ភាគីពាក់ព័ន្ធស្នើឱ្យរដ្ឋាភិបាលបើកលំហសេរីភាពសហជីព និងដោះស្រាយវិវាទការងារតាមច្បាប់

សិទ្ធិមនុស្ស

សហជីពកម្មករ រួមទាំងអង្គការសង្គមស៊ីវិលបានធ្វើសន្និសីទសារព័ត៌មានមួយ ដើម្បីពិភាក្សាគ្នាលើស្ថានភាព បញ្ហាប្រឈម និងសំណើសម្រាប់ការកែលម្អបរិយាកាសសិទ្ធិការងារ និងសេរីភាពសហជីពនៅកម្ពុជា និងការអនុវត្តច្បាប់ការងារដែលអនុលោមតាម ច្បាប់ពាណិជ្ជកម្មអន្តរជាតិ និងស្តង់ដារច្បាប់អង្គការពលកម្មអន្តជាតិ។ ពួកគេលើកឡើងថា ការអនុវត្ត និងជម្រុញឱ្យមានសហជីពឯករាជ្យស្របតាមច្បាប់ទាំងនេះ ជម្រុញលំហសិទ្ធិសេរីភាពការងារនៅកម្ពុជា និងលើកកំពស់មុខមាត់កម្ពុជាលើឆាកអន្តរជាតិនៅមុនថ្ងៃប្រាព្វទិវាពលកម្មអន្តរជាតិឆ្នាំនេះ។

ប្រធានសហព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ណ លើកឡើងថា ច្បាប់ពាណិជ្ជកម្មពិភពលោក ដែលគ្រប់គ្រងជាចម្បងដោយអង្គការពាណិជ្ជកម្មពិភពលោក (WTO) ស្របតាមស្តង់ដារអង្គការពលកម្មអន្តរជាតិ (ILO) មានសារសំខាន់សម្រាប់កម្ពុជា ក្នុងការអនុវត្ត ដើម្បីលើកកម្ពស់សិទ្ធិសេរីភាពរបស់សហជីព ការលើកកំពស់សិទ្ធិកម្មករ និងធានាការអនុវត្តច្បាប់ការងារ ដែលជម្រុញការដោះស្រាយវិវាទការងារដោយស្របច្បាប់។

អ្នកស្រីថា៖ «យើងអាចនិយាយបានថាការរឹតត្បិតសហជីព ទាំងការចុះបញ្ជីសហជីព ការបង្ក្រាបការធ្វើកូដកម្ម ការធ្វើទុក្ខបុកម្នេញលើកម្មករនិយោជិត។ ខ្ញុំគិតថាបញ្ហាទាំងអស់នេះវាត្រូវបានលើកមកនិយាយ។ ខ្ញុំគិតថាវាជាបញ្ហាជាក់ស្ដែងដែលវាកើតមានក្នុងបរិបទកម្ពុជា ហើយចំណុចទាំងអស់នេះ ដូចដែលបាននិយាយវាផ្សាភ្ជាប់ទៅនឹងប្រព័ន្ធអនុគ្រោះពន្ធ ទាំងការដកហូត»។

អ្នកស្រីបន្ថែមថា៖ «ខ្ញុំគិតថាកម្ពុជាត្រូវធ្វើកំណែទម្រង់ឱ្យស្របទៅនឹងការអនុវត្តសិទ្ធិជាក់ស្ដែងរបស់កម្មករនិយោជិតនៅប្រទេសកម្ពុជា ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ ក៏ដូចជាកម្មករនិយោជិតរបស់យើងត្រូវបានធានា សិទ្ធិរបស់គាត់ត្រូវបានធានា ហើយបន្ទាប់មកបើសិនណាប្រទេសយើងមានការអភិវឌ្ឍត្រូវតែធ្វើយ៉ាងណាគិតគូរដល់ការគោរពសិទ្ធិដល់កម្មករហ្នឹងជាមុន ធំជាងគេគឺត្រូវតែគោរពសិទ្ធិរបស់កម្មករនិយោជិតហ្នឹងឯង»។

អ្នកស្រី សុភ័ណ្ណ ថ្លែងថាកិច្ចព្រមព្រៀងពាណិជ្ជកម្មមានចែងនូវគោលការណ៍មួយចំនួនរូមមានការគោរពសិទ្ធិនិយោជិត ការគោរពសិទ្ធិសហជីព លំហសេរីភាពសារព័ត៌មាន និងសង្គមស៊ីវិល ក៏ដូចជាការធានាឱ្យកម្មករនិយោជិតមានជីវភាពប្រសើរឡើង។ អ្នកស្រីបន្តថា សិទ្ធិនៅក្នុងការធ្វើកូដកម្ម និងការដោះស្រាយវិវាទការងារដោយស្របច្បាប់ ក៏ត្រូវបានធានាដោយច្បាប់អន្តរជាតិ ដែលកម្ពុជាជាសមាជិកត្រូវអនុវត្តឱ្យបានពញលេញ។ 

