ព្រឹត្តិការណ៍នគរសង្ក្រាន្ត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកន្លងទៅថ្មីៗនេះ បានរៀបចំឡើងនៅ៦ទីតាំង រួមទាំងតាមបណ្ដោលសួនច្បារដ៏វែងមួយ ដែលលាតសន្ធឹងពីមុខទីតាំងស្ថានីយរថភ្លើង ឬរាជាយស្ម័យយាន រហូតដល់មាត់ទន្លេ នៃទន្លេសាប អមដោយផ្លូវលេខ១០៦ និងផ្លូវលេខ១០៨។
ប៉ុន្មានសប្ដាហ៍ មុនព្រឹត្តិការណ៍នគរសង្ក្រាន្តនេះចាប់ផ្ដើម គេសង្កេតឃើញថា ក្រុមជាងមមាញឹក ធ្វើការប្រណាំងនឹងកម្ដៅថ្ងៃនាខែចេត្រ ដោយខ្លះសង់ឆាកសម្ដែង ផ្ទះបែបប្រពៃណី ឆាកប្រគំតន្ត្រី និងតុបតែងគ្រឿងលម្អសម្រាប់ឆ្នាំថ្មី មានគោមផ្កាយ រំយោល និងភ្លើងភ្ញីគ្រប់ពណ៌ ដាក់តាមដើមឈើ តាមដងផ្លូវនានាជាដើម។
ឱកាសនោះហើយ បានប្រែក្លាយសួនច្បារដ៏វែងមួយនេះ មានបរិយាកាសអ៊ូអរយ៉ាងខ្លាំង ដោយមានការតុបតែងលម្អ សម្រិតសម្រាំងឡើង ខណៈសួនច្បារត្រង់ចំណុចអតីតទីលានប្រជាធិបតេយ្យ និងសួនច្បារផ្សារចាស់ ក្រុមជាងក៏បានកាត់ដែក រុះរើរបងស័ង្កសីបិទជិត ខ្ពស់ផុតពីក្បាលចេញ ដើម្បីបើកលំហសាធារណៈ ឱ្យទូលាយឡើង សម្រាប់ការរៀបចំកម្មវិធី ទទួលប្រជាជន និងទេសចរមកកម្សាន្ត។
ការរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្តនៅរាជធានីភ្នំពេញ បានធ្វើឱ្យទីតាំងសួនច្បារចាប់ពីចំណុចស្ថានីយអយស្ម័យយាន រហូតដល់មាត់ទន្លេ នៃទន្លេសាប មានមនុស្សម្នាទៅមកអ៊ូអរកកកុញ លេងកម្សាន្ត មើលពិព័រណ៍ ដែលបង្កើតបាននូវភាពរស់រវើកនៅក្នុងទក្រុង។
អ្នកលក់ដូរគ្រឿងភេសជ្ជៈ នៅម្ដុំអតីតទីលានប្រជាធិបតេយ្យ ក្នុងខណ្ឌដូនពេញ និងជាអ្នកបានចូលរួមព្រឹត្តិការណ៍នគរសង្ក្រាន្តផងនោះ អ្នកស្រី នួន ម៉ារី អាយុ ៤៧ឆ្នាំ បានបង្ហាញ អារម្មណ៍សប្បាយរីករាយ ខណៈពិធីបុណ្យចូលឆ្នាំធ្វើឡើងនៅភ្នំពេញ នាំឱ្យមានសកម្មភាពអ៊ូអរខុសពីសព្វមួយដង។
អ្នកស្រីថ្លែង៖ «ចា៎សបាន បានទៅលេងរាល់ថ្ងៃ ហើយសប្បាយចូលរួមសប្បាយជាមួយគេរហូត គ្រាន់ថាវាអត់បានយូរ បានមួយភ្លែតៗ ដោយសារយើងរវល់ការងារលក់ដូរយើងនៅផ្ទះដែរ»។
