ក្រសួងអប់រំដកនាយកវិទ្យាល័យជា ស៊ីមតាកែវ បន្ទាប់ពីក្រុមអធិការកិច្ចរកឃើញថាបាត់ថវិកាជាង៣៤លានរៀល

សង្គម

រដ្ឋមន្រ្តីក្រសួងអប់រំ បានសម្រេចដកមុខតំណែងលោក ទ្រី ឆាយ ពីនាយកវិទ្យាល័យ ជា ស៊ីម តាកែវ ក្រោយបាត់ថវិកាជាង៣៤លានរៀល ប៉ុន្តែលោកនាយកវិទ្យាល័យថា មិនបានជាប់ពាក់ព័ន្ធនឹងលុយទាំងនោះទេ។

យោងតាមលិខិតរបស់ក្រសួងអប់រំ ជម្រាបទៅកាន់អភិបាលខេត្តតាកែវ ចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងអប់រំលោក ហង់ជូន ណារ៉ុន បានសម្រេចផ្លាស់លោក ទ្រី ឆាយ ដោយបង្ខំពីនាយកវិទ្យាល័យ ជា ស៊ីម តាកែវ មកបម្រើការងារនៅអង្គភាពក្រោមឱវាទមន្ទីរអប់រំខេត្ត។

លិខិតដដែល ក៏បានប្រាប់ឱ្យលោក ទ្រី ឆាយ និងអ្នកពាក់ព័ន្ធ ត្រូវបង្វែរសាច់ប្រាក់ជាង៣៤​លានរៀល ចូលថវិកាសាលាវិញ និងបានណែនាំឱ្យអភិបាលខេត្តតាកែវ បង្កើតគណៈកម្មការគ្រប់គ្រងវិទ្យាល័យ ជា ស៊ីម តាកែវ បណ្ដោះអាសន្ន ដែលដឹកនាំដោយថ្នាក់ដឹកនាំនៃមន្ទីរអប់រំខេត្ត ដើម្បីធានាប្រសិទ្ធភាពការងារ រហូតដល់មានការជ្រើសរើសនាយក ឬនាយិកាថ្មី។ 

ប្រជាកាសែត មិនអាចសូមការអត្ថាធិប្បាយបន្ថែមពីអ្នកនាំពាក្យក្រសួងអប់រំលោកស្រី ឃួន វិច្ឆិកា បានទេ ដោយទូរសព្ទមិនអាចទំនាក់ទំនងបាន ខណៈផ្ញើសំណួរតាមប្រព័ន្ធតេលេក្រាម លោកស្រីចូលអានតែមិនមានការឆ្លើយតប។

ជុំវិញករណីនេះ នាយកវិទ្យាល័យ ជា ស៊ីម តាកែវ លោក ទ្រី ឆាយ បានចាត់ទុកចំណាត់ការរបស់ក្រសួងអប់រំ ថា មានភាពអយុត្តិធម៌លើរូបលោក ក្រោមហេតុផលថា លោកមិនបានជាប់ពាក់ព័ន្ធនឹងថវិកាទាំងនេះទេ។ 

បើតាមលោក ឆាយ ថវិកាជាង៣៤លានរៀលនោះ ត្រូវបានមន្រ្តីបេឡាប្រចាំសាលាយកចំនួន២០លានរៀល ទៅបង់សាលាកូនបណ្ដោះអាសន្ន ដោយមិនប្រាប់លោកឱ្យបានដឹង ខណៈ១០លានរៀលទៀត ត្រូវបានប្រធានគណៈកម្មការគ្រប់គ្រងសាលា សម្រេចយកទៅទិញឯកសណ្ឋានឱ្យលោកគ្រូ-អ្នកគ្រូ ដោយសារមិនទាន់បានប្រមូលចំណូលភាស៊ីពីអ្នកលក់ដូរ នៅពេលបើកបវេសនការ ទើបត្រូវការថវិកាបង្វែរសិន។

