មន្ទីរបរិស្ថានពោធិ៍សាត់ព្រមានចាត់ការចំពោអ្នកវាយនិងបង្អៅឆ្កែឱ្យដេញខាំសត្វសម្លាប់ប្រើសញីផើមមួយក្បាល

សង្គម

(សត្វប្រើសកំពុងមានទម្ងន់មួយក្បាលសង្ស័យសា្លប់ដោយសារពលរដ្ឋព្រួតគ្នាវាយ និងបង្អៅឆ្កែឱ្យខាំ បន្ទាប់ពីវង្វេងចូលភូមិឋានប្រជាជននៅភូមិប៊ុនរ៉ានីសែនជ័យក្នុងខេត្តពោធិ៍សាត់។ រូបភាព៖ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦)។

មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ព្រមានចាត់វិធានការពោះអ្នកវាយនិងបង្អៅឆ្កែឱ្យដេញខាំសត្វសម្លាប់ប្រើសញីផើមមួយក្បាលបណ្តាលឱ្យប្រើសនោះវាងាប់ក្នុងចម្ការដំឡូងមីស្ថិតនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ដែលជាតំបន់អតីតយុទ្ធជន និងនិវត្តជនជាច្រើនគ្រួសារកំពុងរស់នៅ។

ការប្រកាសចាត់វិធានការច្បាប់នេះ គឺបន្ទាប់ពីក្រុមការងារមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ បានទទួលព័ត៌មានថា សត្វប្រើសញីទម្ងន់១១០គីឡូក្រាម បានវង្វេងចូលមកក្នុងភូមិរបស់ប្រជាពលរដ្ឋ ស្ថិតនៅឃុំព្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ហើយត្រូវបានពលរដ្ឋមួយចំនួនព្រួតគ្នាវាយសម្លាប់។

ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ លោក អេង រស្មី មានប្រសាសន៍ប្រាប់ប្រជាកាសែតនៅថ្ងៃទី១៩ ខែឧសភា ដោយសន្និដ្ឋានថា សត្វប្រើសដែលវង្វេងចូលក្នុងតំបន់ប្រជាពលរដ្ឋរស់នៅនោះ គឺអាចចេញមកពីព្រៃក្បែរភូមិ ហើយនេះជាករណីដំបូង ដែលកើតមាននៅតំបន់អតីតយុទ្ធជន និងនិវត្តជនរស់នៅ។ 

លោកបន្តថា នៅក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ប្រជាពលរដ្ឋមានចិញ្ចឹមសត្វឆ្កែតាមផ្ទះច្រើន ហើយមូលហេតុដែលនាំឱ្យកើតមានករណីខាងលើដោយសារតែឆ្កែអ្នកភូមិខាំ គួបផ្សំនឹងជំនឿរបស់ចាស់ពីដើមដែលតែងយល់ថា សត្វប្រើសចូលមកភូមិស្រុកជាប្រផ្នូលមិនល្អ ឬចង្រៃជាដើម។

ប្រធានមន្ទីររូបនេះសង្កត់ធ្ងន់ថា៖ «ប្រជាជននៅក្នុងភូមិពុំបានដេញនោះទេ ប៉ុន្តែដោយសារឆ្កែ ។ហើយសកម្មភាពហ្នឹងអាចមកពីបុគ្គលមួយចំនួនដែរ តែយើងស្រាវជ្រាវអត់ទាន់ដឹង យើងដឹងត្រឹមវាផ្អើលជាមួយឆ្កែហើយឆ្កែខាំដាច់ដៃដាច់ជើងជាមួយរូបភាពដែលបានរាយការណ៍មក»។

ក្រោយពេលកើតហេតុភ្លាមៗ មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ បានចុះអន្តរាគមន៍ និងស្នើអភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា និមន្តព្រះសង្ឃ ដើម្បីធ្វើកិច្ចបង្សុកូល ឧទ្ទិសកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធសត្វប្រើសញី និងកូនក្នុងផ្ទៃនោះផង។