អង្គុយក្បែរឥវ៉ាន់ រៀបរាប់ដោយស្នាមញញឹមផង អ្នកស្រីសាទរក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្តនៅភ្នំពេញ យ៉ាងណាអ្នកស្រី ម៉ារី ក៏រំភើបដែរ ពេលសួនច្បារក្បែរផ្ទះ បើកលំហឡើងវិញ បន្ទាប់ពីបិទបាំងដោយរបងស័ង្កសីខ្ពស់អស់ជាច្រើនឆ្នាំហើយនោះ។
អ្នកស្រីរំឭកអំពីអនុស្សាវរីយ៍ជាមួយសួនមួយនេះថា ធ្លាប់បានដើរហាត់ប្រាណ និងធ្លាប់លក់ដូរអីវាន់ខ្លះដែរនៅលើសួន ទោះបីកន្លងមក អ្នកស្រីថាធ្លាប់មានការប្រមូលម្ដុំរបស់ប្រជាជនក្នុងការសម្ដែងមតិក៏ដោយ។
អ្នកស្រី ម៉ារី៖ «កាលពីមុន ខ្ញុំធ្លាប់លក់ដូរអីវាន់អីខ្លះនៅលើសួនហ្នឹង ដល់គេបាំងបិទអ៊ីចឹងទៅ មិនបានលក់តទៀតអ៊ីចឹងទៅណា ហើយក៏មកលក់នៅក្រោមផ្ទះនេះវិញ យើងចង់ដើរលេងអី ហាត់ប្រាណអីអត់មាន។ ពីមុនហាត់ប្រាណផង លក់ដូរខាងលើហ្នឹងផង»។
អ្នកស្រីបន្ត៖ «សប្បាយចិត្ត បានដើរស្រួល ហើយយើងមានទំនេរយើងបានហាត់ប្រាណសួនហ្នឹង តែពេលកាលគាត់បាំងអ៊ីចឹងទៅ ពួកខ្ញុំដើរហាត់ប្រាណអត់កើត ដើរលើថ្នល់ខ្លាចប៉ះឡានម៉ូតូ ដល់ពេលគាត់បើកអ៊ីចឹងទៅ ខាងលើសួនយើងដើរទៅមកៗ វាសុវត្ថិភាព»។
សម្រាប់អ្នកស្រី នួន ម៉ារី ដែលរស់នៅក្នុងតំបន់នេះជាង ៣០ឆ្នាំហើយនោះ សំណូមពរឱ្យអាជ្ញាធរបើកសួនច្បារក្បែរផ្ទះអ្នកស្រីមួយនេះជាអចិន្ត្រៃយ៍ ទោះពិធីនគរសង្រ្កាន្តបានបិទបញ្ចប់រួចហើយក្ដី។ អ្នកស្រីបញ្ជាក់ថា ការបើកសួននេះឡើងវិញ បម្រើដល់សាធារណជន អាចជ្រកម្លប់ ហាត់ប្រាណ ដើរឆ្លងទៅមកដោយសុវត្ថិភាព និងស្រឡះល្អ មានសោភ័ណភាពសម្រាប់តំបន់នេះ និងទីក្រុងទាំងមូលជាដើម។
អ្នកស្រីរៀបរាប់៖ «កាលពេលបិទនោះ យើងពិបាកដើរចុះឡើងៗអ៊ីចឹងណាស់ ពិសេសពេលដើរពេលយប់ ខ្ញុំយកម៉ូតូទៅផ្ញើខាងក្រោយអគារអ៊ិចឆេង (Exchange Square) នោះ យើងដើរតាមថ្នល់ ម៉ូតូឡានលឿនៗណាស់ អត់មានមើលយើងអ្នកដើរទេ អ៊ីចឹងយើងបារម្ភសុវត្ថិភាពពេលហ្នឹង។ បើគាត់អត់បិទយើងដើរស្រួល អ៊ីចឹងចង់សំណូមពរថា ចប់កម្មវិធីហ្នឹងហើយ កុំបិទល្អជាង វាបានយើងមើលទៅឃើញទៅមកទាំងសងខាង។ ពេលបើកទៅ មានដើមឈើមានអីអ៊ីចឹង ម្លប់ត្រជាក់»។
