ក្រុមគ្រួសារកម្មការិនីដែលបាត់បង់ជីវិតក្រោយដួលសន្លប់ក្នុងពេលកំពុងបំពេញការងារនៅរោងចក្រកាត់ដេរមួយកន្លែងក្នុងខេត្តកណ្តាល បង្ហាញការសោកស្ដាយចំពោះការបាត់បង់សមាជិកគ្រួសារ ។ សមាជិកគ្រួសារអះអាងថា នៅមុនពេលដួលសន្លប់រហូតដល់ស្លាប់ កម្មការិនីរូបនោះមានសុខភាពល្អធម្មតា។
តែយ៉ាងណា ក្រុមជំនាញរបស់ក្រសួងបរិស្ថាន បានបញ្ជាក់ថា ករណីដួលសន្លប់ និងស្លាប់នៅក្នុងខេត្តកណ្តាលនេះ គឺមិនមែនដោយសារការអនុវត្តលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារមិនបានត្រឹមត្រូវរបស់រោងចក្រនោះឡើយ។
អ្នកស្រី យីម រីន អាយុ ៣២ ឆ្នាំ ជាកម្មការិនីនៅរោងចក្រ CAMBO UNISOLL LTD. (ហៅកាត់ថារោងចក្រដំបូលសទី១៦) នៃតំបន់សេដ្ឋកិច្ចពិសេស 7NG ស្ថិតនៅក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ អ្នកស្រីបានដួលសន្លប់នៅមុខម៉ាស៊ីនដេរ នៅថ្ងៃទី២៧ ខែកុម្ភៈ វេលាម៉ោង ៨ ព្រឹក អំឡុងពេលបំពេញការងារ។ ភ្លាមៗបន្ទាប់ពីអ្នកស្រីបានដួលសន្លប់ អ្នកធ្វើការជាមួយគ្នាបានព្យាយាមជួយសង្គ្រោះបឋម ហើយបានបញ្ជូនអ្នកស្រីទៅឱ្យពេទ្យនៅក្នុងរោងចក្រជួយសង្គ្រោះដែរ តែមិនបានធូរស្រាល រួចមករោងចក្របានបញ្ជូនអ្នកស្រីតាមឡានរោងចក្រទៅមន្ទីរពេទ្យ ប៉ុន្តែជាអកុសលអ្នកស្រីក៏បានបាត់បង់ជីវិត នេះបើតាមសារបង្ហោះរបស់សហព័ន្ធសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា។
បងប្រុសបង្កើតរបស់អ្នកស្រី ឃីម រីន គឺលោក ឃីម រ័ត្ន ប្រាប់ប្រជាកាសែតនៅថ្ងៃទី៣ មីនា ថាប្អូនស្រីរបស់លោកមានសុខភាពរឹងមាំធម្មតាមុនថ្ងៃអ្នកស្រីទៅបំពេញការងារ។ លោកមានការសោកស្ដាយដែលបានបាត់បង់សមាជិកគ្រួសារដ៏ល្អម្នាក់ ដោយបន្សល់ទុកឲ្យកូនស្រីពីរនាក់រស់នៅកំព្រាម្ដាយ។
លោកថា៖ «គាត់ទៅពីផ្ទះធម្មតាហ្នឹង ពេលចេញពីផ្ទះទៅធ្វើការ។ ទាក់ទងរឿងខ្យល់ចូលនៅកន្លែងធ្វើការអត់សូវដឹងច្បាស់ ឮតែគេថាចេះ ថាចុះ»។
លោក ឃីម រ័ត្ន បន្ថែមថា របបបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ បានផ្តល់វិភាជន៍បូជាសពចំនួន១០លានរៀល និងអត្ថប្រយោជន៍ផ្សេងទៀតជូនកម្មករយោងតាមច្បាប់ ប៉ុន្តែលោកថាក្រុមគ្រួសារទើបទទួលបានវិភាជន៍ ៨ លានរៀល ដោយរង់ចាំការផ្ដល់ជូនបន្តទៀត។
