លោក ហ៊ុន ម៉ាណែត ថា ការស្ថាបនាផ្លូវថ្នល់ឱ្យកាន់តែប្រសើរនៅតែជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកបន្ថែមថា រដ្ឋាភិបាលកម្ពុជាចាត់ទុកផ្លូវជាសរសៃឈាមសេដ្ឋកិច្ច ដែលមានតួនាទីសំខាន់ក្នុងការតភ្ជាប់ពីខេត្តមួយទៅខេត្តមួយសម្រាប់វិស័យដឹកជញ្ជូនក្នុងស្រុក ជាពិសេសជំរុញឱ្យមានការវិនិយោគក្នុងវិស័យអាជីវកម្ម ដែលអាចជួយបង្កើនការងារ និងចំណូលរបស់ប្រជាពលរដ្ឋ។ នេះបើតាមការលើកឡើងរបស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធកំណាត់ផ្លូវជាតិលេខ៧ ក្នុងក្រុងកំពង់ចាម។
កំណាត់ផ្លូវជាតិលេខ៧នេះ មានប្រវែងប្រមាណ ៤៥,៥ គីឡូម៉ែត្រ គិតចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណា ក្រុងកំពង់ចាម និងបានចំណាយថវិកាសរុបប្រមាណជិត ១១៨ លានដុល្លារ ក្រោមជំនួយសម្បទានឥតសំណងពីរដ្ឋាភិបាលចិន និងមួយផ្នែកជាថវិកាបដិភាគរបស់រដ្ឋាភិបាលកម្ពុជា។
លោក ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖ «អាទិភាពនៃការរៀបចំកសាងផ្លូវបន្ទាប់ពីមនុស្ស គឺជាអាទិភាពសំខាន់។ មនុស្ស ផ្លូវ ទឹក ភ្លើង [អគ្គិសនី] ឥឡូវបច្ចេកវិទ្យាមួយទៀត។ អ៊ីចឹងទាំងអស់នេះគឺជាអាទិភាពដែលយើងត្រូវធ្វើមិនមែនត្រឹមតែលើក្រដាសទេ គឺយើងត្រូវបន្ត»។ លោកបន្ថែមថា៖ «ផ្លូវបង្កើតសង្ឃឹម។ ផ្លូវបង្កើតសកម្មភាពសេដ្ឋកិច្ច។ […] កុំបន្ទោសរដ្ឋាភិបាលថាធ្វើផ្លូវច្រើនពេក នាំឱ្យវង្វេងផ្លូវ»។
លោកបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៧នេះ ត្រូវបានស្ថាបនាជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ (AC) កម្រាស់ ៩ សង់ទីម៉ែត្រ និងបេតុងសរសៃដែកកម្រាស់ ២៦ សង់ទីម៉ែត្រ និងមានគន្លងផ្លូវចំនួន ៤ ដែលគន្លងនីមួយៗមានប្រវែង ៣,៧៥ ម៉ែត្រ។
លោក ហ៊ុន ម៉ាណែត អំពាវនាវឱ្យអ្នកធ្វើដំណើរគោរពច្បាប់ចរាចរណ៍ និងថែរក្សាទ្រព្យសាធារណៈតាមរយៈការបើកបរក្នុងល្បឿនកំណត់ និងចៀសវាងការផ្ទុកលើសទម្ងន់ ដែលបណ្តាលឱ្យខូចខាតកំណាត់ផ្លូវនេះ។
បន្ថែមពីលើនេះ ទាក់ទងនឹងការកសាងផ្លូវទឹក លោក ហ៊ុន ម៉ាណែត អះអាងថាព្រែកជីកហ្វូណន ដែលមានប្រវែង ១០ គីឡូម៉ែត្រនឹងបន្តសាងសង់។ ព្រែកជីកនេះតភ្ជាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប។ រដ្ឋាភិបាលកម្ពុជាធ្លាប់អះអាងថា បន្ទាប់ពីការដឹកជញ្ជូនតាមផ្លូវគោក ព្រែកជីកហ្វូណនដើរតួយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិតាមរយៈការដឹកជញ្ជូនដោយឯករាជ្យពីផ្លូវគោកទៅសមុទ្រ។
ជាពលរដ្ឋម្នាក់មកពីក្រុងកំពង់ចាម លោក ជា ធារាជ្យ រីករាយដែលរដ្ឋាភិបាលបញ្ចប់គម្រោងធ្វើផ្លូវនេះ ព្រោះអំឡុងពេលកសាង និងឈូសឆាយផ្លូវនេះ លោកថាប្រជាពលរដ្ឋភាគច្រើនមានការរអ៊ូរទាំពីការជីកដាក់លូ និងឈូសឆាយដែលបង្កការលំបាកដល់ការធ្វើដំណើរ និងប៉ះពាល់ដល់សុខភាពទៀតផង។ លោកស្នើឱ្យភាគីពាក់ព័ន្ធចូលរួមថែរក្សាផ្លូវនេះ ដើម្បីប្រើប្រាស់បានយូរ បើមិនដូចនេះទេ ផ្លូវនេះនឹងរងការខូចខាតទៀត។
