ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ដាក់លិខិតស្នើទៅក្រសួងយុត្តិធម៌ឱ្យអន្តរាគមន៍ទំលាក់បទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និង «បទមិនរាងចាល បន្ទាប់ពីការផ្ដន្ទាទោសបទមជ្ឈិម» និងសើ្នសុំឱ្យមានសេរីភាពនយោបាយឡើងវិញ ក្រោយតុលាការកំពូលសម្រេចតម្កល់សាលដីការរបស់សាលាឧទ្ធរណ៍ភ្នំពេញ។
តុលាការកំពូលកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ បានសម្រេចព្យួរទោសលោក រ៉ុង ឈុន ឱ្យជាប់ពន្ធនាគារសាកល្បងរយៈពេលបីឆ្នាំ ដោយភ្ជាប់នឹងវិធានហាមប្រាមមួយចំនួន ក្នុងនោះរួមមានទាំងការដកសិទ្ធិនយោបាយរយៈពេល៥ឆ្នាំជាដើម។
នៅខាងមុខក្រសួងយុត្តិធម៌នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ លោក រ៉ុង ឈុន ថ្លែងប្រាប់ប្រជាពលរដ្ឋជាអ្នកគាំទ្រ និងអ្នកសារព័ត៌មានថា លោកមកដាក់លិខិតជូនរដ្ឋមន្រ្តីក្រសួងយុត្តិធម៌នៅពេលនេះគឺដើម្បីឱ្យក្រសួងពិនិត្យលើការសម្រេចរបស់តុលាការកំពូល និងស្នើឱ្យទម្លាក់បទចោទប្រកាន់ និងសុំសិទ្ធិធ្វើនយោបាយឡើងវិញ។
លោកមានប្រសាសន៍ថា៖ «សូមឱ្យមានការសើរើនូវសេចក្ដីសម្រេចសាលដីការបស់តុលាការកំពូល ដែលយើងឃើញការសម្រេចរបស់តុលាការកំពូលផ្អែកលើអង្គហេតុ ដែលពុំមានអង្គហេតុច្បាស់លាស់»។
លោកបន្ថែមថា៖ «យើងឃើញថាការសម្រេចដកសិទ្ធមិនឱ្យបោះឆ្នោត សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត សិទ្ធិធ្វើនយោបាយ មិនឱ្យថ្លែងសាធារណៈ ហើយបម្រាមមិនឱ្យចាកចេញពីរាជធានីភ្នំពេញ មិនស្របនឹងស្មារតីរដ្ឋធម្មនុញ្ញ ពីព្រោះបើយោងតាមមាត្រា៣៤ថ្មី មាត្រា៣៥ ក៏ដូចជាមាត្រា៤០ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គេមិនបានបិទនូវសិទ្ធិទេ មានន័យថាធានាសិទ្ធិពលរដ្ឋជាមូលដ្ឋាន»។
តែយ៉ាងណា លោករ៉ុង ឈុន ថាលោកនឹងតស៊ូមតិជំទាស់នឹងការសម្រេចរបស់តុលាការឱ្យអស់ពីលទ្ធភាព ដោយលោកមិនអស់សង្ឃឹមឡើយ ព្រោះលោកយល់ថាស្ថានភាពអាចវិវត្តទៅភាពល្អប្រសើរនាពេលខាងមុខ។
លោកថ្លែងថា៖ «បើយើងមើលតាំងពីថ្នាក់ទាបដល់ថ្នាក់កំពូល មានន័យថាតុលាការទាំងបីថ្នាក់មិនបានផ្ដល់យុត្តិធម៌។ តែទោះបីជាយ៉ាងក៏ដោយ យើងមិនអាចឈរនៅស្ងៀម ដូច្នេះយើងត្រូវតែតស៊ូយ៉ាងស្វិតស្វាញអស់ពីលទ្ធភាព»។
លិខិតស្នើសុំអន្តរាគមន៍ទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បង្ហាញពីអង្គហេតុថា កាលពីខែមីនា ឆ្នាំ២០២៤ លោករ៉ុង ឈុន បានចុះទៅជួបប្រជាពលរដ្ឋដែលមានបញ្ហាវិវាទដីធ្លីនៅសហគមន៍បឹងតាមោក និងគម្រោងព្រលានយន្តហោះថ្មីខេត្តកណ្តាល ដើម្បី សំណេះសំណាលជាមួយប្រជាពលរដ្ឋនៅទីនោះ។ ចំណែកឯនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ លោកបានចូលរួមសម្ពោធទីស្នាក់ការគណបក្សកម្លាំងជាតិស្រុកកោះធំ ខេត្តកណ្តាល និងបានសំណេះសំណាល ជាមួយថ្នាក់ដឹកនាំគណបក្សកម្លាំងជាតិ និងអ្នកគាំទ្រអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ បន្ថែមពីលើនេះ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ លោកបានផ្តល់កិច្ចសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី អំពីដំណើរចុះតាមព្រំដែនកម្ពុជា វៀតណាមរបស់ លោកនាយករដ្ឋមន្ត្រីកម្ពុជា។