បន្ទាប់ពីមានសេចក្តីរាយការណ៍ពីអាជ្ញាធរ កាលពីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ថាមានករណីកម្មករចំនួន១១នាក់ បានដួលសន្លប់ និង ស្លាប់ចំនួន១នាក់ នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ មន្រ្តីជំនាញក្រសួងបរិស្ថាន បាន ចុះត្រួតពិនិត្យគុណភាពបរិស្ថាន របស់រោងចក្រ CAMBO UNISOLL LTD. នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
លុះដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានសរសេរនៅលើទំព័រហ្វេសប៊ុក ថាតាមរយៈការចុះត្រួតពិនិត្យលើកទី២របស់ក្រុមជំនាញ បានរកឃើញថា ករណីដួលសន្លប់ និងស្លាប់របស់អ្នកស្រី ឃីម រីន គឺមិនមែនដោយសារការអនុវត្តលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារមិនបានត្រឹមត្រូវនៅក្នុងរោងចក្រនោះឡើយ។
លោកអះអាងថា៖ «តាមការត្រួតពិនិត្យលក្ខខណ្ឌការងារ និងលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ ជាពិសេសពាក់ព័ន្ធនឹងបរិយាកាសការងារ កម្ដៅ ពន្លឺ ធូលី និងប្រព័ន្ធបញ្ចេញ-បញ្ចូលខ្យល់ ក្រុមអធិការកិច្ចការងារពិនិត្យឃើញថា លក្ខខណ្ឌសុវត្ថិភាពនិងសុខភាពការងារនៅកន្លែងធ្វើការមិនមែនជាមូលហេតុដែលបណ្ដាលឱ្យកម្មករនិយោជិតដួលសន្លប់ឡើយ»។
លោកបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ អ្នកស្រី យឹម រីន បានទទួលមរណភាព ដោយសារដាច់សរសៃឈាមខួរក្បាលនៅម៉ោង៧ព្រឹក បន្ទាប់ពីបានមើលព័ត៌មានដ៏រន្ធត់ស្តីពីគ្រោះថ្នាក់ចរាចរណ៍ដែលធ្វើឱ្យតក់ស្លុត ភិតភ័យរហូត ងងឹតមុខ និងបានដួលសន្លប់នៅកន្លែងធ្វើការ និងបានបាត់បង់ជីវិតនៅតាមផ្លូវពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។ លោកបន្តថា ភ្លាមនោះៗ ក៏មានកម្មការិនី ២០នាក់ផ្សេងទៀតដែលជាមិត្តរួមការងារ ក៏បានសន្លប់បន្តបន្ទាប់គ្នា ក្រោយពីទទួលដំណឹងថា កម្មការិនី យឹម រីន បានទទួលមរណភាព។
លោកបន្ថែមថា៖«តាមការយកចិត្តទុកដាក់របស់ឯកឧត្តមរដ្ឋមន្ត្រី ក្រុមការងារជំនាញបានមកពិនិត្យភ្លាមៗម្តងហើយកាលពីថ្ងៃទី២៧ ខែកុម្ភៈ ហើយយើងមកពិនិត្យថ្ងៃនេះម្តងទៀត ដើម្បីបញ្ជាក់ឱ្យកាន់តែច្បាស់ ពីបញ្ហាដែលបានកើតឡើង។ ពេលនេះ បងប្អូនកម្មករនិយោជិត បានចូលធ្វើការជាធម្មតា ហើយក្នុងចំណោមកម្មករនិយោជិតដែលបានដួសសន្លប់ ២០នាក់នោះ គឺមានកម្មករនិយោជិតចំនួន ១៨នាក់បានចូលធ្វើការជាធម្មតាវិញ។ តែយ៉ាងណា យើងនៅបន្តតាមដានយ៉ាងយកចិត្តទុកដាក់ពីស្ថានភាព ដើម្បីចៀសវាងមានហេតុការណ៍ណាមួយកើតឡើងថែមទៀត»។
