ប្រជាពលរដ្ឋមួយចំនួនដែលប្រជាកាសែតជួបសម្ភាសន៍ បានបង្ហាញការព្រួយបារម្ភជាថ្មីទៀតនៅពេលធ្វើដំណើរនៅតាមដងផ្លូវដោយសារការកើនឡើងនៃករណីហិង្សាដែលបង្កឡើងដោយក្រុមយុវជន។ ស្របពេលនេះដែរ សង្គមស៊ីវិលបន្តអំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធពង្រឹងការគ្រប់គ្រង និងចាត់វិធានការដើម្បីទប់ស្កាត់សកម្មភាពហិង្សារបស់យុវជនឲ្យមានប្រសិទ្ធភាព ។
ពលរដ្ឋម្នាក់គឺអ្នកស្រី សុវណ្ណ វ៉ារី អាយុ ៤២ ឆ្នាំ បច្ចុប្បន្នប្រកបរបរជាអ្នករត់រ៉ឺម៉កកង់បី បានលើកឡើងថាបច្ចុប្បន្ន គាត់មិនមានអារម្មណ៍ថាមានសុវត្ថិភាពនោះទេនៅពេលធ្វើដំណើរនៅលើដងផ្លូវ ជាពិសេសនៅពេលយប់ ដែលធ្វើឲ្យការងាររកស៊ីរបស់គាត់កាន់តែពិបាក។ បញ្ហានេះមិនមែនប៉ះពាល់តែអ្នកស្រីតែម្នាក់ទេ ប៉ុន្តែអ្នកប្រកបរបររត់រ៉ុម៉កកង់បីដទៃទៀត ក៏ប្រឈមមុខនឹងស្ថានភាពស្រដៀងគ្នាដែរ។
អ្នកស្រីសង្កេតឃើញថា នៅពេលមានហេតុការណ៍ហិង្សាកើតឡើង ជាពិសេសនៅពេលយប់ អ្នកស្រីមិនសូវឃើញអាជ្ញាធរមានវត្តមានទប់ស្កាត់ ឬដោះស្រាយបញ្ហាឱ្យទាន់ពេលវេលានោះទេ។ អ្នកស្រីបានលើកយកករណីជាក់ស្តែងមួយដែលបានកើតឡើងចំពោះអ្នកស្រី កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ នៅវេលាម៉ោង១១ យប់ ដោយនៅពេលនោះ អ្នកស្រីបានជួបប្រទះក្រុមយុវជនមួយក្រុម មានអាកប្បកិរិយាមិនសមរម្យ ជិះម៉ូតូប្រដេញ និងជែងគ្នា បង្កការប៉ះពារមកលើរ៉ឺម៉កបណ្តាលឱ្យអ្នកស្រីរងរបួស រីឯរ៉ឺម៉កខូតខាតជាទម្ងន់។
អ្នកស្រីនិយាយថា៖ «យើងងាកមកវិញពេលក្មេងទំនើងពេញអនាធិបតេយ្យ អ៊ីចឹងមិនប៉ះពាល់ជាអ្នករកស៊ីពេលយប់ខ្លាំងមែនទែនហ្មង ពេលថ្ងៃ [ត្រង់] ពួកគាត់មិនសូវចេញ បងបងស្ទាវហ្នឹង ក្មេងស្ទាវហ្នឹង ដឹងតែចេញម៉ោង៩ អីហ្នឹងមានច្រើនណាស់ ១០ ២០ ម៉ូតូជាង»។
អ្នកស្រីបន្ថែមថា៖ «ប្រសិនជាគាត់ [អាជ្ញាធរមូលដ្ឋាន] ចូលរួមធ្វើឲ្យមានរបៀបរាបរយសុវត្ថិភាពល្អមិនថាវិនាទីណាទេ គាត់ធ្វើបានតែភ្លាមហ្នឹង ខ្ញុំសរសើរគាត់កាលមុនឲ្យតែអ្នកណាជិះប៉ាតណាប៉ាតណី គាត់ដេញចាប់ហ្មង បងសណ្តាប់ធ្នាប់នៅតាមដងសួន គាត់ចាប់អស់ហ្មង ពួកអស់លោកហ្នឹងក្មេងៗហ្នឹងគ្មានចេញមករញ៉េរញ៉ៃទេ។ ឥលូវវាជិះឆ្វេចឆ្វាចពេញផ្លូវអត់មានប៉ូលីសចាប់នោះទេ អត់ទៅយកអប់រំផងហ្នឹង ហើយចឹងទៅវាចេះតែមានទៅៗ ច្រើនទៅៗ។ និយាយរួមមក ប្រសិនជាឃើញហើយចុះទៅចាប់ស្រួលណាស់មានរាល់តែថ្ងៃ មើលទៅកោះពេជ្រ មើលតាមសួនវត្តបទុម មាត់ទន្លេ។ បើគាត់ចុះបង្គ្រាបតែមួយអាទិត្យអីហ្នឹងអស់ហើយ កុំឲ្យវាជិះប្រសេចប្រសាច»។
អ្នកស្រី សុវណ្ណ វ៉ារី សង្កេតឃើញថា កាលពីមុន អាជ្ញាធរធ្លាប់ធ្វើសកម្មភាពចុះបង្ក្រាប និងអប់រំយុវជនដែលនិយមប្រើហិង្សាតាមដងផ្លូវ ប៉ុន្តែក្រោយមក សកម្មភាពទាំងនេះ ហាក់បីដូចជាថយចុះ បន្ទាប់ពីរដ្ឋាភិបាល ហាក់ផ្តោតការយកចិត្តទុកដាក់ខ្លាំងទៅលើបញ្ហាព្រំដែនដោយសារសង្រ្គាមវាយប្រហារឈ្លានពានរបស់ថៃមកលើកម្ពុជា។
ស្របពេលជាមួយគ្នានេះ អ្នកស្រីបានអំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធ ពង្រឹងវិធានការរក្សាសណ្ដាប់ធ្នាប់សាធារណៈ និងទប់ស្កាត់អំពើហិង្សាបង្កឡើងដោយក្រុមយុវជនឲ្យមានប្រសិទ្ធភាព និងឆាប់រហ័ស។ អ្នកស្រីបន្តថា វិធានការដែលមានប្រសិទ្ធភាព នឹងជួយបង្កើនសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ អ្នកបើកបរ និងភ្ញៀវជាតិ-អន្តរជាតិផងដែរ។
ចំណែកប្រជាពលរដ្ឋម្នាក់នៅខេត្តត្បូងឃ្មុំ លោក យ៉ា សំអេង ក៏មានការព្រួយបារម្ភពីសុខសុវត្ថិភាពនៅក្នុងមូលដ្ឋានបង្កឡើងដោយក្រុមយុវជន ម្យ៉ាងរូបលោកផ្ទាល់ក៏ធ្លាប់ជួបប្រទះបញ្ហានៅគេហដ្ឋានរបស់លោក។
លោកឱ្យដឹងថា កាលពីថ្ងៃទី៨ ខែកុម្ភៈ បន្ទាប់ពីលោកធ្វើដំណើរត្រលប់មកពីខេត្តក្រចេះវិញលោកឃើញក្រុមយុវជនមិនស្គាល់អត្តសញ្ញាណ មានបំណងលួចទ្រព្យសម្បត្តិ និងមានបំណងវាយលើរូបលោក។ ទោះបីជាលោកមានភស្តុតាងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានក៏ដោយ លោកថាការឆ្លើយតបរបស់អាជ្ញាធរហាក់នៅមិនទាន់មានប្រសិទ្ធភាពនៅឡើយ។
លោកបញ្ជាក់ថា៖ «អាពេលយើងមកទាន់វាក៏ទុក [ទ្រព្យសម្បត្តិដែលយុវជនប្រុងលួច] ហើយយើងគិតថាចង់ទៅសួរនាំ ឃាត់ខ្លួនវាទុកដើម្បី ផ្តល់ទៅសមត្ថកិច្ច។ ពួកវាចេញមក ទាញពូថៅដើរមកយើងហ្មង វាអត់ខ្លាចយើងទេ មើលទៅវាដូចក្មេងទំនើងហ្មង»។
