ពលករខ្មែរភាគច្រើន ដែលត្រឡប់ពីថៃជាប់បំណុលធ្ងន់ធ្ងរ។នេះបើតាមរបាយការសិក្សាស្រាវជ្រាវមួយដែលចេញផ្សាយដោយអង្គការសង់ត្រាល់។ សង់ត្រាល់ បានរកឃើញថា មានពលករខ្មែរដែលត្រឡប់ពីថៃដោយសារជម្លោះព្រំដែនជាង៧០ភាគរយជំពាក់បំណុលគេ ដោយជាមធ្យមជំពាក់ជាង៥ពាន់ដុល្លារក្នុងមួយគ្រួសារ។
តាមរយៈរបាយការណ៍វាយតម្លៃផលប៉ះពាល់នៃពលករខ្មែរចំណាកស្រុកដែលត្រឡប់ពីថៃ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់(CENTRAL) បានស្ទង់មតិពលករខ្មែរដែលត្រឡប់ពីថៃអំឡុងពេលមានជម្លោះព្រំដែនកម្ពុជា-ថៃ ចំនួន ៥២៧នាក់ ក្នុងចំណោមពលករត្រឡប់ពីថៃសរុប ៩០ម៉ឺននាក់។
ក្នុងនោះសង់ត្រាល់រកឃើញថា៖ «អំឡុងពេលស្ទង់មតិ អ្នកឆ្លើយតបចំនួន ៣៧២នាក់(៧១%) បានរាយការណ៍ថាខ្លួនមានបំណុល ដោយភាគច្រើនជំពាក់ម្ចាស់បំណុលស្ថាប័ន(៦០%) ពីរស្ថាប័ន(២៧%) និង១៣% ជំពាក់៣ស្ថាប័ន ឬច្រើនជាងនេះ»។
ការសិក្សានេះលើកឡើងទៀតថា ចំនួនប្រាក់បំណុលដែលពលករទាំងនោះជំពាក់គេគឺចន្លោះពី ៣០,៨ដុល្លារអាមេរិក ទៅ៣ម៉ឺន៥ពាន់ដុល្លារក្នុងមួយគ្រួសារ ហើយគិតជាមធ្យមគ្រួសារនីមួយៗជំពាក់បំណុល ៥៥០០ដុល្លារអាមេរិក។
របាយការណ៍បន្ត៖ «ចំនួនប្រាក់ដែលត្រូវសងម្ចាស់បំណុលប្រចាំខែគឺ២២០ដុល្លារសហរដ្ឋអាមេរិក។ ចំនួននេះខ្ពស់ខ្លាំង បើធៀបនឹងប្រាក់ចំណូលរបស់គ្រួសារនៅជនបទ ដែលពួកគេអាចរកបានក្នុងអំឡុងពេលគ្មានការងារធ្វើ»។
សង់ត្រាល់បញ្ជាក់ថា ម្ចាស់បំណុលពលរដ្ឋទាំងនោះរួមមានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ កម្ចីឯកជន និងគ្រួសាររបស់ពួកគេ។

ប្រធានកម្មវិធីប្រឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសន៍ លោក ឌី ថេហូយ៉ា ចាត់ទុកបញ្ហាបំណុលដែលអតីតពលករធ្វើការនៅថៃកំពុងជួបប្រទះនេះ ជាបញ្ហាធ្ងន់ធ្ងរមួយ ព្រោះថាពលរដ្ឋជំពាក់បំណុលភាគច្រើនហាក់មិនអាចសងត្រឡប់ទៅម្ចាស់បំណុលវិញ។
លោកថា៖ «បញ្ហាជំពាក់បំណុល វាផ្នែកមួយដែលជាការប្រឈមរបស់ពួកគាត់ កំពុងតែគ្មានការងារធ្វើដើម្បីដោះបំណុល ហើយមួយផ្នែកទៀតពាក់ព័ន្ធនឹងជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ ដែលគាត់ខ្វះខាត គ្មានប្រាក់ចំណូល មិនមានការងារធ្វើ មិនមានអីជាដើម។ អ៊ីចឹងបញ្ហាប្រឈមពីរទាំងបំណុលដែលត្រូវសងដោះគេផង និងជីវភាពប្រចាំថ្ងៃដែលគាត់ខ្វះខាតផង»។
