បុណ្យ៧ថ្ងៃសពម្ដាយរបស់លោក យីម លាងហ៊ី នឹងប្រព្រឹត្តិទៅថ្ងៃទី២១ឧសភានាស្រុកកោះធំខេត្តកណ្ដាល

សង្គម

លោកយឹម លាងហ៊ី(កាលនៅក្រៅឃុំ) ឈរថតជាមួយម្ដាយ(កាលនៅមានជីពជន្ម) ។រូបភាពបណ្ដាញសង្គមហ្វេសប៊ុក)។

ម្ដាយបង្កើតរបស់សកម្មជនមាតាធម្មជាតិលោក យីម លាងហ៊ី គឺអ្នកស្រី លឹម ផិចហុង បានទទួលមរណភាពនាទៀបភ្លឺថ្ងៃទី១៦ ខែឧសភា ដោយសារជំងឺមហារីក ដោយមិនបានឃើញមុខកូនប្រុសនៅដង្ហើមចុងក្រោយឡើយ។ 

ឪពុកបង្កើតរបស់លោក យីម លាងហ៊ី គឺលោក ឡូយ យីម រៀបរាប់ប្រាប់ប្រជាកាសែតនៅ ថា ភរិយារបស់លោក បានទទួលអនិច្ចកម្ម ដោយសារជំងឺមហារីកកូនកណ្ដុរ ក្នុងវ័យ ៧២ឆ្នាំ បន្ទាប់ពីបានតស៊ូព្យាបាលអស់រយៈពេលប្រហែល ២ឆ្នាំ។ 

រៀបរាប់ទាំងក្ដុកក្ដួល លោក ឡូយ យីម ឆ្លៀតរម្លឹកថា ក្រៅពីទុក្ខបុកម្នេញដោយសារជំងឺកាចសាហាវ ចិត្តដែលនឹក និងបារម្ភពីកូនប្រុសក្នុងពន្ធនាគារ ក៏ជាចំណែកធ្វើឱ្យស្ថានភាពជំងឺរបស់ភរិយាលោកកាន់តែដុនដាបខ្លាំងទៅៗ រហូតទទួលអនិច្ចកម្ម។ មុនពេលដង្ហើមចុងក្រោយមកដល់ ភរិយារបស់លោកមានចិត្តអាឡោះអាល័យ និងប្រាថ្នាចង់ជួបមុខកូនប្រុស គឺលោក យីម លាងហ៊ី យ៉ាងខ្លាំង ប៉ុន្តែបំណងប្រាថ្នានេះមិនអាចសម្រេចបានឡើយ ដោយសារតែកូនប្រុសកំពុងជាប់ឃុំក្នុងពន្ធនាគារ។

លោក ឡូយ យីម រៀបរាប់៖ «គាត់អាយុបាន ៧២ឆ្នាំដែរ ពេលគាត់ស្លាប់ហ្នឹង គ្រាន់តែថា វាក្រឡកចិត្តខ្លះដែរ តែជំហរគាត់នៅតែរឹងមាំ គាត់ស្លាប់ទៅ។ ជាធម្មតា មនោសញ្ចេតនាម្តាយ និងកូន ដល់ពេលមានទុក្ខធុរៈធ្ងន់ ដូចជាជីវិតចុងក្រោយអ៊ីចឹង យ៉ាងម៉េចក៏នៅតែមានការចង់ឃើញ ចង់ជួប ចង់សួរសុខទុក្ខគ្នា លាគ្នាចុងក្រោយ»។

លោកបន្ត៖ «ការដែលនឹកហ្នឹង អាឡោះអាល័យហ្នឹង វានៅក្នុងអារម្មណ៍គាត់ [ភរិយារបស់លោក] ក្ដោបនៅក្នុងអារម្មណ៍របស់គាត់ ដែលមុននឹងគាត់ផុតទៅ។ នឹកឃើញតែមានកូនមួយនៅជាប់ពន្ធនាគារ អ៊ីចឹងទៅ វាមិនបានដោយរលូន [សម្រាប់មរណភាពរបស់ភរិយាលោក] ក៏ប៉ុន្តែ ធ្វើម៉េច និស្ស័យកម្មយើង វានៅមានដិតដាម អ៊ីចឹងយើងមិនអាច ធ្វើអីឱ្យហួសពីព្រហ្មលិខិត កំណត់បានទេ។ ធ្វើម៉េច យើងរស់នៅក្រោមមេឃ ក្រោមភ្លៀង យើងលែងអីតែទទឹកខ្លះអ៊ីចឹងហើយ»។

