អ្នកឃ្លាំមើលស្នើអាជ្ញាធរលើកកម្ពស់ជីវភាពអ្នកប៉ោយប៉ែតឡើងវិញ ពេលកម្ចាត់ឧក្រិដ្ឋកម្មអនឡាញរួចរាល់

សង្គម

(ពលរដ្ឋលក់អាហារតាមចិញ្ចើមផ្លូវនៅពេលយប់ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ រូបថត៖ពលរដ្ឋផ្ដល់ឱ្យ)។

ស្នូរគ្រាប់កាំភ្លើង សំឡេងសមត្ថកិច្ច សម្រែកជនបរទេស និងសំឡេងស៊ឺរ៉ែនឡានប៉ូលិស បានលាន់ឮកងរំពងក្នុងក្រុងប៉ោយប៉ែតនាមួយរយៈពេលចុងក្រោយនេះ ក្នុងប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមអនឡាញតាមទីតាំងនានា។

សមត្ថកិច្ចកំពុងចុះបង្រ្កាបយ៉ាងសស្រាក់សស្រាំ ហើយការណ៍នេះបានទទួលការសាទរ​ពីសំណាក់បណ្ដាជនខ្មែរដែលស្អប់ឧក្រិដ្ឋកម្មជាទូទៅ ។ ប៉ុន្តែនៅជ្រុងម្ខាងទៀត គេក៏អាចស្តាប់ឮសំឡេងត្អូញត្អែរពីពលរដ្ឋមួយចំនួនកំពុងតែព្រួយបារម្ភពីបញ្ហាជីវភាពនៅក្នុងតំបន់នោះ ក្រោយការចាកចេញរបស់ជនបរទេសចម្រុះជាតិសាសន៍ដែលខ្លះធ្វើការក្នុងជំរុំបោកប្រាស់ ខ្លះទៀតជាជាបុគ្គលិកកាស៊ីណូអនឡាញ។ យ៉ាងណាក្ដីអ្នកឃ្លាំមើលបញ្ហាសង្គមគាំទ្រវិធានការរបស់អាជ្ញាធរ ប៉ុន្តែពួកគេរំលឹកឱ្យអាជ្ញាធររដ្ឋាភិបាលឆាប់បោសសម្អាតឧក្រិដ្ឋកម្មអនឡាញរួចរាល់ជាស្ថាពរ ន្អាលស្ដារសេដ្ឋកិច្ចទីនោះឡើងវិញ។

រីណា ជាឈ្មោះហៅក្រៅរបស់ពលរដ្ឋម្នាក់ដែលសុំមិនបញ្ចេញឈ្មោះពិត បានបង្ហាញក្ដីបារម្ភផ្នែកជីវភាព ក្រោយឃើញជនបរទេសជាច្រើននាក់ ត្រូវបានសមត្ថកិច្ចបង្ក្រាប។ មានមុខរបរជាអ្នកលក់អាហារ ក្នុងសង្កាត់មួយនៅក្រុងប៉ោយប៉ែត អ្នកស្រីទទួលស្គាល់ថា ចំណូលមួយផ្នែកធំ គឺបានមកពីប្រតិបត្តិករអនឡាញដែលទិញចំណីចំណុកប្រចាំថ្ងៃ។ 

អ្នកស្រីលើកឡើងថា៖ «ប៉ះពាល់ហ្នឹងឯង! យើងលក់ដូររាល់ថ្ងៃផ្ដោតទៅលើជនជាតិច្រើនជាងខ្មែរ ព្រោះជនជាតិវាញាំរបស់ច្រើនជាងខ្មែរ។ ដល់ពេលគេបង្ក្រាបមួយពីរបីអ៊ីចឹងទៅវាបាត់ច្រើន ហើយគ្នាភ័យខ្លាចក្នុងការចេញមកទិញអីញាំ»។

មុនការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញ ក្នុងមួយថ្ងៃ រីណា អាចរកចំណូលបានពី៤ ទៅ៥សែនរៀល តែមកទល់ពេលនេះចំណូលបានធ្លាក់ចុះស្ទើរពាក់កណ្ដាល ហើយអាចនឹងបន្តធ្លាក់ចុះជាងនេះទៀត។ 

