បក្សជំទាស់ចង់ឱ្យរដ្ឋាភិបាលដោះលែងសកម្មជននានាដើម្បីឯកភាពជាតិ

សិទ្ធិមនុស្ស

គណបក្សជំទាស់មួយចំនួនផ្ដល់យោបល់ដល់រដ្ឋាភិបាលឱ្យដោះលែងសកម្មជននយោបាយ សិទ្ធិមនុស្ស និងសកម្មជនបរិស្ថានជាដើមដែលកំពុងជាប់ឃុំ ឱ្យមានសេរីភាពឡើងវិញ ដើម្បីបង្រួបបង្រួមជាតិ ព្រមទាំងស្ដារមុខមាត់កម្ពុជានៅលើឆាកអន្តរជាតិ។ 

ការស្នើសុំនេះ ធ្វើឡើងក្រោយពីកម្ពុជាបានចេញសេចក្ដីថ្លែងការណ៍កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ សាទរប្រទេសមីយ៉ាន់ម៉ាដែលដោះលែងអ្នកទោសជាង ៤ពាន់នាក់ អំឡុងពេលបុណ្យចូលឆ្នាំថ្មីមីយ៉ាន់ម៉ា រួមមានអតីតប្រធានាធិបតី លោក U Win Myint ព្រមទាំងបន្ធូរបន្ថយទោសមេបក្សប្រឆាំងអ្នកស្រី Aung San Suu Kyi។ ជាមួយគ្នានោះ កម្ពុជាសង្ឃឹមថាភាគីទាំងអស់នៅមីយ៉ាន់ម៉ាអាចធ្វើការរួមគ្នាឆ្ពោះទៅរកបទឈប់បាញ់នៅទូទាំងប្រទេស និងការផ្សះផ្សាជាតិ។

ទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន មានប្រសាសន៍ថា លោកបានឃើញកម្ពុជាសាទរប្រទេសមីយ៉ាន់ម៉ាចំពោះការវិវត្តជាវិជ្ជមានដោយដោះលែងអ្នកទោសនយោបាយជាច្រើននាក់ រួមទាំងការបន្ធូរបន្ថយទោសលើអ្នកនយោបាយ។ 
លោក រ៉ុង ឈុន យល់ថាប្រទេសមីយ៉ាន់ម៉ាបានបោះជំហានមុនប្រទេសកម្ពុជាមួយជំហានទៅហើយ នៅឡើយតែប្រទេសកម្ពុជា លោកមិនទាន់ឃើញមានការដោះលែងអ្នកនយោបាយ និងសកម្មជននានា ឬលោកហៅថាជាអ្នកជាប់ឃុំមនសិការ។

លោកថា៖ «យើងគិតថា កម្ពុជាយើងគួរតែពិនិត្យមើលឡើងវិញជុំវិញបញ្ហានេះ ពីព្រោះភូមាបានបោះមួយជំហានមុនហើយ អ៊ីចឹងយើងក៏ត្រូវគិតអំពីការស្ដារឡើងវិញនូវមុខមាត់កម្ពុជាផងដែរទាក់ទងទៅនឹងការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនេះ ពីព្រោះនេះជាចំណុចដែលគេកំពុងតែទន្ទឹងរង់ចាំមើល ហើយបើសិនជាមានការដោះលែងដូចតែប្រទេសភូមាដែរ កម្ពុជាយើងនឹងទទួលបានការសាទរពីសហគមន៍អន្តរជាតិ ក៏ដូចជាប្រជាពលរដ្ឋដែលនឹងសាទរ ហើយនឹងទទួលបានការគាំទ្រផ្នែកការទូត»។

ចំណែកឯស្ថាបនិកគណបក្សកែទម្រង់កម្ពុជាលោក អ៊ូ ច័ន្ទរ័ត្ន ក៏ចង់ឃើញមានដោះលែងអ្នកកំពុងជាប់ឃុំដែលជាអ្នកនយោបាយ សកម្មជនបរិស្ថាន សកម្មជនសង្គម និងសកម្មជនសិទ្ធិមនុស្សជាដើម ដើម្បីឯកភាពជាតិ។

លោកថា៖ «យើងរងគ្រោះដោយសារអំពើឈ្លានពានរបស់អ្នកជិតខាងអីជាដើមហ្នឹង គួរតែយើងចាប់ផ្ដើមពិនិត្យមើលការដោះលែងអ្នកទោសនយោបាយ អ្នកទោសមនសិការជាដើម ឬក៏អ្នកនយោបាយធំៗ ដូចករណីឯកឧត្តម កឹម សុខា ក្ដី ហើយអ្នកនយោបាយផ្សេងទៀតក្ដីហ្នឹងគួរតែពិនិត្យមើលហើយដោះលែងឱ្យមានសេរីភាពឡើងវិញដើម្បីឯកភាពជាតិ»។