ជុំវិញបញ្ហានេះ អនុប្រធានសហព័ន្ធសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា អ្នកស្រី សាយ សុខនី និយាយថាគ្រោះថ្នាក់ក្នុងអំឡុងពេលបំពេញការងារ ភាគច្រើនកើតឡើងទៅលើស្ត្រី។ អ្នកស្រីថា កម្មការិនីប្រឈមមុខទៅនឹងបញ្ហាទាំងសុខភាពផ្លូវចិត្ត និងផ្លូវកាយ រួមនឹងលក្ខខណ្ឌ និងបរិយាកាសការងារ។
អ្នកស្រីថា៖ «តាមការអះអាងរបស់អង្គការសុខភាពពិភពលោក ក៏ដូចជាអង្គការផ្សេងៗដែលធ្វើការលើកកំពស់លក្ខខណ្ឌ និងបរិស្ថានការងារ គឺមានបញ្ហាយ៉ាងហោចណាស់ពីរកត្តា គឺសុខភាពផ្ទាល់ខ្លួនរបស់គាត់ ផ្លូវចិត្តបានថមថយ សុខភាពរាងកាយមិនសូវល្អ ក៏ដូចជាកត្តាបរិស្ថានការងារ និងលក្ខខណ្ឌការងារ។ ការថែមម៉ោងច្រើន ការហូបទឹកមិនគ្រប់គ្រាន់ ការរឹតបន្តឹងរបស់អ្នកគ្រប់គ្រង ឧទាហរណ៍ថាបរិយាកាសក្ដៅខ្ញុំត្រូវទៅបន្ទប់ទឹក តែគេថាបើទៅបន្ទប់ទឹកវាធ្វើឲ្យរាំងស្ទះដល់សង្វាក់ផលិតកម្ម»។
អ្នកស្រីបន្ថែមថា៖ «ស្ថានភាពបរិស្ថានការងារហាក់មានការថមថយជាលំដាប់ប៉ុន្មាន១០ ទៅ១៥ឆ្នាំមុន សម្បូរកម្មករដួលសន្លប់ក្នុងទ្រង់ទ្រាយធំណាស់ តែមិនករណីស្លាប់ដូចឥឡូវ។ នៅប៉ុន្នានខែនេះយើងទទួលបានបីករណីមកហើយនៅម៉ាស៊ីនដេរនៅភ្នំពេញ មានករណីកម្មករស្លាប់ពេលចេញពីធ្វើការទៀតផង។ ឥឡូវប្រទេសយើងក្ដៅហើយ មានកម្រិតជាតិពុល PH2.5 ទៀតមានផ្សែងពុលលើបរិយាកាសទៀត។ តែយើងកត់សម្គាល់ឃើញថាអាកាសធាតុមិនដល់ថ្នាក់ប៉ះពាល់ដល់សុខភាពកម្មករពេកទេ តែការគ្រេប់គ្រងកាកសំណល់ ឬក៏ជាតិពុលនៃលំហូរខ្យល់ចេញចូលនៃកន្លែងធ្វើការ ក៏ដូចជាបរិស្ថាន បែបបទការងារទាំងមូល»។
អ្នកស្រី សាយ សុខនី អំពាវនាវឲ្យក្រសួង និងស្ថាប័នពាក់ព័ន្ធមានក្រសួងការងារ ក្រសួងបរិស្ថាន និងក្រសួងសុខាភិបាលជាដើម គួរធ្វើការរួមគ្នាដើម្បីធានាសុវត្ថិភាពការងារ និងការអនុវត្តច្បាប់របស់រោងចក្រដើម្បីធានាការធ្វើការដែលមានបរិយាកាសល្អ។
អ្នកស្រីថា៖ «ក្រសួងការងារមានអធិការកិច្ចការងារ ក្រសួងបរិស្ថានមានមន្ត្រីជំនាញផ្នែកបរិស្ថាន ទៅត្រួតពិនិត្រមើលលក្ខខណ្ឌបរិស្ថាននៅកន្លែងការងារបើរោងចក្រហ្នឹងទ្វារតូចធ្វើឲ្យទ្វារធំ បើមានបរិស្ថានមិនល្អ បរិយាកាសការងារមិនល្អហ្នឹង និងក្រសួងសុខាភិបាលដែរ គឺបីក្រសួងហ្នឹងត្រូវតែអនុវត្តច្បាប់កម្ពុជាចូលជាធរមាន និងបទដ្ឋានការងារជាអន្តរជាតិ»៕







