អ្នកស្រលាញ់ភេទដូចគ្នានៅកម្ពុជា បន្តស្នើរដ្ឋាភិបាលបើកផ្លូវឱ្យមានច្បាប់អាពាហ៍ពិពាហ៍ភេទដូចគ្នា

សិទ្ធិមនុស្ស

សហគមន៍អ្នកស្រលាញ់ភេទដូចគ្នានៅកម្ពុជាបន្តជំរុញឱ្យរដ្ឋាភិបាលបង្កើតសមភាពច្បាប់អាពាហ៍ពិពាហ៍ដើម្បីការពារផលប្រយោជន៍ និងសិទ្ធិស្របច្បាប់ដល់គូស្រករភេទដូចគ្នាឱ្យបានពេញលេញ។ ការបន្តជំរុញនេះ គឺដោយសារសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាសង្កេតឃើញថា ដៃគូស្រលាញ់ភេទដូចគ្នានៅកម្ពុជា បើទោះជាបានរៀបការតាមប្រពៃណីជាច្រើនគូ និងកំពុងរស់នៅជាមួយគ្នាក្តី ពួកគេពុំទាន់មានឯកសារទទួលស្គាល់ផ្លូវការសម្រាប់បង្ហាញពីជីវភាពប្រចាំថ្ងៃក្នុងសម្ព័ន្ធភាពជាគ្រួសារនៅឡើយ។

គូស្រករភេទដូចគ្នាមួយគូ រស់នៅសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ គឺអ្នកស្រី ពៅ ដាលីន វ័យ ៣៧ឆ្នាំ និងស្វាមីរបស់អ្នកស្រី គឺលោក ស្រេង ណាត អាយុ ៤៦ឆ្នាំ ថ្លែងថា ពួកគាត់ចង់ឱ្យប្រទេសកម្ពុជាមានសមភាពច្បាប់អាពាហ៍ពិពាហ៍ដើម្បីការពារផលប្រយោជន៍ក្រុមគ្រួសារអ្នកស្រឡាញ់ភេទដូចគ្នាកាន់តែពេញលេញ ។

អ្នកស្រី ពៅ ដាលីន បញ្ជាក់៖ «សម្រាប់បង ឬក៏ទូទៅសម្រាប់អ្នកស្រលាញ់ភេទដូចគ្នា ក្តីសង្ឃឹមហ្នឹង គឺចង់បានច្បាប់សមភាពអាពាហ៍ពិពាហ៍ ព្រោះអីបើកាលណាពួកបងមានច្បាប់អាពាហ៍ពិពាហ៍ អត្ថប្រយោជន៍ ផលចំណេញពួកបងច្រើន មានន័យថាច្បាប់មកអូតូតែម្ដង ពួកបងមានសំបុត្រអាពាហ៍ពិពាហ៍ សៀវភៅគ្រួសារ ឈ្មោះកូនបង ឯកសារកូនបងមាននៅក្នុងហ្នឹង»។ 

អ្នកស្រី ពៅ ដាលីន រៀបរាប់ថា អ្នកស្រីចាប់ដៃសាងគ្រួសារជាមួយស្វាមីដែលមានភេទដូចគ្នាអស់រយៈពេលជិត១៥ឆ្នាំមកហើយ ដោយមានដី និងផ្ទះមួយកន្លែងជាមួយគ្នា ព្រមទាំងមានកូនម្នាក់ អាយុ១០ឆ្នាំ កំពុងរៀនថ្នាក់ទី៤។ អ្នកស្រីដាលីន ឱ្យដឹងទៀតថា ដ្បិតមានការដឹងឮពីគ្រួសារ បងប្អូន និងអាជ្ញាធរក្នុងភូមិក្ដី គ្រួសាររបស់អ្នកស្រីនៅមិនទាន់មានឯកសារទទួលស្គាល់ជាប្តីប្រពន្ធជាផ្លូវការនៅឡើយ។

