ពីទីក្រុងប៉េកាំង ប្រទេសចិន ព្រះបាទសម្តេចព្រះនរោត្តមសីហមុនី ផ្ញើសារជូនពរប្រជានុរាស្រ្តរបស់ព្រះអង្គក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឱ្យបានជួបនូវសេចក្តីសុខ សេចក្តីចម្រើន និងថែរក្សា ការពារ ស្រឡាញ់ទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរ ឱ្យស្ថិតស្ថេរគង់វង្សជានិរន្តរ៍។
ព្រះរាជសារប្រទានពរនេះធ្វើឡើងមួយសប្តាហ៍នៅមុនពេលប្រជាជាតិខ្មែរប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរដែលនឹងឈានមកដល់នៅថ្ងៃទី១៤ ខែមេសា ខាងមុខ។
ក្នុងព្រះរាជសារនៅថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០២៦ បញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំខ្មែរ ជាពិធីបុណ្យប្រពៃណីជាតិធំដ៏សំខាន់បំផុតមួយ ក្នុងចំណោមពិធីបុណ្យទាំងអស់ ដែលតែងតែប្រារព្ធឡើងក្នុងខែមេសា ជារៀងរាល់ឆ្នាំ តាំងពីបុរាណកាលមក ដែលជារដូវកាលប្រជារាស្ត្រខ្មែរមានពេលទំនេរពីការប្រមូលផលស្រូវ ដំណាំផ្សេងៗ និងបានសម្រាកពីការងារ មកជួបជុំក្រុមគ្រួសារ និងញាតិមិត្តជិតឆ្ងាយ។
ព្រះរាជសារដដែលបញ្ជាក់ថា៖«ពិធីបុណ្យនេះក៏បានបង្ហាញពីអត្តសញ្ញាណ និងអរិយធម៌របស់ជាតិខ្មែរ បណ្តុះស្មារតីសាមគ្គីភាពជាតិ និងថែរក្សា ការពារ ស្រឡាញ់ទំនៀមទម្លាប់ប្រពៃណី ជាតិខ្មែរ ឱ្យស្ថិតស្ថេរគង់វង្សជានិរន្តរ៍»។
ពិធីបុណ្យប្រពៃណីជាតិដ៏សំខាន់នេះ គឺជាពិធីបុណ្យមួយដែលមានអត្ថន័យដ៏ធំធេង ដែលប្រារព្ធឡើងយ៉ាងអធិកអធម ដើម្បីស្វាគមន៍ឆ្នាំថ្មីព្រមទាំងមានលេងកម្សាន្តល្បែងប្រជាប្រិយខ្មែរ ដែលជាវប្បធម៌ដ៏យូរលង់ និងល្អផូរផង់ ដែលបុព្វបុរសដូនតាខ្មែរបានបន្សល់ទុករហូតដល់បច្ចុប្បន្ន។
សេចក្តីប្រកាសរបស់ព្រះបរមរាជវាំងចុះនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ឱ្យដឹងថា ព្រះបាទសម្តេចព្រះនរោត្តមសីហមុនី និងសម្តេចព្រះមហាក្សត្រីនរោត្តម មុនិនាថ នឹងបន្តគង់ប្រថាប់ពិនិត្យព្រះរាជសុខភាពនៅមន្ទីរពេទ្យប៉េកាំងមួយរយៈទៀត ដែលពុំទាន់អាចយាងនិវត្តន៍មកកាន់មាតុប្រទេសនៅពេលនេះបាន។
ក្រុមគ្រូពេទ្យចិនបានពិនិត្យព្រះរាជសុខភាពថ្វាយសម្ដេចទាំងទ្វេដោយយកចិត្តទុកដាក់បំផុត ហើយនៅពុំទាន់បានចប់សព្វគ្រប់នៅឡើយ គឺនៅមានបញ្ហាសុខភាពមួយចំនួន ដែលតម្រូវឱ្យតាមដានពិនិត្យ និងព្យាបាលជាបន្តទៀត។
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៦។ ពិធីបុណ្យនេះជាឱកាសប្រជាពលរដ្ឋខ្មែរជួបជុំធ្វើពិធីបុណ្យឧទ្ទិសកុសលដល់បុព្វការីជន ហើយបង្កើនភាពស្និទ្ធស្នាលរវាងសមាជិកគ្រួសារ និងចងសម្ព័ន្ធមេត្រីភាពរវាងអ្នកស្រុកភូមិជិតឆ្ងាយគ្នា និងសហគមន៍ផងដែរ៕