លោក ហូយ៉ា អះអាងថា នៅពេលសង់ត្រាល់សំភាសន៍ពលករដែលត្រឡប់ពីថៃនោះ សង់ត្រាល់ក៏ទទួលដំណឹងថាមានករណីពលរដ្ឋសម្លាប់ខ្លួនដោយសារជំពាក់បំណុល ហើយលោក ហូយ៉ា ចាត់ទុកបញ្ហានេះជាបញ្ហាគ្រោះថ្នាក់។
លោកបន្ថែមថា៖ «អ៊ីចឹងជាចាំបាច់ រដ្ឋាភិបាលត្រូវតែគិតគូរអំពីបន្ធូរបន្ថយនូវលក្ខខណ្ឌនៃការសងបំណុល ក៏ដូចជាការដោះបំណុលអីហ្នឹង ។ ព្រោះមែនទែនទៅបើយើងវិភាគទៅលើរបៀបនៃការផ្ដល់បំណុលផ្ដល់កម្ចីនៅស្រុកខ្មែរហ្នឹង ខ្ញុំអាចនិយាយបានថាជាង៣ពាន់ស្ថាប័នមីក្រូហិរញ្ញវត្ថុនិងធនាគារនេះគឺជាទូទៅផ្ដោតតែលើការផ្ដល់កម្ចី ហើយកម្ចីទាំងអស់នោះក៏អត់បានគិតគូរអំពីថាតើការគ្រប់គ្រងប្រាក់ចំណូលប្រាក់កម្ចីយកទៅធ្វើអីដើម្បីប្រសិទ្ធភាពនៅឡើយទេ។ អ៊ីចឹងអាហ្នឹងវាជាកំហុសរបស់រដ្ឋទាំងមូលដែលធ្វើឱ្យពលរដ្ឋធ្លាក់ខ្លួនក្នុងអន្ទាក់បំណុល»។
ពលករខ្មែរដែលត្រឡប់ពីប្រទេសថៃអ្នកស្រី គីន សុខុម ប្រាប់ប្រជាកាសែតថា កាលពីមុនអ្នកស្រីបានខ្ចីលុយពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៥ពាន់ដុល្លារអាមេរិក ដើម្បីទិញដី។ ដោយហេតុថា មិនអាចរកប្រាក់សងគេបាន អ្នកស្រីបានសម្រេចខ្ចីពីអ្នកភូមិស្រុកជាមួយគាត់ដើម្បីសងមីក្រូហិរញ្ញវត្ថុនោះ។
អ្នកស្រី សុខុម បានឱ្យដឹងថា ក្រោយមកគាត់បានខ្ចីលុយពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដដែលនោះម្ដងទៀតចំនួន ២ពាន់ដុល្លារអាមេរិកកាលពីខែមករាឆ្នាំ២០២៦ ដើម្បីសងបំណុលអ្នកភូមិស្រុកគាត់វិញ។
សព្វថ្ងៃអ្នកស្រីត្រូវសងបំណុលប្រចាំខែចំនួនជិត៨០ដុល្លារក្នុងមួយខែផង និងត្រូវចំណាយថ្លៃសាលាកូនៗគាត់ផង។
អ្នកស្រីថា៖ «ឥឡូវពិបាក ទៅរកចងការគេនៅភូមិក៏គេអត់ហ៊ានឱ្យយើង ហើយខ្ញុំនិយាយជាមួយអង្គការ[គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ]យកដើម្បីសងទៀត ក៏អង្គការគេលែងហ៊ានឱ្យយើងទៀត ដោយសារយើងអត់មានមុខរបរ»។
