ធនាគារជាតិនៃកម្ពុជាចាត់ទុកការបំប្លែងរូបភាពលើក្រដាសប្រាក់រៀលតាមរយៈការសរសេរ ផាត់ពណ៌ ឬទុកដាក់ក្រដាសប្រាក់មិនត្រឹមត្រូវ របស់អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន គឺជាការប្រមាថដល់ប្រទេស និងប្រជាជាតិកម្ពុជាទាំងមូល។
សេចក្ដីប្រកាសព័ត៌មានរបស់ធនាគារជាតិចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ឱ្យដឹងថា តាមរយៈនិមិត្តសញ្ញា និងរូបភាពនានានៅលើក្រដាសប្រាក់រូបិយវត្ថុជាតិ គឺឆ្លុះបញ្ចាំងអំពីឯកភាពជាតិ កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ វប្បធម៌ និងមោទនភាពជាតិ។
ធនាគារជាតិសង្កេតឃើញថា នាពេលថ្មីនេះៗ អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបានប្រើប្រាស់រូបក្រដាសប្រាក់រៀលដែលជារូបិយវត្ថុជាតិខ្មែរ ក្នុងការរចនាក្រាហ្វិក ឬបំប្លែងរូបភាពសម្រាប់គោលបំណងផ្សេងៗ ដែលបានចាត់ទុកសកម្មភាពនេះថា បង្កផលប៉ះពាល់អវិជ្ជមានដល់តម្លៃជាតិ។
ការប្រើប្រាស់ប្រាក់រៀល បានចូលរួមចំណែកបង្ការការក្លែងក្រដាសប្រាក់ ពីព្រោះសេដ្ឋកិច្ចកម្ពុជាប្រើប្រាស់ក្រដាសប្រាក់ជាមូលដ្ឋាន។ ក្រៅពីនេះ កម្ពុជាអាចជាគោលដៅនៃការហូរចូលក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយដែរ ដោយសារតែសាធារណជន មិនសូវស្គាល់ច្បាស់ពីរូបិយប័ណ្ណបរទេស និងមិនអាចបែងចែកក្រដាសប្រាក់ពិត និងក្លែងក្លាយ ដូចជាតាមរយៈរូបភាព និងលក្ខណៈនៃក្រដាសប្រាក់រូបិយប័ណ្ណបរទេស។ នេះបើតាមការផ្សព្វផ្សាយរបស់ធនាគារជាតិកម្ពុជានាពេលកន្លងមក។
យោងតាមមាត្រា៥៣ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃធនាគារជាតិកម្ពុជា ក្រដាសប្រាក់គឺជាទម្រង់មួយនៃទ្រព្យសម្បត្តិ ហើយបុគ្គលដែលកាន់កាប់ មានកាតព្វកិច្ចក្នុងការថែរក្សាឱ្យបានល្អ ដើម្បីប្រើប្រាស់ក្នុងប្រតិបត្តិការ។
ធនាគារជាតិនៃកម្ពុជាធ្លាប់បញ្ជាក់ថា ក្នុងបរិការណ៍នេះ ការលើកទឹកចិត្តឱ្យមានការប្រើប្រាស់ប្រាក់រៀលឱ្យបានទូលំទូលាយមានសារ:សំខាន់ណាស់ក្នុងការទប់ស្កាត់ការចរាចររូបិយប័ណ្ណក្លែងក្លាយនៅកម្ពុជា ហើយក៏រួមចំណែកកាត់បន្ថយកម្រិតដុល្លាររូបនីយកម្មបន្តិចម្តងៗផងដែរ។
លើសពីនេះ ការប្រើប្រាស់រូបិយវត្ថុជាតិដែលប្រជាជនស្គាល់ច្បាស់ក៏នឹងជួយកាត់បន្ថយនូវការក្លែងក្រដាសប្រាក់ និងជួយបង្ការ ការក្លែងក្រដាសប្រាក់រូបិយប័ណ្ណបរទេសដោយសារតែរូបិយប័ណ្ណទាំងនេះនឹងហូរចូលទៅក្នុងសេដ្ឋកិច្ចតាមរយ:ប្រព័ន្ធធនាគារ។
ធនាគារជាតិសង្កត់ធ្ងន់ថា ការខូចខាតទ្រង់ទ្រាយ ឬបាត់លក្ខណៈដើមនៃក្រដាសប្រាក់ អាចធ្វើឱ្យបាត់តម្លៃ ឬត្រូវបានដកហូតចេញពីចរាចរណ៍។ ម្យ៉ាងទៀត មាត្រា៦៥ ក៏បានចែងថា អ្នកក្លែងក្រដាសប្រាក់ ឬកាសដែលជារូបិយវត្ថុមានតម្លៃនីត្យានុកូលនៅកម្ពុជា ឬនៅប្រទេសដទៃទៀតនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២០ឆ្នាំដល់អស់មួយជីវិត៕







