អ្នកឃ្លាំមើល រំលឹករាជរដ្ឋាភិបាលឱ្យដោះស្រាយបញ្ហាព្រំដែនសមុទ្រជាមួយថៃដោយភាពម៉ឺងម៉ាត់

សង្គម

(រូបភាពបណ្ឌិតគិនភា លោក គង់ម៉ូនីកា និងលោកមាជ សុវណ្ណារ៉ា)រូបភាពផ្សាយតាមបណ្ដាញសង្គមរបស់លោកទាំងបី)

គណបក្សក្រៅរដ្ឋាភិបាល និងអ្នកវិភាគសង្គមចាត់ទុកការប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ (Compulsory Conciliation) ដើម្បីដោះស្រាយតំបន់ត្រួតស៊ីគ្នាលើដែនសមុទ្រ ជាការប្រើប្រាស់យន្តការអន្តរជាតិមួយ ដែលអាចដោះស្រាយបញ្ហាដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ។ តែយ៉ាងណាពួកគេរំលឹករាជរដ្ឋាភិបាលឱ្យដោះស្រាយបញ្ហាព្រំដែនសមុទ្រជាមួយថៃដោយភាពម៉ឺងម៉ាត់ និងប្រើប្រាស់យន្តការអន្តរជាតិនេះដោយឈរលើគោលជំហរច្បាស់លាស់ ដើម្បីអធិបតេយ្យភាពកម្ពុជា។

ប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណរ៉ា ថ្លែងថា លោកមិនជំទាស់ទៅនឹងការសម្រេចចិត្តរបស់រដ្ឋាភិបាលកម្ពុជាក្នុងការប្រើប្រាស់យន្តការអន្តរជាតិឡើយ។ លោកថា ការប្រើប្រាស់យន្តការក្រោមអង្គការសហប្រជាតិជាការបង្ហាញថា កម្ពុជាចង់ឱ្យអន្តរជាតិមើលឃើញថាកម្ពុជាគោរពបូរណភាពទឹកដី និងអធិបតេយ្យភាព។ តែយ៉ាងណា លោកសុវណ្ណរ៉ា ស្នើឱ្យរដ្ឋាភិបាលកម្ពុជាជម្រុញឱ្យភាគីថៃចូលរួមដោះស្រាយជម្លោះជាច្រើនដែលនៅរ៉ាំរ៉ៃ ដើម្បីកុំឱ្យមានការស្ដាយក្រោយទៅថ្ងៃអនាគត។

លោកថា៖ «ខ្ញុំមិនមានអ្វីជំទាស់ទៅនឹងអ្វីដែលរដ្ឋាភិបាលចង់យកច្បាប់សមុទ្រអន្តរជាតិ ហើយច្បាប់សមុទ្រអន្តរជាតិនេះវាជាច្បាប់មួយដែលដឹងឮដោយអង្គការសហប្រជាជាតិ។ កម្ពុជាក៏ដូចជាប្រទេសក៏ជាប្រទេសចុះហត្ថាលេខី ប្រទេសសមាជិកនៃអង្គការសហប្រជាជាតិ(អាចប្រើវិធីនេះ) ក្នុងការដោះស្រាយនូវរាល់បូរណភាព អធិបតេយ្យភាពដែលមានទំនាស់ជាមូយគ្នា »។

លោកបន្ថែមថា៖ «យើងចាំបាច់ដែលត្រូវហ៊ានអារកាត់ ហើយត្រូវប្រើច្បាប់អន្តរជាតិបែបណាដែលកម្ពុជាឃើញថាមិនអាចឱ្យរដ្ឋបរទេសណារំលោភបំពានអធិបតេយ្យភាពបាន និងបង្ហាញពីតម្លាភាព »។

លោកបន្តថា រដ្ឋាភិបាលកម្ពុជាត្រូវតែដោះស្រាយបញ្ហាជាមួយប្រទេសជិតខាង ជៀសវាងបន្សល់ទុកនូវបញ្ហាស្មុគស្មាញដល់អ្នកជំនាន់ក្រោយ ។ លោកថា៖ «រដ្ឋាភិបាលត្រូវតែធ្វើយ៉ាងម៉េចឱ្យអស់លទ្ធភាពក្នុងផ្នែកច្បាប់ជាតិ អន្តរជាតិ ដោះស្រាយជាទ្វេភាគី ពហុភាគី ប្រើច្បាប់ដែលមានជាមួយគ្នា។

