ពលរដ្ឋនៅខេត្ត៣ដែលប៉ះទង្គិចជាមួយថៃ ស្នើរៀបចំឥណទានឡើងវិញក្នុងទំហំជាង១,៧ លានលានរៀលឬជាង៤៣៣ លានដុល្លារ។ ពលរដ្ឋរស់នៅខេត្តព្រះវិហារ ឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ ដែលមានការប៉ះទង្គិចតាមបន្ទាត់ព្រំដែនជាមួយយោធាថៃ បានស្នើសុំរៀបចំឥណទានឡើងវិញប្រមាណ៤០ពាន់គណនី ស្មើនឹងទឹកប្រាក់ជាង ១,៧ លានលានរៀល ដើម្បីពន្យារយៈពេលសង និងបង់ប្រាក់តិចជាងមុន។ នេះបើតាមរបាយការណ៍ស្ថានភាពឥណទានកម្ពុជាប្រចាំឆ្នាំ២០២៥ របស់ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី ហៅកាត់ ស៊ីប៊ីស៊ី។
របាយការណ៍ ស៊ីប៊ីស៊ី បានបង្ហាញថា ក្នុងខេត្តបន្ទាយមានជ័យ មានគណនីចំនួន១៩ពាន់ បានស្នើសុំរៀបចំឥណទានឡើងវិញ ស្មើនឹងទំហំទឹកប្រាក់ជាង ១ លានលានរៀល ក្នុងចំណោមអតិថជនសរុប២៤១ពាន់នាក់ ដែលមានទំហំឥណទានសរុបប្រមាណ ៨,៤ លានលានរៀល។
ចំណែកពលរដ្ឋក្នុងខេត្តព្រះវិហារ មានចំនួន១១ពាន់គណនី បានស្នើសុំរៀបចំឥណទានឡើងវិញ ស្មើនឹងទឹកប្រាក់ ៣៦៧,២៨៦.១៧ លានរៀល ស្របពេលដែលពលរដ្ឋមានឥណទានសរុប៨៨ពាន់នាក់ ស្មើនឹងទំហំឥណទានសរុប ២,៥ លានលានរៀល។
ជាមួយគ្នានេះ ខេត្តឧត្តរមានជ័យមានចំនួន ១០ពាន់គណនីដែលបានស្នើសុំរៀបចំឥណទានឡើងវិញ ស្មើនឹងទំហំទឹកប្រាក់ ៣៣១,៧២៤.៦៨ លានរៀល ខណៈពលរដ្ឋមានឥណទានសរុប ៨៨ពាន់នាក់ និងទំហំឥណទានសរុបមានជាង ១,៩ លានលានរៀល។
ស្ថាប័ន ស៊ីប៊ីស៊ី បន្ថែមថា សមតុល្យឥណទាននៅក្នុងឆ្នាំ២០២៥ មានចំនួនសរុបជិត ២៥០ លានលានរៀល ដែលពលរដ្ឋប្រើប្រាស់ជាង៥លាននាក់ នៅទូទាំង២៥រាជធានី-ខេត្ត។ ក្នុងនោះរាជធានីភ្នំពេញ មានបរិមាណឥណទានច្រើនជាងគេប្រមាណ១២៦ លានលានរៀល ស្មើនឹង៥១ភាគរយ នៃសមតុល្យឥណទានទូទាំងប្រទេស និងមានអ្នកខ្ចីប្រាក់សរុបជាង៧២ម៉ឺននាក់។
ប្រភពដដែលបន្តថា ការបង់សងត្រលប់យឺតលើ៩០ថ្ងៃ មានចំនួន៦.៤៦ភាគរយ គិតត្រឹមចុងឆ្នាំ២០២៥។ ក្នុងនោះរាជធានីភ្នំពេញ ដែលមានការប្រើប្រាស់ឥណទានខ្ពស់ជាងគេមាន ៥.៤៤ភាគរយ។
កាលពីកន្លងមក មានសេចក្ដីរាយការណ៍ថា ខេត្តកំពតមានពលរដ្ឋជាច្រើននាក់រងការឆបោកប្រាក់អស់រាប់ម៉ឺនដុល្លារដោយសារក្រុមហ៊ុនរបស់លោក ហ៊ី គឹមហុង លោក ជា សារ៉ន និងលោកស្រី ឡេង ចាន់ណា ស្របពេលដែលមានសេចក្ដីរាយការណ៍ថា ប្រាក់ដែលរងការបោកប្រាស់ទាំងនោះ ក៏បានមកពីកម្ចីធនាគារផងដែរ។
