អាជ្ញាធរមីន អំពាវនាវឱ្យប្រជាពលរដ្ឋកុំប៉ះពាល់នៅពេលប្រទះឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ ហើយរាយការណ៍ជាបន្ទាន់ទៅកាន់អាជ្ញាធរមូលដ្ឋាន។ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីពលរដ្ឋម្នាក់បានស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់ នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដោយសារការផ្ទុះនៃសំណល់គ្រាប់បែកចង្កោមរបស់យោធាថៃ។
ប្រធានមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) លោក ហេង រតនា បានសរសេររៀបរាប់លើទំព័រហ្វេសប៊ុករបស់លោកថា នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ស្ថិតនៅភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេក មានករណីផ្ទុះគ្រាប់បែកចង្កោមដែលជាសំណល់គ្រាប់មិនទាន់ផ្ទុះរបស់ថៃ បានបណ្ដាលឱ្យបុរសម្នាក់អាយុ៤២ឆ្នាំ បាត់បង់ជីវិតនៅកន្លែងកើតហេតុ និងម្នាក់ទៀត អាយុ៤៧ឆ្នាំ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យស្រុកមង្គលបូរី។
បើតាមអាជ្ញាធរមីន ហេតុការណ៍គ្រោះថ្នាក់នេះ បណ្តាលមកពីជនរងគ្រោះដែលបាត់បង់ជីវិត បានកាន់គ្រាប់បែកចង្កោមមកបោះបណ្តាលឱ្យផ្ទុះ។
លោក រតនា បន្តរៀបរាប់ថា គ្រាប់បែកចង្កោមបង្កគ្រោះថ្នាក់នេះ ជាប្រភេទ M46 នៃគ្រាប់ផ្លោង១៥៥មម NR269 ហើយលោកចាត់ទុកថា សំណល់គ្រាប់មិនទាន់ផ្ទុះរបស់ថៃ នៅតែបន្តគំរាមកំហែងដល់សុខសន្តិភាព រួមទាំងសុវត្ថិភាពទាំងផ្លូវកាយចិត្ត សេដ្ឋកិច្ច និងការអភិវឌ្ឍរបស់កម្ពុជា។
ប្រធានអង្គការស៊ីម៉ាក់រូបនេះ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន និងចៀសវាងការប៉ះពាល់គ្រាប់មិនទាន់ផ្ទុះ ឬវត្ថុសង្ស័យ ព្រមទាំងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ប្រសិនបើប្រទះឃើញ។
ប្រជាកាសែតមិនអាចសុំការអត្ថាធិប្បាយបន្ថែមពីលោក ហេង រតនា បានទេ ដោយទូរសព្ទចូលតែមិនមានអ្នកទទួល។
ចំណែកអភិបាលរងខេត្តបន្ទាយមានជ័យលោក លី សុវណ្ណារិទ្ធ បង្វែរសំណួរទាក់ទងនឹងគ្រាប់មិនទាន់ផ្ទុះទៅកាន់អង្គភាពស៊ីម៉ាក់។ លោកថា អាជ្ញាធរមូលដ្ឋានបានធ្វើការផ្សព្វផ្សាយករណីកាកសំណល់គ្រាប់មិនទាន់ផ្ទុះដល់ពលរដ្ឋ និងស្នើឱ្យរាយការណ៍ភ្លាមៗបើបានឃើញ។
ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC) លោក រស់ សុដ្ឋា ជំរុញឱ្យ អាជ្ញាធរបោសសម្អាតគ្រាប់មិនផ្ទុះឱ្យចំគោលដៅដែលគ្រាប់បានធ្លាក់ រួមទាំងទីតាំងដែលសង្ស័យថា អាចមានគ្រាប់សាយភាយទៅដល់ទីនោះ។
លោកក៏បានស្នើឱ្យអាជ្ញាធរ បង្កើនការផ្សព្វផ្សាយតាមរយៈការបិទស្លាកសញ្ញាឱ្យពលរដ្ឋបានឃើញ ជាពិសេសនៅតាមសាលារៀន ដើម្បីឱ្យសាធារណជនបានស្គាល់ច្បាស់អំពីលក្ខណៈរបស់គ្រាប់បែកចង្កោម។
ក្រៅពីនេះ លោកថា ក្រុមអង្គការសង្គមស៊ីវិលកំពុងធ្វើការជាមួយស្ថាប័នពាក់ព័ន្ធ រួមទាំងអង្គការសហប្រជាជាតិ ដើម្បីជំរុញឱ្យថៃគោរពសិទ្ធិមនុស្ស និងបញ្ឈប់ការប្រើប្រាស់គ្រាប់បែកចង្កោមដែលបំផ្លិចបំផ្លាញមិនរើសមុខ ជាពិសេសពលរដ្ឋស៊ីវិល ដែលផ្ទុយពីច្បាប់អន្តរជាតិ។
លោកបន្តថា៖ «យើងត្រូវតែប្ដឹងអង្គការសហប្រជាតិ ដើម្បីឱ្យបុគ្គលដែលប្រព្រឹត្តនេះ មានការទទួលខុសត្រូវនិងសងជាសំណងដល់គ្រួសារនិងពលរដ្ឋរងគ្រោះ»។
កាលពីចុងខែតុលា ឆ្នាំ២០២៥ អាជ្ញាធរមីន បានរកឃើញថា ករណីផ្ទុះគ្រាប់ស្ថិតនៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលបណ្ដាលឱ្យកុមារាម្នាក់ស្លាប់ គឺជាសំណល់គ្រាប់បែកចង្កោមរបស់យោធាថៃ។
ពលរដ្ឋរស់នៅភូមិស្រអែម ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ អ្នកស្រី តាំង ជូឃីម និយាយថា ជារៀងរាល់ថ្ងៃ បើទោះបីអាជ្ញាធរប្រាប់ថា ដីស្រែរបស់អ្នកស្រីមិនមានសំណល់គ្រាប់ក៏ដោយ ក៏អ្នកស្រីនៅតែបារម្ភចំពោះសំណល់គ្រាប់មិនទាន់ផ្ទុះរបស់យោធាថៃដែលបានកប់ជ្រៅក្នុងដីស្រែចំការរបស់អ្នកភូមិផ្សេងទៀតដែលនៅជិតគ្នា។
អ្នកស្រី និយាយថា៖ «មិនចង់ហ៊ានធ្វើស្រែ ធ្វើចំការទេ ខ្លាចគ្រាប់ ខ្លាចគ្រាប់នៅក្នុងដី។ […] ចង់ឱ្យអាជ្ញាធររាវគ្រាប់ផ្ទុកក្នុងដីឱ្យអស់ ឱ្យប្រជាពលរដ្ឋធ្វើស្រែ ធ្វើចំការ»។
ថ្លែងក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការភាពជាដៃគូរវាងអង្គការ CMAC និងអង្គការ NPA របស់ប្រទេសន័រវេស កាលពីដើមខែកុម្ភៈ លោក ហេង រតនា ប្រធានអង្គភាពស៊ីម៉ាក់ (CMAC ) បានអះអាងថា ការរកឃើញបឋមនៃសង្រ្គាមរវាងកម្ពុជា-ថៃ ទាំងពីរលើក មានផ្ទៃដីជាង៤០ម៉ឺនហិកតាក្នុងប្រទេសកម្ពុជា បានរងផលប៉ះពាល់ដោយគ្រាប់មិនទាន់ផ្ទុះ គឺស្មើនឹង៣៤០ភូមិ និងមានពលរដ្ឋប្រមាណ៩ម៉ឺននាក់៕







