គណបក្សក្រៅរដ្ឋាភិបាលមួយចំនួនបានចេញសេចក្តីថ្លែងការណ៍ស្នើឱ្យរាជរដ្ឋាភិបាលបញ្ចុះពន្ធប្រេងឥន្ធនៈត្រឹមសូន្យ និងបញ្ចេញថវិកាជាតិ ដើម្បីសម្រួលបន្ទុករស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅក្នុងអំឡុងជម្លោះនៅតំបន់មជ្ឈិមបូព៌ា។
សេចក្តីថ្លែការណ៍របស់គណបក្សជំនាន់ថ្មី នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ លើកឡើងថា បញ្ហាកង្វះប្រេង និងការឡើងថ្លៃជាបន្តបន្ទាប់ បានបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចទូទៅ និងជីវភាពរស់នៅប្រជាពលរដ្ឋ ដោយធ្វើឱ្យតម្លៃទំនិញ និងសេវាកម្មកើនឡើង ការដឹកជញ្ជូនជួបការលំបាក និងអាជីវកម្មជាច្រើនរងផលប៉ះពាល់។
សេចក្តីថ្លែងការណ៍បន្តថា៖ «ផ្អាកការយកពន្ធនាំចូលក្នុងអន្តរកាលលើតម្លៃប្រេងឥន្ធនៈ។គ្រប់គ្រងតម្លៃ និងទប់ស្កាត់ការលួចលាក់តម្លើងថ្លៃ អនុវត្តវិធានការត្រួតពិនិត្យទីផ្សារឱ្យមានប្រសិទ្ធភាព»។
ប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណរ៉ា អះអាងថា ការស្នើនេះ គឺមានគោលបំណងឲ្យរាជរដ្ឋាភិបាលឆ្លើយតបទៅនឹងវិបត្តិប្រេងឥន្ធនៈឡើងថ្លៃអំឡុងជម្លោះនៅតំបន់មជ្ឈិមបូព៌ា។
លោកលើកឡើងថា៖ «រដ្ឋាភិបាល ត្រូវបញ្ចេញថវិកាបម្រុងណាមួយ សម្រាប់ទប់ឲ្យប្រេងហ្នឹងក្នុងកម្រិត វាមិនមែនថា មិនឲ្យឡើងថ្លៃកប់ពពកអីទេ គឺថាវាឡើងថ្លៃ ក៏ក្នុងកម្រិតមួយដែលអាចទទួលយកបាន ហើយយើងពន្យល់ណែនាំប្រជាពលរដ្ឋហ្នឹង ឲ្យដឹងថា ដោយសារយើងមានប្រាក់បម្រុងក្នុងកម្រិតប៉ុណ្ណេះខែ ដែលអាចទប់បាន ទម្រាំដំណោះស្រាយសកល ពិភពលោក ទាក់ទងទៅនឹងប្រេងឥន្ធនៈ ដែលមានសង្រ្គាមនៅអ៊ីរ៉ង់ ជាមួយអ៊ីស្រាអែល សហរដ្ឋអាមេរិក ហ្នឹងគឺយើងមានប្រាក់បម្រុង ប្រេងបម្រុង បានតែប៉ុណ្ណេះថ្ងៃទេ តើយើងត្រូវទប់ស្កាត់ ជួយគ្នាយ៉ាងម៉េច រវាងរដ្ឋនិងរាស្រ្ត»។
លោកបានលើកឡើងថា ក្នុងស្ថានភាពតម្លៃប្រេងឡើងខ្ពស់ និងវិបត្តិសេដ្ឋកិច្ច ប្រជាពលរដ្ឋគួរបន្ថយការចំណាយ និងកែប្រែរបៀបរស់នៅ ដូចជា កាត់បន្ថយការប្រើប្រាស់យានយន្ត និងជ្រើសរើសធ្វើដំណើរដែលសមស្រប។
លោកបន្តថា៖ «ជាមួយនឹងអ្នកទី៣ ដូចជាធនាគារ មីក្រូហិរញ្ញវត្ថុ ទៅនឹងកំណត់ទីផ្សារហ្នឹង មានន័យថា កុំឆក់ឱកាស កុំបង្កើតនូវជំនួញទុច្ចរិតបែបណាដែលយើងមិនបានចែកគ្នារស់ក្នុងនាមជាខ្មែរ យើងទៅជាការដណ្ដើមគ្នារស់ ក្នុងការឆក់ឱកាសបែបប្រទេសមានអាសន្ន មានវិបត្តិ ហានិភ័យ ជួបនូវវិបត្តិសេដ្ឋកិច្ច វិបត្តិហិរញ្ញវត្ថុ វិបត្តិបំណុល ក៏ដូចជាវិបត្តិប្រេងឥន្ធនៈ អីជាដើម»។
ស្រដៀងគ្នានេះដែរ គណបក្សកម្លាំងជាតិ បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃពេលថ្មីៗនេះថា ដើម្បីដោះស្រាយបញ្ហានេះ រាជរដ្ឋាភិបាលត្រូវទម្លាក់ពន្ធលើប្រេងឥន្ធនៈ និងអាករលើតម្លៃបន្ថែម (VAT) មកត្រឹមសូន្យភាគរយ ដើម្បីបន្ថយតម្លៃប្រេងឱ្យធ្លាក់ចុះ។
