រដ្ឋាភិបាលកម្ពុជា ជំរុញការកែច្នៃវត្ថុធាតុដើមជាដំណាំកសិឧស្សហកម្មក្នុងស្រុកបម្រើការនាំចេញ

សង្គម

(លោក ហ៊ុន ម៉ាណែតនិងឯកអគ្គរដ្ឋទូតចិនព្រមទាំងមន្ត្រីពាក់ព័ន្ធចូលមើលរោងចក្រកែច្នៃកៅស៊ូរបស់ចិន ក្នុងពិធីសម្ពោធរោងចក្រផលិតកែច្នៃកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ ថ្ងៃទី២៧ខែឧសភា២០២៦)រូបភាពពីផេកផ្លូវការរបស់លោកហ៊ុនម៉ាណែត)។

រដ្ឋាភិបាលប្ដេជ្ញាផ្ដល់មធ្យោបាយនានា ដើម្បីជំរុញការកែច្នៃវត្ថុធាតុដើមជាដំណាំកសិឧស្សហកម្មក្នុងស្រុកបម្រើការនាំចេញ។ នេះបើតាមការលើកឡើងរបស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធរោងចក្រផលិតកែច្នៃកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ ដែលមានទឹកប្រាក់វិនិយោគប្រមាណ ៣០លានដុល្លា នៅខេត្តត្បូងឃ្មុំ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចាត់ទុកការចាប់ដៃគូរជាមួយសហគមន៍ក្នុងស្រុកថាអាចធានាបាននូវការផ្គត់ផ្គង់វត្ថុធាតុដើមប្រកបដោយស្ថិរភាព និងក្នុងតម្លៃសមរម្យ ដើម្បីពង្រីកការប្រើប្រាស់ផលិតផល និង វត្ថុធាតុដើម ដែលមានស្រាប់ក្នុងស្រុក។

លោក ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា រោងចក្រផលិតកែច្នៃជ័រកៅស៊ូកម្រិតអន្តរជាតិនឹងចូលរួមលើកកម្ពស់ កម្រិតជីវភាពប្រជាពលរដ្ឋ និង ផលចំណេញរបស់វិនិយោគិន និង ធុរជនក្នុង ស្រុក តាមរយៈ ការពង្រីកទីផ្សារជ័រកៅស៊ូ, ការបង្កើតការងារនិងការកាត់បន្ថយការពឹងផ្អែកលើ ឈ្មួញកណ្តាល។

លោកថ្លែងថា៖ «យើងមានភារកិច្ចធ្វើយ៉ាងណាសម្រាប់កសិករធ្វើឱ្យចំណូលគាត់កើន មិនថាដំណាំណា ដំណាំណានោះទេ។ នេះជាគោលដៅសំខាន់ ហើយដូចខ្ញុំនិយាយអីចឹងការរៀបចំនៅក្នុងការជំរុញឱ្យមានរោងចក្រកែច្នៃមិនថាកៅស៊ូ មិនថាស្វាយចន្ទីរនោះទេ។ គោលដៅសំខាន់បំផុតគឺផល និងចំណូលទៅដល់កសិករ។ នេះគឺជាគោលបំណង»។

ហ៊ុន ម៉ាណែត បញ្ជាក់ថា៖ « កសិឧស្សាហកម្ម បានន័យថា មិនមែនតែកសិករ ឬមួយម្ចាស់​ចម្ការ ម្ចាស់ស្រែនោះទេ ប៉ុន្តែអ្នកដែលធ្វើការនៅក្នុងរោងចក្រកែច្នៃ បង្កើតការងារដឹកជញ្ជូនផ្សេងៗ គឺជាខ្សែច្រវាក់ផលិតកម្មដែលយើងចង់បាន»។