បើតាមក្រុមហ៊ុន ស៊ីប៊ីស៊ី ចំពោះខេត្តកំពត មានការស្នើសុំរៀបចំឥណទានឡើងវិញចំនួន ១៨ពាន់គណនី ស្មើនឹងទឹកប្រាក់ជាង៩ សែនលានរៀល។
អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុលោក កាំង តុងងី មានប្រសាសន៍ថា ការរៀបចំឥណទានឡើងវិញរបស់ស្ថាប័នមីក្រូហិរញ្ញវត្ថុ រាប់បញ្ចូលទាំងការស្នើសុំពីជនភៀសសឹក ពលករចំណាកស្រុក និងប្រជាពលរដ្ឋទូទៅ។
លោក បន្ថែមថា ក្នុងករណីពលរដ្ឋ ជាពិសេសជនភៀសសឹកដែលនៅមានបញ្ហាប្រាក់ចំណូល ស្ថាប័នមីក្រូហិរញ្ញវត្ថុនៅតែមានយន្តការរៀបចំឥណទានឡើងវិញដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុដល់ពួកគេ។
លោក និយាយថា៖ «ចឹងបន្ទាប់ពីនឹងទៅ ប្រសិនបើប្រជាពលរដ្ឋនៅតែមានបញ្ហាប្រាក់ចំណូល គាត់នៅតែជួបប្រទះបញ្ហានៅក្នុងការសងត្រលប់ យើងនៅមានយន្តការនៃការរៀបចំឥណទានឡើងវិញដែលយើងអាចប្រើបានដើម្បីពន្យាការបង់ ធ្វើតារាងថ្មី សម្រួលសម្ពាធហិរញ្ញវត្ថុរបស់គាត់បាន»។
ពលរដ្ឋនៅភូមិស្លែង ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ និងអតីតជនភៀសសឹក លោក អឿ មាលា អាយុ ៣៧ឆ្នាំ និយាយថា ធនាគារដែលលោកជាប់កម្ចីប្រមាណ១ម៉ឺនដុល្លារ បានផ្ដល់ការអនុគ្រោះដោយលើកលែងបង់ការប្រាក់ប្រមាណ១០០ដុល្លារ រយៈពេល៣ខែ ចាប់ពីខែមករាដល់ខែមីនា ឆ្នាំ២០២៦។ តែទោះជាយ៉ាងណា លោក ទទូចឱ្យធនាគារអនុគ្រោះការបង់ប្រាក់ដើមវិញ ដោយសារតែប្រាក់ដើមមានចំនួនច្រើន។
លោក និយាយថា៖ «មានជំពាក់បំណុលធនាគារ ធនាគារគេផ្អាកយកការប្រាក់៣ខែ យើងភៀសសឹករកលុយអត់បានគេអត់យកការប្រាក់បីខែ បង់ដើមធម្មតា»។
កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាន ថា ក្នុងរយៈពេលចន្លោះពីពាក់កណ្តាលដល់ដំណាច់ឆ្នាំ២០២៥ គ្រឹះស្ថានដែលជាសមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកលែងការប្រាក់សរុបមានចំនួន ១០,៦លានដុល្លារអាមេរិក សម្រាប់គ្រួសារដែលជាជនភៀសសឹក ដើម្បីជួយពួកគាត់ឱ្យមានស្ថិរភាពហិរញ្ញវត្ថុក្នុងអំឡុងពេលភៀសសឹក និងការរំខានដល់ការរស់នៅ។
ស្ថាប័នមីក្រូហិរញ្ញវត្ថុ ក៏បានលុបចោលបំណុល (ទាំងប្រាក់ដើម និងការប្រាក់) ចំនួនប្រមាណ ១លានដុល្លារអាមេរិក សម្រាប់យោធិនជួរមុខ យោធិនរងរបួសនិងគ្រួសាររបស់យោធិនពលី ។ ឥណទានប្រមាណ ៥០០លានដុល្លាអាមេរិក ត្រូវបានរៀបចំឡើងវិញ ដើម្បីសម្រាលសម្ពាធហិរញ្ញវត្ថុជូនដល់ជនភៀសសឹក និងពលរដ្ឋដែលរងផលប៉ះពាល់ផ្សេងៗទៀត៕