យ៉ាងណាម៉ិញ រីណា ទើបចាប់របរនេះបានជាង៤ខែប៉ុណ្ណោះ ក្រោយបាត់បង់ការងារជាបុគ្គ​លិកកាស៊ីណូ ដោយសារក្រុមហ៊ុនផ្លាស់ប្ដូរទីតាំងទៅខេត្តផ្សេង បន្ទាប់ពីមានការផ្ទុះអាវុធនៅព្រំដែន ខែធ្នូ ឆ្នាំ២០២៥។ 

ស្ត្រីវ័យជាង២០ឆ្នាំរូបនេះ យល់ឃើញថាខ្លួនរងគ្រោះផ្នែកជីវភាពបីដងផ្ទួនៗគ្នា ក្នុងរយៈពេលមិនដល់១ឆ្នាំ។ រងគ្រោះលើកទីមួយ ដោយសារការបិទច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតក្នុងខេត្តបន្ទាយមានជ័យ រងគ្រោះលើកទីពីរ គឺការបាត់បង់ការងារនៅកាស៊ីណូ និងទីបីគឺបាត់​បង់ចំណូល ដោយសារឥទ្ធិពលយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញនៅខែមេសា ឆ្នាំ២០២៦។ 

អ្នកស្រីបន្តថា៖ «ប៉ះពាល់ច្រើន ទីមួយម្ចាស់ផ្ទះជួលអត់មានចុះថ្លៃទេ ហើយក៏អត់ខ្វល់សេដ្ឋកិច្ចយើងក្រោយចុះបង្ក្រាបម៉េចអីម៉េចដែរ។ ទីពីរត្រូវរ៉ាប់រងលុយអង្គការ (ធនាគាររាល់ខែ) អត់អាចខានបានទេ។ ហើយទីបី យើងលក់ចំណូលបានតិច តែចំណាយវិញច្រើនដូចការញាំ ការ​ទិញរបស់យកមកលក់វិញ នៅថ្នាំសង្កូវ របស់ប្រើប្រាស់អីផ្សេងទៀត»។

បើទោះបីខែមេសាបានកន្លងផុតទៅហើយក្ដី សកម្មភាពបង្ក្រាបទីតាំងអនឡាញ និងការចាប់ខ្លួនជនបរទេសនៅតែបន្តមាននៅលើទឹកដីក្រុងប៉ោយប៉ែត។

មិនខុសគ្នាពីពលរដ្ឋផ្សេង អ្នករត់កង់បីនៅក្រុងប៉ោយប៉ែត គឺលោក នៅ រិន ឱ្យដឹងថា ពេលខ្លះលោកបញ្ឈរកង់បីទុកចោលពីរបីថ្ងៃជាប់គ្នា ដោយសារគ្មានអ្នកជិះ។ លោកកត់សម្គាល់ឃើញពលរដ្ឋខ្មែរមួយចំនួនបានចាកចេញពីក្រុងប៉ោយប៉ែតបណ្ដើរៗ ទំនងជាទៅស្រុកកំណើត ឬស្វែងរកការងារធ្វើនៅតំបន់ផ្សេង។ 

ទន្ទឹមនឹងការគាំទ្រចំណាត់ការបោសសម្អាតអំពើខុសច្បាប់ តែការបាត់បង់ប្រភពចំណូលភ្លាមៗ ក៏កំពុងបង្កការលំបាកផ្នែកជីវភាពសម្រាប់លោក។ 

លោកលើកឡើងថា៖«សូមមើលឃើញដល់អ្នកព្រំដែនផង កុំទុកចោល កុំមើលរំលង ព្រោះអីបន្ទាប់ពីចុះបង្ក្រាបពួកស្កេមអនឡាញហ្នឹងអស់ទៅ ច្បាស់ជាមានបន្សល់ទុកនូវវិបត្តិសេដ្ឋកិច្ចរបស់ប្រជាជនដែលរស់នៅតំបន់ហ្នឹងហើយ»។

លោកបន្តថា៖ «ដោយសារដំបូងៗពួកយើងទទួលយកអត់បានទេ ភ្លាមៗ យើងយកអារម្មណ៍យើង ដាក់អារម្មណ៍គេវិញមើល ថាចំណូលដែលយើងរកបានរាល់ថ្ងៃហើយ សុខៗស្រាប់តែយើងបាត់ចំណូលភ្លាមៗ យើងប្រវេប្រវាអត់ដឹងរកអីទេ ទទួលយកអត់បានទេភ្លាមៗ»។ 