ម្ចាស់ចម្ការកៅស៊ូនៅខេត្តព្រះវិហ៊ារ អ្នកស្រី មុល ស៊ីណាត និយាយថាអ្នកស្រីមានដីដាំចម្ការកៅស៊ូចំនួន៣ហិកតា សម្រាប់ចៀរជ័រកៅស៊ូ។ អ្នកស្រីថាឈ្មួញកណ្ដាលទិញជ័រកៅស៊ូ បានតម្លៃ៤០០០ រៀល ក្នុងមួយគីឡូក្រាម តែយ៉ាងណាអ្នកស្រីមិនដឹងមិនដឹងថាឈ្មួញកណ្ដាលនោះទិញយកលក់បន្តក្នុងស្រុក ឬនាំចេញជាវត្ថុធាតុដើមទៅក្រៅប្រទេសឡើយ។ សម្រាប់អ្នកស្រី អ្នកស្រីគាំទ្រចំពោះការបង្កើតរោងចក្រកែច្នៃក្នុងស្រុកឱ្យបានច្រើន ដើម្បីជម្រុញផលិតកម្មក្នុ្ងងស្រុក និងលើកកំពស់សហគមន៍អ្នកដាំកៅស៊ូផង។

អ្នកស្រីថា៖ «លក់ទៅខាងមេមត់គេមកយកដល់ចម្ការ។ យើងប្រមូលផល់ពីខែឧសភា ដល់ខែកុម្ភៈវិញ។ យើងអាចលក់បានក្នុងតម្លៃ៤០០០ ជាង [រៀល] ដែរ។ យើងអត់ដឹងថាគេយកទៅណាផង»។

អ្នកស្រីបន្ថែមថា៖ «ល្អនឹងហើយបើយើងមានរោងចក្រកែច្នៃច្រើន។ ល្អតើ មានចឹងទៅមានទីៅផ្សារលក់បានកាន់តែថ្លៃ»។

អ្នកជំនាញសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ លើកឡើងថា ដំណាំកៅស៊ូជាដំណាំកសិឧស្សាហកម្មដ៏ចម្បងមួយដែលកម្ពុជាផ្ដល់អាទិភាពសម្រាប់ការដាំដុះក្នុងការនាំចេញ និងផ្គត់ផ្គង់ក្នុងស្រុកទៀតបើកម្ពុជាមានរៀងចក្រកែច្នៃ និងផលិតផ្ទាល់ខ្លួន។ លោកថា កម្ពុជាត្រូវធ្វើការសហការជាមួយអ្នកបញ្ជាទិញពីបរទេស ដើម្បីបង្កើនការនាំចេញ និងមានផែនការយុទ្ធសាស្រ្តក្នុងការលើកកំពស់កំណើនសេដ្ឋកិច្ចជាតិផងដែរ។

លោកមានប្រសាសន៍ថា៖ «ប្រសិនបើយើងមានការដាំដុះ យើងមានចំណងទំនាក់ទំនងរវាងអ្នកដាំជាមួយអ្នកទទួលទិញជាមួយរដ្ឋាភិបាលដែលមានការពាក់ព័ន្ធ ដែលរួមចំណែកជួយជ្រោមជ្រែងទៅលើវិស័យដំណាំកៅស៊ូនេះ គឺវាបានជួយសេដ្ឋកិច្ចយើងបានច្រើន ហើយប្រសិន​បើឈានដល់ការបង្កើនការកែច្នៃកៅស៊ូនៅក្នុងស្រុកហើយនិងបង្កើន ឬក៏លើកទឹកចិត្តដល់ទៅរោងចក្រសហគ្រាសទាំងឡាយយកជ័រកៅស៊ូជាវត្ថុធាតុដើម»។

លោកបន្ថែមថា៖ «កិច្ចការទាំងអស់ហ្នឹងយើងធ្វើបានគឺតម្រូវឱ្យមានការកសាងជាប្រព័ន្ធការងារដែលគ្រប់គ្រងដោយរាជរដ្ឋាភិបាលឬដោយសមាគមន៍ដំណាំកៅស៊ូនៅកម្ពុជា ឬក៏អុ្នកពាក់ព័ន្ធដទៃផ្សេងទៀតទើបយើងអាចធានាបាននូវសុខុមាលភាពទៅលើបរិមាណ និងថ្លៃនៃការដាំដាំ និងការលក់ចេញ»។