សេចក្តីថ្លែងការណ៍បន្តថា៖ «បើរាជរដ្ឋាភិបាលកម្ពុជា មានការទំលាក់ពន្ធ និងអាករលើតម្លៃបន្ថែមមកត្រឹមសូន្យ នោះតម្លៃប្រេងសាំង ធ្លាក់ចុះប្រហែលជាង ៤ ០០០រៀល ក្នុងមួយលីត្រ និងប្រេងម៉ាស៊ូតប្រហែលជាង ៥ ០០០រៀល ក្នុងមួយលីត្រ»។
ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន បានលើកឡើងថា ជុំវិញបញ្ហានេះរដ្ឋត្រូវមានវិធានការដោះស្រាយ និងថាប្រសិនជារដ្ឋាភិបាលមិនបានយកចិត្តទុកដាក់អ្នកដែលទទួលទុក្ខលំបាកគឺមន្រីរាជការ កម្មករក៏ដូចជា ប្រជាពលរដ្ឋ កសិករ កម្មករ អាជីវករ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធជាដើម។
លោកនិយាយថា៖ «គណបក្សកម្លាំងជាតិមើលឃើញថា រដ្ឋាភិបាលគួរតែមានកញ្ចប់បញ្ជេញនូវកញ្ចប់ថវិការជាតិ ធ្វើម៉េចដើម្បីឲ្យតម្លៃប្រេងឥន្ធនៈថយចុះ ឬមួយរដ្ឋាភិបាលត្រូវការបន្ថយពន្ធឲ្យមកសូន្យភាគរយ»។
កន្លងទៅ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោក ប៉ែន សុវិជាតិ ធ្លាប់បានអះអាងថា កម្ពុជាជាប្រទេសនាំចូលប្រេងសុទ្ធសាធពីអន្តរជាតិ ដែលនាំឱ្យតម្លៃប្រេងឥន្ធៈឡើង ឬចុះអាស្រ័យលើទីផ្សារអន្តរជាតិ។ លោកក៏បានអះអាងថា ក្រសួងពាណិជ្ជកម្មនៅមិនទាន់អាចជួយអ្វីដល់កសិករបាននៅឡើយទេ ប៉ុន្តែក្រសួងនឹងព្យាយាមឱ្យកសិករអាចរកទិញប្រេងឥន្ធៈបាន បើទោះបីជាតម្លៃកើនឡើងជាងមុនក៏ដោយ។
កាលពីថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល លោក កែវ រតនៈ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ថា ប្រហែលមួយភាគបីនៃស្ថានីយ៍ប្រេងឥន្ធនៈចំនួន ៦៣០០ នៅក្នុងប្រទេស បានបិទទ្វារកាលពីសប្តាហ៍មុន ដោយសារតែភាពមិនប្រាកដប្រជាលើផលប៉ះពាល់នៃជម្លោះលើតម្លៃប្រេងឥន្ធនៈ ប៉ុន្តែមានតែ ៥,៧៧% ប៉ុណ្ណោះដែលត្រូវបានបិទទ្វារនាពេលបច្ចុប្បន្ន។
ក្នុងបរិបទដែលតម្លៃប្រេងឥន្ធនៈកើនឡើង ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី០៩ ខែមីនា បានចេញសេចក្ដីប្រកាសណែនាំឱ្យក្រុមហ៊ុនចែកចាយ និងផ្គត់ផ្គង់ប្រេងឥន្ធនៈ នៅតាមរាជធានី-ខេត្ត ទាំងអស់ ត្រូវលក់ប្រេងតាមតម្លៃទីផ្សារដែលបានកំណត់។ ក្រសួងក៏បានណែនាំឱ្យមន្ត្រីពាក់ព័ន្ធ បន្តចុះត្រួតពិនិត្យ និងតាមដានការលក់ជាប្រចាំ នៅតាមស្ថានីយ និងដេប៉ូប្រេងឥន្ធនៈ ដើម្បីធានាថាការជួញដូរបានអនុវត្តត្រឹមត្រូវតាមច្បាប់។ យោងតាមក្រសួងពាណិជ្ជកម្ម គិតចាប់តាំងពីថ្ងៃទី១៧ ខែមីនា មក តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៥,៥០០រៀលក្នុងមួយលីត្រ និងប្រេងម៉ាស៊ូតមានតម្លៃ ៦,៥៥០រៀល ក្នុងមួយលីត្រ៕