អ្នកស្រីបន្ដ៖ «រាល់ថ្ងៃនេះ កូនបងអត់ទាន់មានសំបុត្រទេ អត់មានសំបុត្រកំណើតទេរយៈពេល១០ឆ្នាំនេះ មានតែសំបុត្រពេទ្យ […]ឈ្មោះក្នុងសៀវភៅស្នាក់នៅ មានមេគ្រួសារ មានបង មានគាត់ ឈ្មោះរបស់គាត់ ហើយនៅក្នុងហ្នុងបានបញ្ជាក់ក្នុងវង់ក្រចកមួយដាក់ថា កូនចិញ្ចឹម ហើយពួកគាត់អត់បានអ៊ីចឹងទេ ពួកបងអន់ចិត្តចំណុចហ្នឹង ព្រោះវាខ្ទាស់អារម្មណ៍របស់យើងអ៊ីចឹងទៅណា វាអាចឆួលដល់អារម្មណ៍របស់យើង តែបើសៀវភៅគ្រួសារអត់បញ្ជាក់ថាអ៊ីចឹងទេណា»។

សម្រាប់អ្នកស្រី ដាលីន បើកម្ពុជានៅតែមិនមានសមភាពច្បាប់អាពាហ៍ពិពាហ៍ ដៃគូស្រលាញ់ភេទដូចគ្នានឹងបន្តជួបបញ្ហាស្មុគស្មាញច្រើន ចាប់តាំងពីការរស់នៅប្រចាំថ្ងៃ សម្ព័ន្ធក្រុមគ្រួសារ និងការការពារដោយប្រព័ន្ធច្បាប់ជាដើម។

អ្នកស្រីឱ្យដឹង៖ «ខ្ញុំចង់សួរថា បើយើងគ្មានសៀវភៅគ្រួសារអ៊ីចឹង អាចធ្វើបណ្ដាំមរតកបានអត់? ដោយសារផលប្រយោជន៍យើងគិតទៅលើដៃគូយើង និងកូន ដូចបងអ៊ីចឹងបងមានដីមួយប្លង់ បើបងបាត់បង់ជីវិតទៅ ដីហ្នឹង គឺមានសិទ្ធិទៅលើកូន និងប្ដីបង។ អ៊ីចឹងបងប្អូនបង្កើតបង បងប្អូនបង្កើតគាត់[ប្ដី] អត់អាចមានសិទ្ធិមកទារ ឬទារពីគាត់[ប្ដី]ដែរ តែពេលយើងអត់ឯកសារផ្លូវច្បាប់វារញ៉េរញ៉ៃណាស់»។

សមភាពច្បាប់អាពាហ៍ពិពាហ៍ សំដៅដល់ការទទួលស្គាល់ការរៀបការស្របច្បាប់ពេញលេញ រវាងបុគ្គលពីររូបមានភេទដូចគ្នា ដោយមានលក្ខខណ្ឌច្បាប់ដូចគ្នាទៅនឹងគូស្រករ ដែលមានភេទផ្ទុយគ្នាដែរ។ 

ប្រធានក្រុមតស៊ូមតិ នៃសហគមន៍ឥន្ទធនូកម្ពុជា អ្នកនាង ជ័យ សុខដុម បានឱ្យដឹងថា ខណៈ ប្រទេសកម្ពុជាពុំទាន់មានសមភាពច្បាប់អាពាហ៍ពិពាហ៍ សហគមន៍អ្នកស្រលាញ់ភេទដូចគ្នាជួបបញ្ហាប្រឈមជាច្រើន ទាក់ទងនឹងឯកសារពាក់ព័ន្ធនានា។

អ្នកនាង ជ័យ សុខដុម៖ «បញ្ហាប្រឈម តាមរយៈកិច្ចការកន្លងមក យើងបានមើលឃើញនៅក្នុងសហគមន៍យើង ដៃគូអ្នកស្រលាញ់ភេទដូចគ្នា គាត់មិនអាចចុះសំបុត្រអាពាហ៍ពិពាហ៍ជាមួយគ្នាបាន គាត់មិនអាចវិនិយោគ រកស៊ីរួមគ្នា មិនអាចចុះ ឬក៏ទិញអចលនទ្រព្យរួមគ្នាក្នុងនាមជាសហព័ន្ធស្របច្បាប់ មិនអាចស្មុំកូនពេញលេញ មិនអាចទទួលបានមរតក បាត់បង់សិទ្ធិផ្សេងៗ និងឧត្ដមប្រយោជន៍សម្រាប់កុមារ ការចុះសំបុត្រកំណើត សៀវភៅគ្រួសារ សៀវភៅស្នាក់នៅផងដែរ»។

