នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ទទួលស្គាល់ចំពោះកំហុសឆ្គង និងស្នើឱ្យមានការយោគយល់ ដោយសារកងកម្លាំងរបស់ខ្លួនមិនបានគោរពច្បាប់ចរាចរណ៍ ដោយជិះម៉ូតូមិនបានពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ បញ្ចេញអាវុធសៀតចង្កេះគ្មានបិទបាំង និងមិនពាក់កាតសម្គាល់ខ្លួនជាដើម។ នេះបើតាមសេចក្ដីបំភ្លឺរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦។
សេចក្ដីបំភ្លឺនេះធ្វើឡើង ក្រោយមានការរិះគន់ពីអ្នកប្រើប្រាស់បណ្ដាញសង្គម លើវីដេអូ របស់កម្លាំងនគរបាលមួយក្រុមដែលស្លៀកពាក់ស៊ីវិល ជិះម៉ូតូមិនពាក់មួកសុវត្ថិភាព មិនមានកញ្ចក់ និងបញ្ចេញកាំភ្លើងសៀតចង្កេះ បង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ និងមានអ្នកចែករំលែកជាង ៣ពាន់ដង។
នគរបាលព្រហ្មទណ្ឌ ពន្យល់អំពីស្ថានភាពជាក់ស្ដែង នៃប្រតិបត្តិការរបស់កម្លាំងជំនាញថា ការជិះម៉ូតូមិនពាក់មួក ដោយសារទទួលបានព័ត៌មានអំពីបទល្មើសកើតឡើងភ្លាមៗ ទើបកម្លាំងជំនាញប្រញាប់រួសរាន់ដើម្បីចេញប្រតិបត្តិការបន្ទាន់ ដោយមិនបានគិតអំពីសុវត្ថិភាពផ្ទាល់ខ្លួន ក្នុងការពាក់មួកសុវត្ថិភាព ដែលខុសនឹងច្បាប់ចរាចរណ៍ផ្លូវគោក។ យ៉ាងណា នគរបាលព្រហ្មទណ្ឌថា ការពាក់មួកសុវត្ថិភាព ក្នុងការជិះម៉ូតូប្រដេញ ដែលមានល្បឿនលឿន (ពេលខ្លះអាច១០០គីឡូម៉ែត្រក្នុងមួយម៉ោង) ជាឧបសគ្គមួយដែរ ដោយកម្លាំងមើលមិនបានច្បាស់ និងគ្រប់ជ្រុងជ្រោយ ហើយអាចបង្កគ្រោះថ្នាក់ពេលប្រដេញ។
ជាមួយគ្នានោះ ការមិនដាក់កញ្ចក់ ត្រូវនគរបាលព្រហ្មទណ្ឌពន្យល់ថា ថ្វីបើជាការខុសច្បាប់ចរាចរណ៍ផ្លូវគោក ប៉ុន្ដែកម្លាំងមានផលលំបាកក្នុងការប្រដេញតាមជនល្មើស ដោយសារពេលខ្លះជនល្មើសជិះគេចចូលតាមផ្លូវដែលតូចចង្អៀត ដែលងាយនឹងប៉ះជាមួយកញ្ចក់ ហើយបង្កគ្រោះថ្នាក់ដល់កងកម្លាំង។
នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បញ្ជាក់៖ «រូបភាពវីដេអូ នៃការជិះម៉ូតូរបស់កម្លាំងនគរបាល គឺជាកម្លាំងរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រោយប្រតិបត្តិការបង្ក្រាបមុខសញ្ញាដែលបង្កគ្រោះថ្នាក់ និងទើបចេញពីពន្ធនាគារ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន»។
ដោយឡែក ការសៀតអាវុធដោយមិនបានបិទបាំងវីដេអូនោះ នគរបាលព្រហ្មទណ្ឌថា គឺក្រោយប្រតិបត្តិការ ដូច្នេះនៅពេលកំពុងប្រតិបត្តិការកម្លាំងប្រើប្រាស់ម៉ូតូក្នុងល្បឿនលឿន ដូច្នេះធ្វើឱ្យប៉ើងអាវចេញអាវុធមកខាងក្រៅ និងមិនទាន់បានរៀបរយខ្លួនប្រាណឡើងវិញ ព្រោះកម្លាំងជំនាញ កំពុងដឹកមុខសញ្ញាទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសួរនាំតាមនីតិវិធី។
បើតាមនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅចំពោះមុខ នៃកំហុសឆ្គងទាំងនេះ អង្គភាពក៏បានអប់រំណែនាំដល់កម្លាំងជំនាញទាំងអស់ ត្រូវកែប្រែរាល់កំហុសឆ្គង និងចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីជាគំរូដល់ប្រជាពលរដ្ឋ៕







