ពលរដ្ឋភៀសសឹកបន់ផ្សងឱ្យពួកគាត់អាចត្រឡប់ទៅរស់នៅភូមិកំណើតវិញក្នុងឆ្នាំថ្មី

សង្គម

(រូបភាពស្ថានភាពជំរំភៀសសឹកក្នុងខេត្តបន្ទាយមានជ័យ ។ រូបភាពអង្គការសង់ត្រាល់)។

ពលរដ្ឋស្នាក់នៅជំរុំភៀសសឹកបង្ហាញអារម្មណ៍នឹករលឹកស្រុកកំណើត និងចង់ប្រារពពិធីជួបជុំដើម្បីអបអរសាទរពីធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរដូចរាល់ឆ្នាំ។ ទោះជាយ៉ាងណាពួកគេលើកឡើងថា ពួកគេនឹងត្រៀម គ្រឿងរណ្ដាប់ទទួលទេវតា ដែលមានផ្លែឈើ ផ្កា ធូប ទាន ដើម្បីអុច ទទួលទេវតាឆ្នាំថ្មីនៅជំរុំភៀសសឹក។ ក្នុងឱកាសបុណ្យប្រពៃណីជាតិ ពួកគេសង្ឃឹមថាប្រទេស​កម្ពុជាអាចស្វែងរកសន្តិភាព និងអាចត្រឡប់ទៅជួបជុំសាច់ញ្ញាតិនៅភូមិកំណើតវិញ បន្ទាប់​ពីជម្លោះព្រំដែនកម្ពុជា និងថៃអូសបន្លាយអស់រយៈពេលជាច្រើនខែ។

ពលរដ្ឋភៀសសឹកមកពីភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ អ្នកស្រី នង ពៅ និយាយថា អ្នកស្រីមានការនឹករលឹកភូមិកំណើតជាខ្លាំង ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខ ដែលអ្នកស្រីធ្លាប់តែជួបជុំបងប្អូនមកពីគ្រប់ទិសទី អបអរទទួលទេវតាឆ្នាំថ្មីជាមួយគ្នា។ អ្នកស្រីពៅ បន្តថា ទោះបីអ្នកស្រី និងក្រុមគ្រួសារ មិនអាចធ្វើពិធីបុណ្យចូលឆ្នាំនៅភូមិកំណើតក៏ដោយ ក៏អ្នកស្រី រៀបចំគ្រឿងរណ្ដាប់មានផ្លែឈើ ធុប ទៀន និងភេសជ្ជៈជាដើម ដើម្បីបួសសួង ឧទ្ទិសដល់ទេវតាឆ្នាំថ្មី។ 

អ្នកស្រី បន្ថែមថា អ្នកស្រីនឹងបួសសួងសូមឱ្យថែរក្សាប្រទេសកម្ពុជាឱ្យជួបតែសេចក្ដីសុខ និងសង្ឃឹមថាកម្ពុជា និងមានសន្តិភាពឡើងវិញ ដើម្បីឱ្យពលរដ្ឋភៀសសឹកអាចត្រឡប់ទៅរស់នៅស្រុកកំណើតវិញ។

អ្នកស្រីថា៖ «នឹកផ្ទះសម្បែង។ ម្នាក់ៗមិនមែនចង់បានអីចេះទេ ចង់បានតែទៅភូមិកំណើតវិញ ហើយកកៀកអីចេះ កាន់តែនឹក។ ពួកខ្ញុំនៅជំរុំភៀសសឹកនេះក្ដៅណាស់ ម្នាក់ៗ វេទនាណាស់ ទាំងចាស់ ទាំងក្មេង បើអូនបានមកមើលបានដឹងថាវេទនាប៉ុណ្ណា។ ក្ដៅអីចឹង អាណិតក្មេងៗ។ ទាំងខ្ញុំអីចាប់ផ្ដើមឈឺហើយ»។

អ្នកស្រីបន្តថា៖ «ខ្ញុំមិនដែលមានស្រុកកំណើតណាទៀត មានតែព្រៃចាន់ហ្នឹង អីចឹងរាល់កម្មវិធីចូលឆ្នាំកូនៗដែលបែកគ្រួសារអស់ គឺនៅតែជុំគ្រួសារពេលហ្នឹង ដល់អីចឹងស្រណោះស្រណោយណាស់។ ចង់បានតែដីមកវិញ ផ្ទះសម្បែងខូចខាតយ៉ាងម៉េចយើងនៅតែអាចរស់នៅបាន»។ 