អ្នកនាងបន្ថែមថា៖ «មួយវិញទៀត ជាពិសេសករណីសង្គ្រោះបន្ទាន់ ឧបមាថា ពេលដែលដៃគូរបស់យើងម្នាក់មានបញ្ហា ដែលត្រូវចូលមន្ទីរពេទ្យ ត្រូវការសម្រេចិត្តក្នុងការវះកាត់ជាបន្ទាន់ អ៊ីចឹងដៃគូសហព័ន្ធហ្នឹង ដែលរស់នៅជាមួយគ្នារាល់ថ្ងៃ មិនមានសិទ្ធិចុះលើលិខិតពេទ្យថាយើងធានាវះកាត់ឱ្យដៃគូយើងបាន អ៊ីចឹងនេះជាបញ្ហាមួយ ដែលសហគមន៍យើងកំពុងជួបប្រទះ»។

បើតាមអ្នកធ្វើការផ្នែកការពារសិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា និងសមភាពច្បាប់អាពាហ៍​ពិពាហ៍រូបនេះ ទោះបីជាបច្ចុប្បន្នមានការកើនឡើង ក្នុងការគាំទ្រពីសាធារណជន ឪពុកម្ដាយ អាជ្ញាធរមូលដ្ឋាន ក៏ដូចជារដ្ឋាភិបាល ក៏សហគមន៍អ្នកស្រលាញ់ភេទដូចគ្នា នៅតែបន្តជួបប្រទះការរើសអើង នៅកន្លែងការងារ សាលារៀន និងក្នុងសង្គម ដោយបន្តផាត់ចេញអ្នកស្រលាញ់ភេទដូចគ្នា មិនឱ្យចូលធ្វើការជាដើម។

អ្នកសម្របសម្រួលគម្រោងនិន្នាការភេទ អត្តសញ្ញាណយេនឌ័រ ការបង្ហាញយេនឌ័រ និងលក្ខណៈភេទនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) លោក លឹម បូរិន បានឱ្យដឹងថា ក្នុងនាមអង្គការ ដែលចូលរួមស្ដាប់ និងធ្វើការលើសិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា និងសមភាពច្បាប់អាពាហ៍ពិពាហ៍ រយៈពេលកន្លងមក លោកថា តំណាងក្រសួង និងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបង្ហាញឆន្ទៈគាំទ្រ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ការបន្តចូលរួមជជែកជាដើម។ យ៉ាងណាលោកមើលឃើញថា បញ្ហារាំងស្ទះ ដែលខាងតំណាងក្រសួង និងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ធ្លាប់លើកឡើងកន្លងមក គឺត្រូវការពេលវេលាក្នុងការទទួលយកពីសាធារណជន។ 

លោក លឹម បូរិន៖ «បើយើងមើលតាមរយៈការបង្ហាញឆន្ទៈការចូលរួមជាមួយនឹងអង្គការសង្គមស៊ីវិលធ្វើការលើរឿងសិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា ហើយនិងការឆ្លើយតបជាបុគ្គលក្ដី ជាតំណាងក្រសួងក្ដី គាត់និយាយជាសាធារណៈ ក្នុងការគាំទ្រសិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា យើងគិតថាវាជាជំហានវិជ្ជមានមួយ ជាសញ្ញាជាភ្លើងខៀវ ជាការផ្ដល់កម្លាំងចិត្ត ជាពិសេសសហ​គមន៍អ្នកស្រលាញ់ភេទដូចគ្នា ដែលគាត់ទន្ទឹងរង់ចាំ ឬក៏ស្នើសុំឱ្យមានសមភាពច្បាប់អាពាហ៍ពិពាហ៍»។

លោក លឹម បូរិន បន្ថែមថា៖ «ប៉ុន្ដែសួរថា ឆន្ទៈទៅមុខជាជំហាន ឱ្យឃើញរូបភាពចេញពេលណា យើងមិនហ៊ានថាខាងក្នុង គាត់[ក្រសួង]បានជជែកគ្នាយ៉ាងម៉េចទេ»។

