ប្រាក់ចំណូលរបស់អាជីវករនៅស្រអែមធ្លាក់ចុះ ដោយសារអវត្តមានទេសចរទៅទស្សនាប្រាសាទព្រះវិហារ

សង្គម

ទិដ្ឋភាពស្ងាត់ជ្រងំរបស់ហាងបាយអ្នកស្រី មុច សុភី ស្ថិតនៅជាប់រង្វង់មូលស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦។ រូបភាព៖ វ៉ា សុភានុត/ប្រជាកាសែត

ក្នុងបរិវេណហាងបាយមួយកន្លែង ក្បែររង្វង់មូលស្រអែម ស្ថិតនៅចម្ងាយប្រមាណ២០គីឡូ​ម៉ែត្រ​ពីប្រាសាទព្រះវិហារ បរិយាកាសដែលកន្លងមកតែងតែអ៊ូអរទៅដោយអ្នកភូមិ និងភ្ញៀវទេសចរ តែនៅពេលនេះ បានប្រែក្លាយជាស្ងាត់ជ្រងំ។

ទោះបីការប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា និងថៃ បានបញ្ចប់អស់រយៈពេលជាច្រើនខែមកហើយក្តី ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច ក្តីបារម្ភ និងបញ្ហាជីវភាពនៅតែបន្តតាមលងអ្នកភូមិរស់នៅក្បែរព្រំដែនដដែល។

អ្នកស្រី មុច សុភី ម្ចាស់ហាងបាយខាងលើ រៀបរាប់ថា មុនពេលមានការផ្ទុះអាវុធ ហាងរបស់អ្នកស្រីអាចរកចំណូលបានប្រមាណ៥០ម៉ឺនរៀលក្នុងមួយថ្ងៃ ពីការលក់ម្ហូបអាហារជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។ ប៉ុន្តែបច្ចុប្បន្ន ចំណូលបានធ្លាក់ចុះមកនៅត្រឹមប្រមាណ២០ម៉ឺនរៀលប៉ុណ្ណោះ។

អ្នកស្រី មុច សុភី ថ្លែងថា៖ «វាស្ងាត់បាត់ភ្ញៀវសឹង៥០ភាគរយហើយ មួយថ្ងៃធ្លាប់លក់បាយបាន៥០ទៅ៦០ម៉ឺនរៀល តែឥឡូវលក់មិនដល់២០ម៉ឺនផង។ អតិថិជនរត់អស់ ព្រោះអ្នកភៀសសឹកនៅមិនទាន់ត្រឡប់មកវិញ ហើយអ្នកក្រៅ ឬទាហាន ក៏យូរៗទើបចុះម្តង»។

ស្ថានភាពនេះ បានឆ្លុះបញ្ចាំងពីផលប៉ះពាល់រយៈពេលវែងនៃជម្លោះប្រដាប់អាវុធ ទៅលើសកម្មភាពសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋនៅជាប់ព្រំដែន។អាជីវកម្មតូចៗដែលពឹងផ្អែកលើភ្ញៀវទេសចរ និងចរាចរណ៍នៅតំបន់ក្បែរប្រាសាទព្រះវិហារ កំពុងជួបការធ្លាក់ចុះយ៉ាងខ្លាំង។

សង្គ្រាមវាយប្រហារឈ្លានពានរបស់យោធាថៃមកលើកម្ពុជា បានបង្កឱ្យមានជនភៀសសឹកកម្ពុជាជាង៦០ម៉ឺននាក់ និងគិតត្រឹមថ្ងៃទី២១ ខែឧសភា ជនភៀសសឹកកម្ពុជាជាង៣ម៉ឺននាក់នៅមិនទាន់អាចវិលត្រលប់ទៅកាន់ផ្ទះសម្បែងវិញបាននៅឡើយដោយសារតែការរារាំងរបស់យោធាថៃ។ នេះបើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃកម្ពុជា។

ក្រសួងមហាផ្ទៃ ឱ្យដឹងទៀតថា ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ សាលារៀនចំនួន៧ និងមន្ទីរពេទ្យចំនួន២ នៅតែបន្តផ្អាកសកម្មភាពនៅឡើយ។

អាជីវករ អ្នកស្រី សុភី បន្ថែមថា ជីវភាពគ្រួសាររបស់អ្នកស្រីពឹងផ្អែកស្ទើរទាំងស្រុងលើការលក់ដូរ ហើយអវត្តមានភ្ញៀវទេសចរ បានធ្វើឱ្យស្ថានភាពរស់នៅកាន់តែលំបាក។

អ្នកស្រី និយាយថា៖ «ភ្ញៀវទេសចរចេញចូល យើងលក់ដូរអីវាដាច់ហើយយើងរាល់ថ្ងៃជីវភាពសង្ឃឹមលក់ដូរហ្នឹង ហើយបើអត់ [ភ្ញៀវទេសចរ] យើងអត់ដឹងសង្ឃឹមអីទេ»។