តែទោះជាយ៉ាងណាក៏ដោយ លោក ទ្រី ឆាយ បានគូសបញ្ជាក់ថា នៅពេលដែលក្រុមអធិការកិច្ចរបស់ក្រសួងចុះមក អ្នកទាំងពីរក៏បានប្រគល់ប្រាក់គ្រប់ចំនួនមកវិញ តែមន្រ្តីអធិការកិច្ចទាំងនោះ មិនព្រមទទួលយកហេតុផលរបស់គេឡើយ ហើយនៅតែសរសេរក្នុងកំណត់ហេតុ។ 

លោក បញ្ជាក់ថា៖ «ក្រសួងចាត់វិធានការខ្ញុំ គឺជារឿងអយុត្តិធម៌បំផុតហើយ។ ទី១ ថវិកា៣៤លានរៀល បុគ្គលិកទទួលបន្ទុកបេឡា គាត់ខ្ចី យកទៅបង់សាលាកូនបណ្ដោះអាសន្ន អត់ប្រាប់ខ្ញុំទេ ២៤លាន គាត់ខ្ចីបណ្ដោះអាសន្ន ដល់ក្រុមអធិការកិច្ចចុះមកចៃដន់ ខ្ញុំក៏អត់ដឹង ឆែកទៅឃើញបាត់ ៣៤លានរៀល។ ១០លានទៀត គណៈកម្មការសហជីព (គណៈកម្មការគ្រប់គ្រងសាលា) បានយកទៅទិញ សក្ដិ(ទិញឯកសណ្ឋាន) ជូនលោកគ្រូ-អ្នកគ្រូ នៅវិទ្យាល័យ។ 
បើតាមលោក ឆាយ ថវិកាជាង៣៤លានរៀលនោះ ជាថវិកាបានមកពីចំណូលភាស៊ីរបស់អាជីករ និងការផ្ញើម៉ូតូនៅសាលា ហើយទុកសម្រាប់អភិវឌ្ឍន៍សាលារៀន។

លោក បានបន្ថែមថា ករណីនេះលោកក៏មិនមានបំណងប្ដឹងជំទាស់នោះដែរ ដោយសារជាការសម្រេចចេញពីរដ្ឋមន្រ្តីដោយផ្ទាល់ ហើយលោកក៏ជិតចូលនិវត្តន៍ទៀត ពោលគឺនៅសល់តែរយៈពេលជាង១ឆ្នាំទៀតប៉ុណ្ណោះ។

ចំណែកអ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ លោក សយ ចាន់វិចិត្រ មានប្រសាសន៍យ៉ាងខ្លីថា៖ «នេះជាព័ត៌មានចំហ មន្រ្តី អបព នឹងប្រមូលព័ត៌មានបន្ថែម»។
នាយិកាអង្គការតម្លាភាពកម្ពុជា អ្នកស្រី ស៊ិន ពុទ្ធារី ថាអ្នកស្រីគាំទ្រចំណាត់ការប្រឆាំងអំពើពុករលួយដើម្បីប្រយោជន៍សង្គម។

កាលពីខែមិថុនា ឆ្នាំ២០២៤ មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ សម្រេចព្យួរសិទ្ធិនាយក និងនាយករង សរុបចំនួន ៤រូប នៅវិទ្យាល័យជាស៊ីម ឈូកវ៉ា និងបង្កើតគណៈគ្រប់គ្រងជាបណ្តោះអាសន្ន បន្ទាប់ពីគ្រូបង្រៀន និងសិស្ស បានតវ៉ា និងធ្វើពហិកាមិនបង្រៀន ដោយសារថ្នាក់ដឹកនាំទាំងនោះ តែងតែគាបសង្កត់គ្រូ និងសិស្ស ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន៕

See less

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":1674}" data-page="1" data-max-pages="1" data-start="1" data-end="1">