សាលាឧទ្ធរណ៍ភ្នំពេញបានសម្រេចតម្កល់សាលក្រមសាលាដំបូងដោយបន្តផ្តន្ទាទោសប្រធានសមាគមសម្ពន្ធនិសិ្សតបញ្ញវន្តខ្មែរ (KSILA)លោក កើតសារ៉ាយ ឱ្យជាប់ពន្ធនាគារ ៤ឆ្នាំ។ សាលដីការបស់សាលាឧទ្ធរណ៍នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ តម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញដោយផ្តន្ទាទោសចលោក កើត សារ៉ាយ ដាក់ពន្ធនាគារចំនួន ៤ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២ លានរៀល ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ឬបង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។
អ្នកស្រី ចាប យ៉ែម ជាម្ដាយជរាវ័យ៨០ឆ្នាំប្លាយរបស់ លោក កើត សារ៉ាយ ។ អ្នកស្រី ចាប យ៉ែម ធ្វើដំណើរមកពីខេត្តក្នុងបំណងប៉ងជួបមុខកូនប្រុស និងសង្ឃឹមថា កូនប្រុសអាចបានរួចពីគុកច្រវ៉ាក់ ប៉ុន្តែក្ដីរំពឹងនេះបានបាត់ទៅហើយ នៅពេលតែតុលាការប្រកាសថា កូនគាត់ត្រូវជាប់គុកឱ្យគ្រប់បួនឆ្នាំ។ស្ត្រីចំណាស់រូបនេះ បានប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយចេញពីសវនាការថា គាត់ចង់ជួបមុខកូន ចង់រស់នៅជុំកូននៅគ្រាចុងក្រោយនៃជីវិត។
អ្នកស្រីថា៖ «តាមក្នុងចិត្តម្ដាយនេះចង់តែឱ្យគេដោះលែងកូននៅក្រៅឃុំ ចង់ជួបកូនដើម្បីកក់ក្ដៅ ព្រោះខ្លួនកាន់តែចាស់ ហើយណាមួយជីវិតក៏វាអត់ទៀងដែរណា៎ចៅ មិនដឹងជាថ្ងៃណា ថ្ងៃនេះ ឬខែនេះ ឆ្នាំនេះ ឬឆ្នាំក្រោយណ៎ាចៅ[…]។ តាំងពីកូនរស់នៅតាំងពីតូច ខ្ញុំស្គាល់ចិត្តកូនខ្ញុំ គាត់អត់ដែលប្រព្រឹត្តខុសទើបកើតរឿងនេះឡើងវាគឺដូចជាអយុត្តិធម៌ចំពោះកូនខ្ញុំណាស់»។
ស្រ្តីវ័យ៨០ឆ្នាំ ដែលមានជំងឺប្រចាំកាយរូបនេះស្នើសុំឱ្យដោះលែងកូនប្រុសគាត់ឱ្យជួបជុំគ្រួសារវិញ។
អ្នកស្រីបន្តថា៖ «សំណូមពរសុំគេឱ្យជួយដោះលែងកូនខ្ញុំនៅក្រៅឃុំវិញ ឱ្យបានតែនៅក្រៅឃុំវិញខ្ញុំអរណាស់»។
ចំណែកឯបងស្រីលោក កើត សារ៉ាយ គឺអ្នកស្រី កើត ជា យល់ថា ការដែលសាលាឧទ្ធរណ៍សម្រេចតម្កល់សាលក្រមសាលាដំបូងធ្វើឱ្យគាត់មានការសោកស្ដាយ ព្រោះគាត់រំពឹងថាតុលាការដោះលែងលោក កើត សារ៉ាយ ទើបខំធ្វើដំណើរពីខេត្តសៀមរាបមក។
អ្នកស្រីថា៖ «ចំពោះការសម្រេចថ្ងៃនេះបងក៏គិតថាសោកស្ដាយដែរ ព្រោះថារំពឹងថាយើងមកនេះឆ្ងាយដែរ យើងរំពឹងថាមកនេះបានស្នើនៅក្រៅឃុំអាចថាយើងស្នើបានយើងក៏សប្បាយចិត្ត តែពេលនេះក៏គេនៅតម្កល់ដដែលយើងមានតែការសោកស្ដាយ»។
