អ្នកឃ្លាំមើលជំរុញឱ្យបង្កើនអប់រំសីលធម៌និងអនុវត្តច្បាប់ដើម្បីបញ្ចៀសករណីហិង្សាជាក្រុមតាមដងផ្លូវ

សង្គម

អ្នកឃ្លាំមើលជំរុញឱ្យបង្កើនអប់រំសីលធម៌និងអនុវត្តច្បាប់ដើម្បីបញ្ចៀសករណីហិង្សាជាក្រុមតាមដងផ្លូវបន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍។

អំឡុងថ្ងៃបុណ្យចូលឆ្នាំកាលពីសប្ដាហ៍មុនយុវជនជាច្រើននាក់បានវាយទាត់ធាក់រថយន្តមួយគ្រឿងដែលបើកចេញទៅផ្ទះវិញបន្ទាប់មានគ្រោះថ្នាក់ចរណ៍រវាងរថយន្ដនិងម៉ូតូ។ផ្អែកតាមវីដេអូដែលផ្សាយដោយសារព័ត៌មានអនឡាញ ក្រុមមនុស្សដែលដើរកំសាន្តទាំងអស់នោះគិតថារថយន្ដនោះ បានបើកគេចមិនទទួលខុសត្រូវបន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍។

(ក្រុមយុវជនដែលវាយឡានហើយត្រូវនគរបាលចាប់ខ្លួននិងស្ថានភាពឡានបន្ទាប់ពីកើតមានហេតុការណ៍ហិង្សាតាមដងផ្លូវ។រូបភាពផ្សាយតាមហ្វេសប៊ុក)។

រថយន្ដនោះបើកឆ្លងកាត់ទីតាំងដែលមានមនុសជួបជុំដើរកំសាន្តនាឱកាសពិធីបុណ្យចូលឆ្នាំថ្មី នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ នាយប់ថ្ងៃទី១៦ ខែមេសា ។

ទោះជាយ៉ាងណាម្ចាស់រថយន្ដបានក្លាយជាជនរងគ្រោះវិញ បន្ទាប់ពីរូបគេបានបង្ហាញវីដេអូកាមេរ៉ាឡានដែលបញ្ជាក់ពីហេតុការណ៍ដែលបានកើតឡើង។គិតត្រឹមថ្ងៃទី១៨ ខែមេសាសមត្ថ​កិច្ចបានឃាត់ខ្លួនយុវជនបង្កហិង្សាទាំងនោះចំនួន៩នាក់។ ករណីនេះនាំឱ្យអ្នកឃ្លាំមើលទាញសន្និដ្ឋានបានថា ជាករណីហិង្សាតាមដងផ្លូវដោយក្រុមមនុស្ស ដែលទំនងជាកើតឡើងដោយទំនុកចិត្តលើការអនុវត្តច្បាប់ទាក់ទងនឹងគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយឡានទំនើប។

អ្នកនយោបាយក្រៅរដ្ឋាភិបាល និងអ្នកឃ្លាំមើលសង្គមយល់ថា ការមិនមានជំនឿលើការអនុវត្តច្បាប់ ពាក់ព័ន្ធគ្រោះថ្នាក់ចរាចរណ៍នាពេលកន្លងមក បានជំរុញឱ្យពលរដ្ឋវិនិច្ឆ័យ​លឿនដោយមិនបានគិតគូរឱ្យវែងឆ្ងាយ។ ពួកគេផ្ដល់យោបល់ឱ្យ អាជ្ញាធរត្រូវអនុវត្តច្បាប់ប្រកបដោយតម្លាភាព និងបង្ហាញភស្តុតាងជាក់ច្បាស់ពាក់ព័ន្ធនឹងអង្គហេតុ និងអង្គច្បាប់ រួមទាំងបង្កើនការអប់រំផ្សព្វផ្សាយអំពីច្បាប់ និងសីលធម៌សង្គមផង។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូលោក អំ សំអាត មានប្រសាសន៍ថា កង្វះទំនុកចិត្តរបស់ពលរដ្ឋ និងយុវជនលើប្រព័ន្ធយុត្តិធម៌ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍កន្លងមក ជុំវិញការទទួលខុសត្រូវចំពោះមុខច្បាប់មិនស្មើភាពគ្នា នាំឱ្យគេមិនបានសួររកហេតុផល និងពិចារណាឱ្យដិតដល់ ក៏ក្លាយជាជនល្មើសដោយមិនដឹងខ្លួន។

