អង្គការសិទ្ធិមនុស្សលីកាដូចាត់ទុកឆ្នាំ២០២៥ ជាឆ្នាំដ៏អាប់អួរនៃសេរីភាពបញ្ចេញមតិ ដោយកត់ត្រាឃើញពលរដ្ឋជាង៨០នាក់ត្រូវបានចាប់ខ្លួនដោយសារពួកគេបានបញ្ចេញមតិពីបញ្ហាសង្គម។
តាមរយៈអត្ថបទចុះផ្សាយនៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស(LICADHO) បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ មានការចាប់ខ្លួន ចោទប្រកាន់ និងឃុំខ្លួនប្រជាពលរដ្ឋចំនួន ៨២នាក់ដែលមានស្រ្តីចំនួន ៧នាក់ ដោយសារការបញ្ចេញមតិរបស់ពួកគេ ក្នុងនោះមានពលរដ្ឋ ៧៦នាក់កំពុងជាប់ពន្ធនាគារតាមបណ្តារាជធានីខេត្តទូទាំងប្រទេស។
អង្គការសិទ្ធិមនុស្សមួយនេះសង្កេតឃើញថា អាជ្ញាធរភាគច្រើនប្រើប្រាស់បទចោទប្រកាន់ពលដ្ឋទាំងនោះដូចជាបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» «រួមគំនិតក្បត់» និងបទ «ប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ ដែលអាចធ្វើឱ្យអន្តរាយការការពារជាតិ»។
លីកាដូបន្ថែមថា៖ «ការចាប់ខ្លួន ចោទប្រកាន់ និងឃុំខ្លួន ត្រូវបានធ្វើឡើង ក្រោយពេលដែលប្រជាពលរដ្ឋទាំងនោះបានចែករំលែកទស្សនៈ ការបញ្ចេញមតិ និងការយល់ឃើញ ដែលភាគច្រើនត្រូវបានបង្ហោះ និងចែករំលែកបន្តនៅលើបណ្តាញសង្គម អំពីប្រធានបទជាច្រើនដូចជា ឃាតកម្មលើសកម្មជននយោបាយ លោក លិម គិមយ៉ា ស្ថានភាពនៃការផ្តល់ជំនួយពីបរទេសមកប្រទេសកម្ពុជា បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ និងបញ្ហាសង្គមផ្សេងៗទៀតជាច្រើន»។
ប្រភពដដែលបន្តថា ចំណោមពលរដ្ឋ៧៦នាក់ដែលកំពុងជាប់ពន្ធនាគារ ពលរដ្ឋ៣៣នាក់មានទំនាក់ទំនងនឹងគណបក្សប្រឆាំង ហើយ៦នាក់ចំណោម៣៣នាក់នោះជាមន្រ្តីមកពីគណបក្សជំទាស់ដែលបានជាប់ឆ្នោត។ ក្នុងនោះក៏មានអ្នកសារព័ត៌មាន៣នាក់ និងអនុប្រធានសហជីពមួយរូប។
អ្នកសម្របសម្រួលគម្រោងនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR)លោក ហួន ផន យល់ថានេះជា បញ្ហាគួរឱ្យព្រួយារម្ភ ព្រោះថាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ គឺជាសិទ្ធិមួយដ៏សំខាន់ ហើយសិទ្ធិនេះមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា នៅក្នុងមាត្រា ៤១។
លោកថា៖ «យើងឃើញថាបញ្ហាទាំងអស់នេះជាក្តីបារម្ភមួយដែលជាវាបន្ទុចបង្អាក់ទៅដល់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការលើកឡើងជាពិសេសទាក់ទងជាមួយនឹងបញ្ហាចន្លោះប្រហោងមួយចំនួនដែលកើតឡើងនៅក្នុងសង្គម។ អ៊ីចឹងការបញ្ចេញមតិ ការយល់ឃើញនូវទស្សនៈរបស់ប្រជាពលរដ្ឋនៅក្នុងសង្គមគួរតែត្រូវបានលើកទឹកចិត្តជាជាងធ្វើការចោទប្រកាន់»។
ចំណែកឯទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន មានប្រសាសន៍ថាបញ្ហាដែលអង្គការលីកាដូលើកឡើងនេះ បានឆ្លុះបញ្ចាំងពីការពិតដែលកើតឡើងនៅកម្ពុជា។
