ក្រសួងព័ត៌មាន៖ អ្នកកាសែតជាង៨០ភាគរយថា សេរីភាពសារព័ត៌មាននៅកម្ពុជា«ល្អប្រសើរ»

សង្គម

(រដ្ឋមន្ត្រីក្រសួងលោកនេតភក្ត្រា ឆ្លើយសំណួរអ្នកសារព័ត៌មានក្នុងពេលដែលចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនកាលពីចុងខែមេសា២០២៦កន្លងទៅ។ ថតដោយ វ៉ា សុភានុត)។

របាយការណ៍ក្រសួងព័ត៌មាន រកឃើញថា ក្នុងឆ្នាំ២០២៦ ស្ថានភាពសេរីភាពសារព័ត៌មាន និងសណ្ដាប់ធ្នាប់សារព័ត៌មាននៅកម្ពុជាមានភាព «ល្អប្រសើរ» ដោយផ្អែកលើចម្លើយជាង៨០ភាគរយនៃការស្ទង់មតិពីអ្នកធ្វើការពាក់ព័ន្ធនឹងវិស័យព័ត៌មានជិត៦០០នាក់ តំណាងឱ្យទូទាំងប្រទេស។

នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន បានចេញផ្សាយរបាយការណ៍មួយ ដែលបានស្ទង់មតិពីអ្នកធ្វើការក្នុងវិស័យព័ត៌មានចំនួន៥៧០នាក់។ ក្នុងរបាយការណ៍ រកឃើញថា អ្នកស្ទង់មតិ ៨០,៨៨ភាគរយ បានវាយតម្លៃស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាថាមានភាពល្អប្រសើរ។ ដោយឡែក អ្នកស្ទង់មតិចំនួន១៧,៥៤ភាគរយ ថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាស្ថិតក្នុងកម្រិត «មធ្យម» ខណៈ អ្នកចូលរួមស្ទង់មតិចំនួន ៧៥, ២៦ភាគរយ បានវាយតម្លៃថាសណ្ដាប់ធ្នាប់សារព័ត៌មាននៅកម្ពុជាមានលក្ខណល្អប្រសើរ។

ក្នុងរបាយការណ៍ បន្តរកឃើញថា អ្នកស្ទង់មតិ ៨៥,៨ភាគរយ ថា ពួកគេមានសេរីភាពពេញលេញក្នុងការប្រមូលប្រភពព័ត៌មាន និងផ្សព្វផ្សាយព័ត៌មាន ប៉ុន្តែ ១៤,២ភាគរយ បានយល់ផ្ទុយពីនេះ។

លទ្ធផលស្ទង់មតិ បន្តទៀតថា អ្នកចូលរួម ៧០,៤ ភាគរយ អះអាងថា ពួកគេមិនធ្លាប់ប្រឈមនឹងការគំរាមកំហែង ការយាយី ឬអំពើហិង្សាដោយសារការងារជាអ្នកសារព័ត៌មានក្នុងឆ្នាំកន្លងទៅទេ។ យ៉ាងណា អ្នកស្ទង់មតិចំនួន ២៩,៦ភាគរយ ផ្សេងទៀត ឆ្លើយថា ធ្លាប់ប្រឈមនឹងបញ្ហានេះ ដែលធ្លាក់ចុះពីការរកឃើញចំនួន ៣៧,៧ភាគរយ កាលពីឆ្នាំ២០២៥។

របាយការណ៍ បន្ថែមថា អ្នកចូលរួមស្ទង់មតិចំនួន ៨៤,៦ភាគរយ ថា ពុំធ្លាប់រងពាក្យបណ្ដឹងពីប្រជាពលរដ្ឋ ឬអាជ្ញាធរ ទាក់ទងនឹងការផ្សាយរបស់ខ្លួនទេ ខណៈជាង១៥ភាគរយ អះអាងថា ធ្លាប់ឆ្លងកាត់ករណីនេះ។

