រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវប្រជាពលរដ្ឋចូលរួមលេងកម្សាន្តឱ្យបានច្រើនកុះករ ក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ធ្វើឡើងក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រយៈពេល៦ថ្ងៃ នៅរាជធានីភ្នំពេញ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ចេញផ្សាយថ្ងៃទី១ មេសានេះ។
សេចក្ដីជូនដំណឹងដដែល ឱ្យដឹងថាព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានការរៀបចំកម្មវិធីប្រពៃណីសាសនា និងកម្មវិធីមួយចំនួន ដូចជាពិធីទទួលទេវតាឆ្នាំថ្មី ដង្ហែក្បួននគរសង្ក្រាន្ត ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្ដែងទស្សនីយភាព សិល្បៈវប្បធម៌ជាច្រើនទម្រង់ លេងល្បែងប្រជាប្រិយជាតិ និងការតាំងពិព័រណ៍ផលិតផលក្នុងស្រុក ក្នុងរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ខែមេសា ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។
សេចក្ដីជូនដំណឹងបន្តថា ព្រឹត្តិការណ៍ ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើនៅទីតាំងសំខាន់ៗដូចជា រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ តំបន់ជុំវិញវត្តភ្នំ បរិវេណសួនច្បារវឌ្ឍនៈ សួនច្បារអតីតទីលានប្រជាធិបតេយ្យ ស្ពាននាគភ្លោះរមណីយដ្ឋានវត្តភ្នំ រហូតដល់ផ្សាររាត្រី ផ្លូវថ្មើរជើងចតុមុខរាជធានី ភ្នំពេញ (Walk Street) និងកម្មវិធីអមនៅបរិវេណបាសាក់លែន (Bassac Lane) និងបរិវេណផ្សារទួលទំពូង។
សេចក្ដីជូនដំណឹង ឱ្យដឹងអំពីបំណងថា៖ «ដើម្បីចូលរួមអបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី ឆ្នាំ២០២៦ និងចូលរួម ថែរក្សាការពារទំនៀមទម្លាប់ប្រពៃណី វប្បធម៌ដ៏ល្អផូរផង់របស់ជាតិ ទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ជាពិសេស បង្ហាញពីការដឹងគុណយ៉ាងជ្រាលជ្រៅ និងផ្សាភ្ជាប់ពិធីបុណ្យចូលឆ្នាំជាមួយវីរកងកម្លាំងជួរមុខ និងពលរដ្ឋភៀសសឹក ក្រោមស្មារតីការរួបរួមសាមគ្គី នៃមហាគ្រួសារខ្មែរតែមួយ»។
តាមរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឱ្យការរៀបចំព្រឹត្តិការណ៍ខាងលើ ប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈល្អប្រសើរ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរណ៍ នៅជុំវិញទីតាំង រៀបចំព្រឹត្តិការណ៍ អាជ្ញាធរមានសមត្ថកិច្ច នឹងរៀបចំចំណតយានយន្តសម្រាប់ប្រជាពលរដ្ឋដែលមកចូលរួម កម្សាន្តក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត និងស្នើអ្នកធ្វើដំណើរដែលពុំមានភារកិច្ចចាំបាច់ ជៀសវាងការធ្វើដំណើរឆ្លងកាត់តំបន់ប្រារព្ធពិធី ដើម្បីកាត់បន្ថយការកកស្ទះ។
ទោះជាយ៉ាងណា ក៏មានមតិពលរដ្ឋខ្លះលើកឡើងថា ក្នុងស្ថានភាពប្រទេសកម្ពុជាកំពុងទទួលរងនូវការឈ្លានពានទឹកដីពីសំណាក់យោធាថៃ ស្របពេលពលរដ្ឋនៅតាមតំបន់ព្រំដែនកំពុងប្រឈមនឹងការបាត់បង់ដីធ្លី និងផ្ទះសម្បែង ព្រមទាំងផលប៉ះពាល់នៃសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាមកលើប្រទេសកម្ពុជាផងនោះ រដ្ឋាភិបាលពុំគួរបង្កើតកម្មវិធីសប្បាយៗហួសហេតុ និងចំណាយធនធានជាតិជ្រុលពេកនោះទេ ប៉ុន្តែគួរសន្សំសំចៃថវិកា ឬធ្វើសកម្មភាពដើម្បីទទួលបានថវិកា ទុកយកទៅជួយវីរកងកម្លាំងការពារព្រំដែន និងពលរដ្ឋ ឬជនភៀសសឹកដែលកំពុងមានតម្រូវការចាំបាច់សម្រាប់ការរស់នៅប្រសើរជាង៕







