ពលករខ្មែរនៅថៃខ្លះជួបបញ្ហាមិនអាចវិលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

សង្គម

(មន្ត្រីអង្គការសង់ត្រាល់ លោក លឹង សុផុន ទៅជួបសំណេះសំណាលផ្លាស់ប្ដូរព័ត៌មានជាមួយពលករខ្មែររស់នៅប្រទេសថៃ (រូបថតលោកសុផុន ផ្សាយតាមហ្វេសប៊ុកខែមីនា២០២៦)។

ពលករខ្មែរមួយចំនួនដែលកំពុងធ្វើការនៅប្រទេសថៃ មិនទាន់ហ៊ានសម្រេចចិត្តវិលត្រឡប់មកស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិបាននោះទេ ដោយសារតែការរឹតត្បិតតាមច្រកព្រំដែន និងភាពលំបាកក្នុងការធ្វើដំណើរ ដែលបង្កឲ្យពួកគេព្រួយបារម្ភថា មិនអាចវិលត្រឡប់ទៅធ្វើការនៅប្រទេសថៃវិញបាន។

ពលករខ្មែរម្នាក់កំពុងធ្វើការនៅខេត្តសមុទ្រប្រាកាន ប្រទេសថៃ អស់រយៈពេលប្រមាណ ១០ ឆ្នាំមកហើយ គឺលោក ជីវ័ន្ដ និយាយថាឆ្នាំនេះ លោកនឹងមិនទៅលេងស្រុកកំណើតនោះទេដោយសារតែការធ្វើដំណើរទៅវិញទៅមកកំពុងជួបការលំបាក និងមានការត្រួតពិនិត្យតឹងរឹងពីអាជ្ញាធរថៃ ដែលធ្វើឲ្យលោកសម្រេចចិត្តមិនធ្វើដំណើរនៅពេលនេះ។

លោកប្រាប់ថា៖ «នឹកចេះតែនឹកហើយ ចូលឆ្នាំ មួយឆ្នាំមានម្តងជួបក្រុមគ្រួសារបងប្អូន ញាត្តិមិត្តស្រោចទឹកស្រោចអីអ្នកដែលមានគុណមកយើង ប៉ុន្តែជាកម្មអកុសលយើងមករកលុយរកកាក់ ជីវភាពខ្វះខាត ចាំឲ្យវីសាយើងដាច់ ទៅតែម្តង»។

លោកនិយាយបន្តថា៖ «តែមកដល់ពេលនេះខ្ញុំអត់បានទៅទេដោយសារតែ វាពិបាកក្នុងការធ្វើដំណើរ ទៅវិញទៅមក មានប៉ូលីសតាមព្រលានយន្តហោះថៃ សួរនាំយើងច្រើន»។

ទោះបីលោកមានឯកសារស្របច្បាប់នៅមានសុពលភាពធ្វើការដល់ខែធ្នូ ឆ្នាំ២០២៦ក៏ដោយ លោកនៅតែមានការព្រួយបារម្ភពីស្ថានការណ៍បច្ចុប្បន្ន ដែលបណ្តាលឲ្យការរស់នៅកាន់តែលំបាក និងមិនហ៊ានចេញក្រៅដូចមុន។ លោកលើកឡើងថា មានការរើសអើងចំពោះពលករ និងការរឹតត្បិតឯកសារកាន់តែតឹងរឹង ដែលធ្វើឲ្យពលករខ្លះសម្រេចមិនត្រឡប់ទៅស្រុកកំណើត ខណៈអ្នកខ្លះទៀតប្រឈមនឹងការលំបាកក្នុងការធ្វើដំណើរទៅមក និងបន្តការងារ។

លោកនិយាយថា ៖«ចំពោះ ខ្ញុំស្នើឲ្យមកពេលនេះ កុំឲ្យមានទំនាស់ និងបញ្ចប់សង្គ្រាមនៅកម្ពុជាថៃ ធ្វើឲ្យបងប្អូនពលករយើង រកស៊ីឲ្យងាយស្រួលជាងមុន។ ជូនពរឲ្យខ្មែរយើងដែលត្រឡប់ទៅផ្ទះមានសុខភាពល្អ មានសិរីសួស្តី»។

ស្រដៀងគ្នានេះ អ្នកស្រី ម៉ុន សុខម៉ៃ ធ្វើការនៅទីក្រុងបាងកក ប្រទេសថៃ បានលើកឡើងថា អ្នកស្រីមិនទាន់ត្រឡប់មកចូលឆ្នាំនៅស្រុកកំណើតទេ ព្រោះព្រួយបារម្ភថា បើត្រឡប់មកខ្មែរ នឹងមិនអាចវិលទៅធ្វើការនៅថៃវិញបាន។ អ្នកស្រីថាចង់បន្តធ្វើការរហូតដល់បណ្ណការងារផុតសុពលភាពនៅឆ្នាំ២០២៧ បន្ទាប់មកប្រសិនជាមិនអាចបន្តបណ្ណការងារនេះបាន ទើបសម្រេចវិលត្រឡប់ទៅស្រុកកំណើតវិញ។

អ្នកស្រីនិយាយថា ៖ «នៅពេលមានបញ្ហាព្រំដែន មានការព្រួយបារម្ភដែរ ប៉ុន្តែនៅកន្លែងបងអត់អីផង ប៉ុន្តែការព្រួយបារម្ភចេះតែបារម្ភហើយ។ មានគេផ្អើលទៅផ្ទះច្រើនណាស់»។

