នាយករដ្ឋមន្រ្តី បញ្ជាឱ្យនាំអ្នកបើករថយន្ត«ពិតប្រាកដ»ដែលបុកមនុស្សស្លាប់៦នាក់នៅបាត់ដំបង មកកាត់ទោស

សង្គម

រូបថតបុណ្យសពជនរងគ្រោះទាំងប្រាំមួយនាក់(ក្នុងពោះម្ដាយម្នាក់។(រូបភាពផ្សាយតាមបណ្ដាញសង្គមហ្វេសប៊ុក)។

នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បញ្ជាឱ្យរដ្ឋក្រសួងយុត្តិធម៌ និងអគ្គស្នងការនគរបាលជាតិ នាំអ្នកបើករថយន្ត «ពិតប្រាកដ» ដែលបុកមនុស្សស្លាប់ចំនួន៦នាក់ នៅខេត្តបាត់ដំបង កាលពីសប្ដាហ៍មុន មកកាត់ទោសតាមច្បាប់ដើម្បីផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ។

ការអន្តរាគមន៍របស់នាយករដ្ឋមន្រ្តី ក្រោយមានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅស្រុកមោងឫស្សី ខេត្តបាត់ដំបង បណ្ដាលឱ្យមនុស្សស្លាប់ចំនួន៦នាក់ រួមទាំងទារកក្នុងផ្ទៃ។បន្ទាប់ពីកើតហេតុ អ្នកបើកបររួមទាំងអ្នករួមដំណើរ ដែលមានជនសង្ស័យម្ចាស់រថយន្ត ឈ្មោះ ស៊ីវ ជ័យសិដ្ឋ នៅមិនទាន់ចូលខ្លួនបំភ្លឺនៅឡើយ។

នៅព្រឹកថ្ងៃអង្គារ ទី៣១ ខែមីនា លោក ហ៊ុន ម៉ាណែត បានសរសេរលើទំព័រហ្វេសប៊ុករបស់លោក ដោយបញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងអគ្គស្នងការនគរបាលជាតិ ត្រូវស្រាវជ្រាវឱ្យបានហ្មត់ចត់ និងរកឱ្យឃើញ អ្នកដែលបានបើករថយន្តពិតប្រាកដដែលបានបុកមនុសស្លាប់ទាំង៦នាក់ មកអនុវត្តតាមច្បាប់។

លោកនាយករដ្ឋមន្រ្តី ក៏ចូលរួមរំលែកទុក្ខដល់គ្រួសាររងគ្រោះ និងអំពាវនាវឱ្យពលរដ្ឋបើកបរដោយប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខ។

លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា៖ «ចំពោះការទទួលខុសត្រូវតាមផ្លូវច្បាប់ក្នុងករណីនេះ ខ្ញុំបានចេញបទបញ្ជាឱ្យឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ ត្រូវធ្វើការស្រាវជ្រាវឱ្យបានហ្មត់ចត់បំផុត និងរកឱ្យឃើញអ្នកដែលបើកបររថយន្តពិតប្រាកដ ដែលបុកមនុស្សស្លាប់ទាំង៦នាក់នេះ ហើយអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីផ្ដល់ភាពយុត្តិធម៌ដល់ជនរងគ្រោះ»។

ស្នងការខេត្តបាត់ដំបង កាលពីថ្ងៃទី៣០ ខែមីនា បានបង្ហោះលិខិតកោះហៅ អញ្ជើ្ជនសង្ស័យ លោក ស៊ីវ ជ័យសិដ្ឋ អាយុ២០ឆ្នាំ ឱ្យចូលបំភ្លឺ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។

អធិការរងស្រុកមោងឫស្សី លោក សៅ សុខន មានប្រសាសន៍ ករណីនេះ បានបញ្ជូនទៅស្នងការខេត្តហើយ។

អ្នកនាំពាក្យស្នងការខេត្តបាត់ដំបងលោក អិន កុសល ថ្លែងថា គិតត្រឹមល្ងាចថ្ងៃអង្គារនេះ ជនសង្ស័យនៅមិនទាន់ចូលខ្លួនមកបំភ្លឺនៅស្នងការខេត្តនៅឡើយ។ លោក បន្តថា សមត្ថកិច្ច​ក៏មិនទាន់ដឹងថា វត្តមានរបស់ជនសង្ស័យកំពុងនៅទីណាដែរ។ ពាក់ព័ន្ធនឹងកំណត់ហេតុ លោក ថា ជនបង្កអាចបើកបរក្នុងល្បឿនលឿន ខណៈអាជ្ញាធរមូលដ្ឋានមិនអាចបញ្ជាក់អំពីការបើកបរក្នុងស្ថានភាពស្រវឹងនោះទេ ដោយសារជនបង្កបានគេចចេញពីទីតាំងកើតហេតុ។

លោក អះអាងថា សមត្ថកិច្ចក៏នៅមិនទាន់កំណត់អត្តសញ្ញាណ ជនបង្កជាអ្នកណាពិតប្រាកដក ដោយសារមិនមាននរណាម្នាក់នៅក្នុងរថយន្តអំឡុងពេលកើតហេតុ ហើយការចេញដីកាកោះហៅលោក ជ័យសិដ្ឋ ឱ្យចូលបំភ្លឺ ក្នុងនាមជាម្ចាស់រថយន្ត។

