សមាគមខ្មែរកម្ពុជាក្រោមទាមទារវៀតណាមឱ្យបញ្ឈប់ការរំលោភសិទ្ធិមនុស្សនិងដោះលែងខ្មែរក្រោមដែលកំពុងជាប់ពន្ធនាគារ

សង្គម

ពលរដ្ឋ និងព្រះសង្ឃប្រមូលផ្ដុំគ្នាសម្ដែងមតិ នៅស្នាក់ការសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ នៅភូមិគោកឃ្លាំង សង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥។ (រូបភាព៖ សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍)

សមាគមខ្មែរកម្ពុជាក្រោមដាក់ញត្តិទៅស្ថានទូតវៀតណាមប្រចាំកម្ពុជា ទាមទាររដ្ឋាភិបាលនៃប្រទេសក្បែរខាងមួយនេះបញ្ឈប់ការរំលោភសិទ្ធិមនុស្ស និងដោះលែងសកម្មជនខ្មែរក្រោមឱ្យមានសេរីភាពវិញ។

សមាគមខ្មែរកម្ពុជាក្រោមឱ្យដឹងថា គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៦ មានសកម្មជនខ្មែរក្រោមចំនួន១១នាក់ ព្រមទាំងព្រះសង្ឃ ៦អង្គដែលសកម្មក្នុងការទាមទារសិទ្ធិសេរីភាព ត្រូវបានអាជ្ញាធរវៀតណាមចាប់ខ្លួនដាក់ពន្ធនាគារ។

តាមរយៈទំព័រហ្វេសប៊ុកចុះផ្សាយថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ លេខាធិការដ្ឋាន នៃអង្គការ សមាគមខ្មែរកម្ពុជាក្រោមបានបញ្ជាក់ថា សមាគមខ្មែរកម្ពុជាក្រោមបានដាក់ញត្តិទៅស្ថានទូតវៀតណាម ប្រចាំទីក្រុងភ្នំពេញ ដើម្បីទាមទារឱ្យរដ្ឋាភិបាលវៀតណាម បញ្ឈប់រាល់ការរំលោភសិទ្ធិមនុស្ស សិទ្ធិជនជាតិដើមខ្មែរក្រោម ព្រមទាំងដោះលែងព្រះសង្ឃ និងសកម្មជនខ្មែរក្រោមទាំងអស់ដែលកំពុងជាប់ឃុំ។

តាមញត្តិដែលសមាគមខ្មែរកម្ពុជាក្រោមផ្ញើរទៅស្ថានទូតវៀតណាមប្រចាំកម្ពុជាតាមរយៈសារអេឡិចត្រូនិក ឬហៅថាអ៊ីមែលនោះគឺជូនចំពោះអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម លោក តូ ឡឹម។

ញត្តិនោះទាមទាររដ្ឋាភិបាលវៀតណាមឱ្យធានាការជំនុំជម្រះដោយយុត្តិធម៌ដល់សកម្មជនខ្មែរក្រោម គោរពសេរីភាពខាងសាសនា កំណែទម្រង់ច្បាប់ មាត្រា ៣៣១ នៃក្រមព្រហ្មទណ្ឌ ទទួលស្គាល់ជាផ្លូវការនូវខ្មែរក្រោមថាជាជនជាតិដើម និងដោះលែងសកម្មជន ដោយគ្មានលក្ខខណ្ឌ។

ប្រធានសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោក សឺន ជុំជួន មានប្រសាសន៍ថា សកម្មភាពរឹតត្បឹតសិទ្ធិពលរដ្ឋខ្មែរក្រោម តាមការហៅសួរចម្លើយ ការចាប់ខ្លួន ឃុំខ្លួន និងការផ្តន្ទាទោសពលរដ្ឋទាំងនោះជាដើម ពីសំណាក់សមត្ថកិច្ចវៀតណាម ជារឿងខុសច្បាប់ ហើយរដ្ឋាភិបាលវៀតណាមទំនងពុំបានដឹងករណីរំលោភសិទ្ធិគ្រប់ជ្រុងជ្រោយទេ។

លោកថា៖ «យើងមើលឃើញថា ស្ថានភាពសេរីភាពនៃការសម្ដែងមតិ ការទទួលបានព័ត៌មានមានការរឹតបន្ដឹងខ្លាំង ក្នុងនោះក៏មានវិស័យខាងអនុវត្តទំនៀមទម្លាប់ប្រពៃណីវប្បធម៌ និងអភិរក្សនូវអត្តសញ្ញាណរបស់ខ្មែរយើងនៅកម្ពុជាក្រោមគឺត្រូវបានរឹតបន្ដឹងខ្លាំងណាស់។ ដូច្នេះហើយយើងសម្រេចចិត្តថា ការដាក់ញត្តិនេះនៅតែមានការសង្ឃឹមថានឹងទៅរដ្ឋាភិបាលវៀតណាម ដើម្បីចូលរួមចំណែកនៅក្នុងការដោះស្រាយបញ្ហាទាំងអស់នេះ»។