មន្ទីរបរិស្ថានខេត្តចាត់ទុកការព្រួតវាយ និងបង្អៅសត្វឆ្កែឱ្យខាំសម្លាប់សត្វប្រើសញីនេះ ជាសកម្មភាពអមនុស្សធម៌ ដែលមិនត្រឹមតែជាការបំផ្លិចបំផ្លាញសម្បត្តិធនធានធម្មជាតិ និងសត្វព្រៃ ដូចជាសត្វប្រើសដែលជាប្រភេទងាយរងគ្រោះ ក្នុងបញ្ជី IUCN (International Union for Conservation of Nature) Red List ប៉ុណ្ណោះទេ ប៉ុន្តែវាជាអំពើខុសច្បាប់ក្នុងក្រមបរិស្ថានយ៉ាងធ្ងន់ធ្ងរ។

ពាក់ព័ន្ធករណីនេះ ប្រធានអង្គការគាំពារសត្វព្រៃកម្ពុជា លោក ទ្រី ស៊ីថេង មានអារម្មណ៍សោកស្ដាយចំពោះការបាត់បង់សត្វកម្រនេះ ពីព្រោះលោកថាក្នុងប្រទេសកម្ពុជាមានចំនួនសត្វប្រើសតិចតួចបំផុត។

លោក ទ្រី ស៊ីថេង ក៏មានបំណងបង្កើតក្រុមការងារមួយស្តីពីការអប់រំ និងការពារធនធានធម្មជាតិ ព្រមទាំងអភិរក្សសត្វព្រៃនៅកម្ពុជា ដោយចុះទៅតាមសហគមន៍ពន្យល់ណែនាំពលរដ្ឋទាក់ទងនឹងការជិតផុតពូជ ការជួញដូរសត្វព្រៃ និងចំណេះដឹងមួយចំនួន ឱ្យបានយល់ដឹងកាន់តែស៊ីជម្រៅ ដើម្បីកាត់បន្ថយការបាត់បង់សត្វព្រៃតទៅទៀត។

លោកកត់សម្គាល់ថា៖ « នៅពេលសត្វព្រៃវង្វេងចូលមកក្នុងភូមិពលរដ្ឋរស់នៅ ពួកគាត់ព្យាយាមកាក់ ព្យាយាមទាក់ ហើយបង្អៅឆ្កែដែលជាឆ្កែស្រុកឱ្យខាំ ដើម្បីចាប់សត្វយកធ្វើអាហារអ៊ីចឹងទៅ ខ្ញុំគិតថាប្រជាពលរដ្ឋខ្មែរយើងមិនទាន់យល់ដឹងពីការការពារ និងអភិរក្សសត្វព្រៃច្បាស់នោះទេ»។

យោងតាមការសិក្សារបស់អ្នកជំនាញនៃក្រសួងបរិស្ថាន ប្រើសជាប្រភេទសត្វមានបង្គួរ និងត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ថាជាប្រភេទសត្វអាស្រ័យលើកិច្ចអភិរក្សនៅតាមតំបន់ជាក់លាក់ដែលវារស់នៅ។ សត្វប្រើសមានវត្តមាននៅតាមតំបន់ការពារធម្មជាតិនានានៅភូមិភាគខាងជើង និរតី និងភូមិភាគឦសាននៃប្រទេសកម្ពុជា។មន្ត្រីបរិស្ថាន អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមការពារ ថែរក្សា និងរាយការណ៍ជាបន្ទាន់មកអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត នៅពេលប្រទះឃើញមានសត្វព្រៃវង្វេងចូលក្នុងភូមិឋាន ដើម្បីសង្គ្រោះពួកវាឱ្យបានទាន់ពេលវេលា ជៀសវាងបង្ករបួសស្នាម ឬសម្លាប់សត្វព្រៃដោយអចេតនា និងចេតនា៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2585}" data-page="1" data-max-pages="1" data-start="1" data-end="1">