លោកថា៖ «ក្រោយពីអភិវឌ្ឍពីរឆ្នាំបីឆ្នាំនេះឃើញថាបានផ្លូវស្អាតល្អ។ ទី១ ការធ្វើដំណើរវាស្រួលជាងមុន ចំណាយពេលខ្លីជាងមុន និងមានប្រសិទ្ធភាពពេលវេលាតិចជាងមុន។ ប្រយោជន៍សេដ្ឋកិច្ច ខ្ញុំយល់ថាមែនទែនវាជាខ្សែពាណិជ្ជកម្ម»។
លោកបន្ថែមថា៖ «រឿងការថែរក្សា ស្នើថារដ្ឋបាលឃុំ រដ្ឋបាលស្រុកដែរត្រូវសហការឱ្យបានល្អជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូន ជាមួយក្រសួងសហការគ្នាឱ្យបានល្អទៅ ហើយពង្រឹងយន្តការរាយការណ៍ផ្លូវខូច […] និងការថែទាំ»។
ប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណរ៉ា ថ្លែងថា លោកសាទរចំពោះសមិទ្ធផលរដ្ឋាភិបាលក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរួមមានផ្លូវថ្នល់ ស្ពាន មន្ទីរពេទ្យ និងសាលារៀនជាដើម ព្រោះវាបម្រើសេវាសាធារណៈដល់ពលរដ្ឋ។ តែយ៉ាងណា លោកស្នើសុំឱ្យការសាងសង់នានាប្រកបដោយបច្ចេកទេស មិនមានអំពើពុករលួយដែលកឹបកេងលុយគម្រោងនានា និងធានាការថែទាំហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ព្រោះលោកសង្កេតឃើញមានការរអ៊ូរទាំច្រើនពីប្រជាពលរដ្ឋក្រោយកសាងផ្លូវរួច តែបែរជាគ្មានគុណភាព។
លោកមានប្រសាសន៍ថា៖ «ខ្ញុំរីករាយនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រោះជាកាតព្វកិច្ច ជាអ្នកបម្រើប្រទេសជាតិ ធ្វើយ៉ាងម៉េចឱ្យប្រជាពលរដ្ឋមានសេចក្ដីសុខ សេចក្ដីសុខក្នុងការធ្វើដំណើរ សេចក្ដីសុខក្នុងការបង្កបង្កើនផលមានភ្លើង មានផ្លូវ មានប្រព័ន្ធធារាសាស្ត្រ»។
លោកបន្ថែមថា៖ «ប្រព័ន្ធធ្វើផ្លូវ ទឹក ភ្លើងមានការរអ៊ូរទាំពីមហាជន ពិសេសប្រជាពលរដ្ឋដែលគាត់បង់ពន្ធដារទៅឱ្យរដ្ឋ ហើយរដ្ឋធ្វើហ្នឹងមានការថ្នាំងថ្នាក់នៅក្នុងអំពើពុករលួយ នៅក្នុងការធ្វើផ្លូវជាប់មិនចេះហើយ ធ្វើផ្លូវដាក់លូ ឈូសផ្លូវ ខ្វះនូវបច្ចេកទេស»។
គិតត្រឹមឆ្នាំ២០២៥ កម្ពុជាបានសាងសង់ផ្លូវជាតិ និងផ្លូវខេត្តមានប្រវែងរហូតដល់ទៅ ២០ ៧៣៣ គីឡូម៉ែត្រ ដែលមានការកើនឡើងប្រមាណជា ៤២៦,៣២ គីឡូម៉ែត្រ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍សន្និបាតឆ្នាំ២០២៤ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
នៅឆ្នាំ២០២៤ កម្ពុជាបានកសាងផ្លូវសរុបចំនួន ៨៥៤ ខ្សែ ក្នុងនោះមានផ្លូវល្បឿនលឿនចំនួន ២ ខ្សែ គឺផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ប្រវែង ១៨៧,០៥ គីឡូម៉ែត្រ និងផ្លូវល្បឿន លឿនភ្នំពេញ-ក្រុងបាវិត កំពុងដំណើរការសាងសង់មានប្រវែង ១៣៥,១០ គីឡូម៉ែត្រ៕