នៅក្បែរនោះដែរ លោក កៀក ស៊ុយឃាង អាយុ៥០ឆ្នាំ អាជីវករលក់អីវ៉ាន់ចាប់ហួយ រៀបរាប់ថា បន្ទាប់ពីវិលត្រលប់មកផ្ទះវិញក្រោយបទឈប់បាញ់ ការរកស៊ីរបស់លោកស្ទើរតែជាប់គាំង ដោយសារផ្លូវស្ងាត់ និងគ្មានភ្ញៀវទេសចរ។

លោក និយាយថា៖ «ពីមុនមានភ្ញៀវមកដើរលេង លក់ដាច់ខ្លះទៅ។ […] ឥឡូវភ្ញៀវទេចរអត់មាន លក់មិនដាច់»។

ក្រៅពីបញ្ហាសេដ្ឋកិច្ច លោក ស៊ុយឃាង ថា ប្រជាពលរដ្ឋក្នុងតំបន់នេះ នៅតែរស់ក្នុងភាពភ័យខ្លាច ដោយសារតែងមានពាក្យចចាមអារ៉ាមអំពីការប៉ះទង្គិចជាថ្មី។

លោក បន្តថា៖ «ឮតែគេនិយាយឱ្យត្រៀមបង្វិចជាប់។ តែពួកខ្ញុំគ្មានជម្រើសអីក្រៅពីបន្តរកស៊ីធម្មតាទេ»។

ទន្ទឹមនឹងនេះ អ្នកស្រី វង់ សុខហេង ដែលប្រកបរបរលក់ភេសជ្ជៈនៅរង្វង់មូលស្រអែមម្នាក់ទៀត អះអាងថា ស្ថានភាពលក់ដូររបស់អ្នកស្រីចាប់ផ្តើមប្រសើរឡើងវិញនៅអំឡុងខែមេសា។

ទោះជាយ៉ាងណា អ្នកស្រី ថា បញ្ហាព្រំដែននៅតែប៉ះពាល់ដល់អារម្មណ៍ និងការរស់នៅប្រចាំថ្ងៃ។

អ្នកស្រី និយាយថា៖ «វាប៉ះពាល់បើយើងរវល់តែគិតបញ្ហាព្រំដែនពេក អារម្មណ៍របស់យើងវានៅអត់មូល ហើយពិបាកបែងចែកគិតរឿងប្រទេសជាតិផង ហើយលក់ដូរគិតច្រើនអីក៏វាអារម្មណ៍អត់មូល »។

អ្នកស្រី ក៏បានលើកឡើងថា សម្រាប់ប្រជាពលរដ្ឋនៅតំបន់ស្រអែម ក្តីសង្ឃឹមដ៏ធំបំផុត គឺការវិលត្រលប់នៃសន្តិភាពពេញលេញ និងការបើកឱ្យភ្ញៀវទេសចរចូលទស្សនាប្រាសាទព្រះវិហារ ដើម្បីឱ្យសេដ្ឋកិច្ចមូលដ្ឋានមានជីវិតសាជាថ្មី។

អ្នកស្រីអាជីវករលក់ភេសជ្ជៈរូបនេះ បន្ថែមថា៖ «ចង់ឱ្យស្រុកយើងសន្តិភាពវិញ អត់មានបញ្ហាអីកើតឡើង កុំឱ្យមានផលប៉ះពាល់ មិនថាអ្នកលក់ដូរ អ្នកធ្វើការវាខាតបង់ទាំងអស់ សិស្សសាលាក៏ខកខានរៀន។ ចង់ឱ្យសន្តិភាព១០០ភាគរយពេញលេញ»។

អគ្គនាយកនៃអាជ្ញាធរជាតិព្រះវិហារលោក គង់ ពុទ្ធិការ មានប្រសាសន៍ថា ការទង្គិចគ្នាទាំងពីរលើកក្នុងឆ្នាំ២០២៥ បង្កការខូចខាតធ្ងន់ធ្ងរដល់ប្រាសាទព្រះវិហារដែលអាជ្ញាធរត្រូវការពេលវេលាជួសជុល និងបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលអាចចំណាយពេលចន្លោះ​ពី៦ខែ ដល់១ឆ្នាំ។

លោក បន្ថែមទៀតថា បច្ចុប្បន្ននៅជុំវិញប្រាង្គប្រាសាទព្រះវិហារមានគ្រាប់មិនទាន់ផ្ទុះជាច្រើន ដែលសូម្បីកងកម្លាំងឈរជើងនៅទីនោះ ក៏ត្រូវដើរតាមគំនូសណែនាំដោយស៊ីម៉ាក់ដែរ។ ហេតុដូចនេះហើយ អាជ្ញាធរនៅមិនទាន់អនុញ្ញាតឱ្យពលរដ្ឋចូលទស្សនាប្រាសាទព្រះវិហារវិញនៅឡើយ ដើម្បីធានាដល់សុវត្ថិភាព។