ស្រដៀងគ្នានេះដែរ អ្នកចូលរួមព្រឹត្តិការណ៍នគរសង្ក្រាន្តនៅភ្នំពេញម្នាក់ទៀត គឺអ្នកស្រី សារី អាំមីណាស់ អាយុ ៣៨ ឆ្នាំ ជាអាជីវករលក់គ្រឿងសមុទ្រនៅផ្សារចាស់ជាង ២០ឆ្នាំមកហើយ។ អ្នកស្រីរីករាយ និងមានអារម្មណ៍ប្លែក ដ្បិតភ្នំពេញមិនធ្លាប់ប្រារព្ធពិធីធំដុំក្នុងឱកាសចូលឆ្នាំកន្លងមក។ ជាមួយគ្នានេះ អ្នកស្រីថាការកាត់ជញ្ជាំងស័ង្កសីពាក់កណ្ដាលដើម្បីរៀបចំកម្មវិធីនៅជិតផ្សារចាស់ ពិតជាប្លែក ហើយស្រឡះមុខមាត់ មើលឃើញដល់ផ្លូវម្ខាងទៀត មានខ្យល់រហើយទោះបីក្ដៅបន្តិច ខណៈអ្នកស្រីថាកន្លងមក សួនក្បែរផ្សារនេះមានបាំងរបងស័ង្កសីខ្ពស់ឡើងទៅលើអស់ជាច្រើនឆ្នាំមកហើយ។
អ្នកស្រី អាំមីណាស់៖ «វាស្រឡះ ពេលគេដោះស័ង្កសីទៅ កាលមុនគេបាំងរបងស័ង្កសីឡើងទៅលើទៅ មើលទៅដូចអត់ទំនង ដល់ពេលពួកគាត់ធ្វើអ៊ីចឹងទៅ ល្អ ហើយរហើយស្រួលទៀត ហើយមនុស្សកកកុញមកមើលអ៊ីចឹងទៅណា អ៊ីចឹងមើលទៅមានអារម្មណ៍ថាប្លែក ហើយណាមួយសង្ក្រាន្តខ្មែរយើងទៀត មនុស្សមកមើលច្រើន ហ្នឹងហើយគេចូលរួមច្រើន»។
អ្នកស្រីបន្ត៖ «ដំបូងឡើយហ្នឹង ធ្លាប់ដើរហាត់ប្រាណនៅហ្នឹងដែរ កាលគេអត់ទាន់បាំងស័ង្កសីទុកចោលហ្នឹង បន្ទាប់មកគេ អស់ពីសួនហើយ គេហ៊ុមព័ទ្ធបាំងស័ង្កសីហ្នឹង វាហប់មើលទៅវាអត់ទំនង ហើយទុកចោលរយៈពេលប៉ុន្មានឆ្នាំ បានគេបើកមក បានផ្ញើឡានផ្ញើម៉ូតូ បន្ទាប់មកមានគេមកធ្វើខនសឺតម្ដងពីរដែរ ដូចជាអុំទុក ឬក៏ចូលឆ្នាំអ៊ីចឹងដែរទេ ភ្លេចបាត់ហើយកាលជំនាន់ហ្នឹង ដល់ពេលអ៊ីចឹងមនុស្សមកច្រើនល្អ។ បើគាត់បើកធ្វើភូមិវប្បធម៌អ៊ីចឹងរហូតល្អណាស់ មនុស្សមកចេញចូលរហូតអ៊ីចឹង»។
អ្នកស្រី អាំមីណាស់ សំណូមពរឱ្យអាជ្ញាធរទុកលំហបែបនេះ ដើម្បីស្រឡះមានខ្យល់អាកាសត្រជាក់ចេញចូល យ៉ាងណាអ្នកស្រីក៏ស្នើឱ្យមានកន្លែងផ្ញើឡានម៉ូតូស្រួលបួលដែរ ដើម្បីងាយស្រួលដល់ភ្ញៀវចូលទៅទិញអីវ៉ាន់ក្នុងផ្សារ។
សួនច្បារ ដែលលាតសន្ធឹងពីរាជាយស្ម័យយាន រហូតដល់មាត់ទន្លេសាបនេះ កើតចេញពីការលុបព្រែកជីកបុរាណពាមផ្លុងរវាងឆ្នាំ ១៩៣០-១៩៤០ ដែលការបង្កើតសួនច្បារនេះ ជាផែនការរៀបចំក្រុង នៃសម័យអាណានិគមបារាំង។ តំបន់ក្រុងចាស់នេះ មានប្រវត្តិសាស្ត្រឆ្លងកាត់សម័យកាលជាច្រើន ស្របពេលទីតាំងសួនលំហសាធារណៈនេះ មាននាទីបម្រើឱ្យមហាជនក្នុងទីក្រុងជាច្រើនជំនាន់ សម្រាប់ការរៀបចំកម្មវិធីផ្សេងៗ ទាំងសិល្បៈវប្បធម៌ តន្ត្រី និងបំរើជាទីធ្លាដើរកម្សាន្ត ឬហាត់ប្រាណជាដើម។