រដ្ឋមន្រ្តីក្រសួងព័ត៌មានលោក នេត្រ ភក្រ្តា ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃផ្សព្វផ្សាយរបាយការណ៍ ថា ទិន្នន័យនេះ ជាលទ្ធផលដែលបានមកពីការស្ទង់មតិ ដោយមិនមានការបង្ខិតបង្ខំ និងមានលក្ខណៈអនាមិក។ ចំណែកលទ្ធផលដែលរកឃើញ លោកចាត់ទុកថា ជាការឆ្លុះបញ្ចាំងទិដ្ឋភាពពិតក្នុងប្រទេសកម្ពុជា។

លោក និយាយថា៖ «ចឹងលទ្ធផលនៅក្នុងរបាយការណ៍នេះ ដែលក្រសួងវាយតម្លៃថា លទ្ធផលឆ្លុះបញ្ចាំងការពិតនៅកម្ពុជា។ ដោយឡែកចំពោះការបកស្រាយថា មានចំណុចអវិជ្ជមាន គឺស្ថិតនៅក្នុងចំណុចដែលមិនមានភាពល្អប្រសើរនៅក្នុងរបាយការណ៍នៃភាគតិចតែប៉ុណ្ណឹង»។

កាលពីពេលថ្មីៗនេះ សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា ក៏បានផ្សព្វផ្សាយរបាយការណ៍ប្រចាំឆ្នាំ២០២៥ ដោយចងក្រងចំនួន ៦១ករណីនៃការរំលោភបំពានដែលកំណត់គោលដៅអ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសកម្ពុជា។

របាយការណ៍នោះ និយាយថា អ្នកសារព័ត៌មានជាច្រើនបានជួបប្រទះនឹងការរំលោភបំពានច្រើនដង ដែលបង្ហាញពីគំរូនៃការកំណត់គោលដៅជាជាងឧប្បត្តិហេតុ។

ខេមបូចា បន្ថែមថា ក្នុងអំឡុងឆ្នាំ ២០២៥ អ្នកកាសែតចំនួន៦នាក់ត្រូវបានចាប់ខ្លួន ចោទប្រកាន់ និងដាក់ពន្ធនាគារ ដែលតំណាងឱ្យសកម្មភាពផ្លូវច្បាប់ដែលភាគច្រើនត្រូវបានចាត់វិធានការដោយតួអង្គរដ្ឋដើម្បីកំណត់គោលដៅអ្នកកាសែត។ ក្នុងនោះ មានករណីចំនួន២ ដែលអ្នកសារព័ត៌មានត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ១៤ឆ្នាំ ពីបទផ្គត់ផ្គង់ព័ត៌មានដល់រដ្ឋបរទេសដែលប៉ះពាល់ដល់ការការពារជាតិ ដែលទាក់ទងនឹងជម្លោះព្រំដែនកម្ពុជា-ថៃ។

ឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មានក្នុងសន្និសីទកាសែតចំពោះរបាយការណ៍ដែលផ្ទុយគ្នា រដ្ឋមន្រ្តីក្រសួងព័ត៌មានលោក ភក្រ្តា មិនបានច្រានចោលការរកឃើញរបស់អង្គការសង្គមស៊ីវិលនោះទេ ដោយលោកនិយាយថា ស្ថាប័ននីមួយៗមានសិទ្ធិក្នុងការចងក្រងរបាយការណ៍រៀងៗខ្លួន ហើយលោកបន្ថែមថា៖ «យើងអាចនិយាយបានថា ជារបាយការណ៍ [ក្រសួងព័ត៌​មាន] ដែលយើងបានចេញក្នុងក្របខណ្ឌនៃការតំណាងឱ្យកម្ពុជា ចំពោះការអត្ថាធិប្បាយផ្សេង ឬក៏របាយការណ៍ផ្សេង គ្រាន់តែជាផ្នែកមួយតូចតែប៉ុណ្ណោះ»។

អ្នកសារព័ត៌មាននៅស្ថាប័នសារព័ត៌មានថ្មីៗ កញ្ញា ឡាយ សុភាវត្តី និយាយថា ការយល់ឃើញផ្ទាល់ខ្លួនរបស់កញ្ញា ខុសបន្តិចពីការរកឃើញរបស់ក្រសួងព័ត៌មានចំពោះស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា។ កញ្ញា លើកឡើងថា ក្នុងមួយរយៈពេលចុងក្រោយនេះ ការទាក់ទងទៅកាន់មន្រ្តីនាំពាក្យតាមស្ថាប័នរដ្ឋមួយចំនួនមានការលំបាក ខណៈការឆ្លើយតបមានភាពយឺតយ៉ាវមិនទាន់ព្រឹត្តិការណ៍នៃរឿង។

