ក្រសួងសាធារណការនឹងបង្កើតប្រព័ន្ធ Sensor តាមដានការបើកបរលើសល្បឿនរបស់រថយន្តធំៗ

សង្គម

(រូបភាពគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដគ្រួសារនិងរថយន្ដសណ្ដោងកាលពីពេលកន្លងទៅ )រូបភាពពីហ្វេសប៊ុក។

ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងនឹងបង្កើតប្រព័ន្ធស៊ិនស័រ (Sensor) បំពាក់នៅលើរថយន្តដឹកអ្នកដំណើរ និងរថយន្តដឹកទំនិញ ដើម្បីចាប់សញ្ញារថយន្តដែលបើកបរលើសល្បឿនកំណត់តាមដងផ្លូវ។ 

ការលើកឡើងនេះ ធ្វើឡើងនៅពេលរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ប៉េង ពោធិ៍នា បានប្រាប់អ្នកសារព័ត៌មានក្នុងស្រុក អំឡុងពេលចុះផ្សព្វផ្សាយយុទ្ធនាការអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅតាមបណ្ដោយផ្លូវជាតិលេខ ៦A ស្ថិតក្នុងស្រុកមុខកំពូល ខេត្ដកណ្ដាល នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦។

រដ្ឋមន្រ្តីរូបនេះបានបញ្ជាក់ថា៖ «យើងនឹងរៀបចំប្រព័ន្ធ Sensor មួយបំពាក់ទៅលើរថយន្តធំៗ រថយន្តទេសចរណ៍ ក៏ដូចជា រថយន្តដឹកទំនិញ ពេលណាដែលគាត់បើកលើសល្បឿនគឺ Sensor នឹងលោតប្រាប់ ហើយក្រុមហ៊ុននឹងអាចមានវិធានការផ្ទាល់តែម្ដងជាមួយនឹងអ្នកបើកបរកុំឱ្យគាត់បើកបរលើសល្បឿនកំណត់»។

ឆ្លើយនឹងសំណួររបស់អ្នកសារព័ត៌មានដែលសួរថា តើនឹងដាក់ដំណើរការប្រព័ន្ធគ្រប់គ្រងដោយ Sensor នៅពេលណា? លោក ប៉េង ពោធិ៍នា បានឆ្លើយតបថា៖ «ក្រសួង រួមទាំងក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងក្រុមហ៊ុនដឹកជញ្ជូនទំនិញ បានឯកភាពគ្នាជាគោលការណ៍រួចហើយ ដោយកំពុងតែពិនិត្យ និងពិចារណាជ្រើសរើសយកមើលបច្ចេកវិទ្យាមួយដោយសារបច្ចុប្បន្ន មានទាំងបច្ចេកវិទ្យាប្រទេសចិន មានទាំងអាមេរិក មានទាំងអឺរ៉ុប»។

ជាមួយគ្នានេះដែរ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី៨ ខែមិថុនា ថាការបំពាក់ឧបករណ៍តាមដានចរាចរណ៍រថយន្ត ជាគម្រោងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជំហ៊ានដំបូង នឹងបំពាក់លើរថយន្តដឹកអ្នកដំណើរធុនធំ រថយន្តដឹកកម្មករ កម្មការិនី និងរថយន្តដឹកទំនិញធុនធ្ងន់ ដែលធ្វើអាជីវកម្មដឹកជញ្ជូនតាមផ្លូវគោក។

លោកបន្តថា៖ «តាមរយៈការសិក្សាកន្លងមក ការបំពាក់ឧបករណ៍តាមដានចរាចរណ៍រថយន្ត មានលទ្ធភាពត្រួតពិនិត្យទិន្នន័យពេលវេលាជាក់ស្តែងលើដំណើរការរបស់រថយន្ត ការប្រើប្រាស់ប្រេងឥន្ធនៈ អាកប្បកិរិយារបស់អ្នកបើកបរ ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការកាត់បន្ថយការចំណាយ និងពង្រឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក»។

បើតាមប្រភពដដែលគម្រោងនេះ បានរៀបចំជាប្រកាស ដែលបានចែងក្នុងអនុក្រឹត្យស្តីពីការគ្រប់គ្រងការធ្វើអាជីវកម្មដឹកជញ្ជូនតាមផ្លូវគោកនៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដែលគ្រោងដាក់ឱ្យអនុវត្តសាកល្បងក្នុងពេលឆាប់ៗខាងមុខនេះ។