ស្ត្រីវ័យ៣៨ឆ្នាំរូបនេះឱ្យដឹងថា តាំងពីគាត់ត្រឡប់ពីប្រទេសថៃកាលពីខែកក្កដា ឆ្នាំ២០២៥ អ្នកស្រីមិនមានការងារធ្វើទេ គឺបានតែចំណូលបន្តិចបន្តួចដោយប្ដីគាត់ស៊ីឈ្នួលដកដំឡូងឱ្យគេ។
អ្នកស្រី សុខុមសំណូមពររដ្ឋាភិបាលថា៖ «សំណូមពរឱ្យាកត់ជួយហ្នឹងឯង ឱ្យគាត់ជួយយ៉ាងម៉េចឱ្យមានការងារធ្វើ ឱ្យមានលុយប្រចាំថ្ងៃប្រចាំខែមកជួយក្រុមគ្រួសារលោកគ្រូអ៊ើយមកពីស្រុកគេអង្ករក៏អត់មានហូបដែរដោយសារអត់មានស្រែធ្វើ ហើយក៏អត់បានធ្វើស្រែ»។
ជុំវិញករណីនេះ អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) លោក កាំង តុងងី មានប្រសាសន៍ថា នៅក្នុងរបាយការណ៍នេះ និយាយទាំងអ្នកជាប់បំណុលពីស្ថាប័នក្នុងប្រព័ន្ធ និងបំណុលក្រៅប្រព័ន្ធ។
លោកថា៖ «បំណុលនៅក្នុងរបាយការណ៍នេះ គឺមានទាំងបំណុលឯកជន ព្រោះគេប្រើពាក្យបំណុលឬក៏កម្ចីហ្នឹងវាមានទាំងក្រៅប្រព័ន្ធនិងក្នុងប្រព័ន្ធ អីចឹងក្នុងប្រព័ន្ធមានន័យថា គាត់ខ្ចីពីគ្រឹះស្ថានដែលមានអាជ្ញាប័ណ្ណដូចជាធនាគារ micro finance ដែលមានការការពារដោយច្បាប់ និងការប្រាក់មិនលើសពី ១,៥ភាគរយទេ។ តែក៏បានបញ្ជូលទៅកម្ចីក្រៅប្រព័ន្ធដែរ ដូចអ្នកចងការតាមភូមិ អ្នករកស៊ីកម្ចីផ្សេងៗហ្នឹងដែល ការប្រាក់គេលើសពី ១,៥ភាគរយ ហើយមិនមានការពាដោយច្បាប់ទេ»។
អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបញ្ជាក់ថា ការផ្ដល់កម្ចីទៅពលរដ្ឋនៅកម្ពុជា គឺបានសិក្សាពីលំហូរសាច់ប្រាក់របស់ពួកគេ និងលទ្ធភាពសងត្រឡប់ ហើយការផ្ដល់ឥណទាននេះគឺដោយគ្មានការរើសអើង។
លោកថា កាលបើពលរដ្ឋមានបញ្ហាប្រភពចំណូល នោះពួកគេមានបញ្ហាលំបាកក្នុងការសងលុយទៅកាន់ម្ចាស់បំណុលជាមិនខាន។ តែយ៉ាងណាលោកថា ទាំងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុសុទ្ធតែបានដាក់ចេញគោលនយោបាយដើម្បីបន្ធូរបន្ថយភាពតានតឹងរបស់ពលរដ្ឋ តាំងតែពីមុនកម្ពុជា-ថៃផ្ទុះអាវុធតាមព្រំដែន។
លោកបន្ថែមថា៖ «ពេលដែលមានសញ្ញាណប្រជាពលរដ្ឋត្រឡប់មកពីប្រទេសថៃវិញ គឺវិស័យធនាគារក៏ដូចជាវិស័យមីក្រូហិរញ្ញវត្ថុទាំងមូលហ្នឹង គឺយើងបានដាក់ចេញនូវគោលនរយោបាយនៃការរៀបចំឥណទានឡើងវិញ ដែលគោលនរយោបាយនេះ មានគោលបំណងធ្វើម៉េចសម្រួលបន្ធូរនូវសម្ពាធសាច់ប្រាក់ ក្នុងការសងត្រឡប់របស់ប្រជាពលរដ្ឋ ឬពលករយើងហ្នឹងក្នុងការសងត្រឡប់មកគ្រឹះស្ថាន»។