ការប៉ះពាល់សេដ្ឋកិច្ចពលរដ្ឋមូលដ្ឋាននៅពេលនេះ មិនមែនកើតឡើងតែចំពោះពលរដ្ឋនៅក្រុងប៉ោយប៉ែតនោះឡើយ ពោលគឺនៅតាមបណ្ដាខេត្តនានាស្ទើរពេញផ្ទៃប្រទេស ចាប់តាំងពីរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធនាការបង្ក្រាប និងបោសសម្អាតឧក្រិដ្ឋកម្មអនឡាញទ្រង់ទ្រាយធំឈ្មោះថា XXL ត្រឹមកំឡុងខែមេសា ឆ្នាំ២០២៦។ 

យោងតាមក្រសួងមហាផ្ទៃ រយៈពេលបីខែដំបូងនៃឆ្នាំ២០២៦ អាជ្ញាធរកម្ពុជាបានបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន ១២០ទីតាំង ក្នុងរាជធានីខេត្តចំនួន១៤។ ក្នុងប្រតិបត្តិការទាំងនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សជាង៦ពាន់នាក់ (៦,៤២០) និងមាន២៣សញ្ជាតិ។ 

ចំណែកនៅក្នុងខែមេសា ឆ្នាំ២០២៦ បើតាមរបាយការណ៍ប្រចាំខែរបស់ក្រសួងមហាផ្ទៃដដែល សមត្ថកិច្ចបានចុះបង្ក្រាបទីតាំងឆបោកចំនួន ៤៨ កន្លែងក្នុងរាជធានី-ខេត្តចំនួន ១៣ រួមមានភ្នំពេញ បន្ទាយមានជ័យ ស្វាយរៀង ព្រះសីហនុ កំពង់ស្ពឺ មណ្ឌលគិរី និងខេត្តមួយចំនួនទៀត ក្នុងនោះសមត្ថកិច្ចបានឃាត់ខ្លួនបុគ្គលពាក់ព័ន្ធចំនួនសរុប ៥៥៣៥នាក់ មាន៣០​សញ្ជាតិ រួមទាំងខ្មែរផង។

នៅក្នុងខែមេសាដដែលនោះ កម្ពុជាបានបណ្ដេញជនបរទេសចំនួន ៣៥៥៨នាក់ ចេញពីកម្ពុជា ក្នុងនោះមានជនជាតិចិន ថៃ វៀតណាម បង់ក្លាដេស ប៉ាគីស្ថាន ឥណ្ឌា ឥណ្ឌូនេស៊ី នេប៉ាល់ មីយ៉ាន់ម៉ា ម៉ាឡេស៊ី កូរ៉េ និងរ៉ូវាន់ដា ជាដើម។ 

បើតាមប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ឆ.ប.ឆ) លោក ឆៃ ស៊ីណារិទ្ធ ធ្លាប់បញ្ជាក់ជាសាធារណៈថា ចំណាត់ការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមអនឡាញនៅដើមឆ្នាំ២០២៦ អាចនឹងធ្វើឱ្យជនបរទេសយ៉ាងហោចណាស់ជាង២០ម៉ឺននាក់ ស្ម័គ្រចិត្តចាកចេញពីប្រទេសកម្ពុជា។ 

ប្រក្រឡេកមើលស្ថានភាពជីវភាពពលរដ្ឋវិញ ក្រៅពីប៉ះពាល់ជីវភាព ការតិះដៀលពីបណ្ដាជនដទៃ ថាពួកគេចូលរួមការពារ និងទទួលផលពីអំពើឧក្រិដ្ឋកម្ម ក៏កំពុងញ៉ាំញីផ្លូវចិត្តពលរដ្ឋដែលកំពុងរងគ្រោះជីវភាព ឮដែរ។ នៅមុនការផ្ដល់បទសម្ភាស រីណា យល់ឃើញថា នឹងគ្មាននរណាម្នាក់បើកចិត្តស្ដាប់ទុក្ខលំបាកនេះឡើយ ព្រោះការស្ដីបន្ទោសលើបណ្ដាញសង្គមកន្លង​មក បានធ្វើឱ្យអ្នកស្រីប៉ះទង្គិចផ្លូវចិត្ត បាក់ស្បាតលែងចង់និយាយពីបញ្ហានេះតទៅទៀត។ 

នាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ លើកឡើងថា ការរើសអើងប្រភេទនេះមិនគួរកើតឡើងនោះទេ ព្រោះឧក្រិដ្ឋកម្មអនឡាញនេះ មិនមែនកើតឡើងដោយសារប្រជាពលរដ្ឋខ្មែរឡើយ។ លោកបន្តថា ការអប់រំនិងលើកទឹកចិត្តគ្នា គួរតែកើតមានឱ្យបានច្រើននៅក្នុងសង្គម។ 

លោក សេក សុជាតិ៖ «យើងក៏គួរតែលើកទឹកចិត្ត ហើយនិងអប់រំគ្នាទៅវិញទៅមក នៅក្នុងករណីកើតមាន [បទល្មើស] នៅពេលក្រោយ តើរដ្ឋាភិបាលមានយន្តការបើកឱ្យពួកគាត់ដែលជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទាំងអ្នកលក់ដូរ ទាំងអ្នកដឹកជញ្ជូនហ្នឹង ធ្វើការរាយការណ៍ទៅកាន់សមត្ថកិច្ចអត់! ហើយរាយការណ៍យ៉ាងដូចម្ដេច! គួរតែមានការកំណត់ ហើយនិងមានចែងច្បាស់លាស់ដើម្បីជួយឱ្យសង្គមរបស់យើងគេចផុតពីបញ្ហាឧក្រិដ្ឋកម្មផ្សេងៗ»។

ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជាលោក ឌិន ពុទ្ធីមានប្រសាសន៍ថា ពលរដ្ឋមួយចំនួន រាប់ចាប់តាំងពីបុគ្គលិកធ្វើការអនឡាញដែលជាជនជាតិខ្មែរ អ្នកលក់ដូរចំណីអាហារកំប៉ិកកំប៉ុក អ្នកផ្ដល់សេវាដឹកជញ្ជូន អ្នកលក់ដូរទំនិញ រហូតដល់ម្ចាស់ចលនទ្រព្យ និងអចលនទ្រព្យសម្រាប់ជួល សុទ្ធតែកំពុងជួបបញ្ហាជីវភាព ខណៈខ្លះមានសភាពធ្ងន់ធ្ងរ ដោយសារមានចំណូលតែមួយច្រក។ 
លោកឱ្យដឹងថា៖ «រហូតមកដល់ពេលនេះ យើងឃើញថាប្រាក់ចំណូលរបស់ប្រជាពលរដ្ឋនៅប៉ោយប៉ែត មានការលំបាកខ្លាំង ហើយអ្នកដែលជំពាក់បំណុលគេកាន់តែជំពាក់ ខ្ចីគេបន្ថែមអ៊ីចឹងទៅ។ រកលុយបង់ធនាគារអត់គ្រប់គ្រាន់ ចេះតែប្រវេប្រវាទៅ គឺលំបាកខ្លាំង»។ 

ទោះយ៉ាងនេះក្ដី លោកគាំទ្រការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញ ពិសេសការបោសសម្អាតពិតប្រាកដដល់មេបណ្ដាញ ដើម្បីស្ដារមុខមាត់ និងទាក់ទាញការវិនិយោគស្អាតស្អំមកកម្ពុជា។ ជាមួយគ្នានេះ ពលរដ្ឋអាចយកស្ថានភាពបច្ចុប្បន្នជាបទពិសោធន៍ថា អំពើខុសច្បាប់ មិនអាចផ្ដល់ការអភិវឌ្ឍ និងជីវភាពបានឋិតឋេរយូរអង្វែងឡើយ។ 

ក្រោយការបោសសម្អាតអំពើខុសច្បាប់ ទាំងប្រជាពលរដ្ឋ និងលោក ឌិន ពុទ្ធី ផ្ទាល់ សុទ្ធតែចង់ឃើញក្រុងប៉ោយប៉ែតមានការអភិវឌ្ឍឡើងវិញ។ ការអភិវឌ្ឍដែលលោកសំដៅដល់ ការបង្កើតរោងចក្រសហគ្រាសនៅតាមតំបន់សេដ្ឋកិច្ចពិសេសដែលមានស្រាប់ ហើយកាន់តែល្អប្រសិនបើរដ្ឋាភិបាលកម្ពុជា-ថៃ អាចបញ្ចប់វិវាទ ឈានដល់ការបើកច្រកព្រំដែនឡើងវិញ។ 

