បក្សកម្លាំងជាតិ ស្នើមហាផ្ទៃស៊ើបអង្កេតករណីអាជ្ញាធររារាំងការប្រមូលផ្ដុំរបស់សមាជិកបក្សឃ្លាំមើលសវនាការលោក រ៉ុង ឈុន

នយោបាយ

(លោករ៉ុង ឈុន អង្គុយធ្វើយុទ្ធនាការនៅខាងក្រៅរបងតុលាការកំពូលកាលពីខែមិថុនាកន្លងទៅ)រូបថតហុងសេរីហ្វុង)។

គណបក្សកម្លាំងជាតិ ស្នើរដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស សុខា ឱ្យអន្តរាគមន៍ និងស៊ើបអង្កេតលើអាជ្ញាធរខណ្ឌដូនពេញ និងអាជ្ញាធរតាមខេត្ត ដែលរារាំងការប្រមូលផ្ដុំដោយសន្តិវិធីរបស់សមាជិក និងអ្នកគាំទ្របក្ស កាលពីថ្ងៃទី១៩ ខែមិថុនា អំឡុងពេលឡើងមកគាំទ្រទីប្រឹក្សាបក្សលោក រ៉ុង ឈុន នៅតុលាការកំពូល។ 

យោងតាមសេចក្ដីប្រកាសរបស់គណបក្សកម្លាំងជាតិ ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ អាជ្ញាធរខណ្ឌដូនពេញ បានរារាំង និងដាក់របាំងបិទផ្លូវ មិនឱ្យសមាជិក និងអ្នកគាំទ្របក្សចូលរួមឃ្លាំមើល និងស្ដាប់ការប្រកាសសាលដីកាលើលោក រ៉ុង ឈុន។

ជាងនេះទៅទៀត បក្សកម្លាំងជាតិ បន្តលើកឡើងថា អាជ្ញាធរតាមបណ្តាខេត្តនានា ក៏បានរារាំង ចាប់ឃាត់ខ្លួន និងសួរនាំ រួមទាំងប្រើពាក្យគម្រាមកំហែងចំពោះប្រជាពលរដ្ឋធ្វើដំណើរមករាជធានីភ្នំពេញ ដើម្បីតាមដានករណីលោក រ៉ុង ឈុន ដែរ។

បក្សកម្លាំងជាតិ ចាត់ទុកសកម្មភាពនេះ បង្កឱ្យមានការព្រួយបារម្ភ ពាក់ព័ន្ធនឹងសិទ្ធិ និងសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ និងដើរផ្ទុយពីមាត្រា៣៥ នៃរដ្ឋធម្មនុញ្ញ ដែលធានាសិទ្ធិរបស់ពលរដ្ឋខ្មែរក្នុងការចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌ជាតិ។ ចំណែកមាត្រា៤១ ក៏ធានាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ការប្រមូលផ្តុំ និងការជួបប្រជុំដោយសន្តិវិធី។

បើតាមខ្លឹមសារក្នុងសេចក្ដីប្រកាស បក្សកម្លាំងជាតិ ស្នើឱ្យរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចាត់វិធានការស៊ើបអង្កេត ដោយតម្លាភាព ចំពោះសកម្មភាពរបស់អាជ្ញាធរ និងកម្លាំងប្រជាការពារខណ្ឌដូនពេញ ដែលបានរារាំងការប្រមូលផ្តុំនេះ។

បន្ថែមពីលើនេះ ក្រសួងមហាផ្ទៃ ត្រូវចេញសេចក្តីណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យធានាការគោរពសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ សិទ្ធិប្រមូលផ្តុំដោយសន្តិវិធី និងសិទ្ធិចូលរួមសកម្មភាពនយោបាយរបស់ប្រជាពលរដ្ឋ។

បក្សប្រឆាំងដដែល ក៏ស្នើឱ្យធានាថា គណបក្សនយោបាយ សមាជិក និងអ្នកគាំទ្រគ្រប់រូប អាចអនុវត្តសិទ្ធិនយោបាយរបស់ខ្លួនដោយសេរី សន្តិវិធី និងស្មើភាព។