ទន្ទឹមនឹងនោះ លោកថាក្រសួងក៏នឹងប្រមូលអ្នកបើកបរមកបណ្តុះបណ្តាលបន្ថែមពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដើម្បីទុកជាការក្រើនរំលឹកដល់អ្នកបើកបរគ្រប់រូប ចូលរួមទប់ស្កាត់កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដែលវគ្គបណ្តុះបណ្តាលនេះគ្រោងដំណើរការនៅពេលឆាប់ៗផងដែរ។ 

អ្នកប្រឹក្សាយោបល់ផ្នែកសុវត្ថិភាពចរាចរណ៍ផ្លូកគោក លោក គង់ រតនៈ យល់ថា ការសម្រេចនេះជារឿងល្អ ព្រោះពីមុនមករថយន្តទំនើបៗក៏មានបំពាក់ប្រព័ន្ធ Sensor នេះហើយដែរ នៅសល់តែរថយន្តស៊េរីចាស់ក្រោយៗនេះប៉ុណ្ណោះ។ 

ក្រៅពីនេះ លោកថា ប្រព័ន្ធនេះអាចជួយបានមួយផ្នែកធំដែរ ប៉ុន្តែចំណុចសំខាន់នោះគឺការបំពាក់ឧបករណ៍ជំនួយដើម្បីតាមដានលើការបើកបរ ក៏នឹងមានប្រយោជន៍អាចជួយដោះស្រាយ ឬផ្ដល់ដំណោះស្រាយបានទាន់ពេលវេលាក្នុងករណីមានភាពមិនប្រក្រតីលើអ្នកបើកបរណាម្នាក់។

ប្រភពដដែលបន្តថា៖ « ទោះជាយ៉ាងណា ការដំឡើងប្រព័ន្ធនេះគ្រាន់តែជួយកំណត់កត្តាមួយចំនួននៃបញ្ហាប្រឈម តែបើឱ្យកាត់បន្ថយបែបណានោះគឺមិនទាន់អាចកំណត់បាននៅពេលហ្នឹងទេ វាជាផ្នែកតូចនៃការជួយ តែផ្នែកដែលសំខាន់គឺឥរិយាបថ និងចំណេះដឹងរបស់អ្នកកាន់ចង្កូត រួមទាំងស្ថានភាពផ្លូវថ្នល់ផងដែរ»។

ចំណែកប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ បានយល់ស្របនឹងវិធានការរបស់ក្រសួងក្នុងការដំឡើងឧបករណ៍តាមដានការបើកបរ ព្រោះលោកកត់សម្គាល់ឃើញថាគ្រោះថ្នាក់ចរាចរណ៍ភាគច្រើនបង្កឡើងដោយឡានធំនេះឯង បូកបន្ថែមនឹងបញ្ហាផ្លូវ និងការមិនអនុវត្តច្បាប់ផ្សេងៗ។

លោកសំណូមពរថា៖ «ទន្ទឹមនឹងការបង្កើតប្រព័ន្ធ Sensor លើឡានធំៗ ក៏គួរបង្កើនការយកចិត្តទុកដាក់លើការអនុវត្តច្បាប់ ឬក៏ជម្រុញឱ្យមានការរៀបចំស្ដង់ដារសុវត្ថិភាពឱ្យបានត្រឹមត្រូវតាមច្បាប់ដែលមានស្រាប់ដូចជាធ្វើម៉េចឱ្យផ្លូវហ្នឹងស្របតាមបច្ចេកទេសសុវត្ថិភាព »។

ក្នុងមួយរយៈពេលចុងក្រោយនេះ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងជាញឹកញាប់រវាងរថយន្តធន់ធំជាមួយរថយន្តដឹកកម្មកររោងចក្រ ឬរវាងរថយន្តដឹកកម្មកររោងចក្រគ្នាឯង ដែលបានបណ្តាលឱ្យកម្មករបាត់បងជីវិត និងរងរបួសជាច្រើននាក់។ មូលហេតុនៃគ្រោះថ្នាក់ទាំងនេះភាគច្រើនបង្កឡើងដោយការបើកបរមិនគោរពច្បាប់ចរាចរណ៍ ការវ៉ាជែងដោយមិនមានការប្រុងប្រយ័ត្ន និងការបើកបរលើសល្បឿនកំណត់ជាដើម៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2869}" data-page="1" data-max-pages="1" data-start="1" data-end="1">