ក្រុមនិសិ្សតផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បង្កើតកម្មវិធីផតខាស (Podcast) អប់រំមួយដែលមានឈ្មោះថា«ក្រហមផតខាស» ដើម្បីទាក់ទាញយុវជនជំនាន់ក្រោយ ឱ្យឈ្វេងយល់អំពីប្រវត្តិសាស្ត្រ កេរដំណែល និងឥទ្ធិពលដែលនៅតែបន្តមានពីសម័យខ្មែរក្រហម។
កម្មវិធីនេះ បានដាក់បង្ហាញជាលើកដំបូងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលធនធាននៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក) ដោយមានការចូលរួមពីលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន និងអ្នកសារព័ត៌មានតាមស្ថាប័នមួយចំនួនផងដែរ។
ក្រហមផតខាស ត្រូវបានផលិតដោយនិស្សិតឆ្នាំទី៣ (ជំនាន់ទី២៣) នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសាគនាគមន៍(DMC)។
គម្រោងនេះ បានលើកឡើងអំពី «កេរដំណែល» នៃរបបខ្មែរក្រហម ដែលសំដៅទៅលើផលប៉ះពាល់ដែលនៅតែបន្តមានរហូតមកដល់សព្វថ្ងៃ និងសារៈសំខាន់នៃការយល់ដឹងអំពីប្រវត្តិសាស្ត្រនៃសម័យកាលនោះ។ ផតខាស នេះមិនមានគោលបំណងអបអរសាទរ លើកតម្កើង ឬគាំទ្ររបប មនោគមវិជ្ជា ឬមេដឹកនាំខ្មែរក្រហមឡើយ។ នេះបើតាមការបញ្ជាក់ក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់កម្មវិធីក្រហមផតខាស។
និស្សិតឆ្នាំទី៣ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ កញ្ញា ហែម ចាន់ធីតា គឺជាអ្នកសរសេរអត្ថបទនៅក្នុង Episode ទី៤ នៃកម្មវិធីក្រហមផតខាស ដែលមានចំណងជើងថា Kampong Chnang Air field។
កញ្ញារៀបរាប់ថា ផតខាសនីមួយៗធ្វើលក្ខណៈជាក្រុម ដោយមានសមាជិក៥នាក់។ ចំណែកឯប្រធានបទទី៤ខាងលើ ចង់បង្ហាញពីទាហានបដិវត្តន៍កម្ពុជាម្នាក់ត្រូវបានបញ្ជូនទៅកាន់វាលយន្តហោះកំពង់ឆ្នាំង ដោយភាគនេះនឹងនាំយើងទៅឈ្វេងយល់អំពីកន្លែងធ្វើការដ៏សាហាវបំផុតមួយក្រោមរបបខ្មែរក្រហម ដែលធ្លាប់បង្ខំមនុស្សឱ្យធ្វើការងារ ភាពអត់ឃ្លាន និងការសម្លាប់ដោយសម្ងាត់ ។
យុវតីដដែលបានបន្ថែមថា ការផលិតផតខាតនេះប្រើរយៈពេលជិត៤ខែដោយចាប់ផ្ដើមពីការជ្រើសរើសប្រធានបទ ការស្រាវជ្រាវ និងដំណាក់កាលសរសេរខ្លឹមសារ រហូតដល់ការកែសម្រួលចុងក្រោយមុននឹងចាប់ផ្ដើមធ្វើការបញ្ចូលសម្លេង និងកែសម្រួលលើសម្លេង។
ដោយឡែក តាមរយៈការស្រាវជ្រាវរបស់ក្រុមនីមួយៗ គឺមានការចូលរួមសហការពីមជ្ឈមណ្ឌលធនធាននៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក) ក្នុងការផ្ដល់នូវឯកសារផ្សេងៗផ្អែកតាមប្រធានបទ និងតម្រូវការរបស់និស្សិត។