ជុំវិញករណីនេះ មន្រ្តីអង្កេតជាន់ខ្ពស់ នៃសមាគមន៍ការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់ថា អាដហុក (ADHOC) លោក យី សុខសាន្ត យល់ថា ការសម្រេចតម្កល់សាលក្រមលើលោក កើត សារ៉ាយ ជារឿងអយុត្តិធម៌ ខណៈលោកថា សកម្មភាពដែលលោក កើត សារ៉ាយ ចុះជួបពលរដ្ឋរងគ្រោះនៅខេត្តព្រះវិហារ ជាការឃ្លាំមើល និងការប្រឹក្សាយោបល់ជាមួយពលរដ្ឋទាំងនោះ ក្រោយរងការបង្ក្រាបដោយហិង្សា។
លោកថា៖ «ការសម្រេចនេះ ជារឿងអយុត្តិធម៌សម្រាប់ប្រទេសមួយដែលប្រកាន់យករបបប្រជាធិបតេយ្យ ដែលគេចាត់ទុកថា សេរីភាពបញ្ចេញមតិគឺជាសិទ្ធិមូលដ្ឋានរបស់ប្រជាពលរដ្ឋ»។
លោកបន្ថែម៖ «យើងស្នើសុំដោយទទូចឱ្យតុលាការគ្រប់ជាន់ថ្នាក់ គឺថាឈប់ប្រើពាក្យ«ញុះញង់»ចោទប្រកាន់មកលើប្រជាពលរដ្ឋទៅ។ «ញុះញង់» គ្រាន់តែជាការបកស្រាយសមហេតុផលដើម្បីដាក់បន្ទុកទេ។ ប៉ុន្តែបើសិនជាតុលាការយុត្តិធម៌ ក៏អាចបកស្រាយថា វាមិនមែនជាការញុះញង់ទេ វាគ្រាន់តែជាសេរីភាពបញ្ចេញមតិ»។
លោកកើត សារ៉ាយជាអតីតអ្នកបួស ហើយលោកត្រូវបានអាជ្ញាធរចាប់ផ្សឹកនិងបញ្ជូនទៅកាន់ពន្ធនាគារដោយ ផ្តន្ទាទោសលើកដំបូង ដាក់ពន្ធនាគាររយៈពេល ២០ខែ និងពិន័យជាប្រាក់ចំនួន ២លានរៀល ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តែត្រូវអនុវត្តទោសក្នុងពន្ធនាគារចំនួន ១៤ខែ ខណៈទោសសេសសល់ត្រូវព្យួរសាកល្បងរយៈពេល២ឆ្នាំ។លុះចេញពីពន្ធនាគារវិញរូបលោក មិនបានបន្ថយសកម្មភាពតស៊ូមតិឡើយ ដោយលោកនៅតែប្រើវេទិការបណ្ដាញសង្គមនិងសារព័ត៌មានផ្សេងៗរិះគន់រដ្ឋាភិបាលនិងបក្សកាន់អំណាច។ លោកសារ៉ាយ ធ្លាប់ប្រកាសថា មិនពាក់ស្បែកជើងឬដើរដោយជើងទទេលុះត្រាណាតែពលរដ្ឋខ្មែរទទួលបានសេរីភាព។
អង្គកាលីកាដូបានផ្សព្វផ្សាយក្នុងទំព័រហ្វេសប៊ុកផ្លូវការថា លោកស្ថិតក្នុងចំណោមអ្នកជាប់ឃុំដោយប្រើសិទ្ធិចំនួន ៩១ នាក់ ដែលកំពុងជាប់ឃុំ ដោយសារការប្រើប្រាស់សិទិ្ធ និង ដែលត្រូវបានចងក្រងដោយ អង្គការ លីកាដូ ។
កាលពីដើមខែមេសា ឆ្នាំ២០២៤ សមត្ថកិច្ចបានចាប់លោក កើត សារ៉ាយ ប្រធានសមាគមសម្ពន្ធនិសិ្សតបញ្ញវន្តខ្មែរ (KSILA) នៅការិយាល័យរបស់លោកនៅរាជធានីភ្នំពេញ ក្រោយពីលោកបានផ្តល់បទសម្ភាសន៍ឱ្យអ្នកសារព័ត៌មានទាក់ទងនឹងបញ្ហាជម្លោះដីធ្លីមួយនៅឃុំស្រយង់ និងឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ។នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បានផ្តន្ទាទោសលោកដាក់ពន្ធនាគារ រយៈពេល ៤ឆ្នាំ និងបង្គាប់ឱ្យសងសំណងចំនួន ២លានរៀល ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ឬបង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមបញ្ញតិ្តមាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ៕







