ក្រសួងការងារបញ្ជាឱ្យមន្ត្រីរាជការសន្សំថាមពល បើកម៉ាស៊ីនត្រជាក់ត្រឹម២៥អង្សារ ពេលប្រេងឡើងថ្លៃ

សង្គម

រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈលោក ហេង សួរ ក្នុងពេលជួបភ្ញៀវនៅអំឡុង​ខែមីនា២០២៦។ (រូបភាពហ្វេសប៊ុកក្រសួងការងារ)

ក្រសួងការងារបានចេញសេចក្តីណែនាំជំរុញឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ អនុវត្តវិធានការសន្សំសំចៃថាមពលអគ្គិសនី ក្នុងបរិបទវិបត្តិផ្គត់ផ្គង់ថាមពល និងការកើនឡើងថ្លៃប្រេងឥន្ធនៈជាបន្តបន្ទាប់ ក្នុងអំឡុងជម្លោះនៅតំបន់ មជ្ឈិមបូព៌ា។ នេះបើតាមសេចក្ដីណែរនាំនេះចុះហត្ថលេខា ដោយរដ្ឋមន្ត្រីក្រសួងការងារ លោក ហេង សួរ នៅថ្ងៃទី១៣ខែមីនានិងត្រូវផ្សាយជាសាធារណៈនៅថ្ងៃទី១៨ខែមីនា២០២៦។

រដ្ឋមន្ត្រីក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈលោកហេង សួរបានបញ្ជាអង្គភាពទាំងអស់នៅក្រោមឱវាទក្រសួង ត្រូវរួមគ្នាសន្សំសំចៃអគ្គិសនី ដោយកំណត់ម៉ាស៊ីនត្រជាក់យ៉ាងហោចណាស់ ២៥អង្សាសេ។សេចក្ដីណែរនាំតម្រូវឱ្យបុគ្គលិក បិទភ្លើង និងឧបករណ៍អគ្គិសនីពេលមិនប្រើ គ្រប់គ្រងពេលវេលាបំភ្លឺឱ្យសមស្រប ប្រើពន្លឺធម្មជាតិជំនួសភ្លើង ជាដើម។

សេចក្តីណែនាំលើកឡើងថា៖«ត្រូវបិទអំពូលភ្លើង ម៉ាស៊ីនត្រជាក់ និងដកឌុយចេញពីឧបករណ៍បរិក្ខារអគ្គិសនីគ្រប់ប្រភេទដែល មិនចាំបាច់ ឬនៅពេលឈប់ប្រើប្រាស់ នៅពេលម៉ោងសម្រាក និងមុនពេលចាកចេញពីបន្ទប់ ការិយាល័យ សាលប្រជុំ ឬបន្ទប់សិក្សា»។

អ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គមលោកបណ្ឌិត មាស នី យល់ឃើញថាក្នុងស្ថានភាពវិបត្តិថាមពលដ៏សំខាន់ និងបន្ទាន់បែបនេះ រដ្ឋាភិបាលគួរតែចេញវិធានការជាក់លាក់ និងមានប្រព័ន្ធគ្រប់គ្រងច្បាស់លាស់ មិនគួរត្រឹមតែអំពាវនាវប៉ុណ្ណោះឡើយ។

លោកបានបញ្ជាក់ថា ការអំពាវនាវដោយឡែកពីគ្នារបស់ក្រសួងនីមួយៗ អាចធ្វើឲ្យការអនុវត្តមិនមានប្រសិទ្ធភាព ព្រោះខ្វះការសម្របសម្រួលជាសង្វាក់។ ដូច្នេះ គួរតែមានគោលនយោ​បាយរួមមួយពីរដ្ឋាភិបាល ដែលអាចអនុវត្តបានច្បាស់ និងមានប្រសិទ្ធភាពខ្ពស់។

លោកនិយាយថា៖ «ខ្ញុំគិតថាវិធានការដើម្បីសន្សំសម្ចីនេះមិនមែនជាកាតព្វកិច្ចរបស់ក្រសួងសមីនីមួយៗធ្វើម្នាក់ឯងទេរដ្ឋត្រូវតំណាងរដ្ឋាភិបាលដែលប្រកាសឲ្យក្រសួង មន្ទី ស្ថាប័ននិងពលរដ្ឋទាំងអស់ធ្វើតាមវិធានការនឹងបានវាស្រុះជើងគ្នា និងច្បាស់លាស់»។

ជាមួយនេះ លោកបានលើកឧទាហរណ៍ពីប្រទេសដទៃ ដូចជា វៀតណាម និងថៃ ដែលបានអនុវត្តវិធានការជាក់ស្តែង ដូចជាការកាត់បន្ថយម៉ោងធ្វើការ ឬអនុញ្ញាតឲ្យធ្វើការងារពីផ្ទះ។ លោកចាត់ទុកថាវិធានការបែបនេះមានភាពច្បាស់លាស់ ងាយស្រួលអនុវត្ត និងអាចជួយសន្សំសំចៃថាមពលបានមានប្រសិទ្ធភាពជាងការអំពាវនាវទូទៅ។

ក្នុងបរិបទដែលតម្លៃប្រេងឥន្ធនៈកើនឡើង ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី០៩ ខែមីនា បានចេញសេចក្ដីប្រកាសណែនាំឱ្យក្រុមហ៊ុនចែកចាយ និងផ្គត់ផ្គង់ប្រេងឥន្ធនៈ នៅតាមរាជធានី-ខេត្ត ទាំងអស់ ត្រូវលក់ប្រេងតាមតម្លៃទីផ្សារដែលបានកំណត់។ ក្រសួងក៏បានណែនាំឱ្យមន្ត្រីពាក់ព័ន្ធ បន្តចុះត្រួតពិនិត្យ និងតាមដានការលក់ជាប្រចាំ នៅតាមស្ថានីយ និងដេប៉ូប្រេងឥន្ធនៈ ដើម្បីធានាថាការជួញដូរបានអនុវត្តត្រឹមត្រូវតាមច្បាប់។ យោងតាមក្រសួងពាណិ​ជ្ជកម្ម ដែលគិតត្រឹមថ្ងៃទី១៧ ខែមីនា តម្លៃប្រេងសាំង ៥,៥០០រៀលក្នុងមួយលីត្រ និងប្រេងម៉ាស៊ូតតម្លៃ ៦,៥៥០រៀល ក្នុងមួយលីត្រ៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":1943}" data-page="1" data-max-pages="1" data-start="1" data-end="1">