តាមអ្នកធ្វើការលើសិទ្ធិអ្នកស្រលាញ់ភេទដូចគ្នារូបនេះដដែល ក្នុងដំណើរការឈានទៅដល់មានសមភាពច្បាប់អាពាហ៍ពិពាហ៍ ភាគីពាក់ព័ន្ធកំពុងសិក្សាលើជម្រើសច្រកចេញ នៃនីតិវិធីច្បាប់។

លោក លឹម បូរិន បន្ត៖ «អ្វីដែលយើងកំពុងធ្វើហ្នឹង វាមានច្រក ប៉ុន្ដែថាយើងតាមច្រកណា ថាតើយើង[បង្កើត]ច្បាប់ថ្មី ឬក៏វិសោធនកម្មលើរដ្ឋធម្មនុញ្ញ ឬក៏ជាមួយនឹងក្រមរដ្ឋប្បវេណី អ៊ីចឹងវានៅថាតើខ្ទាស់កន្លែងណា យើងគួរពិនិត្យមើលទៅលើពាក្យពេចន៍។ ឧទាហរណ៍ នៅក្នុងរដ្ឋធម្មនុញ្ញ គេនិយាយអំពីអាពាហ៍ពិពាហ៍រវាងប្ដី និងប្រពន្ធ ប៉ុន្ដែនៅក្នុងក្រមរដ្ឋប្បវេណី គឺនិយាយអំពីអាពាហ៍ពិពាហ៍ ដែលអាចកើតឡើងបានស្របច្បាប់ គឺបុរស និងស្ត្រី អ៊ីចឹងវាមានរឿងច្រើនដែលខ្ទាស់ ដែលកំពុងធ្វើការសិក្សាថាតើនឹងមានវិធីសាស្ត្រ ឬច្រកណាដែលអាចដំណើរការបាន»។

លោក បូរិន បន្ថែមយ៉ាងដូច្នេះ៖ «សុខចិត្តឱ្យវាយឺតៗ កុំឱ្យវាទៅលឿនពេក ហើយជះឥទ្ធិពលមកសហគមន៍អ្នកស្រលាញ់ភេទដូចគ្នាវិញអ៊ីចឹង សុខចិត្តឱ្យវាទៅជាជំហានៗ ហើយយើងបានសិក្សាគ្រប់ជ្រុងជ្រោយ។ អ៊ីចឹង ខ្ញុំសុំមិនលម្អិតលើនីតិវិធី នៃការតាក់តែងច្បាប់ទេ ខ្លាចបកស្រាយទៅខុសអ៊ីចឹងណា»។

កម្ពុជាបានទទួលអនុសាសន៍ ចំនួន១២ តាមរយៈយន្ដការពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR) ជុំទី៤ ក្នុងឆ្នាំ២០២៤ ទាក់ទងនឹងសិទ្ធិស្មើគ្នារបស់អ្នកស្រលាញ់ភេទដូចគ្នា LGBTQIA+ រួមទាំងអនុសាសន៍របស់ប្រទេសអូស្ត្រាលីឱ្យ «បន្តវឌ្ឍនភាពវិជ្ជមានឆ្ពោះទៅរកសមភាពពេញលេញសម្រាប់អ្នកស្រលាញ់ភេទដូចគ្នា រួមទាំងការដើរឆ្ពោះទៅរកការធ្វើឱ្យស្របច្បាប់នូវការរៀបការរវាងភេទដូចគ្នា»។

នៅក្នុងរបាយការណ៍សិក្សាស្ដីពីអត្ថប្រយោជន៍ នៃសមភាពច្បាប់អាពាហ៍ពិពាហ៍សម្រាប់កម្ពុជា របស់អង្គការវេទិកាអនាគត និងអង្គការសហគមន៍ឥន្ធនូកម្ពុជា ក្នុងខែកុម្ភៈ ឆ្នាំ២០២៦ លើកឡើងថា សមភាពច្បាប់អាពាហ៍ពិពាហ៍ ផ្ដល់ឱ្យនូវក្របខ័ណ្ឌផ្នែកច្បាប់ដល់គ្រួសារ ផែនការហិរញ្ញវត្ថុរួមគ្នា កាត់បន្ថយហានិភ័យតក់ស្លុតផ្សេងៗ ដោយឥតព្រាងទុក និងការព័ន្ធពាន់នឹងអចនាទ្រព្យរួម កេរមរតក ការស្មុំកូន និងអត្ថប្រយោជន៍សង្គមផ្សេងៗ។

