ក្រសួងធម្មការឱ្យគ្រប់វត្តអារាមរៀបចំថ្វាយព្រះពរដល់ព្រះមហាក្សត្រក្នុងពិធីបុណ្យចម្រើនព្រះជន្ម

សង្គម

(ព្រះឆាយាល័ក្ខណ៍ព្រះករុណាសម្ដេចព្រះនរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ រូបភាពពីបណ្ដាញសង្គម)។

ភ្នំពេញ៖ ក្រសួងធម្មការ និងសាសនា ចេញសេចក្ដីណែនាំ ឱ្យគ្រប់មន្ទីររាជធានី-ខេត្តទូទាំងប្រទេស រៀបចំប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្នុងឱកាសព្រះអង្គគម្រប់ព្រះជន្ម ៧៣ យាងចូល ៧៤ ព្រះវស្សា។ នេះបើតាមសេចក្ដីណែនាំរបស់ក្រសួង ចេញផ្សាយលើទំព័រហ្វេសប៊ុក នៅថ្ងៃទី០៧ ឧសភា ឆ្នាំ២០២៦។

ក្រសួងក៏ណែនាំឱ្យគ្រប់វត្តអារាម តុបតែងលម្អទង់ជាតិ ទង់សាសនា និងទង់ព្រះមហាក្សត្រ និងតាំងតម្កល់ព្រះបរមឆាយាល័ក្ខណ៍ ក្នុងកន្លែងសមរម្យបំផុត ដើម្បីឱ្យប្រជានុរាស្ត្របានចូលរួមថ្វាយព្រះពរ និងសម្តែងកតញ្ញូតាធម៌ចំពោះព្រះមហាក្សត្រ ដែលព្រះរាជពិធីបុណ្យចម្រើនព្រះជន្មឆ្នាំនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ខាងមុខ។ 

ក្រសួងធម្មការបញ្ជាក់៖ «គោលបំណងសំខាន់ៗការរៀបចំព្រះរាជពិធីនេះ ធ្វើឡើងស្របតាមព្រះរាជប្បវេណីពីបុរាណ និងដើម្បីសម្តែងនូវកតញ្ញូតាធម៌ចំពោះព្រះមហាករុណាទិគុណដ៏ជ្រាលជ្រៅរបស់ព្រះអង្គ។ ការរៀបចំព្រះរាជពិធីនេះ ក៏ដើម្បីថ្វាយព្រះរាជសព្ទសាធុការពរជ័យ សូមព្រះអង្គគង់ប្រថាប់ក្នុងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់ត្រជំដល់ប្រជារាស្ត្រខ្មែរយូរអង្វែងតរៀងទៅ»។

ក្នុងនោះដែរ ក្រសួងបានស្នើដល់មន្ទីរធម្មការ ត្រូវសហការជាមួយព្រះមេគណ ព្រះអនុគណ និងព្រះចៅអធិការវត្ត ផ្សព្វផ្សាយអំពីអត្ថន័យ នៃព្រះរាជពិធីឱ្យបានទូលំទូលាយ ព្រមទាំងតុបតែងលម្អតាមវត្តនូវ បដាពាក្យស្លោកនានា ក្នុងន័យតបស្នងព្រះមហាករុណាទិគុណដ៏ខ្ពង់ខ្ពស់ និងថ្វាយព្រះសព្ទសាធុការពរជ័យ សូមព្រះអង្គគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជំសម្រាប់ប្រជានុរាស្ត្រខ្មែរជានិច្ចនិរន្តរ៍។
ព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ប្រសូត្រ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣ នារាជធានីភ្នំពេញ។ ព្រះអង្គជាព្រះរាជបុត្រា នៃសម្តេចព្រះនរោត្តម សីហនុ ជាមួយព្រះមហាក្សត្រិយ៍ នរោត្តម មុនីនាថ សីហនុ។ ព្រះអង្គ បានទទួលព្រះរាជពិធីរាជាភិសេក គ្រងរាជសម្បត្តិ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤។ 

បច្ចុប្បន្នព្រះអង្គកំពុងគង់ប្រថាប់នៅទីក្រុងប៉េកាំង ប្រទេសចិន ជាមួយព្រះមាតារបស់ព្រះអង្គ ដើម្បីបន្តទទួលការព្យាបាលព្រះរោគពីក្រុមគ្រូពេទ្យជំនាញរបស់ចិន ក្រោយពីព្រះអង្គបានឆ្លងកាត់ការវះកាត់ជំងឺមហារីកក្រពេញប្រូស្តាត កាលពីពេលថ្មីៗនេះ៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2498}" data-page="1" data-max-pages="1" data-start="1" data-end="1">