តាមការបញ្ជាក់របស់លោក ឡូយ យីម ក្រុមគ្រួសារលោក នឹងរៀបចំពិធីបុណ្យគម្រប់ ៧ថ្ងៃ ជូនភរិយាលោក នៅថ្ងៃទី២១ ខែឧសភាខាងមុខនេះ។ យ៉ាងណា ពាក់ព័ន្ធនឹងការស្នើសុំឱ្យកូនប្រុសលោក គឺលោក យីម លាងហ៊ី មកជួបមុខ ឬធ្វើបុណ្យជូនម្ដាយ លោកលែងមានសង្ឃឹម និងមិនអាចទទូចស្នើសុំពីរាជរដ្ឋាភិបាលទៀតហើយ ស្របពេលភរិយារបស់លោកបានលាចាកលោកទៅហើយដែរ។ 

លោក ឡូយ យីម៖ «បើកាលដែលគាត់នៅដង្ហើមចុងក្រោយ បានមហាសែនអរហើយ បើតុលាការបានឱ្យមកជួប តែដល់ឥឡូវ ដល់ពេលគាត់ខូចហើយ បើយើងទៅទទូចសុំទៀត វាចេះតែចង់បានហើយ តែលែងមានអារម្មណ៍ លែងមានសង្ឃឹម ហើយក៏វាក្រឡក ធ្លាក់ចុះមកក្រោមវិញ ដែលពីមុន ចង់បាន ១០០ ភាគរយ តែឥឡូវនៅសល់តែត្រឹម ៥០ ភាគរយទេ គ្រាន់តែប៉ុណ្ណឹងទេ»។

សកម្មជនមាតាធម្មជាតិ លោក យីម លាងហ៊ី បានសរសេរសំបុត្រលាទាំងស្រណោះ និងការសន្យាចុងក្រោយ ជូនអ្នកម្តាយលោក ចេញពីពន្ធនាគារខេត្តកំពង់ស្ពឺ កាលពេលថ្មីៗនេះ។លិខិតនោះត្រូវបានផ្សព្វផ្សាយជាសាធារណៈតាមរយៈផេកមាតាធម្មជាតិ។

លោកបានរៀបរាប់អំពីក្តីនឹករលឹក ភាពខកចិត្ត ដោយមិនបាននៅមើលថែទាំអ្នកម្ដាយ ខណៈទទួលដំណឹងពីសុខភាពម្ដាយមិនស្រួល ស្របពេលរូបលោកកំពុងជាប់ឃុំឃាំង។ 

នៅផ្នែក១នៃសេចក្ដីសំបុត្រ លោក យីម លាងហ៊ី បានរៀបរាប់ថា៖ «ក្នុងភាពស្ងាត់ជ្រងំ នៃពន្ធនាគារ កូនតែងអង្គុយនឹកឃើញដល់ផ្ទៃមុខម៉ែ និងប្រអប់ដៃដែលជ្រើមដោយសារការងារ ធ្ងន់របស់អ្នកម្តាយ។ កូនដឹងច្បាស់ថា កូនមានថ្ងៃនេះ មានចំណេះដឹង និងមានស្មារតីរឹងមាំ ក៏ដោយសារតែអ្នកម្តាយជាស្ត្រីដែកថែប។ អ្នកម្តាយបានតស៊ូខំធ្វើការទាំងយប់ទាំងថ្ងៃ បង្ហូរ​ញើសឈាម ដើម្បីចិញ្ចឹមកូនឱ្យបានរៀនសូត្រ និងប្រដៅកូនឱ្យស្គាល់តម្លៃនៃភាពស្មោះត្រង់លើសពីមាសប្រាក់»។

តាមសេចក្ដីសំបុត្រ លោក លាងហ៊ី ចងចាំជានិច្ចនៅសម្តីអ្នកម្តាយគាត់ថា «ទោះស្លាប់ ក៏ត្រូវស្លាប់ដោយមានតម្លៃ ដោយម្តាយលោក មិនចង់ឱ្យកូនលក់ព្រលឹង ដើម្បីដោះយកសេរីភាពផ្ទាល់ខ្លួនឡើយ ព្រោះសេរីភាពដែលបានមកពីការឱនក្បាលចំពោះភាពអយុត្តិធម៌ ជាសេរីភាពដែលគ្មានត »។
លោក យីម លាងហ៊ី ជាកូនទី២ ក្នុងចំណោមបងប្អូន ៥នាក់ក្នុងគ្រួសារ។ លោក ត្រូវតុលាការផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ ៨ឆ្នាំ ក្រោមបទចោទរួមគំនិតក្បត់ និងប្រមាថអង្គព្រះមហា​ក្សត្រក្នុងចំណោមសកម្មជនចលនាមាតាធម្មជាតិចំនួន ១០នាក់ទៀត។

បច្ចុប្បន្ន លោក យីម លាងហ៊ី កំពុងបន្តជាប់ពន្ធនាគារ ជាមួយសកម្មជនមាតាធម្មជាតិ ៤នាក់ផ្សេងទៀត ដោយពួកគេ ត្រូវជាប់ពន្ធនាគារចន្លោះពី៦ ឆ្នាំទៅដល់៨ឆ្នាំ។ 