ចំណែកប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍​(LRSU) កញ្ញា ឈឹម ស៊ីថរ លើកឡើងថាកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប EBA ក៏ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក GSP និងកិច្ចព្រមព្រៀងជាមួយប្រទេសកាណាដាជាដើម ដែលកិច្ចព្រមព្រៀងទាំងអស់នេះក៏សង្កត់ធ្ងន់ទៅលើការគោរពសិទ្ធិកម្មករ។ ទោះជាយ៉ាងណា សហភាពអឺរ៉ុបបានដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជាចំនួន ២០ ភាគរយ ខណៈប្រព័ន្ធអនុគ្រោះពន្ធរបស់អាមេរិកនៅមិនត្រូវបានផ្តល់ឱ្យឡើងវិញនៅឡើយ ដោយសារតែស្ថានភាពគោរពសិទ្ធិមនុស្សនៅកម្ពុជាធ្លាក់ចុះ។ 

កញ្ញាថា៖ «កាណាដាចង់ឃើញកម្ពុជាត្រូវតែអនុលោមទៅតាមអនុសញ្ញារបស់អង្គការពលកម្មអន្តរជាតិ ហៅកាត់ថា ILO ហើយកន្លែងហ្នឹង កម្ពុជាយើងតាំងពីឆ្នាំ១៩៩៩ មកគឺយើងបញ្ចូលជាសមាជិករបស់ ILO ហើយយើងបានទទួលអនុសញ្ញាស្នូលរបស់ ILO លេខ៨៧ និង៩៨។ អនុសញ្ញានេះសំខាន់ពាក់ព័ន្ធនឹងការអនុវត្តសេរីភាពសហជីព សេរីភាពសមាគម សិទ្ធិនៅក្នុងការចងក្រង ក៏ដូចជាសិទ្ធិនៅក្នុងការចរចាជាសមូហភាព»។

កញ្ញាបន្ថែមថា៖ «ខ្ញុំគិតថាដល់ពេលមួយដែលយើងគួររើសមនុស្សស្ដាប់ហើយ ជាពិសេសថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលយើងគូរតែរើសមនុស្សស្ដាប់ហើយ ថាតើអ្នកដែលនិយាយពីបញ្ហាឱ្យដោះស្រាយជាអ្នកផ្ដល់ផលប្រយោជន៍ដល់សង្គមជាតិយើង ឬក៏ប៉ះពាល់ដល់ផលប្រយោជន៍ជាតិយើង»។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត សង្កេតឃើញថា កម្ពុជានៅមិនទាន់អនុវត្តបានពេញលេញនូវការបើកលំហសេរីភាពសហជីព រួមមានទាំងការចងក្រងសហជីពស្របច្បាប់ ការដោះស្រាយវិវាទសហជីព និងការធ្វើកូដកម្មដោយអហិង្សា។ លោកថា ការធ្វើកូដកម្ម ទាមទារសិទ្ធិ និងសេរីភាពការងារនៅកម្ពុជាហាក់នៅទទួលបានការរឹតត្បិត រហូតមានការចាប់ខ្លួនសហជីព និងការដាក់ទោសទណ្ឌជាដើម។ ក្នុងន័យនេះ លោកសំអាត ជម្រុញឱ្យដៃគូពាក់ព័ន្ធចូលរួមស្ដារឡើងវិញ និងកំណែទម្រង់ឧបសគ្គនានា ដែលរារាំង ដល់ការអនុវត្តសេរីភាពរបស់សហជីព និងថាកម្ពុជាគួរមានតុលាការឯករាជ្យសម្រាប់ដោះស្រាយវិវាទការងារជាដើម។

លោកលើកឡើងថា៖ «បើនិយាយពីសេរីភាពនៃការជួបជុំវាមានការរឹតត្បឹតមួយហើយ យើងមើលលើលំហសេរីភាពអង្គការសង្គមស៊ីវិល ក៏ដូចជាសហជីព អីចឹងកន្លងមកអង្គការសង្គមស៊ីវិល យើងបានទាមទារឱ្យមានការធ្វើវិសោធនកម្មច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលដែលមាត្រាមួយចំនួនមានការរឹតត្បឹត។ ក៏ប៉ុន្តែរហូតមកទល់ពេលនេះយើងមិនទាន់ឃើញមានវឌ្ឍនភាព»។