លោកថាកម្ពុជា ក៏ត្រូវគិតពីជំហរភូមិសាស្ត្រនយោបាយរបស់ខ្លួនដែរ ដែលកម្ពុជាអាចស្វែងរកពឹងពាក់មហាអំណាចណាដើម្បីឱ្យជួយតាមដាននិងឃ្លាំមើលចំពោះដំណើរការដោះស្រាយបញ្ហាទាំងអស់នេះ។

នៅថ្ងៃទី៥ខែ ឧសភា ឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាបានសម្រេចប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ (Compulsory Conciliation) ដើម្បីស្វែងរកដំណោះស្រាយតំបន់ទាម​ទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជានិងថៃ បន្ទាប់ពីភាគីថៃបានប្រកាសជាផ្លូវការ សម្រេចដកខ្លួនដោយឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ រឺហៅកាត់ថា MOU ២០០១។ យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ ជាយន្តការច្បាប់អន្តរជាតិដែលស្ថិតក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ ឬហៅថា UNCLOS ដែលជាដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយជាច្រើនដែលអាចប្រើប្រាស់បានក្នុងការដោះស្រាយជម្លោះរវាងរដ្ឋ និងរដ្ឋ។

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ចាត់ទុកការសម្រេចចិត្តដកខ្លួនចេញពីអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ ជាការទាត់ចោលកិច្ចព្រមព្រៀងទ្វេភាគីតែមួយគត់ ដែលភាគីកម្ពុជា និងថៃបានពឹងផ្អែក និងប្រើប្រាស់ជាង ២៥ ក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នា ដែលភាគីទាំងពីរធ្លាប់បានបញ្ជាក់ពីស្មារតីនៃកិច្ចសហប្រតិបត្តិការ និងឆន្ទៈនយោបាយប្រកបដោយសន្តិវិធីរវាងរដ្ឋ និងរដ្ឋ។

លោកថ្លែងថា៖ «ជាការសោកស្តាយ ដែលភាគីថៃបានសម្រេចដកខ្លួនជាឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នាមួយនេះ ហើយសម្រាប់កម្ពុជាយើងតែងតែផ្តល់លទ្ធភាពទៅដល់យន្តការទ្វេភាគី ដែលស្របទៅនឹងតាមអនុស្សរណៈនៃការយោគយល់គ្នាមួយនេះ។ ការដកខ្លួន ដោយឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាការបោះបង់​ចោលកិច្ចព្រមព្រៀងទ្វេរភាគីតែមួយគត់ ដែលបង្កើតអោយមានក្របខណ្ឌទ្វេរភាគីតែមួយ​គត់ ដែលភាគីទាំងពីរបានពឹងផ្អែក និងប្រើប្រាស់ជាង ២ទស្សវត្សន៍កន្លងមកនេះ»។

នាយកវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា លោក គិន ភា យល់ឃើញថា ការសម្រេចចិត្តប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំរបស់រដ្ឋាភិបាលកម្ពុជាជាការស្វែងរកដំណោះស្រាយផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ និងការប្ដេជ្ញាចិត្តដោះស្រាយដោយយន្តការទ្វេភាគី។ លោកថា ក្នុងរយៈពេលដ៏ខ្លីខាងមុខ ដំណើរការច្បាប់នេះនឹងបញ្ជាក់ពីជំហរ និងបង្កើនការត្រួតពិនិត្យអន្តរជាតិលើសុពលភាពនៃការទាមទារ។

លោកគិន ភា លើកឡើងថា៖ «ជាយុទ្ធសាស្ត្រ ប្រទេសកម្ពុជាពង្រឹងភាពជឿជាក់ជាសកលរបស់ខ្លួនជាតួអង្គដែលមានស្ថិរភាព និងគោរពច្បាប់ ខណៈដែលប្រទេសថៃប្រថុយនឹងការខូចកេរ្តិ៍ឈ្មោះដោយសារអសន្តិសុខគតិយុត្ត នាំឱ្យវិនិយោគិនលែងមានទំនុកចិត្ត និងប៉ះពាល់ដល់មុខមាត់ការទូតរបស់ថៃ ដោយសារតែគោលនយោបាយការបរទេសរបស់ខ្លួនត្រូវបានក្លាយជាចំណាប់ខ្មាំងនៃនយោបាយក្នុងស្រុក និងរបៀបវារៈជាតិនិយមជ្រុល»។