លោកយល់ឃើញថា ៖ «ចំពោះការកើនឡើងនៃក្មេងទំនើងនេះមកពីប្រព័ន្ធអប់រំរបស់យើង នៅមានកម្រិត ព្រោះនៅតាមបណ្តាញ សហគមន៍នីមួយៗ ឧទាហរណ៍បើយើងសង្កេតឃើញទៅក្មេងៗខ្លះមិនទាន់អាយុ១៥ឆ្នាំផង ចេះពិសាស្រា សេពគ្រឿងញៀនតាមគ្នាជ្រួលជ្រើមតាមគ្នា អ៊ីចឹងទៅ ណាមួយដឹងស្រាប់ហើយ សម័យនេះសម័យបណ្តាញសង្គម Tiktok Facebook កាលណា បើទទួលបាន ឥទ្ធិពលមកពីបណ្តាញសង្គមច្រើនពេក វាភ្លើតភ្លើនតាមគ្នាទៅតាមហ្នឹងដែរ បើតាមសង្គេតមើលឃើញ»។
ក្នុងនាមជាប្រជាពលរដ្ឋ លោកយល់ឃើញថា ដើម្បីទប់ស្កាត់អំពើហិង្សាបង្កឡើងដោយក្រុមយុវជន អាជ្ញាធរគួរតែចាប់ផ្តើមពង្រឹងប្រព័ន្ធច្បាប់ និងកាត់បន្ថយអំពើពុករលួយគ្រប់កម្រិត។ លោកបន្តថា ការសហការរវាងប្រជាពលរដ្ឋ និងអាជ្ញាធរ អាចជួយបង្កើនប្រសិទ្ធភាពក្នុងការទប់ស្កាត់បញ្ហានេះ ដូចជាការផ្សព្វផ្សាយអំពីផលប៉ះពាល់ឲ្យកាន់តែច្រើន និងអប់រំក្រុមយុជនឱ្យបានច្រើន ជាជាងត្រឹមតែចាប់ខ្លួនពួកគាត់ឃុំខ្លួន តែគ្មានការអប់រំឱ្យបានត្រឹមត្រូវ ។
ចំណែកឯ មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ នៃសមាគមការពារសិទ្ធិមនុស្ស ADHOC លោក យី សុខសាន្ត មានមតិថា ករណីហិង្សាតាមដងផ្លូវបង្កដោយក្រុមយុវជន គួរតែអាចគ្រប់គ្រងបានងាយស្រួល ព្រោះយុវជនភាគច្រើនមានអាណាព្យាបាល មានទីលំនៅច្បាស់លាស់ និងរស់នៅក្នុងសហគមន៍ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរមូលដ្ឋាន។
លោកមានប្រសាសន៍ថា៖«ចំណុចហ្នឹងហើយយើងចង់បង្ហាញថាវាអាចជាកម្សោយក៏ថាបាន។ចំណុចទីពីរ ការកើនឡើងក្មេងទំនើងដែលថ្មីៗនេះ រើឡើងវិញ វាជាបច្ច័យមួយក្នុងការអសន្តិសុខតែងធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច ប្រជាជនមិនហ៊ានធ្វើដំណើរ មិនហ៊ានដើរហើរមិនមានសិទ្ធិសេរីភាពគ្រប់គ្រាន់សម្រាប់សិទ្ធិរស់រានមានជីវិតពួកគាត់»។
លោកបានលើកឡើងថា ដើម្បីបង្កើនសុវត្ថិភាពក្នុងសហគមន៍ ត្រូវចាប់ផ្តើមពីការសហការរវាងអាជ្ញាធរ និងប្រជាពលរដ្ឋ តាមរយៈការអប់រំ និងការផ្តល់ឱកាសឲ្យប្រជាពលរដ្ឋបញ្ចេញមតិយោបល់។ បន្ថែមពីនេះ លោកថា ការការពារសន្តិសុខ និងស្ថិរភាពសហគមន៍ក៏អាស្រ័យយ៉ាងខ្លាំងលើសមត្ថកិច្ចមូលដ្ឋាន។
