អ្នកនយោបាយក្រៅរដ្ឋាភិបាលស្នើលោកហ៊ុន ម៉ាណែត ឱ្យស្វែងរកអន្តរគមន៍ជាអន្តរជាតិថែមទៀតលើសំណុំរឿងព្រំដែនខ្មែរថៃ

ទំនាក់ទំនងអន្តរជាតិ

លោកហ៊ុនម៉ាណែតទៅដល់ទឹកដីសហរដ្ឋអាមេរិក និង មន្ត្រីការទូតកម្ពុជាចាំទទួល ដែលផ្សាយតាមបណ្ដាញសង្គមរបស់លោក។

អ្នកនយោបាយក្រៅរដ្ឋាភិបាល ស្នើលោកហ៊ុន ម៉ាណែត ឱ្យប្រើឱកាសនៃព្រឹត្តិការណ៍រួមកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាសន្តិភាពនៅអាមេរិក ដើម្បីស្វែងរកអន្តរគមន៍ជាអន្តរជាតិក្នុងសំណុំរឿងដែលថៃរំលោកបំពានទន្ទ្រានយកទឹកដីខ្មែរតាមរូបភាពផ្សេងៗ។

លោកហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទៅដល់សហរដ្ឋអាមេរិករួចហើយកាលពីថ្ងៃទី១៥ខែកុម្ភៈម៉ោងនៅសហរដ្ឋអាមេរិក។ នោះបើតាមការផ្សព្វផ្សាយតាមបណ្ដាញសង្គមរបស់លោក។

បើតាមក្រសួងការបរទេសកម្ពុជា លោកហ៊ុន ម៉ាណែត ទៅអាមេរិកលើកនេះគឺដើម្បីចូលរួមកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាសន្តិភាពដែលប្រធានបទដំបូងនោះគឺពិភាក្សាអំពីសន្តិភាព ស្ថិរភាព ការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។

អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យជឿនលឿនលោក ប៉ោ មករា មានប្រសាសន៍ថា ស្របពេលដែលពិភពលោកកំពុងស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ទាំងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ខណៈប្រទេសខ្លាំងតែងតែរំលោភបំពានលើប្រទេសខ្សោយ ការចូលរួមរបស់លោកនាយករដ្ឋមន្រ្តី ជាយន្តការល្អមួយ ដោយសារកម្ពុជាតែងតែងរងការឈ្លានពីបរទេស។

លោក បន្ថែមថា នៅក្រុមប្រឹក្សាសន្តិភាព កម្ពុជាគួរប្រើប្រាស់វោហារសាសន៍ការទូត ដើម្បីអាចនាំសហរដ្ឋអាមេរិកមកចូលរួមដោះស្រាយការរំលោភបំពានដែនដីដោយប្រទេសថៃ រាប់ទាំងការបំផ្លិចបំផ្លាញផ្ទះសម្បែងពលរដ្ឋខ្មែរផង។

លោក និយាយថា៖ «អ្វីដែលមើលឃើញសម្រាប់ខ្ញុំ វាគ្រាន់តែជាការទំនាក់ទំនងតុល្យភាពរវាងមហាអំណាច មហាអំណាច រវាងចិននិងអាមេរិក។ អ្វីដែលជាចំណុចអាចទាញផលប្រយោជន៍សម្រាប់កម្ពុជា គឺពាក់ព័ន្ធបញ្ហាជម្លោះកម្ពុជា-ថៃ។ ថាតើកម្ពុជាមានលទ្ធភាពបែបណា ឬក៏នយោបាយការទូតបែបណា ធ្វើម៉េចក្នុងការឱ្យសហរដ្ឋអាមេរិកមើលឃើញ និងការចូលរួមក្នុងការដោះស្រាយពាក់ព័ន្ធបញ្ហាការរំលោភបំពានពីភាគីថៃមកលើកម្ពុជានេះជាចំណុចសំខាន់»។

រីឯអនុប្រធានគណបក្សកែទម្រង់កម្ពុជាលោក អ៊ូ ច័ន្ទរ័ត្ន គាំទ្រចំពោះការស្វះស្វែងរកយន្តការថ្មីដើម្បីអាចជួយការពារដែនធិបតេយ្យភាពកម្ពុជានៅពេលដែលសម្ព័ន្ធមិត្តជិតស្និតរបស់កម្ពុជាមិនទាន់មានសកម្មភាពជាដុំកំភួនណាមួយពាក់ព័ន្ធជម្លោះព្រំដែនកម្ពុជាថៃ។

លោក និយាយថា៖ «ខ្ញុំយល់ថា ជារឿងល្អ ចង់ក៏ដោយ មិនចង់ក៏ដោយ តែនេះកើតមានសមាជិកច្រើនហើយ។ ម្យ៉ាង ដោយសារយើងនៅក្នុងស្ថានភាពមួយដែលមិនច្បាស់លាស់ទេ។ ទី១ មិត្តដែកថែបរបស់យើងក្ដី មិត្តសហការត្បូងពេជ្យក្ដីហ្នឹង ហាក់ដូចជាមិនផ្ដល់ទំនុកចិត្តដល់យើងក្នុងការការពារបូរណភាពទឹកដី ក្នុងការថែរក្សាសន្តិភាពសម្រាប់ប្រទេសយើងទេមកដល់ពេលនេះ»។

កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាសថា កម្ពុជា បានសម្រេចចូលជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព (The Board of Peace) សម្រាប់អាណត្តិ៣ឆ្នាំ ដែលមិនមានការបង់ថវិកា ដោយតបតាមការអញ្ជើញដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។កាលនោះ លោកនាយករដ្ឋមន្រ្តី បានថ្លែងថា ការចូលជាសមាជិកស្ថាបនិកនេះ ដើម្បីបង្ហាញឆន្ទៈថា កម្ពុជា គាំទ្រ និងរួមចំណែកក្នុងការលើកកម្ពស់ដល់ការរក្សាសន្តិភាពសកល។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាលោក ប៉ែន បូណា មានប្រសាសន៍ថា ប្រសិនបើមានព័ត៌មានបន្ថែមពីលើសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសលោកនឹងជម្រាបជូន។

ក្រសួងការបរទេសកម្ពុជាប្រកាសថា កិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពនៅអាមេរិក គ្រោងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងគោលដៅជំរុញសន្តិភាព និងកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការកសាងឡើងវិញនៅតំបន់ហ្គាហ្សា។

សេចក្ដីប្រកាសខាងលើ បន្ថែមថា ក្នុងអំឡុងពេលស្នាក់នៅរដ្ឋធានី វ៉ាស៊ីនតោន លោក ហ៊ុន ម៉ាណែត នឹងជួបទ្វេភាគីជាមួយឥស្សរជនសហរដ្ឋអាមេរិក និងមេដឹកនាំនៃប្រទេសឯទៀតមួយចំនួន ដើម្បីផ្លាស់ប្ដូរយោបល់លើការពង្រឹងទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនានា។ ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្តី ក៏មានគម្រោងទស្សនកិច្ចការងារទៅកាន់ទ្វីបអឺរ៉ុប រួមទាំងទីក្រុងហ្សឺណែវ និងទីក្រុងព្រុចសែល ដោយនឹងមានជំនួបជាមួយថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធសំខាន់ៗ ដើម្បីបង្កើនភាពជាដៃគូ និងកិច្ចសហការបន្ថែមទៀត។ ក្នុងដំណើរទសន្សកិច្ចទាំងពីរលើកនេះ គ្រោងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦៕

ទំនាក់ទំនងអន្តរជាតិ","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":1470}" data-page="1" data-max-pages="1" data-start="1" data-end="1">