និស្សិតរូបនេះសង្កត់ធ្ងន់ថា ៖ «ផលលំបាកសម្រាប់ខ្ញុំផ្ទាល់ក្នុងនាមជាអ្នកសរសេរ គឺធ្វើយ៉ាងណាបំប្លែងឯកសារបណ្ណសារ និងសក្ខីកម្មរាប់រយទំព័រ ឱ្យទៅជាខ្លឹមសារសម្រាប់ផតខាសដែលមានរយៈពេលតិចជាង ២០ នាទី។ ការងារនេះត្រូវការពេលវេលាច្រើន និងជាបញ្ហាប្រឈមមួយយ៉ាងខ្លាំង ដោយសារក្រហមផតខាស ផ្តោតលើការយល់ដឹងរបស់យុវជនជំនាន់ថ្មីអំពីរបបខ្មែរក្រហម ខ្ញុំត្រូវប្រុងប្រយ័ត្នក្នុងការរក្សាភាពត្រឹមត្រូវនៃព័ត៌មាន និងការពិតនៅក្នុងការសរសេរ»។
ផតខាសខាងលើមានចំនួន ១២ភាគ ត្រូវបានរៀបចំជាបទយកការណ៍សម្លេងបែបឯកសារ ដែលជួយឱ្យយុវជនកម្ពុជាអាចឈ្វេងយល់អំពីប្រវត្តិសាស្ត្រសម័យខ្មែរក្រហម តាមរយៈការស្រាវជ្រាវឯកសារបណ្ណសារ និងរឿងរ៉ាវជីវិតពិតរបស់អ្នកដែលបានឆ្លងកាត់នាសម័យនោះ ដើម្បីជាការគោរពដល់ភាពអត់ធ្មត់ និងភាពរឹងមាំរបស់ជនរងគ្រោះ រួមទាំងបន្តរក្សាការចងចាំនេះទៅកាន់មនុស្សជំនាន់ក្រោយ។
ផតខាសដដែលនេះ ក៏មានគោលបំណងធ្វើឱ្យបទពិសោធន៍ឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ស្មុគស្មាញ ក្លាយជាអ្វីដែលងាយយល់ និងទាញចំណាប់អារម្មណ៍សម្រាប់យុវជនជំនាន់ក្រោយ ដោយលើកទឹកចិត្តឱ្យពួកគេស្តាប់ ឈ្វេងយល់ និងភ្ជាប់អតីតកាលទៅនឹងការពិភាក្សាបច្ចុប្បន្នអំពីយុត្តិធម៌ និងការចងចាំ។
ស្រដៀងគ្នាដែរ និស្សិតឆ្នាំទី៣នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ កញ្ញា ភក្តិ សោភា រំពឹងថា ការបង្កើតកម្មវិធីផតខាសនេះឡើង នឹងទាញចំណាប់អារម្មណ៍យុវជនជំនាន់ក្រោយឱ្យឈ្វេងយល់ពីសម័យខ្មែរក្រហម ជាពិសេសអ្នកដែលស្រឡាញ់ផ្នែកប្រវត្តិសាស្រ្ត និងអ្នកសិក្សាផ្នែកប្រព័ន្ធផ្សព្វផ្សាយផ្ទាល់។
កញ្ញាបានចែករំលែកថា៖ «ការធ្វើផតខាសនេះឡើង គឺបានរៀនសូត្រច្រើន ជាពិសេសលើការធ្វើការងារជាក្រុម ព្រោះតម្រូវឱ្យយើងចេះជួយគ្នា និងចុះសម្រុងគ្នា ប៉ុន្តែបើនិយាយពីចំណេះដឹងផ្សេងៗដែលធ្វើមកចេញជាលទ្ធផលហ្នឹង គឺជារឿងល្អមែនទែនសម្រាប់និស្សិតដែលរៀននៅDMC ដោយសារតែការងារដែលយើងបានធ្វើទាំងអម្បាលម៉ាន សុទ្ធតែអាចចេញផ្សាយបាន ដោយមានរបៀបធ្វើត្រឹមត្រូវ ហើយការងារទាំងហ្នឹងធ្វើឱ្យយើងអភិវឌ្ឍទៅមុខទៀតកាន់តែល្អ»។
សូមជម្រាបជូនថា ក្រោយពីដាក់បង្ហាញផតខាសទាំង១២ ជាលើកដំបូងនៅមជ្ឈមណ្ឌលធនធាននៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក) ស្នាដៃទាំងអស់ក៏នឹងត្រូវផ្សាយតាមបណ្ដាញសង្គមជាភាសាអង់គ្លេសតាមរយៈកម្មវិធី Spotify, Apple Podcast និង YouTube នៅសប្ដាហ៍បន្ទាប់ដោយក្នុងមួយសប្ដាហ៍ចេញផ្សាយចំនួន២ភាគ៕