ជាមេភូមិម្នាក់នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ លោក ឈិ ហម អះអាងថា ក្នុងនាមជាអាជ្ញារមូលដ្ឋានម្នាក់លោកក៏ព្រួយបារម្ភពីបញ្ហានេះដែរ ។ លោកអំពាវនាវឲ្យ អាជ្ញាធរ និងសមត្ថកិច្ច ចូលរួមគ្រប់គ្រង និងទប់ស្កាត់បញ្ហានេះ ដោយមានការចូលរួមពីឪពុកម្តាយ ដើម្បីផ្តល់ព័ត៌មាន និងរាយការណ៍ទៅកាន់អាជ្ញាធរ។
លោកនិយាយថា៖ «មានដែលអប់រំម្តង គ្រាន់តែក្មេងវា ពិបាកស្តាប់ដែរហ្នឹង ក្មេងឥលូវនេះពិបាកណែនាំណាស់»។
ឆ្លើយតបជុំវិញបញ្ហានេះពីអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុខៈ និយាយថា ក្រសួងទទួលស្គាល់ថា មានយុវជនខ្លះប្រព្រឹត្តសកម្មភាពអវិជ្ជមាន ដែលបង្កការព្រួយបារម្ភដល់ប្រជាពលរដ្ឋ និងប៉ះពាល់ដល់សីលធម៌សង្គម។
លោកប្រាប់ថាគន្លង សកម្មភាពយុវជននិយមប្រើហិង្សាតាមដងផ្លូវ ករណីដែលមិនធ្ងន់ធ្ងរ ត្រូវបានអប់រំ និងធ្វើកិច្ចសន្យាជាមួយអាណាព្យាបាល ព្រមទាំងអនុវត្តទណ្ឌកម្មស្រាលៗ ដើម្បីឲ្យពួកគេកែខ្លួន។ ចំណែកករណីដែលធ្ងន់ធ្ងរ ជាបទល្មើសព្រហ្មទណ្ឌ សមត្ថកិច្ចនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាមច្បាប់។
លោកនិយាយថា៖ «ក្រៅពីនេះយើងទាមទារឲ្យមានការចូលរួមទាំងអស់បានពីអាណាព្យាបាលយុវជនណាដែលមិនប្រព្រឹត្តនូវអំពើឆ្គាំឆ្គងពីសាលារៀនពីអាជ្ញាធរគ្រប់ជំនាញគ្រប់ថ្នាក់គ្រប់ ផ្នែកនៅមូលដ្ឋានបានពីសាលារៀននិងពីអង្គការសង្គមស៊ីវិលផ្សេងដទៃទៀតនៅក្នុងការចូលរួមទាំងអប់រំបានណែនាំផ្សព្វផ្សាយបង្ការទប់ស្កាត់កុំឲ្យកើតនិងទាំងពេលដែលធ្វើសកម្មភាពផ្តល់ព័ត៌មានទៅកាន់អាជ្ញាមូលដ្ឋាន ដែលយើងដឹងថាយើងស្គាល់ដែលយើងអាចផ្តល់បានផ្តល់ព័ត៌មានទៅកាន់នគរបាលផ្តល់ព័ត៌មានទៅកាន់អាវុធហត្ថជាដើមឲ្យបានទាន់ពេលវេលា»។
លោកប្រាប់ថា ក្រសួងកំពុងរៀបចំវិធានការថ្មីៗ ដើម្បីរឹតបន្តឹងទណ្ឌកម្ម និងបង្កើនប្រសិទ្ធភាពក្នុងការទប់ស្កាត់។ ជាមួយគ្នានេះ ក៏មានគម្រោងប្រមូលគ្រប់គ្រងទិន្នន័យជាក់លាក់ក្នុងការកំណត់សញ្ញាណ និងបម្លែងយុវជនទាំងនេះឲ្យចូលរួមសកម្មភាពវិជ្ជមាន ដូចជាការពារសន្តិសុខនៅមូលដ្ឋាន។
