សហជីព សង្គមស៊ីវិលជាង៥០ ស្នើរាជរដ្ឋាភិបាលចាត់វិធានការបន្ទាន់កំណត់ស្តង់ដារសុវត្ថិភាពចំពោះរថយន្ដដឹកកម្មករ

សង្គម

(រថយន្ដដឹកកម្មករជួបឧបទ្ទវហេតុ នៅខេត្តស្វាយរៀងកាលពីដើមខែមិថុនាកន្លងទៅ)។(រូបភាពផ្សាយតាមបណ្ដាញសង្គមហ្វេសប៊ុក)។

សហជីព និងអង្គការសង្គមស៊ីវិលជាង៥០ស្ថាប័ន ស្នើឱ្យរាជរដ្ឋាភិបាលចាត់វិធានការជាបន្ទាន់ ដោយកំណត់ស្តង់ដាសុវត្ថិភាព និងត្រួតពិនិត្យជាប្រចាំលើរថយន្តដឹកកម្មករ និងវិនិយោគលើប្រព័ន្ធដឹកជញ្ជូនសាធារណៈដែលមានតម្លៃសមរម្យជូនកម្មករទូទាំងប្រទេស។

ការស្នើឡើងរបស់អង្គការសង្គមស៊ីវិលធ្វើឡើង បន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍ផ្ទួនគ្នាក្នុងថ្ងៃតែមួយ បណ្ដាលឱ្យមនុស្សស្លាប់ និងរបួសដល់ទៅ៩៣នាក់ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នៅខេត្តកំពង់ឆ្នាំង និងខេត្តស្វាយរៀង។

យោងតាមសេចក្ដីថ្លែងការណ៍របស់សហជីព និងអង្គការប្រមាណ៥០ស្ថាប័ន ដែលចេញផ្សាយនៅថ្ងៃចន្ទ ទី៨ ខែមិថុនា រួមមាន សហព័ន្ធសហជីពកម្ពុជា មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស សហព័ន្ធសហជីពសេរីឯករាជ្យ និងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ជាដើម ចាត់ទុកថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ មិនមែនជាទម្រង់ដាច់ដោយឡែកឡើយ ប៉ុន្តែជាភស្តុតាងនៃបញ្ហាដែលកើតមានទ្បើងជាបន្តបន្ទាប់ និងប្រកបដោយគ្រោះថ្នាក់ ជុំវិញការដឹកជញ្ជូន និងការការពារសុវត្ថិភាពកម្មករនៅកម្ពុជា។

សេចក្ដីថ្លែងការណ៍ បន្ថែមថា ជារៀងរាល់ថ្ងៃ កម្មករជាច្រើនពាន់នាក់ត្រូវធ្វើដំណើរពីផ្ទះទៅបំពេញការងារនៅតាមបណ្ដារោងចក្រ ដោយប្រើយានយន្តដែលមានមនុស្សកកកុញ ហើយពួកគេត្រូវបង្ខំឲ្យឈរ ឬអង្គុយក្នុងស្ថានភាពមិនមានសុវត្ថិភាព ដោយគ្មានខ្សែក្រវ៉ាត់សុវត្ថិ​ភាព ឬឧបករណ៍ការពារជាមូលដ្ឋានណាមួយ ដែលធ្វើឱ្យប្រឈមមុខនឹងហានិភ័យក្នុងកម្រិតខ្ពស់នៅពេលដែលមានគ្រោះថ្នាក់កើតឡើង។

អ្នកគ្រប់គ្រងកម្មវិធីការងារ នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា (សង់ត្រាល់) លោក ឃុន ថារ៉ូ និយាយក្នុងសេចក្ដីថ្លែងការណ៍ថា៖ «ហេតុការណ៍គ្រោះថ្នាក់ទាំងពីរនេះ គឺជាការបាត់បង់ជីវិតដែលអាចបង្ការបាន។ កម្មករកាត់ដេរ មិនគួរត្រូវប្រឈមមុខនឹងហានិភ័យ ដើម្បីទៅដល់កន្លែងធ្វើការរបស់ពួកគេនោះទេ។ ការធ្វើកំណែទម្រង់ជាប្រព័ន្ធ និងបន្ទាន់ ត្រូវការយ៉ាងចាំបាច់ឥឡូវនេះ»។

សេចក្ដីថ្លែងការណ៍ បន្ថែមថា៖ «ការបង្ការការបាត់បង់ជីវិតនាពេលអនាគត ត្រូវការដោះស្រាយ និងរកឲ្យឃើញនៃដើមហេតុនៃបញ្ហាក្នុងការដឹកជញ្ជូនគ្មានសុវត្ថិភាព»។