លោក និយាយថា៖ «អាជ្ញាធរពាក់ព័ន្ធគួរពង្រឹងក្នុងការអនុវត្តច្បាប់ដោយតម្លាភាព និងយុត្តិធម៌ ដើម្បីពង្រឹងជំនឿទុកចិត្តពីប្រជាពលរដ្ឋ អ្នកដែលដែលបានប្រព្រឹត្តខុសច្បាប់ត្រូវទទួលខុសត្រូវចុះពោះមុខច្បាប់ដោយស្មើភាពគ្នា ដោយឥតលំអៀង។ បើមិនដូច្នេះទេ ប្រសិនបើពលរដ្ឋដើរតួរនាទីជាតុលាការនៅតាមដងផ្លូវ ឬនៅលើបញ្ហាដែលបានកើតឡើងដោយការប្រើប្រាស់ហិង្សាដើម្បីសម្រេចសេចក្តី គឺអាចឱ្យជនជាច្រើនក្លាយជាជនរងគ្រោះ និងការប្រពឹត្តបទល្មើសជាច្រើនកើតឡើងដោយមិនដឹងខ្លួន ហើយត្រូវប្រឈមមុខចំពោះមុខច្បាប់»។

រីឯប្រធានគណបក្សជំនាន់ថ្មីលោក មាជ សុវណ្ណារ៉ា ជំរុញឱ្យអាជ្ញាធរត្រូវស្រាវជ្រាវប្រមូលភស្តុតាងឱ្យបានច្បាស់លាស់ ដើម្បីកុំឱ្យមានការថ្នាំងថ្នាក់ចិត្តពីមហាជន។ ក្រៅពីនេះលោក សុវណ្ណារ៉ា ក៏ទទូចឱ្យមានការអប់រំផ្សព្វផ្សាយអំពីសីលធម៌សង្គម និងពន្យល់ពលរដ្ឋឱ្យយល់ដឹងអំពីបុណ្យ និងបាប រួមទាំងចេះស្រឡាញ់ និងអាណិតគ្នាទៅវិញទៅមក។

លោក និយាយថា៖ «យើងឃើញថា សង្គមបច្ចុប្បន្នជាសង្គមខ្វះការអប់រំ យើងបាត់សីលធម៌ បាត់ការសហការរវាងអាណាព្យាបាល ជាមួយសមត្ថកិច្ច និងលោកគ្រូនៅសាលារៀន។ ចឹងយើងខ្វះការទំនាក់ទំនងគ្នា ហើយនៅទីវត្តអារាមយើងហាក់បីដូចជាខ្វះការអប់រំ នូវទ្រឹស្ដីព្រះពុទ្ធ»។

ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍នេះ កាលពីចុងខែមីនា ឆ្នាំ២០២៦ មានភាពចម្រូងចម្រាស់មួយទាក់ទិននឹងម្ចាស់រថយន្តដែលបានបើកបុកក្មេងប្រុសអាយុ១១ឆ្នាំម្នាក់ឱ្យរបួស នៅខណ្ឌឫស្សីកែវ ដោយពលរដ្ឋនៅទីតាំងកើតហេតុ អះអាងថា អ្នកបើកបររថយន្តគឺជាមនុស្សប្រុស ដែលផ្ទុយពីការរកឃើញរបស់សមត្ថកិច្ចថា ស្រ្តីទើបជាអ្នកបើករ ហើយបុរសនោះគ្រាន់ជាអ្នករួមដំណើរ។ លុះក្រោយមក សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់នារីរូបនោះពីបទ៖ បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យរបួសអ្នកដទៃ។ ចំណែកបុរសដែលមហាជនមួយចំនួនជឿថា ជាអ្នកបើកបរពិតប្រាកដ ត្រូវបានដោះលែង។

កាលពីខែមីនាដដែលមានករណីគ្រោះថ្នាក់ចរាចណ៍មួយនៅខេត្តបាត់ដំបងដែលអ្នកបើកបរជាកូនប្រុសរបស់ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ។គ្រោះថ្នាក់នោះបណ្ដាលឱ្យមនុស្ស​៦​នាក់ស្លាប់(រួមទាំងកូនក្នុងផ្ទៃ)។ហេតុការណ៍នោះល្បីរន្ទឺទូទាំងប្រទេសរហូតដល់មានបញ្ជាពីលោកហ៊ុន ម៉ាណែតនិងលោក ស សុខា ទើបក្រុមគ្រួសារនាំអ្នកបើករថយន្ដទៅប្រគល់ខ្លួនឱ្យនគរបាល។រហូតមកទល់ពេលនេះយុវជនដែលបើកបរនោះត្រូវតុល្លារការសម្រេចឃុំខ្លួនទៅហើយ៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2266}" data-page="1" data-max-pages="1" data-start="1" data-end="1">