ក្រសួងវប្បធម៌នឹងចាត់វិធានការ ច្បាប់លើអ្នកកែច្នៃ និងប្រើប្រាស់គ្រឿងលម្អ យកតាមគំរូគ្រឿងឥស្សរិយយសគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រ ដែលត្រូវបានបង្កើតឡើងសម្រាប់ថ្វាយព្រះអង្គតែមួយប៉ុណ្ណោះ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ ឱ្យដឹងថា ការកែច្នៃ ឬការច្នៃប្រឌិត ដោយយកតាមគំរូនេះ គឺជាកំហុសពុំអាចលើកលែងបាន នឹងត្រូវផ្តន្ទាទោសតាមមាត្រា ៤៣៧ (ស្ទួន) នៃច្បាប់ស្តីពីវិសោធនកម្មក្រមព្រហ្មទណ្ឌ។
ការព្រមាននេះ គឺក្រោយពីក្រសួងពិនិត្យឃើញថា ក្នុងរយៈពេលថ្មីៗនេះ មានការប្រើប្រាស់ និងការបង្ហោះរូបភាពតាមបណ្តាញសង្គម អំពីការតុបតែងសម្លៀកបំពាក់ និងគ្រឿងលម្អ ក្នុងទម្រង់នៃការរៀបចំអាពាហ៍ពិពាហ៍ ដែលគ្រឿងលម្អខ្លះប្រាសចាកអំពីតម្លៃដើមនៃគ្រឿងលម្អក្នុងអាពាហ៍ពិពាហ៍ខ្មែរ។
ជាមួយគ្នានេះ ក្រសួងវប្បធម៌ ក៏បានស្នើឱ្យអ្នកដែលបានកែច្នៃ និងប្រើប្រាស់ ព្រមទាំងអ្នកបានផ្សព្វផ្សាយរូបភាពជាមួយគ្រឿងលម្អនេះ ត្រូវបញ្ឈប់ និងលុបចោលរូបភាពទាំងអស់ជាបន្ទាន់។
ក្រសួងបានណែនាំដល់គ្រប់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈទាំង២៥រាជធានី-ខេត្ត ពង្រឹងដល់គ្រប់សិល្បករ សិល្បការិនី អាជីវករពាក់ព័ន្ធ អ្នកប្រកបមុខរបរសំអាងការ សិប្បកម្មកែច្នៃគ្រឿងអលង្ការ ហាងថតរូប និងអ្នកប្រកបមុខរបរ និងអាជីពផ្សេងទៀតពាក់ព័ន្ធនឹងពិធីរៀបអាពាហ៍ពិពាហ៍ ត្រូវបញ្ឈប់ជាបន្ទាន់ និងចៀសវាងការបន្តប្រើប្រាស់គ្រឿងកែច្នៃតាមគំរូគ្រឿងឥស្សរិយយសរបស់ព្រះមហាក្សត្រនេះ។
គួរបញ្ជាក់ថា គ្រឿងឥស្សរិយយស «ព្រះរាជមហាកណ្ឋាភណ្ឌ គ្រងរាជសម្បត្តិ ព្រះបាទសម្ដេចនរោត្ដម សីហមុនី» ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ សម្រាប់ថ្វាយព្រះមហាក្សត្រ ក្នុងព្រះរាជវរោកាសគម្រប់២០ឆ្នាំនៃការយាងសោយព្រះបរមសិរីរាជសម្បត្តិ(២០០៤-២០២៤) យោងព្រះរាជគុណូប្បការៈដ៏ឧត្ដុង្គឧត្ដមបំផុតរបស់ព្រះរាជាណាចក្រកម្ពុជា៕