សេចក្ដីថ្លែងការណ៍ អំពាវនាវទៅកាន់រដ្ឋាភិបាលថា៖ «ត្រូវពង្រឹង និងអនុវត្តយ៉ាងតឹងរឹង ច្បាប់ និងបទបញ្ជាពាក់ព័ន្ធនឹងការដឹកជញ្ជូនកម្មករ រួមទាំងការហាមឃាត់ការប្រើប្រាស់​យានយន្តមិនមានសុវត្ថិភាព ដោយកំណត់ស្តង់ដាសុវត្ថិភាពច្បាស់លាស់ និងធានាការត្រួតពិនិត្យជាប្រចាំ និងការទទួលខុសត្រូវ។ ការវិនិយោគសាធារណៈបន្ថែមលើប្រព័ន្ធដឹកជញ្ជូនសុវត្ថិភាព ដែលអាចដំណើរការបាន និងមានតម្លៃសមរម្យ សម្រាប់កម្មករនៅទូទាំងប្រទេស»។

ប្រធានសម្ព័ន្ធសហជីពកម្ពុជាលោកស្រី យ៉ាង សោភ័ណ្ឌ មានប្រសាសន៍ថា សព្វថ្ងៃកម្មករធ្វើដំណើរដោយយានយន្តជួលដោយខ្លួនឯងដែលផ្ទុកមនុស្សក៏ច្រើន និងគ្មានស្តង់ដាសុវត្ថិភាព ដែលជាការឆ្លុះបញ្ចាំងថា ភាគីរដ្ឋ និងនិយោជក ហាក់ដើរចេញពីការទទួលខុសត្រូវដល់កម្មករដែលជាអ្នករកប្រាក់ចំណូលដល់ក្រុមហ៊ុន និងសេដ្ឋកិច្ចជាតិ។

លោកស្រី និយាយថា៖ «និយោជក ក៏ដូចជារាជរដ្ឋាភិបាល ត្រូវតែដោះស្រាយ ធ្វើការកំណែទម្រង់​លើការធ្វើដំណើររបស់កម្មករនិយោជិត ដើម្បីឱ្យកម្មករនិយោជិតគាត់ធ្វើដំណើរចេញពីផ្ទះមកធ្វើការ ចេញពីធ្វើការទៅផ្ទះដោយសុវត្ថិភាព នេះជាជំហររបស់ពួកខ្ញុំ»។

ចំណែកអ្នកនាំពាក្យក្រសួងការងារលោក ស៊ុន មេសា មានប្រសាសន៍ថា ក្រសួងការងារបានធ្វើការជាច្រើនពាក់ព័ន្ធនឹងសុវត្ថិភាពក្នុងការធ្វើដំណើររបស់កម្មករ ហើយក្រសួងក៏ណែនាំឱ្យអ្នកបើករថយន្តដឹកកម្មករត្រូវមានការប្រុងប្រយ័ត្ន និងអធ្យាស្រ័យខ្ពស់ រួមទាំងគោរពតាមបទដ្ឋានបច្ចេកទេសនៃយានយន្ត។

បើតាមលោក មេសា បច្ចុប្បន្ន មានរថយន្តក្រុងប្រមាណ១៤០០គ្រឿង ត្រូវបានប្រើប្រាស់សម្រាប់ដឹកកម្មករ ហើយក្រសួងអំពាវនាវឱ្យម្ចាស់រថយន្តផ្សេងៗទៀតដែលមិនទាន់ផ្លាស់ប្ដូរសុំឱ្យមានការផ្លាស់ប្ដូរដើម្បីផ្ដល់ការធ្វើដំណើរមួយប្រកបដោយសុវត្ថិភាពជូនកម្មករ។

លោក និយាយថា៖ «ក្រសួងការងារយើងបានធ្វើការងារជាច្រើនហើយ លើការជួបជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធ្វើយ៉ាងណាជំរុញឱ្យគ្រប់ភាគី គាត់មានការជួយ បង្កើតឱ្យមានសុវត្ថិភាពជូនទៅដល់បងប្អូនយើងផ្ទាល់តែម្ដង»។

ក្រៅពីការទទូចឱ្យមានកិច្ចអន្តរាគមន៍ពីរាជរដ្ឋាភិបាល សេចក្ដីថ្លែងការណ៍ក៏ស្នើឱ្យនិយោជក អ្នកបញ្ជាទិញ និងម៉ាកយីហោអន្តរជាតិ ត្រូវទទួលខុសត្រូវ ក្នុងការធានាថា កម្មករទាំងអស់អាចទទួលបានសេវាដឹកជញ្ជូនដែលមានសុវត្ថិភាពខ្ពស់ តាមរយៈការវិនិយោគលើយានយន្តដែលមានបរិក្ខារការពារសុវត្ថិភាពគ្រប់គ្រាន់ និងដាក់បញ្ចូលសុវត្ថិភាពដឹកជញ្ជូន ជាផ្នែកមួយសំខាន់នៃកាតព្វកិច្ចនៅកន្លែងការងារ។

ចំណែក ម្ចាស់ម៉ាកយីហោ ត្រូវផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងការប្តេជ្ញាចិត្តខ្ពស់ ដើម្បីធានាថា រោងចក្រត្រូវវិនិយោគលើការដឹកជញ្ជូនសុវត្ថិភាព និងធានាថា សុវត្ថិភាពកម្មករ ទាំងក្នុង និងក្រៅកន្លែងការងារ គឺជាស្តង់ដាដែលមិនអាចបដិសេធបាន៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2844}" data-page="1" data-max-pages="1" data-start="1" data-end="1">