ចំណែកឯពលករខ្មែរម្នាក់ទៀត លោក ពៅ សុភ័ណ្ឌ ដែលកំពុងធ្វើការងារនៅប្រទេសថៃ បានលើកឡើងថា ដំបូងលោកមានគម្រោងវិលត្រឡប់ទៅស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំ ប៉ុន្តែដោយសារការធ្វើដំណើរឆ្លងដែនមានការលំបាក លោកក៏បានសម្រេចចិត្តមិនទៅវិញ។ 
លើសពីនេះ កូនរបស់លោកក៏កំពុងសិក្សានៅប្រទេសថៃ ដែលធ្វើឲ្យលោកមិនទាន់ចង់ចាកចេញនៅពេលនេះ។

លោក ពៅ សុភ័ណ្ឌ បង្ហាញការព្រួយបារម្ភចំពោះស្ថានការណ៍ព្រំដែន និងសុវត្ថិភាពពលករខ្មែរជាពិសេសអ្នកដែលស្ថិតក្នុងស្ថានភាពខុសច្បាប់ ហើយណែនាំឲ្យពួកគេត្រឡប់មកប្រទេសវិញ ដើម្បីប្រកបរបរចិញ្ចឹមជីវិតនៅស្រុកកំណើត។
លោកលើកឡើងថា ៖«រឿងព្រំដែននេះខ្ញុំពិបាកចិត្តនិងព្រួយបារម្ភដល់បងប្អូនពលករយើងដោយខុសច្បាប់នៅស្រុកគេអ្នកខ្លះក៏លួចឆ្លងមក ខ្ញុំក៏បារម្ភនឹងគាត់ ខ្ញុំចង់ឲ្យពួកគាត់ត្រឡប់មកវិញ បានទៅដល់ស្រុកខ្មែរហើយយើងរកស៊ីតាមប្រទេសយើងទៅ បានប៉ុន្មានហូបប៉ុណ្ណឹង យើងមិនបាច់ទៅ បើសម្រាប់ខ្ញុំវិញអត់អីទេ ខ្ញុំនៅថៃច្រើនឆ្នាំដែរហើយច្បាស់លាស់រឿងថៃ»។

កាសែតបាងកកប៉ុស្តិ៍ បានផ្សាយថា រដ្ឋាភិបាលថៃបានចេញបម្រាមជាផ្លូវការលើពលករចំណាកស្រុកខ្មែរថ្មីដែលចូលប្រទេសថៃដោយលើកឡើងពី «ហានិភ័យសន្តិសុខជាតិ» ដែលកំពុងបន្តដោយសារជម្លោះព្រំដែនកម្ពុជា និងថៃ បើទោះបីជាវិស័យឯកជនរបស់ប្រទេសថៃបានប្រឈមនឹងកង្វះកម្លាំងពលកម្ម ដែលអាចប៉ះពាល់ដល់ការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចក្នុងប្រទេសថៃក៏ដោយ។

មន្ត្រីគម្រោងផ្នែកការពារសិទ្ធិពលករប្រចាំប្រទេសថៃនៃអង្គការសង់ត្រាល់ លោក លឹង សុផុនបានលើកឡើងថា នៅអំឡុងពេលចូលឆ្នាំនេះ មិនទាន់ច្បាស់ថាពលករខ្មែរនៅថៃអាចវិលត្រឡប់ទៅស្រុកកំណើតបានដូចឆ្នាំមុនឬយ៉ាងណាទេ ព្រោះព្រំដែននៅមិនទាន់បើកឲ្យធ្វើដំណើរចេញចូលបានស្រួល។

លោកបញ្ជាក់ថា បញ្ហាព្រំដែនគឺជាឧបសគ្គចម្បង ដែលធ្វើឲ្យស្ថានភាពឆ្នាំនេះខុសពីឆ្នាំមុនៗ ដែលធ្លាប់មានការអនុញ្ញាតឲ្យពលករធ្វើដំណើរបានងាយស្រួល។

លោក លឹង សុផុន លើកឡើងថា បញ្ហាព្រំដែនបច្ចុប្បន្នបានបង្កការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះពលករខ្លះអាចប្រថុយធ្វើដំណើរឆ្លងដែនតាមច្រករបៀង ដើម្បីវិលទៅជួបគ្រួសារនៅស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំ។ លោកប្រាប់ថា ការធ្វើដំណើរបែបនេះអាចបង្កហានិភ័យ និងបញ្ហាសុវត្ថិភាពដល់ពលករយ៉ាងខ្លាំង។

លោកលើកឡើងថា៖ « ខ្ញុំចង់សំណូមពរដល់អាជ្ញាធរ ស្ថាប័នពាក់ព័ន្ធខាងផ្នែកពលករនិងស្នើឲ្យរដ្ឋាភិបាលជួយសម្របសម្រួលធ្វើយ៉ាងណាដើម្បីឲ្យពលរដ្ឋខ្មែរយើងនៅក្នុងប្រទេសថៃបានវិលត្រឡប់ទៅប្រទេសកំណើតដើម្បីចូលរួមក្នុងកម្មវិធីបុណ្យប្រពៃណីជាតិ របស់ខ្លួនឯង កុំឲ្យពួកគាត់ដើរតាមព្រៃឬក៏ដើរតាមច្រករបៀងច្រកតាមផ្លូវធម្មជាតិនឹងមានបញ្ហាប្រឈមច្រើនសម្រាប់ពួកគាត់»៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2161}" data-page="1" data-max-pages="1" data-start="1" data-end="1">