនសម្រាប់គម្រោងខាងលើ(កញ្ចប់ឥណទានទី១)។

ការសម្រេចផ្តល់ជំនួយរបស់រដ្ឋាភិបាលជប៉ុននេះធ្វើឡើងនៅមុនពេលរដូវវស្សានៅកម្ពុជានឹងចូលមកដល់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ហើយកន្លងទៅនៅតាមបណ្តាខេត្តមួយចំនួន រួមទាំងតំបន់ខ្លះនៅរាជធានីភ្នំពេញផង ក៏បានទទួលរងនូវគ្រោះទឹកជំនន់។ 

ប្រទេសជប៉ុនតែងផ្តល់ជំនួយមនុស្សធម៌ និងអភិវឌ្ឍដល់កម្ពុជាចាប់តាំងពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១មក។ ដោយឡែក នៅពេលប្រទេសកម្ពុជារងការវាយប្រហារឈ្លានពានពីយោធាថៃនៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយមនុស្សធម៌ប្រមាណ ១,៨ លានដុល្លារ ដល់ជនភៀសសឹកកម្ពុជាដែលរងផលប៉ះពាល់ផងដែរ។ 

ក្រៅពីនេះ ជប៉ុនបានផ្ដល់ជំនួយឥតសំណង១៤ម៉ឺនដុល្លារដល់កម្ពុជា សម្រាប់ការសាងសង់ជម្រកស្នាក់នៅជូនស្រ្តីរងគ្រោះដោយការជួញដូរមនុស្ស អគារស្នាក់នៅសម្រាប់បុគ្គលិកនៃមជ្ឈមណ្ឌលសំចត និងស្ដារនីតិសម្បទាជនរងគ្រោះកណ្ដាលស្ទឹងជាដើម។ 

ក្នុងរយៈពេល៣០ឆ្នាំមកនេះ ស្ថានទូតជប៉ុន បានអនុវត្តគម្រោងជាង៧០០គម្រោងនៅកម្ពុជា តាមរយៈគម្រោងការជំនួយឥតសំណងគូសាណូណិ និងបានចូលរួមចំណែកលើកកម្ពស់គុណភាពជីវភាពពលរដ្ឋកម្ពុជាក្នុងកម្រិតមូលដ្ឋាន។

ការបន្តផ្តល់ជំនួយហិរញ្ញវត្ថុនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាករេរបស់ជប៉ុន ក្នុងការលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន៕

អភិបាលកិច្ច","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2394}" data-page="1" data-max-pages="1" data-start="1" data-end="1">