ក្រោយតុលាការបានប្រកាសសាលក្រមសម្រេចឱ្យឃុំខ្លួនពួកគេ នៅខែកក្កដា ឆ្នាំ២០២៤ អង្គការជួយសង្គ្រោះព្រៃឈើនៅខែកញ្ញា ឆ្នាំ២០២៤ បានចេញញត្តិមួយដើម្បីទាមទារឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងសកម្មជនទាំង ៥នាក់ខាងលើ ខណៈញត្តិនោះទទួលបានសំឡេងគាំទ្រជាង ១០ម៉ឺនសំឡេង។ ហើយកាលពីពេលថ្មីៗនេះ បើតាមក្រុមចលនាមាតាធម្មជាតិ រយៈពេល ៦ខែនៃយុទ្ធនាការ «សរសេរដើម្បីសិទ្ធិ» រយៈពេល១ឆ្នាំ របស់អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) យុទ្ធនាការនេះ ទទួលសំបុត្រគាំទ្រជាង ២០ម៉ឺនសំបុត្រ ពីយុវជនតាមបណ្តាប្រទេសនានាលើសកលលោក គាំទ្រដល់សកម្មជនចលនាមាតាធម្មជាតិ ដែលកំពុងជាប់ក្នុងពន្ធនាគារ និងបង្ហាញពីសាមគ្គីភាព និងប្រឆាំងចំពោះអំពើអយុត្តិធម៌។

មន្ត្រីជាន់ខ្ពស់ផ្នែកអង្កេត និងឃ្លាំមើលសិទ្ធិមនុស្ស នៃសមាគមអាដហុក លោក យី សុខសាន្ត បង្ហាញចំណាប់អារម្មណ៍លើបញ្ហានេះថា ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ហាក់នៅខ្វះគុណធម៌ផ្លូវច្បាប់ បន្ទាប់ពីអាជ្ញាធរមានសមត្ថកិច្ច មិនអនុញ្ញាតឱ្យសកម្មជនចលនាមាតាធម្មជាតិ លោក យីម លាងហ៊ី បានចេញមកជួបមុខម្ដាយបង្កើត ដែលកំពុងឈឺធ្ងន់រហូតដល់ដង្ហើមចុងក្រោយ។

លោក យី សុខសាន្ត៖ «គួរឱ្យសោកស្ដាយ គួរតែផ្ដល់ឱ្យគាត់ គាត់មិនមែនសុំរួចទោសទេ គាត់គ្រាន់តែសុំ មកចូលរួមបុណ្យសពម្តាយ ដែលស្លាប់»។

តាមការកត់សម្គាល់របស់អ្នកឃ្លាំមើលរូបនេះ ទោះបីតាមបទប្បញ្ញត្តិផ្លូវច្បាប់ពិតជាពុំមានមាត្រាណាមួយចែងអនុញ្ញាតឱ្យអ្នកទោសកំពុងអនុវត្តទោស ចេញមកខាងក្រៅដើម្បីជួបជុំគ្រួសារពេលមានធុរៈចាំបាច់ក៏ដោយ ប៉ុន្តលើការសម្រេចចិត្តបែបយោគយល់ផ្នែកគុណធម៌ និងមនុស្សធម៌ចំពោះអ្នកជាប់ឃុំ របស់ភាគីពាក់ព័ន្ធ ជាពិសេសខាងតុលាការ និងពន្ធនាគារ គួរតែមាន និងធ្វើឡើងឱ្យបានស្មើៗគ្នា។ 

លោករៀបរាប់បន្ត៖ «បើតាមច្បាប់ វាអត់មានទេ ប៉ុន្តែក៏គេអាចអនុញ្ញាតតាមគុណធម៌។ កន្លងមក យើងមើលដូចករណីលោក កឹម សុខា ស្នើសុំឱ្យមកបាន ចេញមកធ្វើបុណ្យធ្វើទានអ៊ីចឹង ហើយបើអត់ទុកចិត្ត មានព្រះរាជអាជ្ញាអមដំណើរអ៊ីចឹង។ ហើយដូចលោក ឧកញ៉ា លី សាម៉េត ហ្នឹងមិនអ៊ីចឹងដែរ គាត់ស្លាប់នៅក្នុងពន្ធនាគារ គេឱ្យគាត់យកមកធ្វើបុណ្យ នៅផ្ទះតាមប្រពៃណី ហ្នឹងក៏ជាគុណធម៌ដែរ»។

លោក សុខសាន្ត សង្កត់ធ្ងន់ថា អ្នកដែលធ្វើសកម្មភាពដើម្បីការពារបរិស្ថាន និងជួយដល់សង្គមជាតិ ពួកគេគួរតែទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2576}" data-page="1" data-max-pages="1" data-start="1" data-end="1">