លោក និយាយថា៖ «ការបិទដោយសារការខូចខាតប្រាសាទព្រះវិហារធ្ងន់ធ្ងរ ហើយកន្លែងខ្លះគ្រោះថ្នាក់ច្រើន ដែលទាមទារឱ្យអាជ្ញាធរជាតិព្រះវិហារសង្រ្គោះប្រាសាទពីការដួលរលំបន្ថែមទៀតជាមុនសិន»។

រីឯអភិបាលខេត្តព្រះវិហារលោក គីម រិទ្ធី បានបញ្ជាក់បន្ថែមដែរថា ប្រាសាទព្រះវិហាររង​ផលប៉ះពាល់ធ្ងន់ធ្ងរពេក ទើបនៅមិនទាន់ឱ្យពលរដ្ឋចូលទស្សនាវិញបាន។ យ៉ាងណា លោក ថា ប្រសិនបើសប្បុរសជនមានបំណងចង់ជួយដល់ពលរដ្ឋរងផលប៉ះពាល់ពីសង្រ្គាមតាមបន្ទាត់ព្រំដែនអាចទាក់ទងមកអាជ្ញាធរនៅក្នុងតំបន់បាន។

អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចលោកបណ្ឌិត ជ័យ តិច មានប្រសាសន៍ថា បញ្ហាកម្ពុជា-ថៃ អ្នកក្រពុលមុខជាងគេគឺពលរដ្ឋរស់នៅតាមព្រំដែន ជាពិសេសអ្នកពឹងផ្អែកលើការដោះដូរទំនិញ។ ករណីនេះ លោកយល់ថា រដ្ឋាភិបាលត្រូវគិតគូរដល់ពលរដ្ឋទាំងនោះ តាមរយៈការបន្ថយពន្ធ និងការផ្ដល់សេវាគាំពារសង្គមផ្សេងៗ។

ចំណែកវិស័យទេសចរណ៍ លោក ជ័យ តិច ផ្ដល់យោបល់ដែរថា រដ្ឋាភិបាលគួរបង្កើតបរិយាកាសអំណោយផលដល់អ្នកទេសចរ ជាពិសេសទេសចរក្នុងស្រុកឱ្យធ្វើដំណើរកំសាន្តទៅកាន់រមណីយដ្ឋាននានាតាមបន្ទាត់ព្រំដែន ដើម្បីរុញអាជីវកម្មក្នុងតំបន់ដំណើរការប្រសើរឡើងវិញ ក៏ដូចជាផ្ដល់ប្រាក់ចំណូលបន្ថែមដល់ពលរដ្ឋផង។

លោក បញ្ជាក់ថា៖ «រាជរដ្ឋាភិបាលជួយជំរុញទេសចរណ៍ ជាពិសេសទេសចរណ៍ក្នុងស្រុក ទៅទស្សនារមណីយដ្ឋានផ្សេងៗតាមបណ្ដោយព្រំដែននេះ ដើម្បីជួយពួកគាត់ក្នុងការលក់ដូរ ក៏ដូចជាបានទទួលនូវប្រាក់ចំណូលសម្រាប់ជីវភាព»។

ជាងនេះទៅទៀត លោក ជ័យ តិច ថា រដ្ឋាភិបាលក៏ត្រូវស្វែងរកទីផ្សារដល់កសិករតាមព្រំដែនដែលភាគច្រើនកសិផលរបស់ពួកគេនាំចេញទៅកាន់ប្រទេសថៃ រួមទាំងកៀរគរវិនិយោគិនឱ្យបោះទុនរកស៊ីតាមខ្សែក្រវាត់ព្រំដែនដើម្បីបង្កើតការងារឱ្យពលរដ្ឋទាំងនោះ។

ត្រលប់ទៅកាន់អាជីវករលក់បាយ អ្នកស្រី សុភី សង្ឃឹមថា ប្រាសាទព្រះវិហារនឹងបើកឱ្យប្រជាពលរដ្ឋចូលទស្សនាវិញឆាប់ៗ ដើម្បីឱ្យអាជីវកម្មក្នុងតំបន់វិលត្រលប់មកដំណើរការប្រក្រតីភាពជាធម្មតាហើយក្រុមពលរដ្ឋប្រកបអាជីវកម្មនៅទីនោះរកចំណូលបានគួរសមគ្រាន់ចិញ្ចឹមជីវិត៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2712}" data-page="1" data-max-pages="1" data-start="1" data-end="1">