សាលាឧទ្ធរណ៍ភ្នំពេញនៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ បើកសវនាការជំនុំជម្រះក្ដីលើសកម្មជនកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសលោក ស៊្រុន ស្រ៊ន ក្រោមបទ «ញុះញង់» ដែលជាបទចោទទៅលើមួយករណីផ្សេងទៀត បន្ថែមទៅលើករណី CLV-DTA។
ការបើកសវនាការនេះ គឺបន្ទាប់ពីលោក ស្រ៊ុន ស្រ៊ន បានប្ដឹងឧទ្ធរណ៍កាលពី ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ជំទាស់ទៅនឹងសាលក្រមកំបាំងមុខរបស់សាលាដំបូងរាជធានីភ្នំពេញដែលបានសម្រេចកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ឱ្យលោក ស្រ៊ុន ស្រ៊ន ជាប់ពន្ធនាគារ២ឆ្នាំ និងពិន័យជាប្រាក់៤លានរៀល។
សហមេធាវីការពារក្ដីឱ្យសកម្មជនកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសលោក ស៊្រុន ស្រ៊ន គឺលោក សឺន ជុំជួន និងលោក អែម ចន្ថា ឱ្យដឹងថា សាលាដំបូងរាជធានីភ្នំពេញបានកាត់ទោសកំបាំងមុខកូនក្ដីរបស់ពួកគាត់ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។
មេធាវីថា ការកាត់ទោសលោក ស៊្រុន ស្រ៊ន គឺពាក់ព័ន្ធនឹងការអធិប្បាយរបស់លោកជុំវិញរឿងរបស់ក្រសួងយុត្តិធម៌ដែលកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ បង្គាប់ឱ្យអនុប្រធានតុលាការកំពូលលោក ជីវ កេង ឱ្យធ្វើជាប្រធានស្ដីទីតុលាការកំពូលរហូតដល់តែងតាំងជាប្រធានផ្លូវការ។
សហមេធាវីទាំងពីររូបបញ្ជាក់ថា គ្រប់នីតិវិធីនៃសំណុំរឿងនេះត្រូវបានសាលាដំបូងរាជធានីភ្នំពេញធ្វើឡើងដោយកំបាំងមុខ តាំងពីដំណាក់កាលនគរបាលយុត្តិធម៌ ដំណាក់កាលអយ្យការ ចៅក្រមស៊ើបសួរ ការជម្រះក្ដី និងការប្រកាសសាលក្រម។
សហមេធាវីការពារក្ដីឱ្យលោក ស៊្រុន ស្រ៊ន គឺលោក សឺន ជុំជួន ប្រាប់ថា នៅក្នុងសវនាការសាលាឧទ្ធរណ៍ភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ តុលាការបានសួរដេញដោលជនជាប់ចោទ និងសាក្សី ពីអង្គហេតុ និងអង្គច្បាប់។ លោកមេធាវីអះអាងថាអ្វីដែលកូនក្ដីលោកបានផ្សព្វផ្សាយនោះ មិនមានចេតនាធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសង្គមឡើយ។ ជាមួយគ្នានេះ លោកមេធាវី ជុំជួន បានដាក់សំណើ៣ចំណុចទៅកាន់តុលាការ។
លោកថា៖ «ពិចារណាទៅលើធាតុផ្សំឱ្យបានគ្រប់គ្រាន់មុននឹងចេញសាលដីកាសម្រេចយ៉ាងណានោះ។ ចំណុចទី២ឱ្យពិចារណាទៅលើភស្តុតាងក៏ដូចជាសាក្សី ហើយនិងភស្ដុតាងកសាងដោយសមត្ថកិច្ច។ ហើយទី៣ពិចារណាទៅលើច្បាប់ ទាំងច្បាប់ជាតិ និងច្បាប់អន្តរជាតិ។ អ៊ីចឹងជាចំណុចដែលយើងស្នើសុំឱ្យតុលាការពិចារណាទាំង៣ចំណុចហ្នឹងហើយឱ្យកូនក្ដីហ្នឹងបានរួចផុតពីបទចោទ»។
លោកមេធាវីប្រាប់ថា តុលាការនឹងប្រកាសសាលដីកានៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ហើយលោកសង្ឃឹមថា តុលាការនឹងសម្រេចឱ្យកូនក្ដីលោករួចផុតពីបទចោទ។