អនុប្រធានបក្សកម្លាំងជាតិលោក សុខ គឹមសេង មានប្រសាសន៍ថា ការសម្រេចចិត្តដាក់លិខិតទៅកាន់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនេះ បន្ទាប់ពីបក្សកម្លាំងជាតិសង្កេតឃើញថា ការបញ្ចេញមតិ និងការប្រមូលផ្ដុំរបស់ប្រជាពលរដ្ឋរងការរឹតត្បិតខ្លាំងពេក។ បើតាមលោក គឹមសេង លិខិតរបស់បក្សកម្លាំងជាតិ បានដាក់ទៅកាន់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ។

លោកនិយាយថា៖ «ដើម្បីយើងអនុវត្តតាមគោលការណ៍ប្រជាធិបតេយ្យដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ រដ្ឋាភិបាលគឺត្រូវតែអនុវត្តតាមរដ្ឋធម្មនុញ្ញដោយបើកឱ្យមានសិទ្ធិ សេរីភាពនៃការបញ្ចេញមតិ ជាពិសេស សិទ្ធិសេរីភាពនៃការធ្វើនយោបាយពេញលេញ»។

ប្រជាកាសែតនៅមិនទាន់អាចទាក់ទងអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោកទូច សុឃៈ ដើម្បីសុំការឆ្លើយតបបាននៅឡើយ។ ចំណែកអភិបាលខណ្ឌដូនពេញលោក ជា ខេមា បានបិទទូរសព្ទ បន្ទាប់ពីអ្នកកាសែតសុំការបំភ្លឺអំពីការចោទប្រកាន់របស់បក្សកម្លាំងជាតិ និងទូរសព្ទម្ដងទៀត ចូលតែមិនមានអ្នកទទួល។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូលោក អំ សំអាត មានប្រសាសន៍ថា បក្សកម្លាំងជាតិមានសិទ្ធិក្នុងការស្នើសុំឱ្យក្រសួងមហាផ្ទៃស្រាវជ្រាវករណីនេះ។ លោកបន្ថែមថា៖ «កត្តាសំខាន់គឺ បន្ទាប់ពីក្រសួងមហាផ្ទៃបានទទួលសំណើហើយ តើមានវិធានការ និតិវិធី និងឆ្លើយតបយ៉ាងណាមកគណបក្សកម្លាំងជាតិវិញ ដើម្បីធានានូវការធ្វើសកម្មភាពស្របច្បាប់នៃគណបក្សនយោបាយតាមច្បាប់ស្តីពីគណបក្សនយោបាយ រដ្ឋធម្មនុញ្ញ និងបទដ្ឋានអន្តរជាតិដែលកម្ពុជាទទួលស្គាល់ ដូចជាកតិកាសញ្ញាស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ» ។

នៅពេលថ្មីៗនេះ គណបក្សឆន្ទៈខ្មែរ ក៏បានចេញសេចក្ដីប្រកាសមួយ ដោយចោទ សមត្ថកិច្ចថា បានចាប់ខ្លួនសកម្មជននយោបាយរបស់បក្ស លោក យស យឿន នៅឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ កាលពីថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២៦ ដោយមិនដឹងមូលហេតុ និងគ្មានដីកា។

បក្សប្រឆាំងនេះ ក៏ចាត់ទុកការចាប់ខ្លួនសកម្មជននយោបាយរបស់ខ្លួន ជាការគំរាមកំហែង និងការធ្វើទុក្ខបុកម្នេញតាមគ្រប់រូបភាព ក្នុងគោលបំណងរារាំងការធ្វើសកម្មភាពនយោបាយ ជាពិសេសនៅមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នៅឆ្នាំ២០២៧៕

អានអត្ថបទផ្សេងទៀតអំពី នយោបាយ

នយោបាយ","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":3091}" data-page="1" data-max-pages="1" data-start="1" data-end="1">