កញ្ញា បន្តថា៖ «បើទោះបីគាត់មានទំនាក់ទំនងល្អឆ្លើយឆ្លង ប៉ុន្តែគាត់ឆ្លើយឆ្លងក្នុងកម្រិតមួយដែលយឺតយ៉ាវ ២ ទៅ ៣ថ្ងៃអី ពេលខ្លះរឿងវាព្រឹត្តិការណ៍ ត្រូវការលឿនដែរ។ ពេលទាក់ទងទៅពេលខ្លះគាត់ចូលមើលតែអត់ឆ្លើយតប»។

អ្នកសារព័ត៌មានស្រ្តីរូបនេះ ទទូចឱ្យមន្រ្តីរដ្ឋាភិបាល ឆ្លើយតបឱ្យទាន់ពេលវេលាទៅកាន់អ្នកសារព័ត៌មាន ដែលអាចចុះផ្សាយអត្ថបទបានទាន់ព្រឹត្តិការណ៍ដែលកើតឡើងប្រចាំថ្ងៃ និងឆ្លងឆ្លើយជាមួយអ្នកកាសែតតាមទូរសព្ទ ដោយកាត់បន្ថយការផ្ញើសារតាមបណ្ដាញសង្គមដែលតម្រូវឱ្យមានការរង់ចាំយូរ។

កញ្ញា បន្ថែមថា៖ «ខ្ញុំគិតថា តាមផ្ទាល់មាត់លឿនជាងព្រោះអ្នកនាំពាក្យ គឺការឆ្លើយឆ្លងគ្នា មិនមែនផ្ញើសំណួរទៅមុន ឬអីទេ ពេលខ្លះយើងចង់បានលឿនដែរ ចឹងពេលខ្លះការឆ្លើយតាមសារវាអាចយូរ មានពេលគិត មែនតែវាយូរ ហើយយើងជាអ្នកសារព័ត៌មានលឿនតិច ដើម្បីតាមព្រឹត្តិការណ៍ក្នុងថ្ងៃហ្នឹង ហើយចេញរឿងក្នុងថ្ងៃហ្នឹង បើយើងអាចពន្យារពេលដល់ស្អែក ពេលខ្លះ អត់ទាន់រឿង ពេលខ្លះរឿងវិវត្តទៅមុខ»។

នៅឆ្នាំ២០២៦ អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន បានចាត់ចំណាត់ថ្នាក់ កម្ពុជានៅលេខរៀងទី១៦១ លើ១៨០ប្រទេស។

ចំណែកនាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាលោក ណុប វី ចាត់ទុករបាយការណ៍ទាំងអស់គឺសុទ្ធតែមានសារសំខាន់ដែលជាមូលដ្ឋានក្នុងការពិចារណា ប្រៀបធៀប និងវាស់វែង បើទោះបីជារកឃើញផ្ទុយគ្នាក៏ដោយ។

លោកនិយាយថា៖ «ខ្ញុំយល់ឃើញថា យើងទាំងអស់គឺសុទ្ធតែមានគោលដៅមួយនៅក្នុងការលើកកម្ពស់យុត្តិធម៌នៅក្នុងសង្គមយើង លើកកម្ពស់សិទ្ធិសេរីភាពជាមូលដ្ឋាននៅក្នុងសង្គមរបស់យើង ហើយនឹងចង់ឃើញប្រជាពលរដ្ឋយើងរស់នៅក្នុងសេចក្ដីថ្លៃថ្នូ រស់នៅក្នុងការគោរពគ្នាទៅវិញទៅមក។ […] អ្វីដែលជាមូលដ្ឋានរួមនេះ យើងគួរតែពិនិត្យរួមគ្នាថាតើមូលដ្ឋានណា ការងារដែលយើងគួរតែបន្ត ធ្វើកិច្ចការងាររួមគ្នា៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2432}" data-page="1" data-max-pages="1" data-start="1" data-end="1">