សាវតារបិទ និងប្ដូរទីលានប្រជាធិបតេយ្យក្នុងសម័យព្រះរាជាណាចក្រទី២អតីតទីលានប្រជាធិបតេយ្យ គឺស្ថិតលើសួនច្បារមួយ ក្នុងចំណោមសួនច្បារទាំង ៨កំណាត់លើបណ្តោយផ្លូវលេខ១០៦ និង១០៨ ហើយប្រៀបដូចជារបងរបស់សួនកាណាឌីយ៉ា។ អតីតទីលានប្រជាធិបតេយ្យនេះ បានបើកសម្ពោធ កាលពីខែវិច្ឆិកា ឆ្នាំ២០១០ សម្រាប់មប្រើដល់ជាប្រជាពលរដ្ឋ មន្ត្រីអង្គការសង្គមស៊ីវិល ព្រមទាំងគណបក្សនយោបាយនានា ជួបជុំសម្តែងមតិ។
អំឡុងឆ្នាំ២០១៣ អតីតគណបក្សសង្គ្រោះជាតិ បានប្រើប្រាស់ទីលាននេះ ជាកន្លែងប្រមូលផ្តុំអ្នកគាំទ្រខ្លួន តវ៉ាមិនទទួលយកលទ្ធផលបោះឆ្នោតជិតមួយឆ្នាំកាលនោះ រហូតដល់មានការប៉ះទង្គិចគ្នាដោយហិង្សា ដោយមានការចាប់ខ្លួនមន្ត្រី តំណាងរាស្ត្រ និងអ្នកគាំទ្របក្សប្រឆាំង។ ដោយសារភាពតានតឹងកើតឡើងជាបន្តបន្ទាប់បែបនោះ អតីតរដ្ឋាភិបាលកាលនោះ បានសម្រេចបិទទីលានប្រជាធិបតេយ្យ នៅឆ្នាំ២០១៤។
បន្ទាប់មក អំឡុងឆ្នាំ២០១៦ អតីតនាយករដ្ឋមន្ត្រី ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បាន ស្នើអាជ្ញាធរផ្លាស់ប្តូរទីតាំងទីលានប្រជាធិបតេយ្យ ដោយលោកថា ការសម្តែងមតិនៅទីតាំងទីប្រជុំជនមួយនេះ បានបង្កភាពរញ៉េរញ៉ៃ ដូច្នេះត្រូវទុកសួនមួយនេះ សម្រាប់ជនមានពិការភាពសម្លែងសិល្បៈ រកកម្រៃចិញ្ចឹមជីវិតពួកគេ និងទុកជាតំបន់ពាណិជ្ជកម្ម ការទូត និងទេសចរណ៍វិញ។
រដ្ឋបាលសាលារាជធានីភ្នំពេញកាលនោះ បានផ្លាស់ប្តូរទីតាំងទីលានប្រជាធិបតេយ្យ ទៅតំបន់មាត់ទន្លេក្នុងខណ្ឌឫស្សីកែវ នៅឆ្នាំ២០១៧ តាមសំណើរបស់លោក ហ៊ុន សែន ហើយបានដូរឈ្មោះទៅជា «សួនច្បារប្រជាធិបតេយ្យ» ជំនួសវិញ។