របាយការណ៍ក៏បានដកស្រង់សម្តីរបស់អគ្គនាយក នៃអគ្គនាយកដ្ឋានអភិវឌ្ឍសង្គម នៃក្រសួងកិច្ចការនារី អ្នកស្រី ញាណ សុចិត្រា ដោយបានលើកឡើងថា៖ «នៅពេលដែលពួកគេ[អ្នកស្រលាញ់ភេទដូចគ្នា] មិនអាចចុះសំបុត្រអាពាហ៍ពិពាហ៍បាន ពួកគេគឺបាត់បង់នូវអត្ថប្រយោជន៍ នៃការការពារពីច្បាប់»។

ពាក់ព័ន្ធនឹងបញ្ហានេះ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី ឱ្យដឹងថាតាមរយៈយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ឆ្នាំ២០២៣-២០២៨ កម្ពុជាមានមហិច្ឆតាសម្រេចឱ្យបាននូវទស្សនវិស័យឆ្នាំ២០៣០-២០៥០ ដោយផ្ដោតលើកំណើនសមធម៌ ប្រសិទ្ធភាព បរិយាបន្ន ចីរភាព និងភាពធន់។

លោក កែវ រ៉េមី៖ «គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា គឺមិនទុកនរណាម្នាក់ចោលឡើយ។ ចំពោះសង្គមជាតិទាំងមូល ដើម្បីការអភិវឌ្ឍ យើងត្រូវការប្រជាពលរដ្ឋគ្រប់រូបចូលរួម។ សហគមន៍អ្នកស្រលាញ់ភេទដូចគ្នា គឺជាធនធានមនុស្ស ដែលអាចរួមចំណែកជួយប្រទេសជាតិ»។

ចំណែកអតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាសមាជិករដ្ឋសភាគណបក្សប្រជាជនកម្ពុជា លោក ខៀវ កាញារីទ្ធ បានថ្លែងក្នុងកម្មវិធីបទបង្ហាញលទ្ធផលនៃការសិក្សាស្រាវជ្រាវស្តីពី «ការបើកបង្ហាញសក្ដានុពល៖ អត្ថប្រយោជន៍សេដ្ឋកិច្ចនៃសមភាពច្បាប់អាពាហ៍ពិពាហ៍ សម្រាប់ប្រទេសកម្ពុជា » កាលពីថ្ងៃទី១៣ ខែកុម្ភៈ បានទទួលស្គាល់នូវការកើនឡើង នៃការទទួលយក និងការគាំទ្រពីសាធារណជន ចំពោះសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នានៅក្នុងប្រទេស​កម្ពុជា។ ប៉ុន្តែលោកសង្កត់ថា ការគាំទ្រនេះ នៅមិនទាន់គ្រប់គ្រាន់ទេ គឺត្រូវការឱ្យមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីអនុញ្ញាតឱ្យមានសមភាពសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា ក្នុងការទទួលបាន ការការពារពេញលេញ និងស្មើភាពគ្នានៅក្នុងសង្គម។

ការសិក្សាស្រាវជ្រាវរបស់អង្គការសហគមន៍ឥន្ទធនូកម្ពុជា ឬហៅកាត់ថា RoCK និងវេទិកាអនាគត Future Forum ចេញផ្សាយនៅខែកុម្ភៈ ឆ្នាំ២០២៦ បង្ហាញថា ការទទួលស្គាល់សមភាពច្បាប់អាពាហ៍ពិពាហ៍សម្រាប់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា គឺធានាបាននូវភាពចាំបាច់នៃកិច្ចការពារសិទ្ធិស្មើភាពគ្នានៃគ្រួសារ ការមិនរើសអើង និងបរិយាបន្នអ្នកស្រឡាញ់ភេទដូចគ្នា ដែលរួមចំណែកដល់សុខដុមរមនាក្នុងសង្គម៕

សិទ្ធិមនុស្ស","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":1872}" data-page="1" data-max-pages="1" data-start="1" data-end="1">