កន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាំឲ្យអាជ្ញាធរ និងតុលាការ ពង្រឹងការអនុវត្តច្បាប់លើករណីក្រុមយុវជនប្រើហិង្សា ដើម្បីរក្សាសន្តិសុខសង្គម។ លោកក៏បានជំរុញឲ្យគ្រួសារ និងសាលារៀន ចូលរួមអប់រំ និងតាមដានយុវជន ព្រោះជនពាក់ព័ន្ធខ្លះមានអាយុតិច។ លោកបញ្ជាក់ថា ការណែនាំនេះមានគោលបំណងរឹតបន្តឹងគោលនយោបាយសន្តិសុខ តាមរយៈការអនុវត្តច្បាប់ និងការអប់រំ។
ជុំវិញបញ្ហានេះដែរ ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាលោកបណ្ឌិត ប៉ា ចន្ទរឿន យល់ថា ក្រុមយុវជននិយមប្រើអំពើហិង្សា ឬបង្កបញ្ហាតាមដងផ្លូវ បានក្លាយជាជំងឺរ៉ាំរ៉ៃមួយនៅក្នុងសង្គមកម្ពុជា ព្រោះវាបង្កបញ្ហាច្រើនដល់សហគមន៍ សន្តិសុខសាធារណៈ និងសាលារៀន និងបង្កើតជាគំរូអវិជ្ជមានសម្រាប់ក្មេងជំនាន់ក្រោយ។ លោកក៏សង្កេតឃើញថា ទោះរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានខិតខំទប់ស្កាត់បញ្ហានេះ ក៏សកម្មភាពបែបនេះ នៅតែបន្តកើតមានឡើង។
លោកផ្តល់ជាទស្សនៈថា ដើម្បីដោះស្រាយបញ្ហាហិង្សាតាមដងផ្លូវបង្កដោយក្រុមយុវជនឱ្យមានប្រសិទ្ធភាព គេត្រូវសិក្សាវាយតម្លៃអំពីមូលហេតុ និងផលប៉ះពាល់ជាអវិជ្ជមានរបស់វា ដោយមានការចូលរួមពីភាគីពាក់ព័ន្ធ រួមមានអាជ្ញាធរមូលដ្ឋាន គ្រួសារ សាលារៀន និងអង្គការសង្គមស៊ីវិលជាដើម។
លោកនិយាយថា៖ «ស្នើឲ្យរដ្ឋាភិបាលជាពិសេសក្រសួងមហាផ្ទៃហ្នឹងមានការសិក្សាស្រាវជ្រាវដោយស្ថាប័នឯករាជ្យណាមួយ ហើយយកលទ្ធផលនៃការសិក្សាហ្នឹងដាក់ចេញជាគោលនយោបាយនិងផែនការសកម្មភាពជាក់ស្ដែងទើបអាចដាក់អន្តរាគមន៍ទៅហ្នឹងវាមានប្រសិទ្ធភាពហើយហ្នឹងវាមាននិរន្តរភាពបាន ប្រសិនបើចំណាត់ការរបស់រដ្ឋាភិបាលលក្ខណៈដូចជាភ្លៀងកក់ខែដូចសព្វថ្ងៃនេះទេ ខ្ញុំថារឿងបញ្ហាក្មេងទំនើងនេះគឺដោះស្រាយដូចវែកចកអ៊ីចឹង ចាប់កន្លែងហ្នឹងវាផុសកើតនៅកន្លែងផ្សេងទៀត។ ដូច្នេះដំណោះស្រាយទាល់តែធ្វើលក្ខណៈជាប្រព័ន្ធមានទឹកតាំងទិន្នន័យច្បាស់លាស់ហើយនិងមានការចូលរួមពីភាគីពាក់ព័ន្ធឲ្យបានច្រើនទើបអាចមានប្រសិទ្ធភាពខ្ពស់»៕