បើតាម លោក កុសល នគរបាលនឹងបញ្ជូនសំណុំរឿងនេះទៅស្ថាប័នអយ្យការឱ្យចាត់វិធានការតាមច្បាប់ ប្រសិនបើលោក ជ័យសិដ្ឋ មិនព្រមចូលបំភ្លឺតាមការកំណត់នៅព្រឹកថ្ងៃស្អែក។

លោក បន្តថា៖ «ការវាយតម្លៃរបស់សមត្ថកិច្ចនគរបាលជំហានដំបូងគឺ អាចបណ្ដាលមកពីការបើកបរក្នុងស្ថានភាពប្រើប្រាស់ល្បឿនលឿន ប៉ុន្តែទាក់ទងនឹងគ្រឿងស្រវឹងអី ដោយសារអ្នកបើករថយន្តអត់នៅកន្លែងកើតហេតុ គាត់ចាកចេញទៅ ដល់ចឹងសមត្ថកិច្ចអត់អាចវាយតម្លៃទាក់ទងរឿងហ្នឹងបាន»។

ក្រោយមានបទបញ្ជាពីលោក ហ៊ុន ម៉ាណែត រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស សុខា បានណែនាំឱ្យលោកស្នងការរងខេត្តបន្ទាយមានជ័យ សហការជាមួយសមត្ថកិច្ចដើម្បីនាំខ្លួនកូនប្រុសដែលជាជនសង្ស័យ មកទទួលខុសត្រូវចំពោះមុខច្បាប់។

លោក សុខា ក៏បានបញ្ជាឱ្យដាក់ឈ្មោះជនសង្ស័យក្នុងបញ្ជីខ្មៅមិនឱ្យចាកចេញពីប្រទេស ខណៈលោក ជឿថា ស្នងការរង ដែលជាឪពុក ប្រាកដជាដឹងថាកូនកំពុងលាក់ខ្លួននៅទីណា។ នេះបើតាមលោក រ៉េន រតនៈ អ្នកនាំពាក្យលោក ស សុខា សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួន។

ប្រធានគណបក្សជំនាន់ថ្មីលោក មាជ សុវណ្ណារ៉ា មានប្រសាសន៍ថា រដ្ឋាភិបាលគួរពិនិត្យមើលឡើងវិញ ចំពោះការកំណត់អាយុបើកបររបស់ពលរដ្ឋ និងការចេញបណ្ណបើកបរឱ្យច្បាស់លាស់ ដោយតម្រូវឱ្យមានការសិក្សាពីច្បាប់ចរាចរណ៍បានត្រឹមត្រូវ ហើយចៀសវាងការប្រព្រឹត្តអំពើពុករលួយ។

លោក បន្ថែមថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជាក៏មិនទាន់មានច្បាប់ស្ដីពីការគ្រប់គ្រងគ្រឿងស្រវឹង ដែលលោកយល់ថា ច្បាប់នេះក៏រួមចំណែកដល់សុវត្ថិភាពលើដងវិថីផងដែរ។

លោក និយាយថា៖ «គោរពនូវច្បាប់ចរាចរណ៍ ការបើកបរអី សុទ្ធតែយើងត្រូវចូលសាលា ត្រូវរៀន ហើយអ្នកបើកបរត្រូវមានបណ្ណបើកបរត្រឹមត្រូវ កំណត់អាយុបើកបរ កំណត់អាយុនៃការប្រើប្រាស់គ្រឿងស្រវឹង»។

ចំណែកអ្នកពិគ្រោះយោបល់ឯករាជ្យផ្នែកចរាចរណ៍ជើងគោកលោក គង់ រតនៈ មានប្រសាសន៍ថា កត្តានាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ដោយសារការបើកបរលើសល្បឿនកំណត់ ការធ្វេសប្រហែស និងពលរដ្ឋមួយចំនួនបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង។ លោក យល់ថា យន្តការក្នុងការដោះស្រាយករណីនេះ លុះត្រាតែការអនុវត្តច្បាប់ចរាចរណ៍ប្រកបដោយតម្លាភាព ដើម្បីបង្កើនទំនុកចិត្តដល់ពលរដ្ឋ រួមទាំងបង្កើនការអប់រំផ្សព្វផ្សាយពាក់ព័ន្ធនឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

លោក និយាយថា៖ «ជាទូទៅការកែប្រែឥរិយាបថ យើងទាមទារឱ្យមានយន្តការនៃការរឹតបន្តឹងច្បាប់ឱ្យតឹងតែង ហើយប្រកបដោយតម្លាភាព មានន័យថា បើយើងចង់ឱ្យគាត់កែប្រែ ទី១យើងអប់រំគាត់ ឱ្យគាត់បានដឹងសិន ប៉ុន្តែបើគាត់ដឹងហើយនៅមិនព្រមកែទៀត មានតែយន្តការផ្លូវច្បាប់។ ប៉ុន្តែអ្វីដែលយើងមើលឃើញកន្លងមកគឺការរឹតបន្តឹងច្បាប់គឺនៅមានកម្រិតនៅឡើយ ហើយប្រជាជនមិនសូវជាមានទំនុកចិត្តលើការអនុវត្តច្បាប់ទៀត»៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2102}" data-page="1" data-max-pages="1" data-start="1" data-end="1">