ចំណែកឯភរិយារបស់សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសលោក ស្រ៊ុន ស្រន គឺអ្នកស្រី ស៊ីង សុភីណា បារម្ភថាប្ដីគាត់នឹងបន្តជាប់ពន្ធនាគារពីបទចោទនេះ និងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ និងផ្លូវចិត្តកូនៗរបស់គាត់។
អ្នកស្រីថា៖ «សំណូមពរឱ្យតុលាការពិចារណាទៅលើបទចោទគាត់ ព្រោះអីគាត់ [លោក ស្រ៊ុន ស្រ៊ន] ក៏គ្មានបានធ្វើអីដែរ មួយរយៈ២ឆ្នាំហ្នឹងគឺគាត់នៅក្នុងពន្ធនាគាររហូត សូមឱ្យពិចារណាដោះលែងគាត់ឱ្យមកជួបជុំកូន ជួបជុំគ្រួសារវិញ រកលុយដើម្បីផ្គត់ផ្គង់កូនរៀនបន្ត។ ព្រោះគាត់ធ្វើការងារហ្នឹង ក៏ដើម្បីប្រទេសជាតិទាំងមូលដែរ»។
ប្រជាកាសែតមិនទាន់អាចសុំការអធិប្បាយពីអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក សេង ឌីណា និងអ្នកស្រី ឌី ម៉ូឡានី បានទេត្រឹមរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦។
ជុំវិញករណីនេះ មន្រ្តីអង្កេតជាន់ខ្ពស់ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក យី សុខសាន្ត បានប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយចេញពីបន្ទប់សវនាការថា លោកមានការសោកស្ដាយចំពោះការដែលតុលាការចោទប្រកាន់សកម្មជនកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសលោក ស៊្រុន ស្រ៊ន ចំពោះបទល្មើសផ្សេងៗគ្នាជាបន្តបន្ទាប់ ខណៈដែលសកម្មជនរូបនេះអនុវត្តទោសជាប់ពន្ធនាគារជិតចប់សព្វគ្រប់។
លោកថា៖ «យើងមើលទៅឃើញវាមិនខុសពីអ្នកនយោបាយទេ ដែលយើងមើលឃើញថារឿងក្ដីពេលខ្លះ នៅពេលដែលមនុស្សម្នាក់ជិតរួចខ្លួនហើយ វាមានចេញបទល្មើសអីផ្សេងៗទៀតយកមកដាក់ទោសទណ្ឌបន្ថែមទៀតពាក់ព័ន្ធទៅអ្នកដែលមានវោហាសព្ទក្នុងការបញ្ចេញមតិ[…]វាជាការធ្វើទុក្ខបុកម្នេញដល់ពលរដ្ឋដែលមានសិទ្ធិក្នុងការបញ្ចេញមតិ»។
ករណីនេះ លោក សុខសាន្ត អំពាវនាវដល់រដ្ឋាភិបាល និងតុលាការឱ្យអនុវត្តកិច្ចការរបស់ខ្លួនតាមច្បាប់ឱ្យបានខ្ជាប់ខ្ជួន ជាជាងការធ្វើតាមកំហឹង។
កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ សមត្ថកិច្ចបានចាប់ខ្លួនលោក ស៊្រុន ស្រ៊ន និងសហការី២រូបទៀតនៅខេត្តសៀមរាប បន្ទាប់ពីពួកគាត់លើកឡើងពីគុណសម្បត្តិ និងគុណវិបត្តិ នៃការបង្កើតតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម ហៅកាត់ថា CLV-DTA តាមរយៈវីដេអូផ្សព្វផ្សាយលើបណ្តាញសង្គម។ លុះនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ សាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសអ្នកទាំងបីឱ្យជាប់ពន្ធនាគារម្នាក់ៗ ២ឆ្នាំ និងពិន័យប្រាក់ចំនួន ៤លានរៀល ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»៕