ការដាក់ញត្តិនេះធ្វើឡើងស្របពេលដែលអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាមគ្រោងនឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជានាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦។ក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជាប្រកាសថា លោក តូ ឡឹមនឹងមកទស្សនកិច្ចតាមការអញ្ជើញរបស់ព្រះមហាក្សត្រខ្មែរព្រះបាទសម្ដេចនរោត្តម សីហមុនី ។

ប្រភពដដែលបន្តថា៖«ទស្សនកិច្ចនេះធ្វើឡើងដើម្បីពង្រឹងថែមទៀតនូវទំនាក់ទំនងដ៏កក់ក្ដៅរវាងកម្ពុជានិងវៀតណាម ។ឆ្លុះបញ្ចាំងពីការប្ដេជ្ញាក្នុងការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀត ក្នុងកិច្ចសហប្រតិបត្តិការដែលបម្រើផលប្រយោជន៍គ្នាទៅវិញទៅមក»។

ព្រះសង្ឃខ្មែរកម្ពុជាក្រោមមួយអង្គសុំមិនបញ្ចេញអត្តសញ្ញាណមានសង្ឃដីការថា សព្វថ្ងៃព្រះតេជគុណជាសកម្មជន ហើយព្រះអង្គរងការរឹតត្បឹបសេរីភាពក្រោមរូបភាព តាមដានឃ្លាំមើលព្រះអង្គជាប្រចាំ។

ព្រះអង្គមានសង្ឃដីការថា៖ «ហើយចំណែកចំពោះអាត្មាភាពវិញមានការលំបាកយ៉ាងក្រៃលែងខ្លាំងដែរគឺថាទៅណា ធ្វើដំណើរនិមន្តទៅណាមកណាតែងតែមានការតាមដាន និងឃ្លាំមើលរាល់សកម្មភាពដែលអាត្មាភាពកំពុងប្រព្រឹត្ត ឬធ្វើការងារអ្វីមួយវាតែងតែមានបង្កប់នូវអ្នកដែលឃ្លាំមើល ហើយតាមដានអាត្មាភាព»។

ព្រអង្គស្នើសុំឱ្យអាជ្ញាធរវៀតណាមដោះលែងសកម្មជនដែលកំពុងជាប់ឃុំដោយឥតលក្ខខណ្ឌ ព្រមទាំងស្នើដល់អាជ្ញធរឱ្យគោរពសិទ្ធិមនុស្ស ជាពិសេសសិទ្ធិជនជាតិដើម។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា មនុស្សគ្រប់រូប ទោះនៅទីណាក៏ដោយគឺមានសិទ្ធិមិនទទួលរងនូវការធ្វើទុក្ខបុកម្នេញគ្រប់បែបយ៉ាង និងរស់នៅដោយសេចក្តីថ្លៃថ្នូរក្នុងនាមជាមនុស្ស។

លោកបន្ថែមថា៖ ការរឹតត្បិតសិទ្ធិខ្លាំងហួសហេតុដែលនាំឱ្យបាត់បង់សេរីភាព និងសិទ្ធិរបស់បុគ្គលត្រូវហាមឃាត់ លើកលែងតែច្បាប់កំណត់ ហើយរាល់ការរឹតត្បិត និងការធ្វើទុក្ខបុកម្នេញដល់បុគ្គលណាមួយ ឬសហឡមន៍ណាមួយគឺជាការរំលោភសិទ្ធិមនុស្ស។

លោកថា៖ «សិទ្ធិមនុស្សត្រូវតែធានាឱ្យមានការគោរពតាមគោលការណ៍សកលនៃសិទ្ធិមនុស្សទៅតាមបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ និងគោរពនូវសេចក្តីថ្លៃថ្នូររបស់មនុស្ស មិនត្រូវមានការធ្វើទុក្ខបុកម្នេញ និងការរឹតត្បិតសិទ្ធិគ្រប់បែបយ៉ាង។ ពលរដ្ឋកម្ពុជាក្រោមក៏ជាខ្មែរ ដូច្នេះពលរដ្ឋខ្មែរគ្រប់រូបត្រូវបានគាំពារ និងទាមទារឱ្យមានការគោរពសិទ្ធិរបស់ពួកគេទៅតាមច្បាប់ គោលការណ៍មនុស្សធម៌ និងច្បាប់អន្តរជាតិ»។

គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៦ មានសកម្មជនខ្មែរក្រោមចំនួន១១នាក់ ព្រមទាំងព្រះសង្ឃ ៦អង្គ ត្រូវបានអាជ្ញាធរវៀតណាមកាត់ទោសដាក់ពន្ធនាគារ ហើយក្នុងចំណោមនោះមាន៥នាក់បានអនុវត្តន៍ទោសចប់។ ពលរដ្ឋទាំងនោះភាគច្រើនត្រូវបានកាត់ទោសពីបទ «កេងផលប្រយោជន៍ពីសេរីភាពប្រជាធិបតេយ្យ ដើម្បីរំលោភលើផលប្រយោជន៍រដ្ឋ សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់អង្គការ និងបុគ្គល»៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":1310}" data-page="1" data-max-pages="1" data-start="1" data-end="1">