អ្នកស្រីបន្ថែមថា៖ «ក្នុងឆ្នាំថ្មីបួសសួងឱ្យថ្នាក់ដឹកនាំដោះស្រាយឱ្យបានឆាប់ៗ វិលត្រលប់ទៅផ្ទះទៅអីវិញចឹងណា។ មិនចង់រស់នៅផ្ទះបណ្ដោះអាសន្នទេ ចង់តែរស់នៅផ្ទះខ្លួនឯងនោះឯង។ ឱ្យទេវតាឆ្នាំថ្មីជួយតាមថែរក្សា ឱ្យប្រទេសខ្មែរមានសន្តិភាពឡើងវិញ ព្រោះរស់នៅដូចសព្វថ្ងៃវេទនាណាស់»។ 

ស្រដៀងគ្នានេះដែរ អ្នកស្រី សេង ហាត ជាជនភៀសសឹកមកពីឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ហើយបច្ចុប្បន្នស្នាក់នៅជំរុំវត្តបូរណ៍ លើកឡើងថា អ្នកស្រីមានម្ដាយចាស់ជរា រួមទាំងសាច់ញាតិផ្សេងទៀត នៅបន្តស្នាក់នៅជំរុំភៀសសឹកជាមួយគ្នានៅឡើយ។ អ្នកស្រីថា គ្រួសារអ្នកស្រី រួមទាំងជនភៀសសឹកដទៃទៀតសង្ឃឹមថារដ្ឋាភិបាលអាចស្វែករកសន្តិភាព ដើម្បីអាចត្រឡប់មកជួបជុំគ្រួសារនៅភូមិកំណើតវិញ។ ទោះជាយ៉ាងណា អ្នកស្រីថា អ្នកស្រី បានចូលរួមប្រារពអបអរពិធីបុណ្យចូលឆ្នាំខ្មែរ និងធ្វើសង្ក្រាន្តជាមួយបងប្អូនភៀសសឹក ដើម្បីរំសាយទុក្ខកង្វល់ខ្លះ។

អ្នកស្រីនិយាយថា៖ «អ្នកខ្លះមួយចំនួនដូចថាភូមិដ្ឋានរបស់គាត់នៅក្រោមការគ្រប់គ្រងរបស់យោធាថៃអីចឹង គាត់នឹងរៀបចំតាមប្រពៃណីខ្មែរយើង មានរៀបផ្លែឈើ ស្លា អីចឹង នៅកន្លែងជនភៀសសឹកហ្នឹងឯង។ តាមប្រពៃណីខ្មែរធ្វើចន្ហាន់លោក បង្សុកូលឧទិសកុសលដល់ដូនតាដែលបានចែកដ្ឋានទៅណា។ សូមតែសុខសាន្ត សូមតែសន្តិភាព សូមតែប្រទេសទាំងពីរចចារគ្នា។ បើបានសន្តិភាពខ្ញុំត្រេកអរ ព្រោះរាល់ថ្ងៃដេកចេះតែភិតភ័យ»។ 

អ្នកស្រីបន្ថែមថា៖ «ថ្ងៃមុននោះគេធ្វើមហាសង្គ្រាន្តហើយមួយសារហើយ។ ខ្ញុំអត់មានអីជូនពរទេ មានតែសូមឱ្យបងប្អូនជនភៀសសឹកមានសុខភាពល្អ ជៀសពីសត្រូវ ជម្ងឺទាំងឡាយ ពិសេសបងប្អូននៅជួរមុខតែម្ដង សូមឱ្យវត្ថុសាកសិទ្ធនោលើប្រទេសកម្ពុជាយើង ឱ្យគាត់មានតែសេចក្ដីសុខសាន្ត»។

បុណ្យចូលឆ្នាំថ្មីជាបុណ្យប្រពៃណីជាតិ ដែលប្រជាជននៅក្នុងប្រទេសកម្ពុជា តែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។ នៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ គេច្រើនប្រព្រឹត្ដទៅ៣ថ្ងៃ គឺនៅថ្ងៃទី១៣, ១៤, ឬ ១៥ ខែ មេសា ព្រោះជារដូវកាលដែលប្រជាជនខ្មែរ មានពេលទំនេរពីការប្រមូលផលស្រូវ និង ដំណាំកសិកម្មផ្សេងៗ។ ពិធីបុណ្យចូលឆ្នាំនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារ៍ ទី១៤ ខែមេសា ឆ្នាំ២០២៦ ត្រូវនឹងឆ្នាំមមី អត្ថសក មហាសករាជ ពុទ្ធសករាជ២៥៧០ គ្រិស្តសករាជ ២០២៦ ដែលមានទេវតាឆ្នាំថ្មីព្រះនាមរាក្សសាទេវី សោយលោហិតជាភក្សាហារ អាវុធស្តាំត្រីសូល៍ឆ្វេងធ្នូ និងគង់លើសត្វសេះ ជាយានពាហនៈ។

