រដ្ឋបាលរាជធានីភ្នំពេញអំពាវនាវដល់ពលរដ្ឋទាំងអស់ឱ្យបរិច្ចាគថវិកា ស្បៀងអាហារ និងសម្ភារប្រើប្រាស់ផ្សេងៗ ទៅចែកជូនកងពលធំអន្តរាគមន៍លេខ៣ កងពលតូចអន្តរាគមន៍លេខ៩ វរនគរបាល ការពារព្រំដែនលេខ៧៩៣ ឈរជើងការពារនៅខ្សែក្រវាត់ព្រំដែន ប្រចាំទិសប្រាសាទព្រះវិហារ និងកងពលតូច អន្តរាគមន៍លេខ១២៨ ឈរជើងការពារនៅតំបន់អូរអាឡៃ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង នៅចុងខែមីនា ឬដើមខែមេសា ឆ្នាំ២០២៦។ លិខិតអំពាវនាវចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នឹងត្រូវផ្សាយជាសាធារណៈនៅថ្ងៃទី១៧ខែមីនាឆ្នាំ២០២៦។
លិខិតនោះសរសេរ ថា៖ «ដើម្បីជាការលើកទឹកចិត្ត និងផ្សារភ្ជាប់នូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅ រវាងសមរភូមិជួរក្រោយ និងវីរ យុទ្ធជនតាមបន្ទាត់ព្រំដែនជួរមុខ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវ ឯកឧត្តម លោកអ្នកឧកញ៉ា អ្នកឧកញ៉ ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី ជាពាណិជ្ជករ សិប្បករ វិនិយោគិន និងសប្បុរសជន លោក លោកសី អភិបាលខណ្ឌ ប្រធានមន្ទីរ អង្គភាពចំណុះទាំងអស់ មេត្តាចូលរួមបរិច្ចាគអំណោយជាថវិកា ស្បៀងអាហារ ឬ សម្ភារប្រើប្រាស់ផ្សេងៗ តាមលទ្ធភាពនិងសទ្ធាជ្រះថ្លា»។
រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់ថាពលរដ្ឋអាចយកអំណោយទៅបរិច្ចាគ នៅទីចាត់ការហិរញ្ញវត្ថុសាលារាជធានីភ្នំពេញ ឬនៅរដ្ឋបាលខណ្ឌទាំង១៤។
សេចក្តីអំពាវនាវបន្ថែមថា៖ «សូមមេត្តាយកមកប្រគល់ជូននៅទីចាត់ការហិរញ្ញវត្ថុ សាលារាជធានីភ្នំពេញ រៀងរាល់ ម៉ោងធ្វើការ ទូរស័ព្ទលេខ ០៦១ ៧៩៩ ៩៩៧ / ០១៧ ៨៦៧ ៨៧២ ឬបង្វែរតាមគណនីធនាគារ ABAរបស់ រដ្ឋបាលរាជធានីភ្នំពេញ៖ PHNOM PENH CAPITAL HALL លេខ៖ 599 778 899 (KHR) និងលេខ៖ 399 778 899 (USD)»។
អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ អ្នកស្រី ដោ សម្ផស្ស មានប្រសាសន៍ថា រដ្ឋបាលរាជធានីភ្នំពេញតែងតែទៅសួរសុខទុក្ខកងទ័ពរាល់ពេលចូលឆ្នាំខ្មែរ និងរដូវភ្ជុំ ដោយនាំអំណោយទៅជូនពួកគាត់ ដោយសារក្នុងរដូវបុណ្យទាន ពលរដ្ឋទូនៅជួរក្រោយគួរនឹកឃើញដល់កងទ័ព ដែលជាប់ភារកិច្ចមិនអាចត្រឡប់ទៅជួបជុំគ្រួសារ។
អ្នកស្រីថា៖ «នេះជាការផ្សារភ្ជាប់រវាងមនោសញ្ចេតនា«ខ្មែរជួយខ្មែរ» «ខ្មែរស្រឡាញ់ខ្មែរ» ហើយនិងការជួយពីសមរភូមិក្រោយទៅសមរភូមិមុខ ជាការលើកទឹកចិត្ត ជាការដឹងគុណចំពោះការលះបង់របស់ពួកគាត់ដើម្បីការពារបូរណភាពទឹកដីយើង»។
ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន យល់ថា ការដែលរដ្ឋបាលរាជធានីភ្នំពេញអំពាវនាវឱ្យពលរដ្ឋបរិច្ចាគអំណោយដល់កងទ័ពនេះ គឺមិនមានការទាស់ខុសអ្វីទេ ក៏ប៉ុន្តែលោកយល់ថា សាលាក្រុងខ្លួនឯងអាចមានលទ្ធភាពជួយកងទ័ពស្រាប់ទៅហើយ។
លោកថា៖ «សាលារាជធានីភ្នំពេញ ខ្ញុំគិតថាដូចជាមានលទ្ធភាពច្រើននៅក្នុងការធ្វើអំណោយទៅដល់វីរៈកងទ័ព មិនចាំបាច់អំពាវនាវឱ្យមានការចូលរួមពីប្រជាពលរដ្ឋក៏នឹងអាចទៅបានដែរ ព្រោះយើងមើលលទ្ធភាព[…]ប៉ុន្តែបើអំពាវនាវក៏មិនជាការទាស់ខុសអ្វីដែរក្នុងន័យមនុស្សធម៌ជួយវីរៈកងទ័ព។ ប៉ុន្តែធ្វើយ៉ាងណាជំនួយដែលទទួលបានពីប្រជាពលរដ្ឋហ្នឹងត្រូវតែបានផ្ដល់ជូនទៅដល់កងទ័ព»។
គិតត្រឹមថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ពលរដ្ឋភៀសសឹកជាង៦សែន១ម៉ឺននាក់ ដែលស្មើនឹងជាង៩៤% បានត្រឡប់ទៅលំនៅឋានវិញ។ ឯពលរដ្ឋដែលពុំទាន់អាចត្រឡប់ទៅលំនៅបានមានចំនួន៣៦.៥៨៩នាក់ ក្នុងនោះមានស្រ្តី១៨.៩៦៤នាក់ និងកុមារ១២.២៧៤នាក់៕