លោកបន្ថែមថា៖ «យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំនេះនឹងផ្តល់នូវរបាយការណ៍និងអនុសាសន៍ដែលមានតម្លៃផ្នែកសីលធម៌ នយោបាយ និងគតិយុត្តខ្ពស់បំផុតលើឆាកអន្តរជាតិ និងបង្កសម្ពាធអន្តរជាតិលើថៃ។ តែយ៉ាងណា ភាគីទាំងពីរអាចបញ្ចៀសសម្ពាធផ្ទៃក្នុង ព្រោះការសម្រេចយ៉ាងណា វាផុតពីយុត្តាធិការផ្ទៃក្នុងនៃប្រទេសទាំងពីរ»។

គួរបញ្ជាក់ផងដែរថា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថៃ រដ្ឋាភិបាលថៃសម្រេចលុបជាឯកតោភាគី អនុស្សារណៈនៃការយោគយល់ឆ្នាំ២០០១ (MoU 2001) ស្ដីពីតំបន់ទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជានិងថៃ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦។ នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ប្រាប់កាសែតថៃថា ការសម្រេចចិត្តរប់សរដ្ឋាភិបាលថៃមិនប៉ះពាល់ដល់ស្ថេរភាពព្រំដែនជាមួយកម្ពុជាឡើយ។ លោកបន្តថា នៅកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសហ្វីលីភីននាពេលខាងមុខលោកត្រៀមខ្លួនក្នុងការជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីកម្ពុជា តែរដ្ឋាភិបាលថៃនឹងប្រើយន្តការថ្មី។

អគ្គលេខាធិការគណបក្សឆន្ទៈខ្មែរ និងជាសមាជិកព្រឹទ្ធសភា លោក គង់ ម៉ូនីកា បានថ្លែងប្រាប់ថា រដ្ឋាភិបាលកម្ពុជាត្រូវតែបង្ហាញគោលជំហច្បាស់លាស់ក្នុងការប្រើប្រាស់យន្តការតាមច្បាប់អន្តរជាតិ ថាតើយន្តការមួយណាគួរប្រើក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) ឬត្រូវប្ដឹងទៅតុលាការអន្តរជាតិ ស្របពេលរដ្ឋាភិបាលថៃតែងតែបង្ហាញកាយវិការមិនចង់ដោះស្រាយជាលក្្ខណៈទ្វេភាគីជាមួយកម្ពុជា។

លោកលើកឡើងថា៖ «យើងសង្កេតឃើញាថាភាគីថៃពុំបង្ហាញចេតនាសុច្ចរិតក្នុងការដោះស្រាយបញ្ហាបូរណភាពទឹកដីជាមួយព្រះរាជាណាចក្រកម្ពុជាយើងទេ គឺតែងតែធ្វើការគេចវេសអំពីការចូលរួមចចារជាលក្ខណៈទ្វេភាគី។ យើងមិនចោលទេនូវយន្តការចរចាទ្វេភាគី ហើយនឹងយន្តការការទូតផ្សេងៗ តែត្រូវបង្ហាញច្បាស់លាស់ថាតើប្រសិនបើយន្តការទាំងអស់នោះមិនអាចដំណើការបាន យើងត្រូវប្រើប្រាស់យន្តការអន្តរជាតិតាមរយៈ UNCLOS ជាដើមតើយើងប្រើយន្តការមួយណា»។

លោកបន្ថែមថា៖ «ក្រៅពីនេះត្រូវបញ្ជាក់ផដែរថាតើយើងមានក្រុមជំនាញច្បាប់មានអំណះ​អំណាងផ្នែកច្បាប់គ្រប់គ្រាន់ដើម្បីធ្វើការតស៊ូមតិទាំងផ្នែកច្បាប់ ទាំងផ្នែកការទូតជាមួយរដ្ឋាភិបាលថៃដែរឬទេ? មួយទៀតយើងខ្ញុំចង់ឱ្យរដ្ឋសភាដែលមានតំណាងរាស្ត្រតំណាងប្រជាពលរដ្ឋទាំងមូលទូទាំងប្រទេសប្រើប្រាស់តួនាទីរបស់ខ្លួនស្របតាមច្បាប់រដ្ឋធម្មនុញ្ញតាមរយៈការអញ្ជើញរដ្ឋាភិបាលមកចូលក្នុងសភាហើយធ្វើការដោះស្រាយអំពីបញ្ហានឹងដើម្បីឱ្យ​សាធារ​ណៈជន និងប្រជាពលរដ្ឋបានដឹងព្រោះវាជាផលប្រយោជន៍របស់ប្រទេសជាតិ»៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2462}" data-page="1" data-max-pages="1" data-start="1" data-end="1">