គួរបញ្ជាក់ផងដែរថា អាជ្ញាធរតាមខេត្តជាប់ព្រំដែនកម្ពុជា និងថៃ បានរៀបចំកម្មវិធីនគរសង្រ្កាន្ត ឆ្នាំ២០២៦ ក្នុងគោលលបំណងផ្សព្វផ្សាយវប្បធម៌ខ្មែរឱ្យកាន់តែទូលំទូលាយ ងជាពិសេសផ្សាភ្ជាប់កម្មវិធីជាមួយជនភៀសសឹក និងវីរកងទ័ព ដោយមានប្រារព្វពិធីជូនពួកគាត់ ឧបត្ថម្ភ និងការចុះសួរសុខទុក្ខ។ កម្មវីធីសង្ក្រាន្តនៅតំបន់ជនភៀសសឹក ក៏មានការរៀបចំលេងល្បែងប្រជាប្រិយខ្មែរ និងរាំលេងកំសាន្តផងដែរ។

ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC) លោក រស់ សុដ្ឋា មើលឃើញថាការធ្វើកម្មវិធីសង្ក្រាន្តរបស់រដ្ឋាភិបាលនៅតំបន់ភៀសសឹក ធ្វើឱ្យពលរដ្ឋអាចរំសាយអារម្មណ៍ហ្មងសៅ និងទុក្ខកង្វល់បានមួយផ្នែក។ លោកបន្តថាភាគីថៃហាក់មិនព្រមចង់ដោះស្រាយជាមួយកម្ពុជា ព្រោះខ្លួនមានមហិច្ឆតាចង់បានទឹកដីខ្មែរ។ លោកបន្ថែមថា ពលរដ្ឋភៀសសឹកប្រាកដជានឹករលឹកដល់ភូមិកំណើតរបស់ខ្លួនដែលធ្លាប់រស់នៅ។

លោកថា៖ «កន្លងមករាជរដ្ឋាភិបាលក៏បានធ្វើសកម្មភាពមួយចំនួន ដូចជាសកម្មភាពចូលឆ្នាំអីហ្នឹង ដែលជួយសម្រួលផ្លូវអារម្មណ៍របស់គាត់ កុំឱ្យគាត់ធុញថប់។ ពួកគាត់ដឹងតែកើតទុក្ខហើយមិនអីចឹង តែរាជរដ្ឋាភិបាលក៏បានរៀបចំកម្មវិធីជួយសម្រួលផ្លូវចិត្តគាត់។ វាជាការគោរពលើពួកគាត់ដែរ លើសិទ្ធទទួលបានលើប្រពៃណីមិនអីចឹង»។

លោកបន្ថែមថា៖ « ខ្ញុំថាទឹកចិត្តរដ្ឋាភិបាលចង់ដោះស្រាយបញ្ហាព្រំដែនឱ្យបានលឿនដែរ តាមរយៈសកម្មភាពជម្រុញនៃគណៈកម្មការទ្វេរភាគីហ្នឹង តែធម្មតាគេមានចិត្តលោភលន់ហើយ តែចង់បានទឹកដីខ្មែរហើយគេមិនចង់ថយ។ តែរាជរដ្ឋាភិបាលក៏បានត្រៀមមធ្យោបាយការពារជាតិដែរ»។

យោងតាមទិន្នន័យក្រសួងមហាផ្ទៃ ពលរដ្ឋភៀសសឹកជាង៣ម៉ឺននាក់ទៀតនៅបន្តស្នាក់នៅតំបន់ភៀសសឹកនិងមិនទាន់អាចត្រឡប់ទៅផ្ទះសម្បែងវិញនៅឡើយ។ទាហានថៃបានចូលទន្ទ្រានដីធ្លីនិងកាន់កាប់ដីខ្មែរជាច្រើនរាប់សិបទីតាំង៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2244}" data-page="1" data-max-pages="1" data-start="1" data-end="1">