លោក កាំង តុងងី ថាប្រសិនបើពលករមានបញ្ហាក្នុងការសងត្រឡប់ ពួកគេអាចស្នើសុំធនាគារ ឬគ្រឹស្ថានមីក្រូហិរញ្ញវត្ថុដែលពួកគេទទួលបានប្រាក់កម្ចីនោះ ដើម្បីសិក្សាលិទ្ធភាពដើម្បីរៀបចំឥណទានឡើងវិញជូនពួកគេ។
លោកថា៖ «ក្នុងករណីដែលយើងមើលទៅ ពលរដ្ឋហ្នឹងគាត់មានផលប៉ះពាល់ធ្ងន់ធ្ងរ គេអាចឱ្យគាត់ផ្អាកសងរយៈពេល ៣ខែឬក៏៦ខែ អាស្រ័យទៅតាមលក្ខខណ្ឌជាក់ស្តែងរបស់គាត់»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត សង្កេតឃើញថា មូលហេតុដែលបណ្ដាលឱ្យពលរដ្ឋខ្មែរជំពាក់បំណុលរួមមាន ជីវភាពខ្វះខាត ភាពគ្មានការងារធ្វើ តម្រូវការការព្យាបាលសុខភាព ការទិញសម្ភារៈ មធ្យោបាយធ្វើដំណើរ ការសាងសង់លំនៅដ្ឋាន ការពង្រីកមុខរបរ និងការធ្វើកសិកម្មប៉ុន្តែខ្វះបច្ចេកទេសនិងទីផ្សារជាដើម។
លោកថា៖ «កន្លងមកយើងសង្កេតឃើញមានកង្វះខាតបទប្បញ្ញត្តិ និងការការពារអ្នកខ្ចី មិនមានយន្តការតវ៉ាដែលមានប្រសិទ្ធភាព ឬឯករាជ្យសម្រាប់អ្នកខ្ចីដែលកំពុងត្រូវបានគេរំលោភបំពានដើម្បីប្រើប្រាស់នោះទេ»។
ករណីនេះ លោក អំ សំអាត ឱ្យយោបល់ថា រដ្ឋាភិបាលកម្ពុជាគួរតែអនុវត្តច្បាប់ការពារអ្នកខ្ចី រួមទាំងការដាក់ទណ្ឌកម្មធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បើរកឃើញថាពួកគេរំលោភបំពានអតិថិជន ឬដាក់សម្ពាធ។
លោកបន្ថែមថា៖ «រដ្ឋាភិបាលក៏គួរតែគាំទ្រការបង្កើតយន្តការតវ៉ាឯករាជ្យមួយ ដែលដំណើរការដោយឯករាជ្យពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬធនាគារ និងរដ្ឋាភិបាលខ្លួនឯង ដើម្បីវាយតម្លៃករណីរបស់អ្នកខ្ចីប្រាក់»។
កាលពីមានជម្លោះព្រំដែនកម្ពុជា-ថៃនៅចុងឆ្នាំ២០២៥ មានពលករខ្មែរត្រឡប់ពីថៃប្រមាណជាង ៩០ម៉ឺននាក់។ ក្រសួងការងារអះអាងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ក្នុងចំណោមនោះ មានពលករខ្មែរចំនួនប្រមាណ៦០ម៉ឺននាក់ទទួលបានឱកាសការងារទាំងក្នុងនិងក្រៅប្រព័ន្ធ៕