លោក អ៊ូ ច័ន្ទរ័ត្ន ក៏ចង់ឱ្យមានការលើកលែងទោសចំពោះអ្នកនយោបាយដែលនិរទេសខ្លួនទៅក្រៅប្រទេស ដើម្បីឱ្យពួកគេវិលត្រឡប់ចូលស្រុកវិញ ហើយនិងមានការបង្រួបបង្រួមជាតិ។

ជាការឆ្លើយតប ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពជាលោក ប៉ែន បូណា មានប្រសាសន៍ថា នៅប្រទេសកម្ពុជាពុំមានអ្នកទោសនយោបាយទេ ពោលគឺមានតែអ្នកនយោបាយដែលជាប់ទោសដោយសារប្រព្រឹត្តផ្ទុយនឹងច្បាប់។

លោកថា៖ «នៅកម្ពុជាអត់មានអ្នកទោសនយោបាយទេ គឺមានតែអ្នកនយោបាយមួយចំនួនដែលប្រព្រឹត្តខុសច្បាប់ហើយជាប់ទោស។ ដូច្នេះ អ្នកប្រព្រឹត្តខុសច្បាប់ហើយមានទោស គឺមានតែតុលាការទេដែលជាអ្នកសម្រេច»។

ជុំវិញករណីនេះ សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា សង្កេតឃើញថា ការដែលប្រទេសមីយ៉ាន់ម៉ាដោះលែង និងបន្ធូរបន្ថយទោសដល់អ្នកនយោបាយ គឺដើម្បីទទួលបាននូវការគាំទ្រពីសំណាក់ប្រទេសលោកខាងលិច ពីព្រោះលទ្ធផលនៃការបោះឆ្នោតនៅមីយ៉ាន់ម៉ា មិនទាន់ត្រូវបានទទួលស្គាល់ជាទូទៅនៅឡើយ។

លោកថា៖ «នៅកម្ពុជាយើងៗសាទរអីអ៊ីចឹង ក៏ប៉ុន្តែខ្លួនយើងៗអត់បានធ្វើអីផងហ្នឹង។ អ៊ីចឹងវាគ្រាន់តែថា ការសាទរហ្នឹងវាមិនបញ្ជាក់ពីសុទ្ធចិត្តរបស់គណបក្សកាន់អំណាច ឬក៏របស់រដ្ឋាភិបាលទេ បើយើងមើលឃើញ មតិសាធារណជនទូទៅទាំងជាតិគេអាចមើលឃើញបែបហ្នឹង»។

លោកបន្ថែមថា៖ «ខ្ញុំគ្រាន់តែចង់ឱ្យរដ្ឋាភិបាល ឬគណបក្សកាន់អំណាច អ្នកនយោបាយហ្នឹងប្រកាន់គោលការណ៍ច្បាប់ឱ្យបានត្រឹមត្រូវទៅ កុំឱ្យតែយើងយកច្បាប់មកប្រើជាមធ្យោបាយដាក់សម្ពាធ។ ឧទាហរណ៍ថា សេរីភាព ឬក៏ប្រជាធិបតេយ្យឱ្យមានពិតប្រាកដតាមគោលការណ៍ច្បាប់ ឬក៏រដ្ឋធម្មនុញ្ញ ដែលយើងឱ្យសច្ចាប័នទៅលើសន្ធិសញ្ញា អនុសញ្ញាផ្សេងៗរបស់អន្តរជាតិហ្នឹង យើងធ្វើឱ្យបានពិតប្រាកដទៅ»។

គិតត្រឹមខែមេសាឆ្នាំ២០២៦ អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស(លីកាដូ) កាត់ត្រាថាមានអ្នកកំពុងជាប់ឃុំ និងជាប់ទោសចំនួន១០១នាក់ រួមមានអ្នកនយោបាយ អ្នកការពារសិទ្ធិមនុស្ស សកម្មជនដីធ្លី សហជីព អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គម។ លីកាដូចាត់ទុកអ្នកទាំងនោះ ថាជាអ្នកជាប់ឃុំដោយប្រើសិទ្ធិសេរីភាពបញ្ចេញមតិ៕

សិទ្ធិមនុស្ស","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2385}" data-page="1" data-max-pages="1" data-start="1" data-end="1">