លោកថា សកម្មភាពទាំងនេះមិនបានបំពេញធាតុផ្សំនៃបទល្មើស «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដូចមានចែងក្នុងមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌឡើយ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ អ្នកស្រី ឌី ម៉ូឡានី និង លោក ឯម ច័ន្ទមករា មិនទាន់ឆ្លើយតបនឹងប្រជាកាសែតនៅឡើយទេ គិតត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦។ ទោះជាយ៉ាងណា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ធ្លាប់បានអះអាងកាលពីឆ្នាំ២០២៤ថា ពលរដ្ឋអាចដាក់ពាក្យបណ្តឹងទៅកាន់ក្រសួងយុត្តិធម៌បាន ប្រសិនបើមិនពេញចិត្តចំពោះនីតិវិធីតុលាការ ឬយល់ថាមានភាពមិនប្រក្រតី។
ក្នុងនាមជាអ្នកគាំទ្រលោក រ៉ុង ឈុន ម្នាក់មកពីរាជធានីភ្នំពេញ លោក ឈុន មេសា អាយុ៤៦ឆ្នាំ ប្រាប់អ្នកសារព័ត៌មានថា ការផ្ដន្ទាទោសទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ជារឿងអយុត្តិធម៌ និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការអនុវត្តសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងនាមជាប្រទេសប្រជាធិបតេយ្យ។ លោកអំពាវនាវឱ្យក្រសួងយុត្តិធម៌ជួយអន្តរាគមន៍ ដើម្បីឱ្យលោក រ៉ុង ឈុន មានសិទ្ធិធ្វើនយោបាយឡើងវិញ។
លោកនិយាយថា៖ «ខ្ញុំមិនបានឃើញអ្វីមួយប៉ះពាល់ធ្ងន់ធ្ងរដល់បញ្ហាក្នុងសង្គម […] ខ្ញុំគ្រាន់តែចង់ឃើញឱ្យតុលាការ និងក្រសួងយុត្តិធម៌នេះទម្លាក់ចោលបទចោទ ដើម្បីឱ្យគាត់មានសេរីភាពធ្វើនយោបាយ»។
លោកបន្ថែមថា៖ «ខ្ញុំមានការសោកស្ដាយមែនទែននៅពេលគេដកសិទ្ធិគាត់ មិនត្រឹមតែប្រធានគណបក្ស គ្រាន់តែទីប្រឹក្សាក៏មានការដកហូតដំណែង។ ខ្ញុំមានការសោកស្ដាយ និងចង់ឱ្យគាត់ចូលរួមជីវភាពនយោបាយដូចប្រជាពលរដ្ឋយើងទូទៅ»។
អ្នកស៊ើបអង្កេតជាន់ខ្ពស់ផ្អែកសិទ្ធិមនុស្សនៃសមាគមអាដហុក លោក យី សុខសាន្ត យល់ឃើញថា ការដកសិទ្ធិធ្វើនយោបាយ និងបទចោទប្រកាន់មកលើលោក រ៉ុង ឈុន ជារឿងអយុត្តិធម៌ ព្រោះលោកថាក្នុងនាមជាទីប្រឹក្សាគណបក្សនយោបាយ លោកមានសិទ្ធិចុះជួបប្រជាពលរដ្ឋ និងជួយពិភាក្សា ស្វែងរកដំណោះស្រាយជាមួយពួកគេជាសិទ្ធិបញ្ចេញមតិដូចពលរដ្ឋទូទៅ។
លោកមានប្រសាសន៍ថា៖ «ក្នុងនាមគាត់ជាគណបក្សនយោបាយគាត់មានសិទ្ធិទៅជួបប្រជាជនរងគ្រោះ និងមានសិទ្ធិផ្ដល់យោបល់ អីចឹងការផ្ដល់មតិយោបល់ ការទិតៀន ការរិះគន់របស់គាត់ក្នុងនាមជាទីប្រឹក្សារបស់គណបក្សនយោបាយនេះ មានច្បាប់ចែងពាក់ព័ន្ធច្បាប់រដ្ឋធម្មនុញ្ញ»។
លោកបន្ថែមថា៖ «បើតាមច្បាប់វាអត់ខុសទេ។ បើសិនចាត់ទុកថាកម្ពុជាជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនេះ អីចឹងសេរីភាពបញ្ចេញមតិនេះជាសិទ្ធិមូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យហ្នឹងហើយ»។
គួរបញ្ជាក់ផងដែរថា សាលាដំបូងរាជធានីភ្នំពេញ កាលពីខែឧសភា ឆ្នាំ២០២៥ សម្រេចចោទលោក រ៉ុង ឈុន ពីបទ«ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និង «បទមិនរាងចាល បន្ទាប់ពីការផ្ដន្ទាទោសបទមជ្ឈិម»។ លោកត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៤ ឆ្នាំ ពិន័យជាប្រាក់ចំនួន ៤លានរៀល និងដកហូតសិទ្ធិបោះឆ្នោត និងឈរឈ្មោះជាបេក្ខជនឱ្យគេបោះឆ្នោត។
កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ សាលាឧទ្ធរណ៍ភ្នំពេញបានតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានកាត់ទោសលោក រ៉ុង ឈុន ដាក់ពន្ធនាគាររយៈពេល៤ឆ្នាំ ពិន័យប្រាក់ចំនួន ៤លានរៀល ទុកជាបានការដដែល ព្រមទាំងដកហូតសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតអស់មួយជីវិត៕