លោកបន្ថែមថា៖ «ប្រសិនបើរដ្ឋាភិបាលអាចកែប្រែបញ្ហាហ្នឹងបាន បង្ក្រាបពួកឧក្រិដ្ឋជន ហើយងាកមកអភិវឌ្ឍប្រកបដោយចីរភាព ផ្នែកកសិកម្ម ឧស្សាហកម្មបន្ថែម ក៏ដូចជាការអភិវឌ្ឍប្រកបដោយការគោរពសិទ្ធិមនុស្ស និងសេរីភាពរបស់កម្មករ គោរពច្បាប់ការងារទៅតាមបទដ្ឋានអន្តរជាតិ គឺវាជារឿងត្រឹមត្រូវ»។ 

កន្លងទៅ ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាលោក ប៉ែន បូណា បានជំរុញឱ្យពលរដ្ឋដែលកំពុងមានបញ្ហាជីវភាពផ្លាស់ប្ដូរអាជីវកម្មទៅតំបន់ទេសចរណ៍ និងឧស្សាហកម្ម ខណៈរដ្ឋាភិបាលកំពុងប្រឹងប្រែងជំរុញសកម្មភាពសេដ្ឋកិច្ច តាមរយៈវិស័យទាំងនេះ។ 

ប្រធានវេទិកាអនាគត លោក អ៊ូ វីរៈ លើកឡើងថា រដ្ឋាភិបាលត្រូវបោសសម្អាតឧក្រិដ្ឋកម្ម​អនឡាញឱ្យអស់សិន មុនបញ្ចេញថវិកាជាតិ ឬគម្រោងអភិវឌ្ឍស្ដារសេដ្ឋកិច្ចតំបន់ទាំងនោះ។ លោកបន្តថា ការធ្វើបែបនេះ គឺដើម្បីធានាឱ្យបាននូវភាពស្អាតស្អំ ចៀសវាងផ្ដល់ផលប្រយោ​ជន៍ដល់បុគ្គល ឬក្រុមមនុស្សដែលធ្លាប់ទទួលផលពីឧក្រិដ្ឋកម្មកន្លងមក ដូចជាម្ចាស់ដី ឬអគារជួលជាដើម។ 

លោក អ៊ូ វីរៈ៖«បើយើងឆាប់ស្ដារ(សេដ្ឋកិច្ចតំបន់ស្កែម) ឱ្យមនុស្សខិលខូច មនុស្សដែលបានប្រយោជន៍ ពីទុក្ខរបស់អ្នកដទៃ យើងខ្លាចគាត់បាត់បងហាងឆេងដីអគាររបស់គាត់ហ្នឹង? ខ្ញុំមើលទៅជារឿងមួយស្ដាយថវិកាជាតិ ព្រោះអ្នកដែលល្អត្រឹមត្រូវរាប់លាននាក់ដែលគាត់ត្រូវការឱ្យជួយ ជាងហ្នឹងឆ្ងាយមែនទែន»។

នៅពេលដែលរយៈពេលនៃការយុទ្ធនាការបង្រ្កាបឧក្រិដ្ឋកម្មអនឡាញ ពុំមានភាពច្បាស់លាស់ថានឹងបញ្ចប់នៅពេលណា រីណា និងលោក នៅ រិន បានត្រឹមសង្ឃឹមថាពួកគេនឹងមានលុយគ្រប់ដើម្បីសងធនាគារ និងផ្ទះជួលនៅខែក្រោយ បើពុំនោះទេ ពួកគេនឹងក្លាយជាមនុស្សបន្ទាប់ដែលចាកចេញពីក្រុងប៉ោយប៉ែត ទៅកសាងជីវភាពនៅតំបន់ផ្សេង៕

(អត្ថបទដោយ៖ ហ៊ន ថូវ៉ាន )

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2579}" data-page="1" data-max-pages="1" data-start="1" data-end="1">