ប្រធានគណៈកម្មាធិការនាយក នៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក អ៊ាង មាន មើលឃើញថាតម្លៃលក់ចេញនៃជ័រកៅស៊ូហាក់កើនឡើង នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយទីផ្សារនាំចេញភាគច្រើនគឺទៅប្រទេសវៀតណាម។ យ៉ាងណា លោកថា កម្ពុជាគួរមានរោងចក្រកែច្នៃខ្លួនឯងឱ្យបានច្រើន និងផលិតផលិតផលក្នុងស្រុក ដែលអាចបង្កើតការងារឱ្យប្រជាជនធ្វើ ហើយអ្នកដាំក៏អាចធានាបាននូវតម្លៃ និងទីផ្សារ។

លោកថា៖ «ការកែច្នៃក្នុងស្រុកខ្ញុំជួបអ្នកកែច្នៃដែល គាត់ជួបបញ្ហា។ បើកបានរោងចក្រមួយរយៈអីចឹងទៅ ខ្នាតតូចណា ក៏បិទទៅវិញទៅ។ ខ្ញុំសង្កេតឃើញថាវា ស្មុគស្មាញដល់គាត់ផលិតទៅវាអត់ចំណេញ។ បាទ អីចឹងវាត្រូវការរដ្ឋជួយ សម្រាប់ដំណើការកែច្នៃហ្នឹង។ ខ្ញុំសួរអ្នកកែច្នៃគាត់ថា អាជ្ញាធរគាត់ទៅទាលុយទាអី អីចឹងវាត្រូវចំណាយច្រើន»។

លោកបន្ថែមថា៖ «ការមានរោងចក្រកែច្នៃក្នុងស្រុកច្រើនវាជាការល្អ។ បើបរទេសមកបង្កើតរោងចក្រខ្ញុំគិតថាវាមិនសូវល្អប៉ុន្មានទេ។ ធ្វើម៉េចលើកទឹកចិត្តឱ្យប្រជាពលរដ្ឋខ្មែរកែច្នៃខ្លួនឯងណា។ ដូចនៅឥណ្ឌាអីគេមានការកែច្នៃខ្លួនឯងជាសិប្បកម្មតូចៗ ហើយផ្គត់ផ្គង់ទៅរោងចក្រសម្រាប់កែច្នៃ ហើយផ្គត់ផ្គត់ទៅរោងចក្រផលិតសម្បកកង់ឡាន អីចឹងទៅវាចំណេញច្រើនជាង។ ចំណេញទី១ គឺចំណូលបន្ថែម ទី២ គឹមានការងារឱ្យប្រជាជនធ្វើ»។

យោងតាមទិន្នន័យអគ្គនាយកដ្ឋានកៅស៊ូ គិតត្រឹមឆ្នាំ២០២៥ បច្ចុប្បន្នកម្ពុជាមានផ្ទៃដីដាំកៅស៊ូសរុបជាង៤៤ម៉ឺនហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានជាង៣៤ម៉ឺនហិកតា និងផ្ទៃដីថែទាំមានជាង៩ម៉ឺនហិកតា។ ដោយឡែក សម្រាប់ផ្ទៃដីកៅស៊ូកសិឧស្សាហកម្មមានចំនួនជាង២៣​ម៉ឺនហិកតា និងផ្ទៃដីកៅស៊ូគ្រួសារមានចំនួនជាង២១ម៉ឺនហិកតា។

របាយការណ៍ដដែលបានបញ្ជាក់ថា ចំណូលសរុបគិតត្រឹមខែធ្នូ ឆ្នាំ២០២៥ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន ជាង៨៣២លានដុល្លារ កើនឡើងប្រមាណ ២៤% ធៀបនឹងឆ្នាំ ២០២៤ ។ក្នុងនោះ ចំណូលពីការនាំចេញ ជ័រកៅស៊ូ ចំនួនជាង២២៣លានដុល្លារ និងចំណូលលក់ជ័រកៅស៊ូក្នុងស្រុក ចំនួនជាង២២៣ លានដុល្លារ៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2671}" data-page="1" data-max-pages="1" data-start="1" data-end="1">