អតីតទីលានប្រជាធិបតេយ្យ និងសួនច្បារក្បែរផ្សារចាស់ ត្រូវបានគេហ៊ុំព័ន្ធរបងស័ង្កសីខ្ពស់ផុតក្បាល អំឡុងឆ្នាំ២០១៨។ ក្រោយហ៊ុមព័ន្ធសួនទាំងនេះ រដ្ឋបាលរាជធានីភ្នំពេញកាលនោះ បានអះអាងថារដ្ឋាភិបាលប្រគល់សិទ្ធិទៅឱ្យក្រុមហ៊ុនឯកជនចំនួន៤ វិនិយោគតាមរូបភាព B.O.T. ដែលជាប្រភេទគម្រោង ដែលបានកំណត់ជាក់លាក់ នៅក្នុងកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន ដោយសាងសង់ ធ្វើប្រតិបត្តិការ និងផ្ទេរ ដើម្បីសាងសង់ចំណតរថយន្តក្រោមដីចំនួន៤កន្លែងផ្សេងៗគ្នា ខាងក្រោមសួនច្បារ លាតសន្ធឹងចាប់ពីមុខសក្យមុនីចេតីយ៍រហូតជិតដល់មាត់ទន្លេផ្សារចាស់នេះ ក្នុងគោលបំណង រក្សាសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ជួយកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងតំបន់នេះ។
មន្ត្រីនៃរដ្ឋបាលរាជធានីភ្នំពេញកាលនោះបញ្ជាក់ថា ចំណតទី១ គឺជាចំណតរបស់ក្រុមហ៊ុនកាណាឌីយ៉ា និងទី២របស់ក្រុមហ៊ុនធនាគារវឌ្ឍនៈ។ ឯចំណតរថយន្តក្រោមដីទី៣ ស្ថិតក្រោមសួនច្បារអតីតទីលានប្រជាធិបតេយ្យ និងស្ថាបនាដោយក្រុមហ៊ុនស្ថាបនា។ ចំណែកចំណតទី៤ នៅខាងក្រោមផ្សាររាត្រី គឺក្រុមហ៊ុន អ៊ីឌីស៊ីយូតា ខេមបូឌា ភីធីអ៊ី អិលធីឌី EDISIJUTA(Cambodia)PTE.,Ltd គឺជាអ្នកទទួលគម្រោងសាងសង់។
យ៉ាងណាក្ដី គេមើលឃើញថា មានតែចំណតរថយន្តក្រោមដីពីរប៉ុណ្ណោះ ដែលលេចចេញជារូបរាង ស្របពេលចំណតក្រោមដីពីរទៀត ដែលគ្រោងសង់ក្រោមទីតាំងអតីតទីលានប្រជាធិតេយ្យ និងសួនច្បារផ្សារចាស់ នៅមិនទាន់ឃើញយ៉ាងណានោះទេ។ ប៉ុន្ដែគេសង្កេតឃើញដែរថា ពីមុនសួនក្បែរផ្សារចាស់នេះ មានដាក់ភាស៊ីផ្ញើកង់ម៉ូតូ និងឡាន ដោយមិនដឹងថាចំណូលទាំងនេះ បានទៅខាងណានោះទេ។
ចំណែករាជរដ្ឋាភិបាលកម្ពុជា ក៏មានផែនការសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដោយស្ពានមួយខ្សែនេះ តភ្ជាប់ពីតំបន់ផ្សារចាស់ ទៅកាន់ជ្រោយចង្វារ រួចបន្តទៅកាន់ក្រុងអរិយក្សត្រខេត្តកណ្ដាល។ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម ធ្លាប់មានប្រសាសន៍ប្រាប់សារព័ត៌មានក្នុងស្រុកថា គម្រោងស្ពានមិត្តភាពមួយនេះ នៅតែដំណើរការទៅមុខ ដោយមិនមានការប្រែប្រួលទេ ខណៈបច្ចុប្បន្នលោកបញ្ជាក់ថាស្ថិតក្នុងដំណាក់កាលដោះស្រាយផលប៉ះពាល់។
អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ អ្នកស្រី ដោ សម្ផស្ស មានប្រសាសន៍យ៉ាងខ្លីថា មិនមានមតិយោប់ទេ ទាក់ទងនឹងអនាគតអភិវឌ្ឍតំបន់នេះ ក៏ដូចជាការបើកអចិន្ត្រៃយ៍ឡើងវិញ លើលំហសាធារណៈទាំងពីរ គឺអតីតទីលានប្រជាធិបតេយ្យ និងសួនច្បារផ្សារចាស់ ប៉ុន្ដែអ្នកស្រីសុំឱ្យសួរទៅខាង ស.ស.យ.ក. ដែលជាអ្នករៀបចំពិធីនគរសង្រ្កាន្តនៅលើទីតាំងទាំងនេះវិញ។
លោក សោម រតនា ប្រធាននាយកដ្ឋានផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈនៃគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ក៏សុំមិនអធិប្បាយលើរឿងនេះដែរ។
ស្ថាបត្យករ លោក ហោ ដារ៉ូ យល់ឃើញថា ការបើកសួនទាំងពីរឡើងវិញក្នុងឱកាសនគរសង្ក្រាន្ត ជាការចាប់ផ្ដើមឡើងវិញដ៏ល្អ សម្រាប់ការប្រើប្រាស់លំហសាធារណៈ និងសោភ័ណភាពទីក្រុង បន្ទាប់ពីបិទអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
លោកបន្តថា ប្រសិនបើសួនទាំងពីរនេះ បើកជាអចិន្ត្រៃយ៍វិញ ពិតជាផ្ដល់សារសំខាន់ខ្លាំងណាស់ ព្រោះលំហសាធារណៈទាំងនេះ ស្ថិតនៅចំកណ្តាលរាជធានី ស្របពេលទីក្រុងកំពុងតែត្រូវការលំហបែបនេះ សម្រាប់ឲ្យសាធារណជនប្រើប្រាស់ ដូចជាហាត់ប្រាណ លេងកីឡា ដើរ ឬអង្គុយលេងកំសាន្ត និងសម្រាប់ប្រារព្វពិធីផ្សេងទៀតជាដើមដើម្បីប្រយោជន៍រួម។
លោក ហោ ដារ៉ូ ឱ្យដឹងបែបនេះ៖ «មិនត្រឹមតែប៉ុណ្ណោះសួនទាំងពីរនេះស្ថិតនៅចំកណ្តាលអ័ក្សសម្រាប់ភ្ចាប់ទៅកាន់សួនច្បារផ្សេងទៀត ដែលក្រុមបណ្ណុំសួនទាំងនេះ គិតចាប់ពីមុខស្ថានីយ៍រថភ្លើង ដើរតួជាខ្សែអ័ក្សសំខាន់នាំចរាចរណ៏ទៅកាន់កន្លែងសំខាន់ៗក្នុងតំបន់ ដូចជាវត្តភ្នំ អតីតសង្កាត់បារាំង មាត់ទន្លេ ផ្សាររាត្រី និងផ្សារចាស់ជាដើម។ បើសិនជាយើងអាចរចនា និងរៀបចំសួនច្បារទាំងនោះឱ្យបានល្អទៀតនោះ យើងនឹងងាយទាក់ទាញភ្ញៀវទេសចរក្នុងនិងក្រៅស្រុកទៀតផង ដោយសារតែសក្តានុពុលទីតាំងល្អ ផ្ទៃលំហធំ និងនៅជិតគោលដៅទេសចរណ៍សំខាន់ៗ»។
តាមការពិនិត្យពីលើផែនទី Google Earth សម្រាប់ទីក្រុងភ្នំពេញទាំងមូល លោក ដារ៉ូ រៀបរាប់ថា មានលំហសាធារណៈ និងលំហបៃតង តិចតួចនៅឡើយ ខណៈលោកថា ការគិតគូរលើផ្លូវថ្មើរជើងឡើងវិញ ជាផ្នែកសំខាន់មួយសម្រាប់លំហសាធារណៈ ក៏ដូចជាការគិតគូរចំណតរថយន្តទូទៅ និងរថ្តយន្តក្រុងរួម ដើម្បីរំលែកពីការចតលើផ្លូវថ្មើរជើង និងចតលើលំហសាធារណៈសំខាន់ៗ។