លោកបន្ថែមថា៖ «យើងឃើញនៅក្នុងការពិនិត្យជាសកលតាមការកំណត់សិទ្ធិមនុស្សរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សចំពោះកម្ពុជាយើង ខ្ញុំឃើញចំណុចមួយទាក់ទងនឹងសិទ្ធិការងារផងដែរគឺទាក់ទងយុត្តិធម៌ ក្នុងហ្នឹងគឺគេជម្រុញឱ្យក្រុមប្រឹក្សាអាជ្ញាកណ្ដាលធ្វើការយ៉ាងណាដោយតម្លាភាព យុត្តិធម៌ ហើយដោះស្រាយបញ្ហាហ្នឹងឱ្យបានលឿន ហើយទាន់ពេលវេលាទៀត»។
តែយ៉ាងណា លោក សំអាត ថាការបង្កើតឱ្យមានក្រុមប្រឹក្សាអាជ្ញាកណ្ដាលហាក់នៅមិនទាន់សម្រេចបាន និងការបង្កើតឱ្យមានតុលាការឯករាជ្យនៅមិនទាន់អាចធ្វើទៅបាន។ មួយវិញទៀត ទាក់ទងនឹងសិទ្ធិការងារ លោកសង្កេតឃើញថា កម្ពុជានៅមានពលកម្មលើកុមារ ដែលពួកគេធ្វើការនៅឡឥដ្ឋ និងក្រោមបរិបទការងារមិនសមស្រប ដែលប៉ះពាល់ដល់សុខភាព និងការអប់រំរបស់ពួកគេ។

អ្នកនាំពាក្យក្រសួងការងារ លោក ស៊ុន មេសា មិនទាន់ឆ្លើយតបប្រជាកាសែត នៅឡើយពាក់ព័ន្ធនឹងការស្នើសុំការបើកលំហសិទ្ធិសហជីព និងដំណោះស្រាយវិវាទការងារដោយឯករាជ្យ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦។

ឆ្លើយតបទៅនឹងបញ្ហានេះ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហៅកាត់ថា IDEA លោក វ៉ន ពៅ មានប្រសាសន៍ថា នៅថ្ងៃប្រារព្វទិវាពលកម្មអន្តរជាតិខាងមុខ រដ្ឋាភិបាលគួរតែយកឱកាសនេះប្រមូលនូវសម្លេងរបស់កម្មករ ជាជាងការហាមឃាត់មិនឱ្យកម្មករបញ្ចេញមតិ ប្រមូលផ្ដុំគ្នាជាការតស៊ូ ដើម្បីលើកកំពស់សិទ្ធិសេរីភាពកម្មករ។ លោកពៅ បានកោតសរសើរនូវកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការចូលរួមស្វែងរកការគាំទ្រពីសំណាក់សហគមន៍អន្តរជាតិ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី ជាមួយនឹងការពិភាក្សាដែលទាក់ទងនឹងសិទ្ធិមនុស្ស អភិបាលកិច្ចល្អ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជាពិសេស ភាពជាដៃគូពាណិជ្ជកម្ម ក្នុងទស្សនកិច្ចរបស់លោកទៅកាន់សភាពអឺរ៉ុប។ តែយ៉ាងណា ទន្ទឹមនឹងការកោតសរសើរនេះ លោក ស្នើឱ្យមន្ត្រីថ្នាក់ក្រោមធ្វើការឱ្យស្របទៅនឹងទិសដៅ និងកិច្ចខិតខំប្រឹងប្រែងជាមួយរដ្ឋាភិបាល។

លោកលើកឡើងថា៖ «ទិវានេះគឺជាឱកាសរបស់កម្មករក្នុងការលើកឡើងអំពីបញ្ហារបស់ខ្លួន ក៏ដូចជាឱកាសនៃការស្នើទៅរាជរដ្ឋាភិបាល ស្នើទៅស្ថាប័នពាក់ព័ន្ធ ដែលជាអ្នកផ្ដល់កិច្ចគាំពាទៅឱ្យកម្មករទាំងអស់ដូចមានចែងនៅក្នុងសន្ធិសញ្ញាសំខាន់ៗរបស់ ILO ក៏ដូចជាការធានារបស់រាជរដ្ឋាភិបាលនៅទូទាំងពិភពលោក គឺធានានូវសិទ្ធិរបស់កម្មករ។ នេះជាឱកាសរបស់កម្មករ ហើយខ្ញុំគិតថាកុំយកឱកាសនេះគម្រាមទៅដល់សហជីព ជាឱកាសគម្រាមដល់ការចូលរួមរបស់កម្មករ»។

លោកបន្ថែមថា៖ «អីចឹងយើងចង់ឃើញការធានារបស់រាជរដ្ឋាភិបាលជាមួយស្ថាប័នអន្តរជាតិសំខាន់ៗ ប្រទេសប្រជាធិបតេយ្យ ប្រទេសវិនិយោគទុនធំៗដើម្បីធ្វើយ៉ាងណាឱ្យសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើន ដំណើរការល្អ។ យើងសហជីពក៏ចង់ឃើញរូបភាពទាំងអស់ហ្នឹង។ [..] ដើម្បីឱ្យសម្លេងរបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាពទៅនឹងការប្ដេជ្ញា យើងគិតថារដ្ឋមន្ត្រីថ្នាក់ក្រោមឱវាទ ដែលជាសេនាធិការរបស់រដ្ឋាភិបាលត្រូវតែអនុវត្ត»៕

សិទ្ធិមនុស្ស","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2356}" data-page="1" data-max-pages="1" data-start="1" data-end="1">