លោកថា៖ «រឿងទាំងអស់នេះ បើយើងពិនិត្យមើលទៅវាមិនត្រូវឱ្យគួរកើតបន្តទៀតទេក្នុងលក្ខខណ្ឌគ្រាន់តែបប្រើប្រាស់សិទ្ធិបញ្ចេញមតិប្រើប្រាស់នៅក្នុងបណ្ដាញសង្គម ពីព្រោះពួកគាត់គ្រាន់តែចង់ចូលរួមជួយសង្គមឱ្យមានការល្អប្រសើរ ហើយប្រសិនបើគ្រាន់តែការប្រើប្រាស់មតិនិយាយការពិត ត្រូវាបាននាំខ្លួន ត្រូវបានឃាត់ខ្លួន វាជារឿងមួយអត់មានអ្វីដែលចំណេញដល់សង្គមកម្ពុជាទេ»។
ទីប្រឹក្សាគណបក្សកម្លាំងជាតិរូបនេះ ថាការលើកលែងទោសអតីតប្រធានបក្សកម្លាំងជាតិលោក ស៊ុន ចន្ធី ថ្មីៗនេះជាសញ្ញាល្អមួយ ហើយលោកចង់ឱ្យមានការដោះលែងអ្នកនយោបាយ សកម្មជន និងអ្នកសារព័ត៌មានជាដើម ដែលលោកចាត់ទុកថាជា «អ្នកជាប់ឃុំមនសិការ»។
លោក រ៉ុង ឈុន៖ «គណបក្សក៏ដូចជារូបខ្ញុំចង់ឃើញអ្នកជាប់ឃុំមនសិការទាំងអស់ទទួលបាននូវសេរីភាពទាំងអស់គ្នាដូចជា លោក កឹម សុខា កញ្ញា សេងធារី លោក ថាច់ សេដ្ឋា ក្ដីរួមទាំងប្រធានសមាគមន៍ ក៏ដូចជាប្អូនៗយុវជនក្រុមបរិស្ថានមាតាធម្មជាតិ ប្អូនៗយុវជន២៣តុលា រួមជាមួយអ្នកសារព័ត៌មាន ក៏ដូចជាសកម្មជនដីធ្លីត្រូវមានសេរីភាពទាំងអស់គ្នាឡើងដើម្បីស្ដារមុខស្ដារមាត់កម្ពុជាយើងឡើងវិញ»។
ជុំវិញរឿងនេះ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាលោក ប៉ែន បូណា ស្នើអង្គការលីកាដូ និងអង្គការសង្គមស៊ីវិលមួយចំនួន សិក្សាលំអិតពីមូលហេតុដែលនាំឱ្យពលរដ្ឋទាំងនោះប្រឈមនឹងច្បាប់ ដោយលោកថា ការបញ្ចេញមតិ និងការជេរប្រមាថ មួលបង្កាច់ជាដើមនោះមិនដូចគ្នាទេ។
លោកថា៖ «ទី១៖សូមកុំរាប់ចំនួនមនុស្សដែលប្រឈមមុខផ្លូវច្បាប់ហើយវាយតម្លៃលើសេរីភាពបញ្ចេញមតិរបស់ប្រទេសមួយដែលមានពលរដ្ឋ១៧លាននាក់ តែសូមសិក្សាពីមូលហេតុថា ហេតុអ្វីបានជាគាត់ប្រឈមមុខផ្លូវច្បាប់? ចុះហេតុអ្នកដទៃមិនអី? ទី២៖ សូមកុំប្រើពាក្យបញ្ចេញមតិតែមួយម៉ាត់ តែសូមសិក្សាថា តើគាត់និយាយអ្វី? បញ្ចេញមតិ ជេរប្រមាថ មួលបង្កាច់ បរិហារបង្ខូចកេរ …. មិនដូចគ្នាទេ។ ត្រូវហ៊ានទទួលស្គាល់ការពិតថា សេរីភាពបញ្ចេញមតិត្រូវស្ថិតក្នុងក្របខណ្ឌច្បាប់»។
ទោះជាយ៉ាងណាក្ដីលីកាដូក្រើនរំលឹករាជរដ្ឋាភិបាលថា៖ «យើងខ្ញុំសូមអំពាវនាវដល់រាជរដ្ឋាភិបាល សូមគោរព និងការពារសិទ្ធិសេរីភាពរបស់ពលរដ្ឋទាំងអស់ ក្នុងការបញ្ចេញគំនិត មតិយោបល់ និងទស្សនៈរបស់ពួកគេ មិនថាជាការលើកឡើងដោយផ្ទាល់ ឬលើកឡើងតាមរយៈបណ្តាញសង្គមនោះទេ ។ ហើយអាជ្ញាធរត្រូវតែបញ្ឈប់ការចាប់ខ្លួន ចោទប្រកាន់ និងឃុំខ្លួនចំពោះអ្នកប្រើប្រាស់បណ្តាញសង្គម អ្នកសារព័ត៌មាន និងសកម្មជននយោបាយ ដោយគ្រាន់តែអ្នកទាំងនោះបានបញ្ចេញមតិរបស់ពួកគេ»៕