លោក ដារ៉ូ បញ្ជាក់យ៉ាងដូច្នេះ៖ «បើនិយាយឱ្យខ្លី ខ្ញុំធៀបលំហសាធារណៈ គឺជាសួតរបស់ទីក្រុង បើសិនជាយើងចង់ឱ្យសួតទីក្រុងយើងមានសុខភាពល្អ យើងត្រូវការរុក្ខជាតិបៃតង ជាសេសដើមឈើធំៗ និងទឹក ដូចជាស្រះ ឬបឹងជាដើម និងកាត់បន្ថយផ្ទៃបេតុង ហើយនឹងមានការថែទាំឱ្យដិតដល់ផងដែរ ដែលទីក្រុងយើងកំពុងតែខ្វះខាតទៅលើចំណុចទាំងនេះ»។
លោកបន្ត៖ «ខ្ញុំមិនទាន់ហ៊ាននិយាយចំណុចនេះ[ការសាងសង់ស្ពានមិត្តភាពកម្ពុជាកូរ៉េ]ដែរ ពីព្រោះតែមិនទាន់យល់ដឹងពីគម្រោងស្ពាននេះច្បាស់។ អ្វីដែលជាគំនិតផ្ទាល់ខ្លួនរបស់ខ្ញុំ គឺអាចសង្រោះលំហសាធារណៈបាន ប៉ុន្តែទាក់ទងនឹងការចំណាយ បូករួមនឹងពេលវេលា»។
លំហសាធារណៈ ដែលលាតសន្ធឹងពីមុខទីតាំងស្ថានីយ៍រថភ្លើងរាជាយស្ម័យយាន រហូតដល់មាត់ទន្លេ នៃទន្លេសាបនេះ គេមិនប្រទះឃើញមានស្លាកសញ្ញាណាមួយនៅជុំវិញនេះ បង្ហាញពីឈ្មោះផ្លូវការ នៃទីតាំងនេះជារួមនោះទេ។ ប៉ុន្ដែសួនច្បារដ៏វែង ដែលជាទីតាំងប្រវត្តិសាស្ត្រ តាំងពីការកកើតរាជធានីភ្នំពេញនេះមាន មានផ្លូវកាត់ទៅមកជាច្រើន បង្កើតបានជា ៨កំណាត់សួនច្បារផ្សេងៗ មានឈ្មោះហៅផ្សេងៗគ្នា។
យ៉ាងណាមិញ កាលណាគេឈរនៅលើមហាវិថីព្រះនរោត្តម សម្លឹងទៅវត្តភ្នំ គេនឹងប្រទះឃើញ បង្គោលថ្ម ចារដោយអក្សរមួយផ្ទាំងនៅខាងស្ដាំដៃ ដែលសំណេរនោះ ជាប្រសាសន៍របស់អតីតអភិបាលរាជធានីភ្នំពេញ លោក កែប ជុតិមា កាលពីឆ្នាំ ២០០៧។
ខ្លឹមសារសំណេរមានយ៉ាងដូច្នេះថា៖ «បង្កាន់ដៃស្ពាននាគថ្ម និងសួនច្បារ បានកសាងឡើងវិញតាមលក្ខណៈលំនាំដើម ដែលបុព្វបុរសខ្មែរបន្សល់ទុកកេរដំណែលប្រវត្តិសាស្ត្រ តាំងពីយូរយារណាស់មកហើយ និងជានិមិត្តរូបនៃការកសាងរាជធានីភ្នំពេញ។ ខ្ញុំសូមឧទ្ទិសនូវសមិទ្ធផលនេះជូនជនរួមជាតិខ្មែរទាំងអស់ និងកូនខ្មែរជំនាន់ក្រោយ បានយល់ដឹង និងស្គាល់ពីតម្លៃនៃវប្បធម៌ជាតិយើង និងសូមឱ្យជួយថែរក្សា ការពារឱ្យបានគង់វង្សយូរអង្វែងតរៀងទៅ»៕







